Paris Peace Accords 23 Oct. 1991

Monday, September 28, 2015

លោក សម រង្ស៊ី អះអាង​ ជា​ថ្មី​ ថា, ​លោក​ មិន​យក ​ខ្មែរ​ណា ​ជា​សត្រូវ​ ឡើយ | Sam Rainsy reiterates that no Khmer is an enemy

លោក សម រង្ស៊ី អះអាង​ ជា​ថ្មី​ ថា, ​លោក​ មិន​យក ​ខ្មែរ​ណា ​ជា​សត្រូវ​ ឡើយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៧ កញ្ញា ២០១៥

លោក សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​សភា ស្ដីពី​ការ​ត្រួត​ពិនិត្យ និង​អនុម័ត​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។  RFA/Brach Chev

ប្រធាន ​គណបក្ស ​ជំទាស់ ​អះអាង​ ជា​ថ្មី​ទៀត ​ថា, លោក ​នឹង​មិន​យក​ ខ្មែរ ​ណា​មួយ ​ធ្វើ​ជា​សត្រូវ​ ឡើយ​ ក្នុង​ជីវិត​ នយោបាយ ​របស់​លោក។

ការ​បញ្ជាក់​ ពី​ជំហរ​ ដូច​នេះ ទំនង​ ជា​លោក សម រង្ស៊ី ចង់​សំដៅ​ ដល់​ការ​គំរាម ​របស់ ​ប្រធាន​ គណបក្ស ​ប្រជាជន ​កម្ពុជា ដែល​ថា មិន​ផ្ដល់​ ឱកាស ឬ អត់​ឱន​ ចំពោះ​ ជន​ណា​ម្នាក់ ​ដែល​ចង់​ប្ដូរ​ រដ្ឋាភិបាល​ តាម​រយៈ ​បដិវត្ត​ពណ៌​ នៅ​កម្ពុជា ជា​ដាច់​ខាត។

ការ​បញ្ជាក់​ ជំហរ ​ដូច​នេះ ​របស់​លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ ជំទាស់​ អាច​ចាត់​ទុក​ ថា ជា​លើក​ ទី​មួយ​ហើយ​ ក្រោយ​ពី​លោក​ ត្រឡប់ ​ពី​បរទេស​វិញ ដែល​បន្ត​ ភាព​ស្ងប់ស្ងាត់​ មួយ​រយៈ​ ជា​មួយ​ បណ្ដាញ​​សារព័ត៌មាន។

លោក សម រង្ស៊ី ថ្លែង​នៅ​ចំពោះ​មុខ​សកម្មជន​របស់​ខ្លួន​ក្នុង​ខេត្ត​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​បណ្ដាញ​សង្គម​របស់​លោក​ផ្ទាល់ នៅ​ថ្ងៃ​ទី​២៧ កញ្ញា ថា គណបក្ស​ប្រឆាំង​នឹង​មិន​យក​ខ្មែរ​ណា​មួយ​ធ្វើ​ជា​សត្រូវ​សម្រាប់​ជីវិត​ នយោបាយ​របស់​លោក​ទេ លោក សម រង្ស៊ី បាន​ដាក់​ជា​សំណួរ​ថា តើ​សង្គ្រាម​នឹង​កើត​ឡើង​ដោយ​របៀប​ណា បើ​គ្មាន​សត្រូវ​ផង​នោះ?

ម្យ៉ាង​វិញ​ទៀត គណបក្ស​ជំទាស់​នឹង​នៅ​តែ​បន្ត​ដោះស្រាយ​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង ប៉ុន្តែ​យន្តការ​នៃ​ការ​ដោះស្រាយ គឺ​ធ្វើ​ឡើង​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​​ច្បាប់​អន្តរជាតិ។ លោក សម រង្ស៊ី ចាត់​ទុក​អ្នក​ដែល​និយាយ​ពី​សង្គ្រាម ប្រសិន​បើ​បន្ត​កកូរកកាយ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា ថា​នេះ​គ្រាន់​តែ​ជា​ការ​មួល​បង្កាច់ និង​បំភ័យ​សភាពការណ៍​នយោបាយ​ប៉ុណ្ណោះ។

