តំណាងរាស្ត្រ បក្សជំទាស់ ស្នើរដ្ឋាភិបាល បង្កើតក្រុមប្រឹក្សា ជាតិ ជាន់ខ្ពស់ ព្រំដែនកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ៩ កញ្ញា ២០១៥
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ស្នើឲ្យ រដ្ឋាភិបាល កម្ពុជា បង្កើតក្រុមប្រឹក្សា ជាតិ ជាន់ខ្ពស់ ព្រំដែនកម្ពុជា មួយ ដើម្បី ដោះស្រាយ បញ្ហាព្រំដែន ជាមួយ ប្រទេស វៀតណាម។ ទោះជាយ៉ាងណា ក៏ដោយ ក្រុមមន្ត្រី រដ្ឋាភិបាល អះអាងថា, ខ្លួន មិនខ្វល់ ចំពោះ ការស្នើនេះទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលតែងរិះគន់បញ្ហាព្រំដែនឥតសំចៃមាត់ លោក អ៊ុំ សំអាន អះអាងថា ការបង្កើតក្រុមប្រឹក្សាជាតិជាន់ ខ្ពស់នេះ គឺជាយន្តការមួយដើម្បីស្វែងរកតម្លាភាពក្នុងការបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម។
សមាជិកសភាគណបក្សប្រឆាំងរូបនេះ ដែលកំពុងបំពេញបេសកកម្មក្នុងសហរដ្ឋអាមេរិក ជំរុញឲ្យរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ព្រំដែន កម្ពុជា-វៀតណាម ដែលមានព្រះមហាក្សត្រជាប្រធាន និងមានការចូលរួមពីខាងបក្សប្រឆាំង ក្រុមសង្គមស៊ីវិល និងក្រុមអ្នកជំនាញខាងកិច្ចការព្រំដែន៖ «យើងបង្កើតក្រុមប្រឹក្សា ជាតិជាន់ខ្ពស់ព្រំដែន គឺដើម្បីមានការបោះបង្គោលហ្នឹងមានតម្លាភាព។ ពេលបង្កើតគណៈកម្មការចម្រុះនេះហើយ យើងទៅពិនិត្យមើលផែនទីលើដីជាក់ស្ដែងថា បោះហ្នឹងត្រឹមត្រូវ ឬអត់ ហើយបើអត់ត្រឹមត្រូវ ត្រូវសើរើការបោះបង្គោលព្រំដែនជាង ៨០ភាគរយកន្លងមក។»
ជាងនេះទៅទៀត លោក អ៊ុំ សំអាន ក៏បានស្នើដល់រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានអ្នកជំនាញខាងកិច្ចការព្រំដែនពីប្រទេសបារាំង ដើម្បីចូលរួមពិនិត្យមើលពីភាពត្រឹមត្រូវក្នុងការបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម។ លោកបន្តថា កម្ពុជាត្រូវបោះបង្គោលព្រំដែនទៅតាមបង្គោលចំនួន ១២៤ ដែលអាណានិគមបារាំង បានបោះនៅអំឡុងឆ្នាំ១៨៧៣ តាមរយៈអនុសញ្ញាកម្ពុជា-កូសាំងស៊ីន។
ទោះជាយ៉ាងណាក៏ដោយ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនចម្រុះរបស់រដ្ឋាភិបាលកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការទាមទារឲ្យបង្កើតក្រុមប្រឹក្សា ជាតិជាន់ខ្ពស់ព្រំដែននោះទេ៖ «ខ្ញុំប្រាប់ប្អូនទៅថា ខ្ញុំមិនចង់អត្ថាធិប្បាយតតាំងជាមួយលោកតំណាងរាស្ត្រ អ៊ុំ សំអាន នោះទេ។»
ជុំវិញបញ្ហានេះដែរ នាយកប្រតិបត្តិសហព័ន្ធបញ្ញវន្តកម្ពុជា លោក ទិប ទាវ គាំទ្រចំពោះការទាមទារឲ្យមានការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ព្រំដែននេះ។ លោកបន្តថា ការដោះស្រាយបញ្ហាព្រំដែនតម្រូវឲ្យមានការចូលរួមពីព្រះមហាក្សត្រ និងមជ្ឈដ្ឋានផ្សេងៗ៖ «ប្រទេសកម្ពុជា គឺជាព្រះរាជាណាចក្រកម្ពុជា អ៊ីចឹងត្រូវមានវត្តមានព្រះមហាក្សត្រក្នុងខណៈពេលដែលបញ្ហាព្រំដែន ស្ថិតនៅក្នុងភាពចម្រូងចម្រាស។»
បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម នៅពេលនេះ ស្ថិតក្នុងរបត់មួយ គឺកម្ពុជា បានផ្ទៀងផ្ទាត់ផែនទី យូ.ធី.អឹម (UTM) ខ្នាត ១/១០០.០០០ ចំនួន ១៨ផ្ទាំង ពីអង្គការសហប្រជាជាតិ និងផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ ចំនួន ២៥ផ្ទាំងពីប្រទេសបារាំង ក្នុងនោះខ្វះមួយផ្ទាំង។ ប៉ុន្តែក្រុមមន្ត្រីបក្សប្រឆាំងមិនទាន់ប្រកាសជំហរទទួលស្គាល់ថា ផែនទីរបស់រដ្ឋាភិបាល និងរបស់សហគមន៍អន្តរជាតិ ថាពិតជាដូចគ្នានៅឡើយទេ។
មន្ត្រីបក្សប្រឆាំងនិយាយថា ផែនទីរបស់រដ្ឋាភិបាលកម្ពុជា ដែលប្រើប្រាស់សព្វថ្ងៃបានបោះពុម្ពនៅប្រទេសវៀតណាម និងមានត្រាវៀតណាម ថែមទៀត ហើយមានការចុះហត្ថលេខារវាងលោក ឌិត មន្ទីរ និង លោក លីវ វ៉ាន់ឡឺយ ក្នុងឆ្នាំ១៩៨៥ ផងដែរ។
កាលពីឆ្នាំ១៩៨២ ១៩៨៣ និងឆ្នាំ១៩៨៥ រដ្ឋាភិបាលកម្ពុជា ដែលជារដ្ឋាភិបាលមិនទាន់ស្របច្បាប់មិនទាន់ទទួលស្គាល់ដោយអង្គការ សហប្រជាជាតិ ព្រោះជារដ្ឋាភិបាលដែលលើកបន្តុបដោយយោធាវៀតណាម នោះ បានចុះសន្ធិសញ្ញាព្រំដែនគោក និងព្រំដែនទឹកជាមួយរដ្ឋាភិបាលក្រុងហាណូយ។
ដោយសារសន្ធិសញ្ញាទាំងនេះជាសន្ធិសញ្ញាខុសច្បាប់នៅឆ្នាំ២០០៥ រដ្ឋាភិបាលក្រុងភ្នំពេញ បានធ្វើសញ្ញាមួយទៀតដែលមានឈ្មោះថា សន្ធិសញ្ញាបំពេញបន្ថែម ដែលជាសន្ធិសញ្ញាមួយដើម្បីឧបកិច្ចឲ្យសន្ធិសញ្ញាខុសច្បាប់ទាំងឡាយ រវាងកម្ពុជា និងវៀតណាម ទាំងឡាយ ក្លាយជាសន្ធិសញ្ញាស្របច្បាប់។
ចំណែកគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង អះអាងថា សន្ធិសញ្ញាបំពេញបន្ថែមនេះហើយដែលធ្វើឲ្យកម្ពុជា បាត់ព្រំដែនទឹករបស់ខ្លួនចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រការ៉េ រួមបញ្ចូលទាំងកោះត្រល់ទំហំជាង ៥០០គីឡូម៉ែត្រការ៉េ គឺមានទំហំប៉ុនប្រទេសសិង្ហបុរី។
សន្ធិសញ្ញានេះក៏បានបណ្ដាលឱ្យខ្មែរបាត់កោះក្រចកសេះ ដែលបារាំង ហៅថា កោះប៉ូឡូប៉ង់ហ្សង់ ដែលមានទំហំប្រហែល ៦គីឡូម៉ែត្រការ៉េ និងបាត់ព្រំដែនគោកប្រហែលពី ៤ពាន់ ទៅ ៦ពាន់គីឡូម៉ែត្រការ៉េថែមទៀត៕
It is sad and disgusting when some well educated Khmer such as KI's administrators sold their souls and went along with the Khmer traitors by requiring the commentators' IDs in an attempt to round up Khmer Nationalists.
ReplyDeleteNo wonder Cambodia has been shrinking... .due to this kind of animals...