Paris Peace Accords 23 Oct. 1991

Thursday, October 29, 2015

ស្ថានភាព​ សុខភាព​ របស់ ​តំណាងរាស្ត្រ​ គណបក្ស ​ប្រឆាំង ​ដែល​រង​ការ ​វាយដំ | Health condition of CNRP parliamentarians attacked

ស្ថានភាព​ សុខភាព​ របស់ ​តំណាងរាស្ត្រ​ គណបក្ស ​ប្រឆាំង ​ដែល​រង​ការ ​វាយដំ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៩ តុលា ២០១៥

  ញ៉យ ចំរើន ៦២០

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (អាវស) និង​មន្ត្រី​គណបក្ស​ផ្សេង​ទៀត ទៅ​សួរ​សុខទុក្ខ​តំណាងរាស្ត្រ លោក ញ៉យ ចំរើន នៅ​មន្ទីរពេទ្យ នា​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។  Photo courtesy of CNRP

អស់​រយៈពេល ៤​ថ្ងៃ​ មក​ហើយ របួស ​របស់ ​តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ចំនួន ២​រូប នៅ​តែ​ មាន​សភាព ​ធ្ងន់ធ្ងរ ​នៅ​ឡើយ ក្រោយ​ ពី​ក្រុម​បាតុករ ​ដែល​គាំទ្រ គណបក្ស​ កាន់​អំណាច ​ប្រើ​ហិង្សា​ វាយដំ ឲ្យ​រង​របួស ​ធ្ងន់ ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា។  រហូត​ មក​ទល់​ ពេល​នេះ ពួកគេ ​កំពុង​សម្រាក ​ព្យាបាល​ ក្នុង​ទីក្រុង​ បាងកក ប្រទេស​ថៃ។  មាន​ក្រុម​ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ ខ្លួន​ឯង​ខ្លះ​ បាន​ទៅ​ សួរ​សុខទុក្ខ​ ពួកគេ​ នៅ​ទី​នោះ។  ប៉ុន្តែ​ មិន​មាន​ ក្រុម​តំណាងរាស្ត្រ ​ពី​ខាង​ គណបក្ស ​ប្រជាជន​កម្ពុជា ដែល​រួម​ការងារ​​ ជាមួយ​ ចុះ​ទៅ​ សួរ​សុខទុក្ខ​ ពួកគេ ​នោះ​ឡើយ។

លោក​តំណាងរាស្ត្រ ញ៉យ ចំរើន និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រោយ​ពី​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ ផ្យាថៃ (Phyathai Hospital) ក្នុង​ទីក្រុង​បាងកក (Bangkok) បាន​ធ្វើ​ការ​វះកាត់​ដៃ​ស្ដាំ​របស់​លោក​ដែល​បាក់​បី​កំណាត់ ហើយ​ដាក់​ដែក​អប​ឆ្អឹង​ដែល​បាក់​នោះ​ហើយ សុខភាព​របស់​លោក​នៅ​មាន​សភាព​ទ្រុឌទ្រោម​នៅ​ឡើយ។

ជនរងគ្រោះ​ពី​បាតុកម្ម​ហិង្សា​រូប​នេះ​អះអាង​ថា រាងកាយ​របស់​លោក​ដូចជា​មនុស្ស​ពិបាក​ស្លាប់​ហើយ​ពិបាក​រស់។ លោក ញ៉យ ចំរើន បន្ត​ថា បន្ទាប់​ពី​វេជ្ជបណ្ឌិត​វះកាត់​ដៃ​ស្ដាំ​របស់​លោក​ហើយ គេ​នៅ​ត្រូវ​វះ​កាត់​ព្យាបាល​ភ្នែក​ខាង​ស្ដាំ​របស់​លោក​ដែល​ហើម​ប៉ោង​បាក់​ ឆ្អឹង​ចាក់​បុក​ទៅ​គ្រាប់​ភ្នែក​ទៀត៖ «ដោយសារ​ភ្នែក​ខាង​ស្ដាំ​នេះ​បែក​ ឆ្អឹង​នៅ​ខាង​ក្រោម​ចិញ្ចើម​ភ្នែក​ហ្នឹង ចូល​ទៅ​ក្នុង​ភ្នែក អ៊ីចឹង​ហើយ​បាន​ជា​ត្រូវ​ធ្វើ​ការ​វះកាត់។ (តាំង សារ៉ាដា៖ ឆ្អឹង​ដែល​បុក​ចូល​ទៅ​ក្នុង​ភ្នែក​ហ្នឹង​មាន​ប៉ះពាល់​ដល់​ប្រស្រីភ្នែក​ទេ?) ញ៉យ ចំរើន៖ បាទ! វា​ប៉ះពាល់​ដល់​ភ្នែក​ដែរ ដែល​មើល​ទៅ​ឃើញ​រូប​ច្រើន ហើយ​ឥឡូវ​ហ្នឹង​ធ្វើ​ការ​វះកាត់​ហើយ​អស់​រយៈពេល ៥​ម៉ោង ហើយ​គេ​នៅ​បិទ​ភ្នែក​ហ្នឹង​នៅ​ប៉ង់សឺម៉ង់​នៅ​ឡើយ​ទេ។»

