លោក ហ៊ុន សែន ប្រកាស លេងល្បែង បញ្ចប់ជីវិត នយោបាយ ជាមួយ មេដឹកនាំ បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ៨ កញ្ញា ២០១៥
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន សួរ មេដឹកនាំ គណបក្ស សង្គ្រោះជាតិ ដែលចោទ រដ្ឋាភិបាល ប្រើប្រាស់ ផែនទី ក្លែងក្លាយ ក្នុងការកំណត់ ព្រំដែន រវាង ប្រទេសកម្ពុជា និងវៀតណាម នោះ ថា, តើ ហ៊ានចុះចេញ ពីតំណែង ដែរ ឬទេ ប្រសិន រកមិនឃើញ ដូចការចោទប្រកាន់ នោះ?
ការសួរបក យ៉ាងដូច្នេះ គឺ នៅបន្ទាប់ ពីលោក ហ៊ុន សែន ប្រកាស ប្ដេជ្ញាចិត្ត រួចហើយ ថា, នឹងចុះចេញ ពីតំណែង, ហើយ ដើរចូល ពន្ធនាគារ ប្រសិនបើ ផែនទី រដ្ឋាភិបាល កំពុងប្រើប្រាស់ មិនដូច នឹងផែនទី របស់ បារាំង ឲ្យខ្ចី៖ «ឥឡូវ អ្នកដែលយកមកចោទគេ ថាផែនទីក្លែងក្លាយនោះ តើហ៊ានលាលែងពីតំណែងឬអត់? នេះជាចម្លើយបកទៅវិញអំពីការទទួលខុសត្រូវរៀងខ្លួន លើមុខប្រវត្តិសាស្ត្ររបស់ជាតិ។ ការភូតកុហកដែលមានចរិតគ្រោះថ្នាក់ឲ្យជាតិ គឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។ ខ្ញុំព្រះករុណាខ្ញុំប្រើពាក្យថា ជាការប្រព្រឹត្តឧក្រិដ្ឋកម្ម ហើយជាឧក្រិដ្ឋជនតែម្តង។»
ការប្រកាសលេងល្បែងបញ្ចប់ជីវិតនយោបាយពីសំណាក់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៨ ខែកញ្ញា នេះ នៅមិនទាន់មានការឆ្លើយតបពីមេដឹកនាំគណបក្សសង្គ្រោះជាតិ យ៉ាងណានៅឡើយទេ ខណៈ លោក សម រង្ស៊ី និងលោក កឹម សុខា កំពុងមានបេសកកម្មនៅក្រៅប្រទេសនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា នេះជាល្បែងប្រថុយនឹងគ្រោះថ្នាក់ តែជាល្បែងប្រកបដោយការទទួលខុសត្រូវ ព្រោះជាប្រយោជន៍របស់ជាតិ។ លោក ហ៊ុន សែន បន្ថែមថា ផែនទីរបស់គណបក្សសង្គ្រោះជាតិ ដែលមានចរិតសាហាវជាងសត្វអាសិរពិសនោះ ក៏ដូចគ្នានឹងផែនទីរបស់រដ្ឋាភិបាលដែរ។ បញ្ហានេះ លោកយល់ថា ដោយសារគេលាក់ទុកផែនទីនេះយូរពេក ទើបបានជាគណបក្សសង្គ្រោះជាតិ យកចំណុចទាំងនោះទៅបោកប្រជាពលរដ្ឋ និងបង្អាប់បន្ទោសទៅលើផែនទីរដ្ឋាភិបាល។
មកទល់ពេលនេះ គណបក្សសង្គ្រោះជាតិ មិនទាន់បង្ហាញជំហរជាក់លាក់នៅឡើយ ថាតើគណបក្សប្រឆាំងទទួលស្គាល់ផែនទីរបស់រដ្ឋាភិបាលកំពុងប្រើប្រាស់ ឬយ៉ាងណានោះ?
No comments:
Post a Comment