Paris Peace Accords 23 Oct. 1991

Monday, October 26, 2015

កាសែត ​បក្សកុម្មុយនិស្ត៖ ​ចិន ​គួរ​តែ​ បញ្ចូល​ខ្លួន​ ទៅ​ក្នុង​សន្ធិសញ្ញា​ ដោះដូរ សេរី​ អន្តរ-ប៉ាស៊ីហ្វិក | Newspaper of Communist party: China should insert itself into Trans-Pacific Partnership

កាសែត ​បក្សកុម្មុយនិស្ត៖ ​ចិន ​គួរ​តែ​ បញ្ចូល​ខ្លួន​ ទៅ​ក្នុង​សន្ធិសញ្ញា​ ដោះដូរ សេរី​ អន្តរ-ប៉ាស៊ីហ្វិក

media 
សមាជិក ១២ប្រទេស​នៃ​សន្ធិសញ្ញា​ដោះដូរសេរី​អន្តរប៉ាស៊ីហ្វិក​ Trans-Pacific Partnership (TPP)Reuters/路透社

នៅថ្ងៃ​ អាទិត្យ ទី២៥ តុលា​​នេះ, ប្រទេស ​ចិន ​តាម​រយៈ​ កាសែត​ របស់​ គណបក្ស ​កុម្មុយនិស្ត​ បាន​ឲ្យ​ដឹង​ ថា, ចិន ​គួរ​តែ​ បញ្ចូល​ខ្លួន​ ទៅ​ក្នុង​សន្ធិសញ្ញា​ ដោះដូរ ​សេរី​ អន្តរ-ប៉ាស៊ីហ្វិក ​(Trans-Pacific Partnership) ហៅ​កាត់​ ថា TPP។  គួរ ​ជម្រាប​ជូន ​ថា, សន្ធិសញ្ញា​ ដោះដូរ​ សេរី​ អន្តរ-ប៉ាស៊ីហ្វិក ​ដែល​ជា​គំនិត ​ផ្តួចផ្តើម​ ដំបូង​ របស់​ សហរដ្ឋ អាមេរិក​ ទើប​ បាន​ចុះ​ ហត្ថលេខា​ ជា​ផ្លូវការ ​កាល​ពី​ថ្ងៃ ទី៦ តុលា​ កន្លង​ទៅ​ ដោយ​មាន ១២ប្រទេស ​ជា​សមាជិក, តែ ​គ្មាន​ វត្តមាន​ ប្រទេស​ចិន ​ទេ។  ចិន​ ដែល​បាន​បញ្ជាក់ ​ថា, ខ្លួន ​មិន​មាន​ ជាប់​ពាក់ព័ន្ធ​ នឹង​សន្ធិសញ្ញា​ នោះ​ទេ, ហើយ​ សេដ្ឋកិច្ច ​របស់​ខ្លួន ​ក៏​គ្មាន​ ទទួល​រងផល​ ប៉ះពាល់​អ្វី​ ពី​សន្ធិសញ្ញា​ នោះ​ដែរ។  ស្រាប់​តែ​ ឥឡូវ ចិន ​ហាក់​ដូច​ ជា​បានបោះ ​មួយ​ជំហាន ​ថយ​ក្រោយ ដោយ​ចង់ ​ពិចារណា ​ឡើង​វិញ​ ពី​ការ​ បញ្ចូល​ខ្លួន ​ទៅ​ក្នុង​សន្ធិសញ្ញា​នោះ។

គួរ ​បញ្ជាក់​ជូន​ ថា, ព័ត៌មាន​ ដែល​ថា ចិន ​ត្រូវ​តែ ​បញ្ចូល​ខ្លួន​ ទៅ​ក្នុង​សន្ធិសញ្ញា​ដោះដូរសេរី​ អន្តរប៉ាស៊ីហ្វិក TPP ដែល​សព្វថ្ងៃ​មាន ១២ប្រទេស​ជា​សមាជិក មិនមែន​ជា​ការ​ប្រកាស​ផ្លូវការ​របស់​រដ្ឋាភិបាល​ទេ តែ​ជា​អនុសាសន៍​របស់​កាសែត​គណបក្ស​កុម្មុយនិស្ត​ចិន​ចេញ​ផ្សាយ​នា​ថ្ងៃ​ អាទិត្យ ទី២៥ តុលា​នេះ។ យ៉ាង​ណា​ក៏​ដោយ នេះ​ជា​ព័ត៌មាន​មួយ​ដែល​អាច​យក​ជា​ផ្លូវការ​បាន ព្រោះ​គណបក្ស​កុម្មុយនិស្ត​ជា​គណបក្ស​ដែល​កំពុង​កាន់​អំណាច​យ៉ាង​ណែន​ក្នុង​ ដៃ​នៅ​ក្នុង​ប្រទេស​ចិន។

