Paris Peace Accords 23 Oct. 1991

Monday, October 26, 2015

ទស្សនៈ​ ក្រុម​បាតុករ ​ទាមទារ ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ ពី​តំណែង​ អនុប្រធាន ​រដ្ឋសភា | Opinions of demonstrators demanding Kem Sokha step down from post as VP of Parliament

ទស្សនៈ​ ក្រុម​បាតុករ ​ទាមទារ ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ ពី​តំណែង​ អនុប្រធាន ​រដ្ឋសភា

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៦ តុលា ២០១៥

តវ៉ា​ប្រឆាំង​លោក កឹម សុខា ឲ្យ​ចេញ​ពី​តំណែង​រដ្ឋសភា ៦២០
ពលរដ្ឋ​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះចេញ​ពី​ដំណែង​អនុប្រធាន​ទី១ រដ្ឋសភា នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។  RFA/Rann Samnang

អ្នក​ចូលរួម​ ធ្វើ​បាតុកម្ម ​ទាមទារ ​ឲ្យលោក កឹម សុខា ចុះ​ចេញ ​ពី​តំណែង​ ជា​អនុប្រធាន ​សភា នៅ​ថ្ងៃ ​ទី​២៦ តុលា ដែល​ក្រុម​ បាតុករ​នោះ​ មាន​សមាសភាព ​ចម្រុះ, ហើយ ​ខ្លះ​ ចេញ​មុខ​ ជា​ចំហ, ខ្លះ​ ពាក់​មួក​ ឃ្លុប​ខ្មៅ​រ បៀប​គិញ​សម្ងាត់​ លាក់​ខ្លួន​ នៅ​ក្បែរ​ របង និង​ក្រោម ​ដើម​ឈើ ​ជុំវិញ​ មន្ទីរ ​រដ្ឋសភា, ខ្លះ ​នៅ​សម្រាក ​លើ​រថយន្ត​ ដែល​ពួក​គេ​ ជិះ​មក​នោះ ​ដោយ​មិន​ខ្វល់ ​អ្វី​ទាំងអស់។

អ្នក​ចូលរួម​បាតុកម្ម​ទាំង​នោះ បាន​បង្ហាញ​ជំហរ​ផ្សេងៗ​គ្នា​អំពី​ការ​មក​ចូលរួម​បាតុកម្ម​បណ្ដេញ លោក កឹម សុខា ឲ្យ​ចុះ​ចេញ​ពី​តំណែង។ អ្នក​ខ្លះ​ខឹង​សម្បារ​នឹង​ការ​សន្យា​របស់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​គោរព​តាម​សន្យា​របស់​ខ្លួន​កាល​ពី​យុទ្ធនាការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ កន្លង​មក។

យុវជន​ម្នាក់​មក​ពី​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ឈ្មោះ ម៉ៅ ញាំង បាន​ឲ្យ​ដឹង​ថា ពួក​គេ​មក​នេះ​ដោយ​អ្នក​ជួល​ឡាន​ឲ្យ​ជិះ​ដោយ​មិន​គិត​ថ្លៃ ហើយ​អាជ្ញាធរ​បាន​ដើរ​ប្រាប់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ តុលា ថា ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង លោក កឹម សុខា ដោយ​គាត់​សន្យា​ខ្យល់។

ចំណែក​បុរស​ម្នាក់​ទៀត​ដែល​ធ្វើ​ដំណើរ​មក​ជាមួយ​គ្នា​ដែរ​នោះ ក៏​បាន​ថ្លែង​ប្រាប់​ប្រហាក់​ប្រហែល​គ្នា​ដែរ ហើយ​បញ្ជាក់​ថា ការ​មក​ចូលរួម​នេះ​មិន​មាន​ការ​ចាត់​តាំង​ពី​ខាង​ណា​មួយ​ច្បាស់លាស់​នោះ​ទេ គឺ​មក​តាម​គ្នា ហើយ​មាន​អ្នក​ចែក​ទឹក​មួយ​ដប និង​ក្រមា​ក្រហម​មួយ ដើម្បី​ឲ្យ​ចង​ចង្កេះ​ដូចៗ​គ្នា។

ទោះ​យ៉ាង​ណា​ក្តី សកម្មភាព​ពួក​គេ​នោះ ក្រុម​ខ្លះ​ហាក់​លឹបល​នៅ​ឆ្ងាយ​ពី​ក្បួន​តវ៉ា​ធំ​នៅ​មុខ​រដ្ឋសភា ដែល​មាន​មនុស្ស​ច្រើន​រយ​នាក់​ចូលរួម​ស្រែក​ទាមទារ​ឲ្យ លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង។

