លោក សម រង្ស៊ី ថា, លោក មិនខ្លាច ការចាប់ខ្លួន, ហើយ នឹងមកដល់ ភ្នំពេញវិញ នៅសប្ដាហ៍ក្រោយ
VOD / វីអូឌី | ២៩ តុលា ២០១៥
ប្រធាន គណបក្ស សង្គ្រោះជាតិ ដែលរង ការព្រមាន ចាត់ការលោក តាមផ្លូវច្បាប់ ពីសំណាក់ លោកនាយករដ្ឋមន្ត្រី បានបង្ហាញ ជំហរ ថា, លោក នឹងវិលមក ដល់ប្រទេស កម្ពុជាវិញ នៅថ្ងៃពុធ សប្ដាហ៍ក្រោយ បើ ទោះ ជាលោក ប្រឈម នឹងការចាត់ការ តាមផ្លូវច្បាប់ មកលើរូបលោក ក៏ដោយ។
ការបញ្ជាក់ ជំហរ របស់លោក សម រង្ស៊ី ដូចនេះ បានធ្វើឡើង តាមរយៈ ការស្រង់សំដី របស់លោក មកចុះផ្សាយ ដោយកាសែត The Cambodia Daily នៅថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែតុលានេះ។
តាមរយៈ កាសែតកូនកាត់មួយនេះ លោក សម រង្ស៊ី មានប្រសាសន៍ថា ការចាប់ខ្លួនលោកដាក់ពន្ធនាគារនឹងនាំឱ្យមានបញ្ហាច្រើនសម្រាប់រដ្ឋាភិបាល ហើយលោកមានគម្រោងត្រឡប់ពីប្រទេសបារាំងវិញនៅថ្ងៃពុធ ហើយលោកមិនខ្លាចការចាប់ខ្លួនលោកឡើយ។
លោក សម រង្ស៊ី បានទៅកាន់ប្រទេសបារាំង នៅថ្ងៃទី១២ ខែតុលា។ លោកបានប្រាប់បណ្ដាញផ្សាយព័ត៌មានថា លោកទៅប្រទេសបារាំងដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីមេដឹកនាំ អឺរ៉ុប ដើម្បីជួយឱ្យសកម្មជនលោកដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស មានសេរីភាពឡើងវិញ។
ប៉ុន្តែនៅពេលបាតុកម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសបារាំងផ្ទុះឡើង ទាមទារឱ្យលោក ហ៊ុន សែន ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ខណៈលោកមានវត្តមាននៅក្រុងប៉ារីស ដែលរឿងនេះ ធ្វើឲ្យលោកមានការខកចិត្ត។ លោក ហ៊ុន សែន បានភ្ជាប់ព្រឹត្តិការណ៍នេះព្រមានលោក សម រង្ស៊ី តាមផ្លូវច្បាប់ទាក់ទិននឹងសមាជិកព្រឺទ្ធសភា ហុង សុខហួរ ដែលលោក សម រង្ស៊ី ជាម្ចាស់ហ្វេសប៊ុក។
លោកនាយករដ្ឋមន្ត្រីព្រមានលោក សម រង្ស៊ី ដូចនេះថា៖ «អភ័យឯកសិទ្ធិ, គេ គោរពហើយ។ ប៉ុន្តែ បទល្មើស ជាក់ស្ដែង, គេ ចាប់ភ្លាម។ ហើយ ម្ដងនេះ ខ្ញុំ ឈប់លើកលែងទោស ឱ្យហើយ។»
លោក សម រង្ស៊ី ទំនងជាអ្នកនយោបាយម្នាក់គត់ ដែលបានទទួលការលើកលែងចំនួន៤លើករួចមកហើយ ចំពោះរឿងរ៉ាវនយោបាយរបស់លោកតាំងពីឆ្នាំ១៩៩៨ ក្នុងឋានៈលោកជាមេដឹកនាំគណបក្សប្រឆាំង។ ទោះជាយ៉ាងណា នៅដំណាក់ការចុងក្រោយ ដែលគេគ្រប់គ្នានឹងស្មានមិនដល់ គឺលោក សម រង្ស៊ី បានសម្រេចចូលប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ដោយអ្នកគាំទ្រលោក ទៅទទួលលោកនៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ មានចំនួនប្រហែល១លាននាក់៕
តើវាថាចាប់ច្បាស់ជាចាប់មែនឬ? ព្រោះវាចង់បំបាត់សង្រ្គោះជាតិ ដើម្បីកុំឲ្យមានអ្នកណាតវ៉ាអ្វីពីរឿងយួន។ចុះបើវាចាប់ តើបងប្អូនខ្មែរដែលគាំទ្រធ្វើអ្វី ហ៊ុន សែន កើតទៅ? ដើរចូលគុកទាំងអស់គ្នាឬ?
ReplyDelete