លោក​បន្ត​ថា ក្រៅ​ពី​ដៃ​របស់​លោក​បាក់ ៣​កំណាត់ ហើយ​ច្រមុះ​របស់​លោក​ក៏​បែក​ហើម​ប៉ោង​បាក់​ឆ្អឹង​ក្ដោង​ច្រមុះ​ស្រុត​ចូល​ទៅ ​ក្នុង និង​បាក់​ធ្មេញ​ខាង​មុខ​ទៀត។ លោក​បន្ត​ថា មុខ​របួស​របស់​លោក​ត្រូវ​នៅ​សម្រាក​ព្យាបាល​យូរ​ក្នុង​មន្ទីរពេទ្យ៖ «ពិបាក​ដែរ​ដោយសារ​ខ្ញុំ​បាក់​ខ្ទង់​ច្រមុះ​ខាង​លើ​ហ្នឹង ហើយ​ធ្មេញ​មុខ​ហ្នឹង​បែក បាក់​មួយ​កំណាត់ ហើយ​ក្រៅ​ពី​ហ្នឹង​ទៀត នៅ​ជាំ​ដើម​ទ្រូង​ខ្លាំង នៅ​ចុក​នៅ​ឡើយ។ វេជ្ជបណ្ឌិត​គេ​ចាក់​ថ្នាំ​ផង ហើយ​ឲ្យ​ថ្នាំ​លេប​ផង។ ប្រហែលជា​នៅ​សម្រាក​ព្យាបាល​យូរ។»

​ចំណែក​មុខ​របួស​របស់​លោក​តំណាងរាស្ត្រ គង់ សភា វិញ ក៏​មិន​សូវ​ខុស​ពី​លោក ញ៉យ ចំរើន ប៉ុន្មាន​ដែរ។ លោក គង់ សភា ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​លោក គង់ គាំ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស សម រង្ស៊ី ដែរ​នោះ នៅ​ពេល​នេះ​កំពុង​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន​នៅ​ឡើយ​ក្រោយ​ពី​វេជ្ជបណ្ឌិត​ ធ្វើ​ការ​វះ​កាត់​ក្ដោង​ច្រមុះ​ដែល​បាក់​ស្រុត​ចូល​ទៅ​ផ្នែក​ខាង​ក្នុង។

​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទិ្ធ ដែល​បាន​អម​ដំណើរ​ជនរងគ្រោះ​ទាំង​ពីរ​ទៅ​កាន់​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អង្គារ ទី​២៧ ខែ​តុលា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា របួស​របស់​លោក គង់ សភា ដែល​ធ្ងន់​ជាង​គេ​គឺ​នៅ​ត្រង់​ច្រមុះ និង​ត្រចៀក៖ «សូម​ជម្រាប​ថា ក្ដោង​ច្រមុះ​របស់​គាត់​ដែល​ថត​ទៅ​ឃើញ​បាក់​ផុង​ហ្នឹង ខាង​មន្ទីរពេទ្យ​បាន​វះ​កាត់​ហើយ ហើយ​ឥឡូវ​ហ្នឹង​ក៏​មិន​អាច​និយាយ​បាន​ដែរ ព្រោះ​កំពុង​ដាក់​អុកស៊ីហ្សែន​នៅ​ឡើយ។ ស្ថានភាព​នៅ​ធ្ងន់ធ្ងរ​នៅ​ឡើយ ហើយ​មួយ​ទៀត​គាត់​មាន​បញ្ហា​ត្រចៀក។ ត្រចៀក​ហ្នឹង​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា តើ​ត្រូវ​វះកាត់​នៅ​ពេល​ណា?»

​លោក អ៊ូ ច័ន្ទឫទ្ធិ បន្ត​ថា វេជ្ជបណ្ឌិត​នឹង​បន្ត​ធ្វើ​ការ​វះកាត់​ត្រចៀក​របស់​លោក គង់ សភា ដោយសារ​តែ​អាច​ដាច់​ក្រដាស​ត្រចៀក៖ «យើង ​មិនទាន់​ដឹង​ថា គាត់​អាច​ងើប​រួច​បាន​នៅ​ពេល​ណា​នៅ​ឡើយ ហើយ​ម្យ៉ាង​ទៀត យើង​មិន​ទាន់​បាន​កំណត់ពេល​ថា ត្រូវ​វះកាត់​ត្រចៀក​នៅ​ពេល​ណា​ទេ។ ដូច្នេះ​យើង​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​ត្រឡប់​ទៅ​កម្ពុជា វិញ​នៅ​ពេល​ណា​ទេ។»

​ក្រៅ​ពី​ការ​រង​របួស​ធ្ងន់ធ្ងរ​នៅ​ត្រង់​ច្រមុះ និង​ត្រចៀក លោក អ៊ូ ច័ន្ទឫទិ្ធ ប្រាប់​ថា លោក គង់ សភា មាន​ស្នាម​ជាំ​រាងកាយ​ដោយសារ​ការ​វ៉ៃ​ដំ​របស់​ក្រុម​បាតុករ​ហិង្សា។ លោក​បន្ត​ថា ទាំង​លោក ញ៉យ ចំរើន និង គង់ សភា តែង​ស្រែក​ត្អូញ​ពី​ការ​ឈឺ​ចុកចាប់​ផ្នែក​ខាង​ក្នុង​នៃ​រាងកាយ​ដែល​បណ្ដាល​ មក​ពី​ការ​ខ្ទាំ​ខ្លាំង។

