មន្ត្រី រដ្ឋាភិបាល ឲ្យលោក សម រង្ស៊ី សុំទោស លោក ហ៊ុន សែន រឿងប្រដូច ទៅរបប ហ្វាស៊ីស
RFA / វិទ្យុ អាស៊ី សេរី | ២៩ តុលា ២០១៥
មន្ត្រី រដ្ឋាភិបាល គំរាមលុបចោល វប្បធម៌សន្ទនា រវាង គណបក្ស ទាំងពីរ ដែលមាន អាសនៈ ក្នុងរដ្ឋសភា, ហើយ ថា អាច នឹងមិនមាន ស្ថិរភាពសង្គម ដោយសារ គណបក្ស សង្គ្រោះជាតិ ប្រើវប្បធម៌ ចាប់ដៃ ហើយជាន់ជើង នោះ។ ដើម្បី បញ្ចៀស នូវវិបត្តិ ទាំងនេះ មន្ត្ រីរដ្ឋាភិបាល ស្នើឲ្យ លោក សម រង្ស៊ី ជាមេដឹកនាំ បក្សប្រឆាំង សុំទោស លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ រឿង លោក សម រង្ស៊ី បានប្រៀបប្រដូច លោក ហ៊ុន សែន ទៅ នឹងការដឹកនាំ តាមរបប ហ្វាស៊ីស (Fascist)។
មន្ត្រីរដ្ឋាភិបាលអះអាងថា ប្រសិនបើ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនព្រមសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងប្រៀបប្រដូចទៅការដឹកនាំតាមរបបហ្វាស៊ីសនោះទេ វប្បធម៌សន្ទនារវាងបក្សទាំងពីរ នឹងត្រូវរំលាយចោល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែតុលា ថា លោក សម រង្ស៊ី កំពុងតែមិនគោរពតាមកិច្ចព្រមព្រៀង និងស្មារតីវប្បធម៌សន្ទនារវាងបក្សទាំងពីរ។ លោកបន្តថា ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បានប្រដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ លោក ហ្គាដាហ្វី (Gaddafi) មេដឹកនាំផ្តាច់ការនៅប្រទេសលីប៊ី ដែលបានដឹកនាំប្រទេសម្នាក់ឯងអស់រយៈពេលជិត ៤០ឆ្នាំ ពិសេសរឿងប្រៀបទៅរបបហ្វាស៊ីស នៅប្រទេសអ៊ីតាលី ដែលប្រើហិង្សាទៅលើអ្នកតំណាងរាស្ត្រ និងអ្នកដទៃទៀតនោះ។ លោកថា គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកការចោទប្រកាន់ពី លោក សម រង្ស៊ី ម្តងហើយម្តងទៀតបាននោះឡើយ៖ «ពួកហ្វាស៊ីសអីគេឈប់និយាយហើយ សតវត្សទី២១ ហើយ ហួសសម័យហើយ។ គាត់យកមករំឭកអ៊ីចឹង វាដូចជាហួសសម័យហើយ។ នេះជាការមួលបង្កាច់ហួសហេតុពេក អាហ្នឹងជារឿងធ្វើឲ្យភាគីម្ខាងទៀតអស់ជំនឿ មិនអាចទទួលយកបាន ចឹងហើយវាធ្វើឲ្យវប្បធម៌សន្ទនាអាចដាច់ខ្យល់ បើដៃគូម្ខាងទៀតមិនព្រមសន្ទនាផង គ្មានន័យអ្វីទៀត។»
អ្នកនាំពាក្យរូបនេះ បានលើកឡើងទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងគោរព និងកសាងភាពល្អូកល្អើនជាមួយ លោក សម រង្ស៊ី ផ្ទុយទៅវិញ លោក សម រង្ស៊ី តែងបង្កបញ្ហាក្នុងន័យញុះញង់មិនចេះចប់មិនចេះហើយ។ លោក សុខ ឥសាន បន្តថា លោក សម រង្ស៊ី ត្រូវតែសុំទោសលោកនាយករដ្ឋមន្ត្រីជាសាធារណៈ៖ «សម្ដេចតេជោគាត់ ចង់ផ្សារភ្ជាប់មនោសញ្ចេតនាជាមួយគ្នា ចឹងហើយបានគាត់ខំរៀបបាយសាមគ្គីរវាងក្រុមគ្រួសារគាត់ និងគ្រួសារ លោក សម រង្ស៊ី តែពេលហូបបាយមិនទាន់ទាំងលាងមាត់ហើយផង ឯកឧត្តម សម រង្ស៊ី ចាប់ដៃហើយជាន់ជើង អាហ្នឹងយើងមិនអាចទទួលយកបានទេ ចឹងបានបញ្ហានេះសម្ដេចទាមទារឲ្យ លោក សម រង្ស៊ី សុំទោសជាសាធារណៈ បើមិនដូច្នោះទេ សម្ដេចនឹងគ្មានឡើយចរចាជាមួយ លោក សម រង្ស៊ី។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីសុំការឆ្លើយតបយ៉ាងណា ដើម្បីដឹងពីជំហររបស់លោកបាននៅឡើយ នៅថ្ងៃទី២៩ ខែតុលា។