ការ​ដែល​កាសែត​របស់​គណបក្ស​កុម្មុយនិស្ត​បាន ​អំពាវនាវ​ឲ្យ​ចិន​ត្រូវ​តែ​បញ្ចូល​ខ្លួន​ទៅ​ក្នុង​សន្ធិសញ្ញា​ដោះដូរ​សេរី​ អន្តរ​ប៉ាស៊ីហ្វិក TPP ដោយ​កាសែត​យល់​ឃើញ​ថា កម្មវត្ថុ​របស់ TPP បាន​ឆ្លើយតប​ទំាង​ស្រុង​ទៅ​នឹង​កំណែទម្រង់​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ចិន​ កំពុង​ធ្វើ​សព្វថ្ងៃ។ យោង​តាម​កាសែត​ដដែល វិធានការ​ដែល​មាន​ចែង​នៅ​ក្នុង TPP ដូច​ជា​ការ​កាត់បន្ថយ​បែបបទ​រដ្ឋបាល ឬ​មួយ​ក៏​វិធានការ​ការពារ​បរិស្ថាន គឺ​ជា​កម្មវត្ថុ​អាទិភាព​ដែល​ទីក្រុង​ប៉េកំាង​ចង់​សម្រច​ឲ្យ​បាន។

ក្រៅ​ពី​ចំណុច​វិជ្ជមាន​ដែល​ចិន​អាច​ទទួល​បាន​ពី​ការ​បញ្ចូល​ខ្លួន​ទៅ​ក្នុង TPP កាសែត​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ផល​ ប៉ះពាល់​ដល់​វិស័យ​រោងចក្រ សហគ្រាស​របស់​រដ្ឋ​ដែល​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​ ជាតិ។ គួរ​ជម្រាប​ជូន​ថា​កន្លង​មក លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ធ្លាប់​បាន​បញ្ជាក់​ថា ប្រទេស​ចិន​នឹង​មិន​ទទួល​រង​ផល​ប៉ះពាល់​ពី TPP ទេ និង​ឆ្លៀត​ទម្លាយ​ឲ្យ​ដឹង​ថា ចិន​អាច​នឹង​គិតគូរ​ឡើង​វិញ​ពី​ការ​បញ្ចូល​ខ្លួន​ទៅ​ក្នុង TPP នា​ពេល​ខាង​មុខ។

ចិន​កំពុង​មាន​ស្ថានភាព​សេដ្ឋកិច្ច​លំបាក ព្រោះ​កំពុង​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច

ស្ថានភាព​សេដ្ឋកិច្ច​ចិន​លំបាក​ពេល​នេះ​ក៏​ដោយសារ​ថា លោក​នាយករដ្ឋន្រ្តី​ចិន​លី ខឺជំាង​កំពុង​អនុវត្តន៍​កំណែទម្រង់​សេដ្ឋកិច្ច។ គឺ​ជា​កំណែទម្រង់​មួយ​ដែល​ប្តូរ​ពី​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​ តែ​លើ​វិស័យ​ឧស្សាហកម្ម​ធុនធ្ងន់ ការ​ធ្វើ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​នាំចេញ ទៅ​ជា​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​​ដែល​ពឹងផ្អែក​លើ​ការ​អភិវឌ្ឍន៍​សេវា និង​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក តាមរយៈ​ការ​បង្កើន​ការ​ចាយ​វាយ​របស់​ពលរដ្ឋ​ចិន។

អ្វី​ដែល​រដ្ឋាភិបាល​ចិន​ចង់​បាន គឺ​ប្តូរ​ពី​ការ​អភិវឌ្ឍន៍​​វិស័យ​ផលិតកម្ម​សម្រាប់​ការ​នាំ​ចេញ ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​​វិស័យ​សេវាកម្ម និង​ផលិតកម្ម​សម្រាប់​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក។ ចិន​យល់​ឃើញ​ថា ម៉ូដែល​សេដ្ឋកិច្ច​ខ្លួន​ទីពឹង​ខ្លួន​អាច​មាន​សក្តានុពល​ឋិតឋេរ និង​យូរ​អង្វែង​ជាង​ម៉ូដែល​សេដ្ឋកិច្ច​ដែល​ពឹង​លើ​អ្នក​ដទៃ។ សម័យ​កំណែទម្រង់ គឺ​ជា​សម័យ​អន្តរកាល​មួយ​ដែល​ត្រូវ​តែ​ជួប​បញ្ហា និង​ការ​លំបាក​ដោយ​ចៀស​មិន​រួច។

