រដ្ឋសភា ជំរុញ ឲ្យអាជ្ញាធរ ខេត្ត ស្វាយរៀង និងក្រចេះ ដោះស្រាយ ជម្លោះដីធ្លី ជូនពលរដ្ឋ
RFA / វិទ្យុ អាស៊ី សេរី | ១៤ កញ្ញា ២០១៥
គណៈកម្មការ ទី១ នៃរដ្ឋសភា ទទួលបន្ទុក សិទ្ធិមនុស្ស, អង្កេត, និងពាក្យបណ្ដឹង ជំរុញ ឲ្យអភិបាល ខេត្ត ស្វាយរៀង និងក្រចេះ ដោះស្រាយបញ្ចប់ ជម្លោះដីធ្លី ជូនប្រជាពលរដ្ឋ។
ការជំរុញ ឲ្យអាជ្ញាធរ ខេត្ត យកចិត្តទុកដោះ ស្រាយជម្លោះ ដីធ្លីនេះ នៅបន្ទាប់ ពីទទួលញត្តិ សុំអន្តរាគមន៍ ពីប្រជាពលរដ្ឋ ដែលមានជម្លោះ ដីធ្លី ប្រមាណ ១០០នាក់ មកពីខេត្ត ស្វាយរៀង និងក្រចេះ នៅព្រឹកថ្ងៃ ទី១៤ ខែកញ្ញា។ នៅមុខរដ្ឋសភា អ្នកតវ៉ាចោទអាជ្ញាធរខេត្តថា គ្មានឆន្ទៈក្នុងការស្វែងរកដំណោះស្រាយជូនពួកគាត់។
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ មកពីខេត្តស្វាយរៀង និងខេត្តក្រចេះ ជួបជុំតវ៉ា និងដាក់ញត្តិជូនរដ្ឋសភានៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីសុំជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តទាំងពីរឲ្យចុះចែកដីដែល ពួកគាត់ធ្លាប់កាន់កាប់ និងអាស្រ័យផលកន្លងមក។
ក្រោយពីទទួលញត្តិប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ទទួលបន្ទុកសិទ្ធិមនុស្ស អង្កេត និងទទួលពាក្យបណ្ដឹង លោក អេង ឆៃអ៊ាង សន្យាថា នឹងពិនិត្យសំណុំរឿងជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋទាំងពីរខេត្ត ហើយនិងចេញលិខិតអន្តរាគមន៍ជំរុញឲ្យអាជ្ញាធរខេត្តពន្លឿនការ ដោះស្រាយ៖ «ខ្ញុំនឹងពិនិត្យករណីដែលអាជ្ញាធរខេត្តប្រងើយកន្តើយមិន យកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ដូច្នេះយើងនឹងត្រូវធ្វើអន្តរាគមន៍ទៅស្ថាប័នដែលកម្រិតខ្ពស់ជាង នេះមួយទៀត ដើម្បីអោយជួយជំរុញធ្វើម៉េចអោយពន្លឿនដោះស្រាយជូនប្រជាពលរដ្ឋ។»
នៅមុខរដ្ឋសភា អ្នកតវ៉ាប្រមាណ ៥០នាក់ តំណាងឲ្យពលរដ្ឋ ១៣៨គ្រួសារ មកពីភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា ដីទំនាស់នោះមានទំហំ ៤៧៦ហិកតារ ដែលប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ ធ្លាប់កាន់កាប់ធ្វើស្រែ និងដាំដំណាំផ្សេងៗ តាំងពីឆ្នាំ១៩៧៩ ក៏ប៉ុន្តែនៅឆ្នាំ២០១០ រដ្ឋបាលព្រៃឈើខេត្តស្វាយរៀង បានដកហូតយកដីនោះវិញ ដោយសំអាងថា ជាដីរបស់រដ្ឋ។
តំណាងអ្នកតវ៉ា លោក ខៀវ ថុ មានប្រសាសន៍ថា នៅឆ្នាំ២០១២ អាជ្ញាធរបានកាត់ដី ១១៧ហិកតារ ពុះចែកជូនចំនួន ៧៨គ្រួសារតាមការអន្តរាគមន៍ពីលោក ហេង សំរិន ប្រធានរដ្ឋសភាដោយបន្សល់ទុកដីទំហំ ៣៥៩ហិកតារ ថានឹងបែងចែកជូនប្រជាពលរដ្ឋចំនួន ២៣១គ្រួសារទៀត ក្រោយបោះឆ្នោតហើយ។