បន្ទាប់ពីមានផ្ទុះបាតុកម្មទម្លាក់ លោក កឹម សុខា បានមួយថ្ងៃ និងក្រោយពី លោក ហ៊ុន សែន ព្រមានថា ប្រធានគណបក្សប្រឆាំងអាចប្រឈមនឹងជាប់ពន្ធនាគារ ព្រោះតែអនុញ្ញាតឲ្យ លោក ហុង សុខហួរ បង្ហោះកិច្ចព្រមព្រៀងរវាងកម្ពុជា និងវៀតណាម ក្លែងក្លាយ នៅលើទំព័របណ្ដាញសង្គមរបស់ខ្លួននោះ លោក សម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ តុលា ដោយប្រើសម្ដីធ្ងន់ៗពុំធ្លាប់មាន បន្ទាប់ពីមានវប្បធម៌សន្ទនាថា អ្វីដែលសំខាន់នោះ លោក ហ៊ុន សែន ហាក់ដូចជាចង់រកលេសប្រើអំពើហិង្សាកាន់តែច្រើន ដើម្បីបង្កើតព្រឹត្តិការណ៍អវិជ្ជមាន និងអធម្មនុញ្ញ ចៀសវាងកុំឲ្យមានការបោះឆ្នោតខាងមុខ។ ម្យ៉ាងវិញទៀត លោក ហ៊ុន សែន ដឹងថាការបោះឆ្នោតខាងមុខមិនឈ្នះ និងដើម្បីរក្សាអំណាចបានច្រើនឆ្នាំតទៅទៀត។ ហេតុនេះ លោក ហ៊ុន សែន កំពុងប្រើវិធីស្រដៀងក្រុមហ្វាស៊ីស នៅប្រទេសអ៊ីតាលី ប្រើហិង្សាទៅលើអ្នកតំណាងរាស្ត្រ និងអ្នកដទៃទៀត។
ចំណែកអ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី មានប្រសាសន៍ថា រឿងប្រដូចលោកនាយករដ្ឋមន្ត្រីទៅនឹងការដឹកនាំបែបរបបផ្តាច់ការណា មួយ មិនមែនជារឿងចម្លែកនោះទេ ព្រោះជាទស្សនៈនយោបាយរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។ ហេតុនេះ រឿងសុំទោស ឬអត់ មិនមែនជារឿងសំខាន់នោះឡើយ។ លោកបន្តថា វប្បធម៌សន្ទនារវាងថ្នាក់ដឹកនាំទាំងពីរនេះ គ្មានប្រយោជន៍សម្រាប់ពលរដ្ឋឡើយ គឺមានតែការផ្តុំអំណាចឲ្យអ្នកនយោបាយទាំងពីរនោះទៅវិញទេ៖ «បើ សិនវប្បធម៌សន្ទនាគ្មានយន្តការច្បាស់លាស់ គ្មានពេលវេលា គ្មានគោលការណ៍អីត្រឹមត្រូវ គ្មានការសម្រេចចិត្ត ឬចូលរួមពីពលរដ្ឋដូច្នេះ វាលុបចោល ឬមិនលុបចោល ក៏គ្មានប្រយោជន៍អីដែរ។»
វប្បធម៌សន្ទនារវាងថ្នាក់ដឹកនាំទាំងពីរ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ត្រូវបានអ្នកតាមដានស្ថានការណ៍សង្គម សង្គមស៊ីវិលជាតិ-អន្តរជាតិ និងអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់ថា មិនបានផ្តល់ផលចំណេញដល់សង្គមកម្ពុជា នោះទេ។ ពួកគេយល់ថា កម្ពុជា នៅតែមិនទទួលបានយុត្តិធម៌ស្មើភាព និងលទ្ធិប្រជាធិបតេយ្យពេញលេញនៅឡើយ៕
Ah Kwack Hun Sen should apologize to Khmer people for implementing the 2005 supplemental treaty, resulting the loss of Koh Trol.
ReplyDeleteBesides, Ah Kwack Hun Sen has condoned millions of Vietnamese to fill Cambodia land, plus the destruction of Khmer natural resource.
Go back to your old "Chor Luoch Morn" job Ah Kwack.