Paris Peace Accords 23 Oct. 1991

Saturday, September 5, 2015

[Vietnamization] ពលរដ្ឋ​ នៅ​ស្រុក​ អង្គរបុរី​ ខេត្ត​តាកែវ​ នាំ​គ្នា​ ចុះ​បង្ក្រាប​ បទល្មើស ​នេសាទ | Angkor Borei villagers in Takeo gather, journey to put an end to illegal fishing

ពលរដ្ឋ​ នៅ​ស្រុក​ អង្គរបុរី​ ខេត្ត​តាកែវ​ នាំ​គ្នា​ ចុះ​បង្ក្រាប​ បទល្មើស ​នេសាទ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣ កញ្ញា ២០១៥

ផែនទី​ខេត្ត​តាកែវ ៦២០
ផែនទី​ខេត្ត​តាកែវ (Photo: RFA)

ប្រជាពលរដ្ឋ ​នៅ​ឃុំ ​ព្រែកផ្ទោល, ស្រុក ​អង្គរបុរី, ខេត្ត​ តាកែវ បាន​នាំ​គ្នា​ បើក​ទូក​ ពី ២០ ទៅ ៣០​គ្រឿង ​ចូល​ទៅ​ក្នុង​ប្រឡាយ​ លេខ ១៣ និង​ឡូត៍​ នេសាទ ​លេខ ១៦ ដើម្បី​ ស្រាវ​យក​ ឧបករណ៍​ នេសាទ ​ខុស​ច្បាប់, រួម​មាន​ លូ​ស្បៃ​មុង និង​សៃយ៉ឺន​ ជាដើម, ព្រម​ទាំង​ ប្រមូល​យក ​វត្ថុ​ទាំង​នោះ មក​ដុត​ចោល ​នៅ​មុខ​ សាលា​ស្រុក​ អង្គរបុរី កាល​ពី​ដើម​ ខែ​កញ្ញា នេះ។  សកម្មភាព ​របស់​ ពលរដ្ឋ​ ធ្វើ​ឡើង​ បន្ទាប់ ​ពី​មិន​ឃើញ​ អាជ្ញាធរ​ មូលដ្ឋាន​ ចុះ​ទៅ​បង្ក្រាប​ បទល្មើស​ នេសាទ​ ក្នុង​រដូវ​ ហាមឃាត់។

អាជ្ញាធរ ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ គាំទ្រ​ ការ​ស្ម័គ្រចិត្ត​ បង្ក្រាប​បទល្មើស ​នេសាទ ​របស់ ​ពលរដ្ឋ​ខ្លួន, ប៉ុន្តែ​ ស្នើ​សុំ​ ឲ្យ​មាន​ កិច្ចសហការ​ ពី​សមត្ថកិច្ច​ មុន​ចុះ​ស្រាវ​យក​ ឧបករណ៍​ល្មើស​ ទាំងនោះ។

អភិបាល​ស្រុក​អង្គរបុរី លោក ឌឹម គឹមសាន្ត ថ្លែង​បន្ត​ថា ពលរដ្ឋ​ក្នុង​ឃុំ​ព្រែកផ្ទោល បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ក្នុង​ប្រឡាយ​លេខ ១៣ និង​ឡូត៍​លេខ ១៦ ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​កណ្ដាល។ ក្រោយ​ពី​ស្រាវ​បាន​ឧបករណ៍​ល្មើស ប្រជាពលរដ្ឋ​បាន​យក​មក​ដុត​នៅ​មុខ​សាលាស្រុក​ទៀត​ផង។ លោក​ថា ទោះ​ជា​​យ៉ាង​ណា សុំ​ឲ្យ​ពលរដ្ឋ​មុន​សម្រេច​ចិត្ត​បង្ក្រាប​បទល្មើស​នេសាទ គួរ​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​បង្ការ​សុវត្ថិភាព​ពី​ការ​ប្រឆាំង​របស់​ ជនល្មើស។

លោក ឌឹម គឹមសាន្ត៖ «គឺ​យើង​អបអរសាទរ ឮ​គាត់​រាយការណ៍​មក​ទាន់​ពេល​ពី​ការ​លួច​ដាក់​ចន្លោះ​កន្លៀត​ណា ឲ្យ​តែ​រាយការណ៍​មក យើង​នឹង​សហការ​ធ្វើ​ភ្លាម អត់​មាន​ពន្យារ​ពេល​ថា​ទេ យ៉ាង​ណាៗ​នោះ​ទេ គឺ​យើង​សហការ​ធ្វើ​ជាមួយ​គាត់ ប៉ុន្តែ​ដាច់ខាត​គាត់​មិន​អាច​អានាធិបតេយ្យ​ទៅ​ធ្វើ​អ្វី​ដែល​គ្មាន​ជំនាញ​ ពី​អាជ្ញាធរ​ចូល​រួម​ទេ។»

