Paris Peace Accords 23 Oct. 1991

Monday, October 26, 2015

កម្ពុជា ​មិន​ទាន់​អាច​ ធ្វើ​ជា​ដៃគូ​ ពាណិជ្ជកម្ម ​ឆ្លង​មហា​សមុទ្រ​ ប៉ាស៊ីហ្វិក​ ទេ​ | Cambodia not yet able to be a member of Trans-Pacific Parnership


កម្ពុជា ​មិន​ទាន់​អាច​ ធ្វើ​ជា​ដៃគូ​ ពាណិជ្ជកម្ម ​ឆ្លង​មហា​សមុទ្រ​ ប៉ាស៊ីហ្វិក​ ទេ​

​ក្រុម​ អ្នក​ជំនាញ​ បាន​និយាយ ​ថា,​ កម្ពុជា​ មាន​កិច្ចការ ​និង​បញ្ហា​ច្រើន​ ទាក់ទង​ នឹង​សេដ្ឋកិច្ច ​ក្នុង​ប្រទេស,​ តំបន់,​ និង​​ពិភពលោក។

​​VOA / វីអូអេ | ២០ តុលា ២០១៥
 
រដ្ឋមន្ត្រី​១២​ប្រទេស​​​សមាជិក​កិច្ចព្រមព្រៀង TPP ជួប​ជុំ​គ្នា​​នៅ​កោះ​ហាវ៉ៃ​​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​១២​ប្រទេស​​​សមាជិក​កិច្ចព្រមព្រៀង TPP ជួប​ជុំ​គ្នា​​នៅ​កោះ​ហាវ៉ៃ​​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥។
 
ក្រុម​ អ្នក​ជំនាញ​ សេដ្ឋកិច្ច​ បាន​និយាយ ថា,​ កម្ពុជា​ មិន​ទាន់ ​ជា​ប្រទេស ​ដែល​ត្រូវ ​ប្រញាប់ ​ចូលរួម​ ជា​ដៃគូ​ ពាណិជ្ជ​កម្ម ​ឆ្លង​មហា​សមុទ្រ ​ប៉ាស៊ីហ្វិក​ ជាមួយ​ នឹង​ប្រទេស​ រីក​លូតលាស់​ ផ្នែក​សេដ្ឋ​កិច្ច​ ទេ។ ​ ក្រុម ​អ្នក​ជំនាញ បាន​និយាយ​ ថា,​ កម្ពុជា ​មាន​កិច្ចការ​ និង​បញ្ហា​ច្រើន​ ទាក់ទង ​នឹង​សេដ្ឋកិច្ច​ ក្នុង​ប្រទេស,​ តំបន់​, និង​ពិភពលោក។
 
ក្រុម​ប្រទេស ​ដែល​មាន ​ការរីក​លូតលាស់ ​ផ្នែក​សេដ្ឋកិច្ច​ ចំនួន​ ១២​ បាន​ធ្វើ​ កិច្ច​ព្រមព្រៀង ​ដៃគូ​ ពាណិជ្ជ​កម្ម​ ឆ្លង​មហា​សមុទ្រ​ ប៉ាស៊ីហ្វិក​ (Trans-Pacific Partnership) ​ដ៏ធំ​ ជា​ប្រវត្តិសាស្ត្រ នៅ​ខែ​ តុលា​ នេះ ​ក្នុង​គោល​បំណង ​ពង្រីក​ ទំនាក់​ទំនង ​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម​ កាន់តែ​ មាន​ទំហំ ​ធំ​ឡើង។​

ដៃគូ​ ពាណិជ្ជកម្ម​ ថ្មី​ ដែល​អាច ​បង្រួប​បង្រួម​ ទីផ្សារ ​រហូត​ ដល់​៤០​ ភាគ​រយ ​នៃ​សេដ្ឋកិច្ច​ សកល, ព្រមទាំង ​មាន​ទិន្នផល​ សរុប​ ៣០​លានលាន ​ឬ៣០​ទ្រីលាន ($30 trillion) នោះ មាន​ការ​ ចូលរួម​ ពី​ប្រទេស ​ក្នុង​តំបន់​ អាស៊ាន​ខ្លះ,​ តែ​ កម្ពុជា ​ដែល​ជា​សមាជិក​ អាស៊ាន ​មួយ​ ដែរ​នោះ​ មិន​ត្រូវ​ បាន​គេ​ អញ្ជើញ ឬមិន​ មាន​ឈ្មោះ​ ក្នុង​បញ្ជី​ នោះ​ទេ។​