ក្រុម​ខ្លះ​ទៀត​បាន​ស្រែក​ច្រៀង​ចម្រៀង​ដែល​មាន​ន័យ​ថា លោក កឹម សុខា ជា​មនុស្ស​បង្កប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ពួក​គេ​ជ្រុល​ខ្លួន​បោះ​ឆ្នោត​ឲ្យ តែ​ឥឡូវ​គេ​ដឹង​ហើយ សូម​ឲ្យ​ចុះ​ចេញ​ពី​តំណែង។

នេះ​ជា​លើក​ទី​ពីរ ដែល​មាន​បាតុករ​ធ្វើ​បាតុកម្ម​ប្រឆាំង លោក កឹម សុខា។ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ មាន​មនុស្ស​ជាង ២​ម៉ឺន​នាក់ តវ៉ា​ប្រឆាំង លោក កឹម សុខា ដែល​ដឹក​នាំ​ដោយ លោក ជុំ ម៉ី។
ចំណែក​មនុស្ស​មួយ​ក្រុម​ទៀត​មិន​ថ្លែង​អ្វី​ទាំងអស់ មាន​ទឹក​មុខ​កាច​មាំ ពាក់​មួក​ឃ្លុប​ខ្មៅ មាន​ចង​ក្រមា​ក្រហម​នៅ​ចង្កេះ​បង្កប់​ខ្លួន​តាម​កៀន​របង និង​ក្រោម​ដើម​ឈើ​ឆ្ងាយ​ប្រមាណ ១០០​ម៉ែត្រ ជុំវិញ​បរិវេណ​រដ្ឋសភា ហាក់​កំពុង​រង់ចាំ​បទបញ្ជា​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​មួយ។

ដោយឡែក​ក្រុម​មួយ​ចំនួន​ទៀត អង្គុយ​មើល​គេ​ពី​ក្នុង​ឡាន ដូច​មិន​ដឹង​រឿង​អ្វី​ទាំងអស់។ ពួក​គាត់​មួយ​ចំនួន បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត ព្រោះ​ខ្លាច​មេ​ក្រុម​ពួក​គេ​រក​រឿង​ថា​និយាយ​ផ្ដេសផ្ដាស។ ពួក​គាត់​ឲ្យ​ដឹង​ដោយ​សុំ​ឲ្យ​លាក់​អត្តសញ្ញាណ​ថា មុន​ឡើង​ឡាន​មក អាជ្ញាធរ​ប្រាប់​ថា ឲ្យ​ទៅ​ចូលរួម​ប្រជុំ​នៅ​ភ្នំពេញ ប៉ុន្តែ​ពេល​មក​ដល់​អត់​មាន​ប្រជុំ​រឿង​អ្វី​ក្រៅ​ពី​ធ្វើ​បាតុកម្ម​នោះ​ទេ ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត និង​ចាត់​ទុក​ជា​ទង្វើ​មិន​គប្បី​មួយ។

ទោះ​បី​អ្នក​ចូលរួម​បាតុកម្ម​នៅ​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ តុលា មិន​បង្ហាញ​ពី​អង្គការ​ចាត់​តាំង​ច្បាស់លាស់​យ៉ាង​ណា​ក្តី ប៉ុន្តែ​មុន​ព្រឹត្តិការណ៍​កើត​ឡើង​មួយ​ថ្ងៃ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ប្រទេស​បារាំង សំដៅ​ទៅ​គណបក្ស​ប្រឆាំង​ថា បើ​ខឹង​កុំ​លេង បើ​លេង​កុំ​ខឹង ហើយ​លេង​លើក​នេះ អាច​បាត់​តំណែង​អនុប្រធាន​រដ្ឋសភា​ទៀត​ផង។ លោក ហ៊ុន សែន បន្ត​ថា មេ​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស និយាយ​ថា គេ​គោរព​សិទ្ធិ​អ្នក​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ប្រឆាំង​លោក ដូច្នេះ​លោក​ក៏​គោរព​សិទ្ធិ​អ្នក​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​ដូច​គ្នា​ដែរ។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​មាន​ក្តី​បារម្ភ​ថា ការ​ធ្វើ​បាតុកម្ម​តប​ត​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អ្នក​ប្រឆាំង​រដ្ឋាភិបាល និង​អ្នក​គាំទ្រ​រដ្ឋាភិបាល ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ ទន្ទឹម​គ្នា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល គោរព​សិទ្ធិ​អ្នក​បញ្ចេញ​មតិ​ពី​គ្រប់​ភាគី​ឲ្យ​បាន​ស្មើៗ​គ្នា ឬ​កុំ​មាន​ការ​រើសអើង៕



No comments:

Post a Comment