បើ​ទោះ​ជា ប្រធាន​គណបក្ស​ជំទាស់​បញ្ជាក់​ជំហរ​នៅ​ពេល​នេះ មិន​សំដៅ​ឈ្មោះ​អ្នក​ដែល​គំរាម​ពី​ការ​ផ្ទុះ​សង្គ្រាម​យ៉ាង​ណា​ក៏ដោយ​ចុះ ក៏​គេ​ដឹង​ជា​ទូទៅ​ហើយ​ថា ទំនង​ជា​លោក សម រង្ស៊ី ចង់​សំដៅ​ឲ្យ​លោក ហ៊ុន សែន ។

ការ​ប្រកាស​ពី​ជំហរ​ជា​ថ្មី​របស់​មេ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ បន្ទាប់​ពី​មាន​ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក ហ៊ុន សែន ដែល​គំរាម​ផ្ទួនៗ​លើ​បក្ស​ប្រឆាំង​ក្នុង​ពេល​កន្លង​ទៅ។

ជុំវិញ​រឿង​នេះ អាច​ចាត់​ទុក​ថា ជា​លើក​ទី​មួយ​ហើយ ដែល​ប្រធាន​គណបក្ស​ជំទាស់​ឆ្លើយឆ្លង​សា​នយោបាយ​របស់​ខ្លួន​ជា​សាធារណៈ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី​ក្រោយ​ត្រឡប់​ពី​បរទេស​វិញ។ លោក សម រង្ស៊ី ថែម​ទាំង​បាន​អះអាង​ទៀត​ថា បើ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ គឺ​លោក​នឹង​ប្រមូល​ដី​ពី​ឧកញ៉ា ឬ​មន្ត្រី​រដ្ឋាភិបាល អ្នក​ដែល​រំលោភ​ពី​ប្រជាជន​ជូន​អ្នក​រងគ្រោះ​ទាំង​នោះ​វិញ។

យ៉ាង​ណា​ក៏​ដោយ ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផង គំរាម​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា ថា កម្ពុជា​ប្រាកដ​ជា​នឹង​មាន​សង្គ្រាម ប្រសិន​បើ​គណបក្ស​ផ្សេង​ឈ្នះ​ឆ្នោត ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា សង្គ្រាម​វណ្ណៈ​នឹង​ផ្ទុះ​ឡើង គួបផ្សំ​នឹង​ជម្លោះ​ជាមួយ​ប្រទេស​ខាង​ផង បើ​បក្ស​នយោបាយ​ផ្សេង​ឈ្នះ​ឆ្នោត​ពិត​ប្រាកដ​មែន។

អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា នេះ​ពុំ​មែន​ទើប​ជា​លើក​ទី​មួយ​ទេ ចំពោះ​សារ​គំរាម​របស់​លោក ហ៊ុន សែន។ ជាង​នេះ​ទៀត ការ​គំរាម​ថា អាច​នឹង​មាន​សង្គ្រាម​កើត​ឡើង បើ​បក្ស​ផ្សេង​ឈ្នះ​ឆ្នោត​នោះ គឺ​ក្នុង​បរិបទ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​មិន​អាច​ទៅ​រួច​ទេ។

លោក មាស នី អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា អាច​ជា​ជម្រើស​ដ៏​ល្អ​ទៅ​វិញ​របស់​គណបក្ស​ជំទាស់​នៅ​ពេល​ដែល​មាន​ការ​គំរាម​ បែប​នេះ​របស់​ប្រមុខ​រដ្ឋាភិបាល ព្រោះ​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង មាន​ភាព​រឹងមាំ​កាន់​តែ​ខ្លាំង ហើយ​ចេះ​ប្រុងប្រយ័ត្ន​ចំពោះ​គោលនយោបាយ​របស់​ខ្លួន។ លោក មាស នី ពុំ​មាន​ជំនឿ​ថា សង្គ្រាម​នឹង​អាច​កើត​ឡើង​ទៀត​នោះ​ទេ បើ​យោង​ទៅ​បរិបទ​នយោបាយ​ចុង​ក្រោយ​នេះ។

ជុំវិញ​រឿង​នេះ លោក​នាយករដ្ឋមន្ត្រី​នៅ​តែ​ប្រកាន់​ជំហរ​ថា លោក​នឹង​មិន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ជាពិសេស​រវាង​លោក សម រង្ស៊ី បើ​មេ​បក្ស​នេះ នៅ​តែ​មិន​មាន​ភាព​ស្មោះត្រង់​ក្នុង​រឿង​នយោបាយ​ ឬ​ក្នុង​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជាមួយ​លោក​ទៀត​នោះ៕



No comments:

Post a Comment