ក្រុម ​អ្នក​វិភាគ​ បាន​និយាយ ​ថា, ការចូលរួម​ ឬ​មិន ​ចូលរួម​ ជា​ដៃ​គូ ពាណិជ្ជ​កម្ម ​ឆ្លង​មហា​សមុទ្រ​ ប៉ាស៊ីហ្វិក ​នោះ​ មិន​មែន​ ជា​អាទិភាព ​និង​មិនមែន ​ជាអ្វី ដែល​កម្ពុជា​ ត្រូវ​ ព្រួយ​បារម្ភ​ទេ។​  កម្ពុជា ​ពេល​នេះ ​មាន​ដៃគូ​ ច្រើន ​រួច​ទៅ​ហើយ ​ដូចជា​សមាជិក​ អង្គការ ​ពាណិជ្ជ​កម្ម ​ពិភព​លោក​ និង​ជា​សមាជិក ​ក្នុង​សហគមន៍​ សេដ្ឋកិច្ច​ អាស៊ាន ​និង​ជា​ដៃគូ សេដ្ឋកិច្ច​ ជា​មួយ​ នឹង​ស្ថាប័ន​ ជាច្រើន​ទៀត។​

លោក ជេយ៉ាន មីនិន ​(Jayant Menon) ​អ្នក​សេដ្ឋកិច្ច​ នាំមុខ ​នៃ​ធនាគារ​ អភិវឌ្ឍ​ អាស៊ី​ (ADB) ​នៅ​ក្រុង​ ម៉ានិល ដែល​ជា​ទីស្នាក់ការ​ ធំ ​របស់​ ADB ​បាន​និយាយ​ ថា,​ ប្រទេស ​កម្ពុជា ​ពេល​នេះ ​មិនគួរ​ បារម្ភ​ អំពី ​ដៃគូ​ ពាណិជ្ជ​កម្ម ​ឆ្លង​មហា​សមុទ្រ​ ប៉ាស៊ីហ្វិកទេ។​

«ដៃគូ​ ពាណិជ្ជ​កម្ម​ ឆ្លង​មហា​សមុទ្រ ​ប៉ាស៊ីហ្វិក ​គឺ ​មាន​កិច្ច​ព្រមព្រៀង ​ផ្សេងៗ​គ្នា។   ​ប្រទេស ​កម្ពុជា​ គួរ​ខ្វល់ខ្វាយ​ អំពី​ ការ​ធ្វើតាម​ កាតព្វ​កិច្ច​ អាស៊ាន​ ដូច​ជា​បញ្ហា​ សហគមន៍ ​សេដ្ឋកិច្ច​ អាស៊ាន»

