Paris Peace Accords 23 Oct. 1991

Monday, September 7, 2015

[Vietnamization] តុលាការ​ សម្រេច​ឃុំ​​ ជនសង្ស័យ ​គំរាម​សម្លាប់​ លោក សុខ ទូច នៅ​គុក​ ព្រៃ ស | Court sentences suspect who threaten to kill Sok Touch at Prey Sar prison

តុលាការ​ សម្រេច​ឃុំ​​ ជនសង្ស័យ ​គំរាម​សម្លាប់​ លោក សុខ ទូច នៅ​គុក​ ព្រៃ ស

RFA / ​វិទ្យុ ​អាស៊ី សេរី | ៧ កញ្ញា ២០១៥

ផង់ សីហា គំរាម​សម្លាប់​តាម​ហ្វេសប៊ុក ៦២០
យុវជន ផង់ សីហា ជនសង្ស័យ​គំរាម​សម្លាប់ លោក​បណ្ឌិត សុខ ទូច តាម​ហ្វេសប៊ុក ពេល​បញ្ជូន​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។  RFA/Brach Chev

សមត្ថកិច្ច​ បាន​បញ្ជូន​ខ្លួន​ ជនសង្ស័យ ​ដែល​គំរាម​សម្លាប់​ លោក​បណ្ឌិត សុខ ទូច ទៅ​ឃុំខ្លួន​ បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ ព្រៃ ស ក្រោយ​ ពី​ព្រះរាជអាជ្ញា ​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ សាកសួរ​ ដេញដោល នៅ​ថ្ងៃ​ ទី​៧ ខែ​កញ្ញា នេះ។   មន្ត្រី​សង្គម​ស៊ីវិល ​ស្នើ​ឲ្យ​ តុលាការ​ ពិនិត្យ​ ឲ្យ​ច្បាស់លាស់​ មុន ​នឹង​ធ្វើការ​ ចោទ​ប្រកាន់។

ឆ្លើយ​ នឹង​សំណួរ​ របស់ ​អ្នក​សារព័ត៌មាន​ ក្រោយ​ការ​ សាកសួរ​ ជនសង្ស័យ​ ដែល​គំរាម​សម្លាប់ លោក​បណ្ឌិត សុខ ទូច និយាយ​យ៉ាង​ខ្លី​ ថា, ការ​គំរាម​នេះ គឺ​ គេ​ ធ្វើ​ឡើង ​ដោយ​ខ្លួន​ឯង, មិន​បាន​ធ្វើ​ តាម​អ្នក​ណា​ បញ្ជា ឬ​នៅ​ពី​ក្រោយ​ ឡើយ។

ជនសង្ស័យ ផង់ សីហា ដែល​មាន​សម្បុរ​ខ្មៅ សក់​វែង​គ្រប​ត្រចៀក ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​កញ្ញា នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ក្នុង​ពេល​ដែល​ខ្លួន​ឆ្លងដែន​ពី​ប្រទេស​ថៃ មក​កម្ពុជា។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ ការ​អត្ថាធិប្បាយ​ពី​លោក​ព្រះរាជអាជ្ញា សៀង សុខ ដែល​ជា​អ្នក​សាកសួរ​ជនសង្ស័យ ផង់ សីហា បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា លោក សុខ ទូច ត្រូវ​បាន​អ្នកលេង​ហ្វេសប៊ុក (Facebook) ម្នាក់​សរសេរ​គំរាម​សម្លាប់ ដោយ​ចោទ​ប្រកាន់​ថា លោក​លក់​ក្បាល​ឲ្យ​វៀតណាម ក្នុង​រឿង​ព្រំដែន។

