តុលាការ ខេត្ត សៀមរាប សាកសួរ យុវជន រឿងគំរាម បោកគ្រាប់បែក សម្លាប់លោក ស ខេង
RFA / វិទ្យុ អាស៊ី សេរី | ២៩ កញ្ញា ២០១៥
យុវជន តៅ សាវឿន រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម
ក្រុងសៀមរាប ដែលគំរាមសម្លាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង
តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
រូបថតរបស់ប៉ូលិសខេត្តសៀមរាប
កម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្ត សៀមរាប បានបញ្ជូនខ្លួន យុវជនម្នាក់ ជានិស្សិត រៀន នៅសាកល វិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ (South-East Asia) ដែលពាក់ព័ន្ធ ការគំរាម សម្លាប់ រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ លោក ស ខេង តាមបណ្ដាញ សង្គម ហ្វេសប៊ុក (Facebook) ទៅតុលាការ។ សមត្ថកិច្ច បានឃាត់ខ្លួន យុវជនរូបនេះ កាលពីថ្ងៃ ទី២៨ ខែកញ្ញា។
តុលាការខេត្តសៀមរាប សាកសួរយុវជនដែលពាក់ព័ន្ធសំណុំរឿងគំរាមបោកគ្រាប់បែកសម្លាប់ លោក ស ខេង តាមបណ្ដាញសង្គមហ្វេសប៊ុក។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប លោក សួន សុបញ្ញា មានប្រសាសន៍ថា នៅល្ងាចថ្ងៃទី២៩ កញ្ញា លោកកំពុងសាកសួរយុវជនឈ្មោះ តៅ សាវឿន ពីមូលហេតុដែលសរសេរគំរាម លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមបណ្ដាញសង្គម។ លោកបញ្ជាក់ថា លោកនឹងបន្តសាកសួរយុវជនរូបនេះនៅថ្ងៃទី៣០ ខែកញ្ញា ទៀត មុននឹងធ្វើសេចក្ដីសម្រេច។
យុវជនឈ្មោះ តៅ សាវឿន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជានិស្សិតរៀននៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ ក្នុងខេត្តសៀមរាប ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។ មន្ត្រីប៉ូលិសឲ្យដឹងថា និស្សិតរូបនេះបានបញ្ចេញមតិ ឬខមមិន (Comment) នៅក្នុងទំព័រគណនេយ្យរបស់ខ្លួនដោយសរសេរថា «ចាំសម្ដេចមកដល់ នាំគ្នាដាក់គ្រាប់បែកឲ្យងាប់ទាំងអស់គ្នាម្ដង។»
ការបង្ហោះនេះ បានសរសេរ និងខមមិននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ គឺមុនពេលពីរថ្ងៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅប្រគល់ប័ណ្ណសរសើរដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ ខេត្តសៀមរាប ដែលខ្លួនកំពុងសិក្សា។
ឆ្លើយតបបញ្ហានេះ ស្នងការនគរបាលខេត្តសៀមរាប លោក ថង សាគុណ ថ្លែងថា យុវជនរូបនេះបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច។ លោកថា ប៉ូលិសកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការពីបទប៉ុនប៉ងគប់គ្រាប់ បែក៖ «ចម្លើយឆ្លើយបំភ្លឺចំពោះមុខសមត្ថកិច្ច យុវសិស្សនេះបានរៀបរាប់ថា ខ្លួនហ្នឹងបានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនផ្ទាល់ អត់មាននរណាបង្ខំ អត់មាននរណាបញ្ជាទេ។ គាត់សរសេរហ្នឹងមានបំណងដូចមិនល្អហ្មង ចង់ឲ្យផ្ទុះគ្រាប់បែកឲ្យងាប់ទាំងអស់គ្នាហ្មង។»
ទាក់ទងនឹងការគំរាមសម្លាប់នៅលើបណ្ដាសង្គមហ្វេសប៊ុកនេះដែរ កន្លងមក តុលាការក្រុងភ្នំពេញ ក៏បានសម្រេចឃុំខ្លួនយុវជនម្នាក់ឈ្មោះ ផង់ សីហា ក្នុងករណីគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ពាក់ព័ន្ធរឿងផែនទី និងព្រំដែនកម្ពុជា-វៀតណាម ហើយកាលពីខែសីហា សមត្ថកិច្ចចាប់ខ្លួនយុវជនឈ្មោះ គង់ រ៉ៃយ៉ា ជានិស្សិតនៅសាកលវិទ្យាល័យខេមរៈ បន្ទាប់ពីយុវជនរូបនោះបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួន ពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាលដែរ។ ដោយឡែកករណីគំរាមសម្លាប់ លោក កឹម សុខា មេបក្សប្រឆាំងតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីឆ្នាំ២០១៣ ដែលគេស្គាល់ថា ម្ចាស់គណនេយ្យឈ្មោះ ផែង វណ្ណៈ ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ នោះ សមត្ថកិច្ចនៅមិនទាន់ចាប់យកមកផ្ដន្ទាទោសនៅឡើយទេ៕
When you SAID bad thing to cpp than you will in jail .If you do it than they will be happy.
ReplyDelete