ក្នុង​ឋានៈ​ជាប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​កម្ពុជា​ពេលនេះ​គួរតែ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​កែ​ទម្រង់​ អភិវឌ្ឍ ​និង​បំពេញ​តាម​កាតព្វ​កិច្ច​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដែល​នឹង​មាន​សមាហរណ​កម្ម​នៅចុងឆ្នាំ​នេះ​ និង​តាម​កាតព្វកិច្ច​ អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ WTO។​
លោក​ទទួល​ស្គាល់​ថា​ ក្នុង​ចំណោម​ប្រទេស​ទាំង​១០ មាន​ប្រទេស​តែ៤ប៉ុណ្ណោះ​គឺ​ប្រទេស​វៀតណាម ​ប្រ៊ុយណេ​ សីង្ហបូរី ​និង​ម៉ាឡេស៊ី ​ដែល​ចូល​ជា​សមាជិក​នៃ​ដៃ​គូ​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​TPP។ តែ​លោក​ថា ​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​មាន​ដៃគូ​ពាណិជ្ជកម្ម​ទ្វេភាគី ​រួចទៅ​ហើយ​ ដែល​រឿង​នេះមិនមែន​ជា​ការ​បំបែក​ សមាគម​អាស៊ាន​ទេ។​
«សមាជិក​អាស៊ាន​និមួយៗ​មាន​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ដែរ​ មិន​អញ្ចឹង?​ ដូច្នេះ​ខ្ញុំមិន​គិត​ថា ​រឿង​នេះ​នឹង​បំបែក​អាស៊ាន​ទេ។​ អាស៊ាន​ជា​ការណ៍​ពិត ​នឹង​ធ្វើ​កិច្ចការ​ខ្លាំង​ឡើង​ដើម្បី​រក្សារ​អត្តសញ្ញាណ​របស់​ខ្លួន។​ តែខ្ញុំមិន​គិត​ថា ​រឿងនេះនឹង​មាន​ការ​ផ្លាស់ប្តូរច្រើន​នោះ​ទេ»។​
លោក​បន្ថែម​ថា​ វា​ឆាប់​ពេក​ហើយ​គឺ​មិនទាន់អាច​និយាយ​ពីរឿង​នេះ​បាន​ទេ​ ​ព្រោះ​កិច្ច​ព្រមព្រៀង​ TPP ​ទើបតែ​ត្រូវ​បាន​បញ្ចប់​ ហើយ​នៅ​តម្រូវ​ឲ្យ​សភា​នៃប្រទេស​នីមួយៗ​ ផ្តល់​ការ​យល់ព្រម​ទៀត។​ គេ​ត្រូវ​ចាំមើល​ឯកសារ​ចរចា​ ដែល​ត្រូវ​ចេញ​នៅ​ខែ​ក្រោយ ហើយ​ពេល​នោះ ​ទើបគេអាច​មាន​គំនិត​ប្រសើរឡើង។​
បណ្ឌិត​ ចាប សុថាវិទ្ធ​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ខ្មែរ​ សម្រាប់សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ បាន​ថ្លែង​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​គាំទ្រ​ពាណិជ្ជ​កម្ម ​ហើយ​កម្ពុជា​ដែល​ជា​ប្រទេស​មាន​សក្តានុពល​នោះ​ អាច​នឹង​ចូលជា​សមាជិក​នៅ​ពេល​ក្រោយ ​តែលោក​ចាត់​ទុក​ថា ពេល​នេះ​ TPP​ មិនមែន​ជា​អាទិភាព​សម្រាប់កម្ពុជា​ទេ។​
«អញ្ចឹង​ថ្ងៃ​ក្រោយ​បើ​យើង​ពង្រីក​មូលដ្ឋាន​ផលិត​របស់​យើង​កាន់​តែល្អ ​យើង​រក​ទីផ្សារ​កាន់​តែ​ច្រើន។​ អញ្ចឹង​យើង​ត្រូវតែ​ចូល​ជា​សមាជិក​ដូច​ប្រទេស​ទាំងនោះដើម្បី​រក​ទីផ្សារ​ឲ្យ ​បាន។ ​ផលិតផល​យើង​នាំចូល​ទៅគេ​ដោយ​រួចពន្ធ។​ ​ អញ្ចឹង​ទំនិញ​យើង​ដែល​ថោក​ វា​អាច​លក់​បាន។​ ហើយ​បើគេ​យក​ពន្ធ​ យើង​យក​ទៅលក់​ យកទៅ​ប្រជែង​ម៉េច​កើត? ហើយ​ដូចគ្នា ​បើសិន​យើងនាំ​ចូល​ផលិត​ផល​យើង​ទៅ​ប្រទេស​គេ​ យើង​ក៏ត្រូវ​តែ​បើក​ទីផ្សារ​ដើម្បី​ឲ្យ​ទំនិញ​គេ​ចូល​មក​ប្រទេស​យើង»។​