រហូត​មក​ទល់​ពេល​នេះ មាន​ក្រុម​តំណាងរាស្ត្រ​ខ្លះ​ពី​ខាង​បក្ស​ប្រឆាំង​បាន​នាំ​គ្នា​ទៅ​សួរ​ សុខទុក្ខ​ពួកគេ​ដល់​មន្ទីរពេទ្យ ផ្យាថៃ ក្នុង​ទីក្រុង​បាងកក ប៉ុន្តែ​មិន​មាន​ក្រុម​តំណាងរាស្ត្រ​ណា​មួយ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រួម​ការងារ​ជាមួយ​ពួកគេ​ចុះ​មក​សួរ​សុខទុក្ខ​​នោះ​ឡើយ។

បាតុកម្ម​កាលពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ទម្លាក់ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​តំណែង​អនុ​ប្រធាន​រដ្ឋ​សភា។ បាតុកម្ម​ហិង្សា​នេះ​អាច​កើត​ឡើង​ដោយសារ​កំហឹង​របស់​លោក ហ៊ុន សែន ដែល​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​នឹង​បាតុកម្ម​ដែល​មាន​មនុស្ស​ប្រមាណ ៦០០​នាក់ ប្រឆាំង​រូប​លោក នៅ​ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ សហប្រជាជាតិ​កាល​ពី​ខែ​កញ្ញា នៅ​បុរី​ញីវយ៉ក។ កំហឹង​នេះ​មិន​ទាន់​រំសាយចិត្ត​ផង ក៏​មាន​បាតុកម្ម​មួយ​ទៀត​ប្រឆាំង​រូប​លោក​ម្ដង​ទៀត​នៅ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​តុលា កន្លង​ទៅ។

​លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​តុលា ថា បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​នៅ​បារាំង គឺ​ជា​សិទ្ធិ​ប្រជាពលរដ្ឋ ចំណែក​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដូច​គ្នា ហើយ​ថា "បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង"។
​សម្ដី​របស់​លោក ហ៊ុន សែន ទាំង​នេះ​ហើយ​ដែល​អាច​ជា​ការ​បញ្ឆេះ​កំហឹង​ញុះញង់​អោយ​ប្រព្រឹត្ត​ហិង្សា។ បាតុករ​ខ្លះ​ដែល​មាន​ចង​កន្សែង​បិទ​មុខ​ព្យាយាម​លាក់បាំង​អត្តសញ្ញាណ​របស់​ ខ្លួន​បាន​ចាប់​អូស​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប គឺ​លោក គង់ សភា និង លោក ញ៉យ ចំរើន ទម្លាក់​ចេញ​ពី​រថយន្ត ហើយ​ព្រួត​គ្នា​ចោមរោម​វៃ​ទាត់​ធាក់​យ៉ាង​សាហាវ​បណ្ដាល​ឱ្យ​រង​របួស​ជា​ ទម្ងន់ ដួល​សន្លប់​នៅ​នឹង​កន្លែង។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ហៅ​បាតុកម្ម​ហិង្សា​នោះ​ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​គណបក្ស​ប្រជាជន​ កម្ពុជា ដែល​ផ្ទុះ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​ថា នឹង​មាន​បាតុកម្ម​ប្រឆាំង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) កាល​ពី​ថ្ងៃ​អង្គារ បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំពើ​ហិង្សា​នេះ។ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​យ៉ាង​ម៉ត់ចត់ និង​មាន​តម្លាភាព​ចំពោះ​ករណី​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​ទាំង​នេះ។ កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​ក៏​បាន​ហៅ​បាតុកម្ម​ហិង្សា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ តុលា ថា ជា​អំពើ​ថោកទាប ហើយ​បញ្ជា​ឲ្យ​មាន​ការ​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ ច្បាប់។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ជនរងគ្រោះ លោក ញ៉យ ចំរើន មាន​ប្រសាសន៍​ពី​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ មក​ថា លោក​នឹង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ចំណាត់​ការ​របស់​នាយករដ្ឋមន្ត្រី ​នៅ​ពេល​នេះ។ ទោះ​ជា​​យ៉ាង​ណា​ក៏ដោយ លោក​ថា សមត្ថកិច្ច​ខកខាន​មិន​ទាន់​បាន​រក​យុត្តិធម៌​ឲ្យ​លោក​នៅ​ឡើយ​ចំពោះ​អំពើ​ ហិង្សា​របស់​កង​សន្តិសុខ​របស់​រដ្ឋាភិបាល​ដែល​វ៉ៃ​លោក​ឲ្យ​របួស​កាល​ពី​ ឆ្នាំ​២០១៤ កន្លង​ទៅ​នោះ៕


No comments:

Post a Comment