​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ស្វាគមន៍​ចំណាត់​របស់​សមត្ថកិច្ច និង​តុលាការ​លើ​រឿង​នេះ ហើយ​ស្នើ​ព្រះរាជអាជ្ញា​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​ធ្វើការ​ចោទ​ប្រកាន់។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ដដែល មិនទាន់​ឯកភាព​លើ​ប្រសិទ្ធភាព​ការងារ​របស់​សមត្ថកិច្ច​ទេ ព្រោះ​ថា ការ​គំរាម​នេះ គឺ​ប្រហាក់ប្រហែល​គ្នា​នឹង​ការ​គំរាម​សម្លាប់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ ជាតិ លោក កឹម សុខា ហើយ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​ចាប់​ខ្លួន​ល្មើស​បាន​នៅ​ឡើយ។

ក្រោយ​សមត្ថកិច្ច​បាន​បញ្ជូន​ ជនសង្ស័យ ផង់ សីហា បាន​សារភាព​ថា សារ​គំរាម​សម្លាប់​នោះ គេ​ជា​អ្នក​ធ្វើ និង​បង្ហោះ​សារ​ដោយ​ប្រើ​តាម​ទូរស័ព្ទ​ដៃ។

ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា លោក​បណ្ឌិត សុខ ទូច និយាយ​ថា លោក​មិន​ដាក់ពាក្យ​ជនសង្ស័យ​រូប​នេះ​ទេ ដូច្នេះ​ទុក​តុលាការ ឬ​សមត្ថកិច្ច​ធ្វើ​ការងារ​នេះ​តាម​​នីតិវិធី។  ទោះ​បែប​នេះ​ក្តី លោក​បណ្ឌិត សុខ ទូច ចង់​ឲ្យ​យុវជន​ដែល​គំរាម​សម្លាប់ ស្រលាញ់​ជីវិត​អ្នក​ដទៃ​ដូច​ជីវិត​របស់​ខ្លួន មិនមែន​ខឹង​លោក​បន្តិចបន្តួច​មក​គំរាម​សម្លាប់​នោះ​ទេ។

​ជុំវិញ​ចំណាត់​របស់​សមត្ថកិច្ច​ទៅ​លើ​ជនសង្ស័យ​គំរាម​សម្លាប់​លោក សុខ ទូច មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​រិះគន់​សមត្ថកិច្ច​ថា ចាត់​វិធានការ​បាន​លើ​តែ​អ្នក​ដែល​គំរាម​សម្លាប់​មន្ត្រី​រដ្ឋាភិបាល ប៉ុន្តែ​អ្នក​គំរាម​សម្លាប់​មន្ត្រី​បក្ស​ប្រឆាំង មិន​ឃើញ​មាន​ចំណាត់​ការ ឬ​ការ​ស៊ើប​អង្កេត​ច្បាស់លាស់​ឡើយ៕



2 comments:

  1. Anonymous12:34 AM

    គួរឲ្យសើច ទេបងប្អូន ? អ្នកដែលចោទថាចង់សម្លាប់ លោក សុខ ទូច ត្រូវចាប់ចងដាក់ គុក បែបគ្មានថ្ងៃចេញទេ ឯអ្នកដែលបាញ់សម្លាប់ នៅផ្លូវ វេងស្រេង នឹងក្បាលថ្នល់ ត្រូវបានរួចខ្លួន គឺឥតមានទោស បានជាសើចព្រោះវាត្រឹមត្រូវអីម្លេះទេ នេះហើយច្បាប់ស្រុកខ្មែរ ។តែកាលពីមុនដូចឃើញគេចង់សម្លាប់លោក កែមសុខា តែដូចគ្មានឃើញថាចាប់អ្នកណាមកដាក់គុកឯណា? ចុះនេះជាអ្វីទៅ? ហា​ ហា ហា ហា

    ReplyDelete
  2. Re: គួរឲ្យសើច ទេបងប្អូន? .....
    មឹនមែនគួរឲ្យសើចទេ...គឺគួរឲ្យឈឺចាប់ណាស់ បើ យើងមានសាច់ឈាមជាខ្មែរ! ហ៊ុនសែន កំពុងតែសំលាប់បំផុតពូជខ្មែរ!!! យើងជាខ្មែរ យើងត្រូវ តែដឹងថា យើងទាំងអស់គ្នា ត្រូូវធ្វើដូចម្ដេចហើយ!!!

    ReplyDelete