ចិន​ព្យាយាម​ប្រមែប្រមូល​ប្រទេស​ដៃគូ​ដើម្បី​ទប់​អាមេរិក

ក្រៅ​ពី​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក​ដែល​ផ្តួចផ្តើម​ដោយ​ អាមេរិក ក៏​នៅ​មាន​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ដទៃ​ទៀត​ដែរ ដូច​យ៉ាង​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម និង​វិនិយោគ​ហៅកាត់​ថា TTIP ដែល​អាមេរិក និង​សហភាព​អឺរ៉ុប​កំពុង​ចរចា​គ្នា។ ទន្ទឹម​គ្នា​នេះ ចិន​បាន​ស្នើ​ឲ្យ​បង្កើត​ដៃគូ​សេដ្ឋកិច្ច​រួម​តំបន់​ដែល​មាន​សមាជិក ១៦ប្រទេស។ គោលដៅ​របស់​ចិន គឺ​ដើម្បី​ប្រកួតប្រជែង ឬ​មួយ​អាច​ថា ដើម្បី​ប្រឈម​ទប់​នឹង​អាមេរិក​ដែល​បាន​ដើរ​ប្រមែប្រមូល​អ្នក​ផ្សេង រួម​ទំាង​សត្រូវ​របស់​ចិន​ផង​ឲ្យ​ចូល​រួម​ជាមួយ​ខ្លួន​ដើម្បី​ប្រឆំាង​ចិន។ ចិន​យល់​ឃើញ​ថា ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក ចិន​ក៏​អាច​ដើរ​ប្រមែប្រមូល​ប្រទេស​ផ្សេង​ដើម្បី​ធ្វើ​ជា​ដៃគូ​ដែរ។

ទីក្រុង​ប៉េកំាង​បាន​ស្នើ​ឲ្យ​បង្កើត​ដៃគូ​សេដ្ឋកិច្ច​រួម​តំបន់​ដែល​មាន​ សមាជិក ១៦ប្រទេស ក្នុង​នោះ​មាន ១០ប្រទេស​ជា​សមាជិក​អាស៊ាន បូក​នឹង​៦ប្រទេស គឺ​ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និង​នូវែលហ្សេឡង់។ ចំណែក​សន្ធិសញ្ញា​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក​ដែល​បាន​បង្កើត​ឡើង​ដោយ​ អាមេរិក​មាន​សមាជិក ១២ប្រទេស គឺ​អាមេរិក អូស្រ្តាលី កាណាដា ឈីលី ម៉ិចស៊ិក នូវែលហ្សេឡង់ ប៉េរូ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី និង​វៀតណាម។ ក្នុង​ចំណោម​សមាជិក TPP ក៏​មាន​ប្រទេស​ខ្លះ​ស្ថិត​ក្នុង​ចង្កោម​ដៃគូ​ស្នើ​ដោយ​ឡើង​ដោយ​ប្រទេស​ចិន។ តែ​បើ​គិត​ពី​ទម្ងន់​សេដ្ឋកិច្ច TPP តំណាង​ឲ្យ ៤០% នៃ​សេដ្ឋកិច្ច​ពិភពលោក។

ក្រៅ​ពី​ស្នើ​ឲ្យ​បង្កើត​ដៃគូ​សេដ្ឋកិច្ច​រួម​តំបន់ ចិន និង​ប្រទេស​ចំនួន ២០ទៀត​ក៏​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​មួយ​កាល​ពី ១ឆ្នំា​មុន​ដើម្បី​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី។  ការ​បង្កើត​ ឲ្យ​មាន ​ស្ថាប័ន​ ហិរញ្ញវត្ថុ​ នេះឡើង ​ត្រូវ​ បាន​គេ មើល​ឃើញ​ ថា, គឺ​ ដើម្បី​ ប្រជែង​ នឹង​ស្ថាប័ន ហិរញ្ញវត្ថុ​ អន្តរជាតិ ​ផ្សេង​ទៀត​ ដែល​កំពុង​ មាន​សព្វថ្ងៃ ដូច​យ៉ាង​ ធនាគារ ពិភពលោក​ ដឹកនំា​ ដោយ​អាមេរិក, ធនាគារ អភិវឌ្ឍន៍​ អាស៊ី​ ដឹកនំា​ ដោយ​ជប៉ុន, ឬមួយ​ ក៏​ស្ថាប័ន​ របស់ ​ក្រុមប្រទេស​ សមាជិក BRICS ជា​ដើម៕



No comments:

Post a Comment