លោក ខៀវ ថុ ចោទថា នៅទីបំផុតអាជ្ញាធរមិនបានគោរពតាមការសន្យាឡើយ ហើយឃុបឃិតគ្នាជាមួយតំណាងពលរដ្ឋផ្សេងទៀតលួចលក់ដីនោះទៅឲ្យឈ្មួញ ដែលធ្វើអោយពួកគាត់រងគ្រោះយ៉ាងអយុត្តិធម៌៖ «នៅសល់ដីទំហំ ៣៥៩ហិកតារទៀត លោកអភិបាលខេត្ត និងអភិបាលស្រុក សន្យានឹងចែកជូនពួកយើងខ្ញុំដែលនៅសល់ ២៣១គ្រួសារ ក្រោយពេលបោះឆ្នោត។ ខ្ញុំរង់ចាំរហូតមកដល់សព្វថ្ងៃនេះ មិនបានឃើញអាជ្ញាធរណា គាត់ទៅចុះបែងចែកអោយពួកខ្ញុំទេ។ ខ្ញុំឃើញមានតែឈ្មួញកណ្ដាល និងតំណាងប្រជាពលរដ្ឋខ្លះឃុបឃិតគ្នា កាយដីលក់អោយឈ្មួញ។»
ទាក់ទិនបញ្ហានេះ អភិបាលរងខេត្តស្វាយរៀង លោក រស់ ឆាយ បញ្ជាក់យ៉ាងខ្លីថា លោកមិនទាន់ទទួលបានលិខិតស្នាមអ្វីឡើយ ហើយក៏បិទទូរស័ព្ទទៅដោយប្រាប់ថា ជាប់រវល់ប្រជុំ។
នៅថ្ងៃទី១៤ ខែកញ្ញា ដដែលនេះដែរ ប្រជាពលរដ្ឋប្រមាណ ៥០នាក់ផ្សេងទៀតដែលតំណាងឲ្យប្រជាសហគមន៍ ៧៣គ្រួសារ មកពីភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ក៏បានស្រែកសុំរដ្ឋសភាឲ្យអន្តរាគមន៍ទៅអាជ្ញាធរខេត្តក្រចេះ ឲ្យផ្ដល់ដី និងប័ណ្ណកម្មសិទ្ធិដីជូនពួកគាត់ដែលធ្លាប់កាន់កាប់ និងអាស្រ័យផលជាក់ស្ដែងតាមបង្កាន់ដៃដែលក្រុមនិស្សិតចុះវាស់វែង កាលពីឆ្នាំ២០១២។ ការទាមទារតវ៉ានេះ នៅបន្ទាប់ពីអាជ្ញាធរខេត្តក្រចេះ គ្រោងរំលាយកម្មសិទ្ធិដីដែលពួកគាត់មាន ហើយចាប់ឆ្នោតយកដីឡើងវិញ ដោយបន្ថែមអ្នកចំណូលថ្មីគ្មានដី និងទីលំនៅពិតប្រាកដនៅទីនោះ។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ការដែលអាជ្ញាធរខេត្តស្វាយរៀង ដកហូតយកដីពីប្រជាពលរដ្ឋប្រើប្រាស់តាំងពីឆ្នាំ១៩៧៩ ហើយលក់អោយឈ្មួញ និងអ្នកមានអំណាចនោះ បានធ្វើប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រោះពួកគាត់គ្មានដីបង្កបង្កើនផលឡើយ៖ «ដីធ្លីកាន់តែបាត់បង់ ធ្វើអោយចំណាកស្រុកកាន់តែកើនឡើង ហើយសេដ្ឋកិច្ចរស់នៅរបស់ពួកគាត់កាន់តែយ៉ាប់យ៉ឺន។ មួយវិញទៀត យើងឃើញថា អាជ្ញាធរចូលទៅកាប់បំផ្លាញដំណាំរបស់ពួកគាត់ វាជាអំពើអយុត្តិធម៌។ អ៊ីចឹងស្នើអោយរដ្ឋាភិបាលដែលជាថ្នាក់ជាតិ សូមជួយអន្តរាគមន៍ និងចាត់វិធានការយ៉ាងណាទៅអាជ្ញាធរថ្នាក់ក្រោម អោយពិនិត្យមើល និងបម្រើប្រជាពលរដ្ឋពិតប្រាកដ ព្រោះពួកគាត់រស់នៅយូរហើយ និងពឹងអាស្រ័យលើដីនេះ ដោយសូម្បីតែអភិបាលខេត្តស្វាយរៀង ក៏មានចំណារទទួលស្គាល់ការរស់នៅរបស់ប្រជាពលរដ្ឋដែរ។»
ក្រុមអង្គការសង្គមស៊ីវិល មើលឃើញថា ទំនាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជា នៅតែបន្តរាលដាលមិនមានការថមថយនោះឡើយ ដោយសារស្ថាប័នពាក់ព័ន្ធមិនអាចដោះស្រាយបញ្ហាជម្លោះដីធ្លី ប្រកបដោយប្រសិទ្ធភាព និងមានការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ៕
No comments:
Post a Comment