លោក​បាន​បន្ថែម​ថា ​ទន្ទឹម​នឹង​ការ​ចំណេញ​ដោយ​ការ​រក​បាន​ទីផ្សារ​ក្នុង​បណ្តាប្រទេស ​TPP កម្ពុជា​ក៏ត្រូវ​ប្រឈម​បញ្ហានានា​ដែរ​ ដោយសារ​កម្ពុជា​មានផលិត​ក្នុងស្រុក​ ដែល​ត្រូវ​ប្រកួត​ប្រជែង​យ៉ាងស្រួច​ស្រាវ​ផ្នែក​ផលិត​ភាព ​គុណភាព​ និង​ដោយសារ​តែមាន​ការ​នាំចូល​ដោយសេរី​ ហើយ​មិន​មាន​ការយក​ពន្ធ។​ តែ​លោក​បាន​សម្លឹង​ឃើញ​ថា​ កម្ពុជា​មាន​សក្តានុពល​ខ្លាំង​ជាង​គេ​វិញសម្រាប់អនាគត​ ដោយសារ​កម្ពុជា​មាន​ពលកម្ម​ថោក។​ លោក​និយាយ​ថា ​លើកលែង​តែ​អាវុធ​ ​ កម្ពុជា​នាំចេញ​ផលិតផល​ទំនិញ​សព្វបែប​យ៉ាង​ទៅ​កាន់​ប្រទេស​ ដែលរីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​នៅ​សហភាព​អឺរ៉ុប​និង​ស.រ.អា. ដោយ​គ្មាន​ការ​បង់ពន្ធ។ លោក​ចាប សុថារិទ្ធ​បន្ថែម​ថា ដូច្នេះ​កម្ពុជា​ចូល​ជាដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកនៅ​ពេល ​ក្រោយ។​
លោក ​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់ដេរកម្ពុជា (C-CAWDU)​ ​បាន​អះអាង​ថា ​កម្ពុជា​យើង​នឹង​ចំណេញពី​ការ​នាំ​ចេញដែរ​ បើសិន​ជា​កម្ពុជា​អាច​ចូលរួម​ក្នុង​ប្រទេស​ជា​ដៃ​គូពាណិជ្ជ​កម្ម ​TPP។​ តែ​លោក​ថា​ កម្ពុជា​ក៏មិន​មាន​បញ្ហា​អ្វី​ដែរ​ បើ​មិនទាន់​ចូល​ TPP ​ពេល​នេះ ​ព្រោះ​កម្ពុជា​មាន​ការ​នាំចេញ​ទៅ​ប្រទេស​នានា​ដែរ​ ​ហើយ​ប្រទេស​ទាំងនោះ​មាន​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​រួច​ទៅ​ហើយ។​
«តែ​សម្រាប់​កម្ពុជា​យើង​ ខ្ញុំ​គិត​ថា ​យើង​អត់​ទាន់មាន​អ្វី​ធ្វើ​បាន​ មាន​តែ​កាត់​ដេរ ​និង​អង្ករ​អីតិចតួច។​ ដូច្នេះ​យើង​អាច​ចំណេញ​តិចតួច​ទេ​ ​មិន​ច្រើន​ប៉ុន្មាន​ទេ។​ តែ​កម្ពុជា​ទោះ​បី​ជា​មិន​ទាន់ចូល​ TPP ​ក៏យើង​នៅតែ​នាំ​ទៅ​ស.រ.អា. និង​នាំទៅ​ប្រទេស​មួយ​ចំនួន​ដែលអត់​យកពន្ធ ​ព្រោះគេ​ចាត់​ទុក​ថា​ កម្ពុជា​ជា​ប្រទេស​ក្រីក្រ។​ អញ្ចឹង​ដូចជា​មិន​សូវ​មាន​ប្រយោជន៍​អី​ប៉ុន្មាន​សម្រាប់​ការ​ចូល ​TPP ​ហ្នឹង​ទេ»។​
កម្ពុជា​នាំចេញ​សម្លៀក​បំពាក់​ដល់​ទៅ​៦​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ ឆ្នាំៗ​ ដែល​បង្កើត​ការងារ​ដល់​មនុស្ស​ជាង​៧០​ម៉ឺននាក់​ជាស្ត្រី។​ លោក​អាត់ ធន់​ថ្លែង​ថា​ កម្ពុជាអាច​នឹង​ទាក់​ទាញ​អ្នក​វិនិយោគ​ធំៗ​បាន ​ដូចវៀត​ណាម​ និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ពេល​ចូលជា​សមាជិក​ TPP។​