ដូចគ្នា​ដែល​មេ​ឃុំ​ព្រែកផ្ទោល លោក ណុប ឌល ថ្លែង​ថា បទល្មើស​នេសាទ​កើត​មាន​មិន​ឈប់ឈរ​ក្នុង​ផ្ទៃ​ទឹក​ដែល​លាត​សន្ធឹង​ពី​ស្រុក​ កោះធំ ខេត្ត​កណ្ដាល ទៅ​ដល់​ស្រុក​អង្គរបុរី ខេត្ត​តាកែវ។  លោក​គាំទ្រ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ស្ម័គ្រចិត្ត​របស់​ពលរដ្ឋ​ក្នុង ​ឃុំ​នេះ។ លោក​ឲ្យ​ដឹង​​ដែរ​ថា ការ​ចុះ​ស្រាវ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ មាន​សៃយ៉ឺន លូ​ស្បៃ​មុង ដែល​ជា​ឧបករណ៍​ហាម​ប្រើ​របស់​ច្បាប់​នេសាទ​នោះ គឺ​ មាន​ ការ​ដាក់​យក​ ត្រី ដោយ​ជនជាតិ ​វៀតណាម តែ មួយ​ខ្សែ​ទេ ក្រៅ​ពី​នោះ ​គឺ​ ជា​របស់​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​គោកធ្លក មួយ​ចំនួន​ធំ។

លោក​ ថា ពលរដ្ឋ​ បាន​ចុះ​បង្ក្រាប​ បទល្មើស​នេសាទ ២​ដង ពេល​ព្រឹក និង​ល្ងាច។  ឧបករណ៍ ​ល្មើស​ច្បាប់ ​ប្រមូល​បាន ​ពេល​ព្រឹក​ បាន​ដុត​អស់ ៩០០​ម៉ែត្រ។  ក្រៅ​ពី​នោះ​ ម្ចាស់​ឧបករណ៍​បាន​មក​សុំ​ពី​អាជ្ញាធរ​ស្រុក ក្រោយ​ពី​ពួកគេ​ទទួល​បាន​ការ​អប់រំ​ពី​សំណាក់​អាជ្ញាធរ៖ «អរគុណ​ហើយ​ដែល​បងប្អូន​បាន​ជួយ​បង្ក្រាប​អ៊ីចឹង។ ប៉ុន្តែ​បើ​សិន​មាន​ករណី វា​ពិបាក​យើង​អត់​ដឹង។ ពិត​មែន​តែ​ល្មើស​នេសាទ​មែន តែ​យើង​ទៅ​អនាធិបតេយ្យ អាជ្ញាធរ​មិន​ដឹង​មិន​ឮ អ៊ីចឹង​ក្រែងលោ​អា​ល្មើស​នោះ វា​តប​ត វា​ខឹង​ដែរ​ទៅ នាំ​ឲ្យ​រឿង​នៅ​កណ្ដាល​បឹង អ្នក​ណា​ដឹង? ដល់​ដឹង​ទៅ​វា​មាន​បញ្ហា អ្នក​ខ្លះ​បាន​ងាប់ អ្នក​ខ្លះ​បាន​ជាប់​គុក​ទៅ យើង​ឯណេះ​ក៏​បាន​តែ​ស្អុយ​អសោចិ៍​ដល់​ថ្នាក់ដឹកនាំ​ទៀត អ៊ីចឹង​យើង​ធ្វើ​អី​ឲ្យ​របៀប​រដ្ឋបាល។»

