គណបក្ស សង្គ្រោះជាតិ នឹងដាក់ ពាក្យប្ដឹង ករណីបាតុករ ប្រើហិង្សា លើតំណាងរាស្ត្រ ពីរនាក់
RFA / វិទ្យុ អាស៊ី សេរី | ២៦ តុលា ២០១៥
ប្រធាន គណបក្ស សង្គ្រោះជាតិ ចោទថា, ការប្រើ អំពើហិង្សា មកលើ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ពីររូបនោះ គឺ ជាក្រុមបាតុករ របស់ គណបក្ស ប្រជាជនកម្ពុជា។ ចំណែក មន្ត្រី ជាន់ខ្ពស់ គណបក្ស ប្រជាជន កម្ពុជា វិញ បដិសេធ ថា, អំពើហិង្សា នោះ មិនពាក់ព័ន្ធ នឹងគណបក្ស ប្រជាជន កម្ពុជា ឡើយ។
អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ ថា, គណបក្ស សង្គ្រោះជាតិ នឹងដាក់ ពាក្យប្ដឹង ចំពោះករណី ប្រើអំពើហិង្សា លើតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ នៅខ្លោងទ្វារ រដ្ឋសភា នៅថ្ងៃ ទី២៦ តុលា។
គណបក្ស សង្គ្រោះជាតិ អំពាវនាវ ដល់អាជ្ញាធរ មានសមត្ថកិច្ច ឲ្យចាត់វិធានការជាបន្ទាន់ចំពោះហិង្សានោះ ដើម្បីស្រាវជ្រាវ និងចាប់ខ្លួនអ្នកដែលបានប្រព្រឹត្តអំពើហិង្សាមកផ្ដន្ទាទោសតាម ច្បាប់។
ភ្លាមៗក្រោយពេលផ្ទុះអំពើហិង្សាលើអ្នកតំណាងរាស្ត្រពីសំណាក់ បាតុករនោះ គណបក្សសង្គ្រោះជាតិ បានថ្កោលទោសចំពោះអំពើហិង្សានេះ ដោយចាត់ទុកថា ជាអំពើឃោរឃៅ ព្រៃផ្សៃ ហើយរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងរំលោភបំពានលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ។
លោក គង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានពួកបាតុករទាញចេញពីក្នុងរថយន្ត វាយបាក់ខ្ទង់ច្រមុះ ទាត់ចំក្បាលយ៉ាងខ្លាំង និងចង្កេះផង។ លោកនិយាយថា បាតុករដែលវាយលោកនោះ ទំនងជាមន្ត្រីប៉ូលិស ឬទាហាន។ លោកបន្តថា ដំបូងមានបាតុករម្នាក់ដើរមកឈរនៅខាងមុខឡានរបស់លោក ស្របពេលនោះ តៃកុងឡានបានបន្ថយល្បឿន ភ្លាមៗក៏មានបាតុករជាច្រើននាក់ផ្សេងទៀត ស្ទុះមកបើកទ្វារឡាន ហើយទាញលោកចេញពីឡាន និងវាយគាត់យ៉ាងខ្លាំង និងគ្មានការអន្តរាគមន៍ពីមន្ត្រីប៉ូលិសនៅជិតនោះទេ។
សមាជិករដ្ឋសភា មកពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ម្នាក់ទៀត គឺលោក ញ៉យ ចំរើន ក៏ត្រូវបាតុករមួយក្រុមវាយដំលើរូបលោកយ៉ាងខ្លាំង និងបណ្ដាលឲ្យសន្លប់ភ្លាមៗនៅនឹងកន្លែងមុខរដ្ឋសភា។
ការប្រើអំពើហិង្សានេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (facebook) ថា អំពើហិង្សានេះ គឺធ្វើដោយក្រុមបាតុកររបស់គណបក្សប្រជាជនកម្ពុជា។ លោក សម រង្ស៊ី ចាត់ទុកករណីនេះ ជាអំពើហិង្សាដ៏ឃោរឃៅ និងព្រៃផ្សៃបំផុត។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា បាតុករទាំងនោះមិនមែនជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា នោះទេ។ លោកបន្ថែមថា បាតុករទាំងនោះមានគ្នាចម្រុះ គឺមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
ទាក់ទងនឹងករណីបាតុកម្មដោយហិង្សានេះដែរ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ស្នើសុំឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឲ្យបានពេញលេញ និងប្រកបដោយតម្លាភាព ទៅលើការវាយដំលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីរនេះ ដើម្បីរក្សារបៀបរៀបរយនៅរដ្ឋសភា និងដើម្បីធានាសុវត្ថិភាពរបស់អ្នកនយោបាយពីគ្រប់គណបក្សទាំងអស់។
ចំណែកអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ឡុង ឌីម៉ង់ និយាយថា ក្រុមបាតុករដែលធ្វើបាតុកម្ម និងប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នេះ មិនបានដាក់ពាក្យស្នើសុំធ្វើបាតុកម្មមកសាលាក្រុងភ្នំពេញនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងចាប់ខ្លួនអ្នកដែលបានប្រព្រឹត្តអំពើហិង្សាមកផ្ដន្ទាទោសតាម ច្បាប់៕
No comments:
Post a Comment