លោក​ឧកញ៉ា ​ម៉ុង ឫទ្ធី ​ប្រធាន​ក្រុមហ៊ុន​ម៉ុង ឫទ្ធី ​ដែល​គេស្គាល់​ថា​ ជា​មហា​សេដ្ឋី​ខ្មែរ​ម្នាក់ ​បាន​អះអាង​ថា​ ទោះជា​មាន​ល្បឿន​យឺតក្តី​ កម្ពុជា​មាន​ការ​ខិតខំ​ព្រម​គ្នាសម្រាប់​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​ ក្នុងស្រុក​ ក្នុង​តំបន់​ និងក្នុងពិភពលោក។​
«យើង​ចេះ​តែ​ខិតខំ​ប្រឹងប្រែង។ ​ វិស័យ​ឯកជន​ និង​រដ្ឋ​ប្រឹងប្រែង​ដូចគ្នា ​តែ​ថា ​ឲ្យ​លឿន​ដូច​គេ​តែម្តង​ វា​ទៅ​អត់​រួច​ទេ​ ដោយសារ​ថា​ គេ​ខាន​ច្បាំង​យូរ​ហើយ។​ ដល់ខ្មែរ​យើង​ទើប​តែខាន​ច្បាំងពី​ឆ្នាំ​១៩៩៨​មក​ទេ។ ​អញ្ចឹង​ទៅ​ ការ​ដែល​ខំ​ប្រឹងប្រែង​ចេះ​តែ​ខំទៅ​ តែវា​មិន​អាច​១​ថ្ងៃ​ ១ខែ ​១​ឆ្នាំ ​លឿន​ដូច​គេ​ទេ»។​
លោក​បញ្ជាក់​ថា ​ចំពោះ​លោក​ផ្ទាល់ពេលនេះ​គឺផ្តោត​ខ្លាំង​ទៅលើ​រោងចក្រ​ កែច្នៃ​ស្បែក​ ​ដើម្បី​ដើរ​ឲ្យទាន់​ប្រទេស​ជិតខាង​ វៀតណាម​ និង​ថៃ​ដែលមាន​ការ​ផលិត​នាំចេញ​ច្រើន​នោះ។​
លោក​ទទួល​ស្គាល់​ថា​ កម្ពុជា​កន្លងមក​នាំ​ចេញ​វត្ថុធាតុ​ដើម ​និង​ផលិតផល​ពាក់​កណ្តាល​សម្រេច​យ៉ាង​ច្រើន ​ដូចជា​កៅស៊ូ​ត្រូវនាំ​ចេញ ​ហើយ​ទិញ​កង់ឡាន​ចូល​មក​វិញ​ក្នុងតម្លៃ​ខ្ពស់។​ នាំ​ប្រេងចេញ ​ដូចជានាំប្រេងដូង​ចេញ​ទៅ​ក្រៅ​ ​ហើយ​នាំ​ផលិត​សម្រេច​ពីប្រទេស​ក្រៅចូល​មក​វិញ​ ដូចប្រេងឆា។​
ប្រទេស​ជាដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រប៉ាស៊ីហ្វិក ​TPP ​គឺភាគ​ច្រើន ​ជា​ប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​ខ្ពស់​ ដូចជា​ជប៉ុន​ ​មាន​ការ​នាំចេញ​គ្រឿងចក្រ ​និងរថយន្ត ​ហើយ​ប្រទេស​រីកចម្រើន​បន្ទាប់​មាន​ការ​នាំចេញ​ផលិតផល​កសិកម្ម ​វាយនភណ្ឌ ​ជាដើម។​ អ្នកវិភាគ​ខ្លះ​បាន​និយាយ​ថា ​ប្រទេស​ដែល​មាន​ផលិត​ផល​នាំចេញ​ច្រើន​ទំនង​ជា​ទទួល​បាន​ផល​ប្រយោជន៍​ ច្រើនពី​ការ​ចូល​ក្នុង​សមាជិក​ TPP​ នេះ។​  តែអ្នក​ខ្លះ​ថា​ ប្រទេស​ទាំងអស់​ទទួល​ផលប្រយោជន៍​រៀងៗ​ខ្លួន​ពីការ​ពង្រីក​ពាណិជ្ជ​កម្ម​នេះ។ ​
ប្រទេស​ទាំង១២​នៃ​សមាជិក​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ ប៉ាស៊ីហ្វិក ​TPP ​មាន​អូស្ត្រាលី ​កាណាដា ​ឈីលី ​ជប៉ុន​ ម៉ាឡេស៊ី​ ម៉ិកស៊ិក នូវែលសេឡង់ ​ប៉េរូ ​សិង្ហបូរី ​ស.រ.អា. និង​វៀតណាម៕


No comments:

Post a Comment