រដូវ​ហាម​នេសាទ​នៅ​ក្នុង​ទន្លេ​ផ្នែក​ខាង​ក្រោម​បាន​ចាប់​ផ្ដើម​បិទ​ នេសាទ​ពី​ខែ​កក្កដា ហើយ​អនុញ្ញាត​​ឲ្យ​នេសាទ​នៅ​ចុង​ខែ​តុលា។ ចំណែក​ការ​នេសាទ​នៅ​បឹង​ទន្លេសាប​វិញ ហាម​នេសាទ​ពី​ខែ​មិថុនា ហើយ​បើក​វិញ​នៅ​ខែ​កញ្ញា។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែកផ្ទោល ភូមិ​កំពង់ពោធិ៍ ដែល​ចូលរួម​បង្ក្រាប​បទល្មើស​នេសាទ​ថ្លែង​ថា បាន​ជា​ពួកគាត់​ហ៊ាន​លើក​គ្នា ២០ ទៅ ៣០​ទូក ស្រាវ​យក​ឧបករណ៍​នេសាទ​ល្មើសច្បាប់​បាន​ច្រើន​​ពាន់​ម៉ែត្រ​ពី​ក្នុង​ប្រឡាយ ​លេខ​១៣ មក​ពី​គាត់​មើល​ឃើញ​ថា ២​ឆ្នាំ​មក​នេះ ទឹកភ្លៀង​ធ្លាក់​តិចតួច ត្រី​មិន​អាច​បង្កើត​កូន​បាន​ច្រើន​ទេ បើសិនជា​បទល្មើស​នេសាទ​ចេះ​តែ​កើន​ឡើង​ដោយ​ប្រើ​សៃយ៉ឺន លូ​ស្បៃ​មុង និង​ឧបករណ៍​ឆក់ វា​នឹង​បំផ្លាញ​ផល​ត្រី និង​ធ្វើ​ឲ្យ​ត្រី​ដាច់​ពូជ ទើប​ពួកគាត់​ប្ដឹង​ទៅ​អាជ្ញាធរ​សុំ​ឲ្យ​ជួយ​បង្ក្រាប។ ប៉ុន្តែ​អាជ្ញាធរ​យឺតយ៉ាវ​ក្នុង​ការ​ចុះ​អនុវត្ត​ពេក ទើប​ពួកគាត់​នាំ​គ្នា​ចុះ​ស្រាវ​យក​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មក​ដុត​ចោល ដោយ​មិន​ខ្លាច​បាត់​បង់​ជីវិត​ដើម្បី​ដោះលែង​កូន​ត្រី និង​មេត្រី​ពូជ​បាន​ច្រើន​រយ​គីឡូក្រាម។

សំឡេង​ពលរដ្ឋ៖ «កាត់​អត់​អស់​ទេ​ច្រើន​ណាស់! យក​ទូក​ដាក់​អត់​អស់​ទេ! ឧបមា​បើ​ចង់​បង្ក្រាប​មួយ​សា​ទៀត ដល់​មាន​អ្នក​កាសែត​អី បាន​ចុះ​មក​គ្រប់​ប៉ុស្តិ៍ គ្រប់​កន្លែង​អ៊ីចឹង​ទៅ បាន​ហ៊ាន​ធ្វើ ព្រោះ​មាន​ការ​ដាក់​ទ្រង់ទ្រាយ​ធំ​ជាង​ពួក​ខ្ញុំ​ធ្វើ​នេះ​ទៀត​នោះ។ បទល្មើស​នេសាទ​របស់​វៀតណាម យក​មក​ដាក់​ណែន​ដី​ខ្មែរ នៅ​តែ​មាន​ដដែល ដល់​អ៊ីចឹង ប្រជាពលរដ្ឋ​គាត់​រួម​កម្លាំង​គ្នា​ចុះទៅ​បង្ក្រាប​ផ្ទាល់​តែម្ដង។ យើង​រឹបអូស​យក​ទាំង​អួន​ក្រឡា​ញឹក ស្បៃ​មុង​ហ្នឹង​បាន​ចំនួន​រាប់​ពាន់​ម៉ែត្រ​នោះ។»

​ក្រុមប្រឹក្សា​ស្រុក​អង្គរបុរី លោក អ៊ុំ គាវ ថ្លែង​ថា អ្នកភូមិ​មួយ​ចំនួន​ធំ​ក្នុង​ស្រុក​អង្គរបុរី រំពឹង​ផល​ត្រី​ដើម្បី​បម្រើ​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​ពួកគេ​មិន​មាន​ដី​សម្រាប់​ធ្វើ​កសិកម្ម​ទេ។ លោក​ថា ជន​នេសាទ​ល្មើស​ច្បាប់​ហាក់​មិន​ញញើត​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ ខណៈ​មន្ត្រី​ជលផល​មិន​សូវ​អើពើ​ផង​នោះ។ កាល​ពី​ចុង​ខែ​សីហា អភិបាល​ខេត្ត​តាកែវ បាន​បង្ក្រាប​បទល្មើស​នេសាទ​ជាក់ស្ដែង ច្រើន​កន្លែង និង​បាន​លែង​កូន​ត្រី​ក្នុង​ឧបករណ៍​នេសាទ​ខុស​ច្បាប់​បាន​ច្រើន​តោន​ដែរ៕



No comments:

Post a Comment