អ្នកឃ្លាំមើល ចាត់ទុក បាតុកម្ម ទម្លាក់លោក កឹម សុខា ជាការរៀបចំទុក របស់ បក្សប្រជាជន
RFA / វិទ្យុ អាស៊ី សេរី | ២៨ តុលា ២០១៥
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា បានចាត់ទុក បាតុកម្មហិង្សា បែបឧក្រិដ្ឋកម្ម ទៅលើតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ពីររូប ថា, ជាការរៀបចំទុកជាមុន របស់ គណបក្ស ប្រជាជនកម្ពុជា។ ប៉ុន្តែ មន្ត្រី គណបក្ស ប្រជាជន កម្ពុជា បានបដិសេធ ការចោទប្រកាន់ នេះ។
នាយកប្រតិបត្តិ ទទួលបន្ទុក កិច្ចការ តំបន់ អាស៊ី របស់ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) មានប្រសាសន៍ ថា, ភ្នាក់ងារ របស់លោក បានសម្ភាស ក្រុមបាតុករ មួយចំនួន ដែលវាយដំ ទៅលើ តំណាងរាស្ត្រ ពីររូប របស់ គណបក្ស សង្គ្រោះជាតិ នោះ ថា, ពួកគេ ត្រូវ បានជួល និងផ្ដល់សម្ភារៈ ដឹកជញ្ជូន ដើម្បី មកធ្វើបាតុកម្ម មុខរដ្ឋសភា និងនៅខាងមុខ ផ្ទះលោក កឹម សុខា។
លោកបន្តថា បាតុកម្មហិង្សាកាលពីថ្ងៃច័ន្ទ ទី២៦ ខែតុលា គឺជាផែនការរៀបចំទុកជាមុនរបស់បក្សកាន់អំណាច ហើយថា បាតុកម្មហិង្សានេះ មានរូបភាពដូចគ្នាទៅនឹងបាតុកម្មកាលប្រឆាំងទូតថៃ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ ដែលកាលណោះក្រុមបាតុករបានសម្រុកដុតកម្ទេចស្ថានទូតនេះដោយគ្មាន ការទប់ស្កាត់ពីអាជ្ញាធរ បើទោះបីក្រសួងមហាផ្ទៃ នៅក្បែរនោះក៏ដោយ។
ជាងនេះទៅទៀត លោក ប៊្រែដ អាដាម បន្តថា មនុស្សដែលចូលរួមធ្វើបាតុកម្មទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា កាលពីថ្ងៃច័ន្ទ ទី២៦ ខែតុលា មួយចំនួនបានចូលរួមបង្ក្រាបបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កន្លងមក៖ «យើងបានចាប់ផ្ដើមប្រឹងប្រែងផ្ទៀងផ្ទាត់រូបថតអ្នកចូល រួមក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មជាច្រើន រួមទាំងព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃច័ន្ទ ផងដែរ ហើយឃើញថា រូបភាពអ្នកទាំងនោះមួយចំនួនមានមុខដូចគ្នាទៅនឹងភា្នក់ងាររបស់ រដ្ឋាភិបាលដែលចូលរួមបង្ក្រាបបាតុកម្មរបស់បក្សប្រឆាំងកាលពីពេល កន្លងទៅ។ វាក៏គួរឲ្យមានការចាប់អារម្មណ៍ផងដែរ ដែលលោក ហ៊ុន ម៉ានី ជាកូនប្រុសរបស់លោក ហ៊ុន សែន អំពាវនាវឲ្យមានការស៊ើបអង្កេតវែកមុខជនដៃដល់នៃអំពើហិង្សានោះ។ ខ្ញុំសូមស្នើឲ្យលោកគួរទៅឆ្លុះកញ្ចក់ ហើយសួរខ្លួនឯងថា តើបាតុកម្មហិង្សានោះមានការរៀបចំបែបណាទៅវិញប្រសើរជាង។ ខ្ញុំគិតថា ប្រហែលជាគាត់ដឹងនូវចម្លើយនោះ។»
លោក ហ៊ុន ម៉ានី បានបដិសេធផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ចំពោះការចោទប្រកាន់ថា ក្រុមយុវជនរបស់លោក ហ៊ុន ម៉ានី បានចូលរួមក្នុងការធ្វើបាតុករហិង្សានេះ៖ «ជាការសម្ភាសន៍ខ្ញុំអត់សម្ភាសន៍តាមទូរស័ព្ទទេ ព្រោះខ្ញុំអត់ទម្លាប់ទេ ហើយសូមបងគោរពសិទ្ធិរបស់ខ្ញុំផងណា។»
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បានចេញផ្សាយកាលពីថ្ងៃអង្គារ ថា មនុស្សចេញពីកងអង្គរក្សរបស់លោក ហ៊ុន សែន បានស្លៀកពាក់ជាជនស៊ីវិលបង្កប់ជាកម្លាំងស្នូលក្នុងបាតុកម្មទាំង នៅខាងមុខអគាររដ្ឋសភា និងនៅខាងមុខផ្ទះរបស់លោក កឹម សុខា។ សាក្សីអាចកត់សំគាល់ទៅលើម៉ូតូពណ៌ក្រហមជាម៉ូតូរបស់កងអង្គរក្សលោក ហ៊ុន សែន ដែលប្រើសម្រាប់ដឹកជញ្ជូនក្រុមបាតុករ។ ក្រុមបាតុករភាគច្រើនបានប្រាប់ក្រុមអ្នកសង្កេតការណ៍ថា ពួកគេមកពីខេត្តកណ្ដាល ដែលទីនោះជាទីដែលមានមូលដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន។ ក្រុមបាតុករដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាចកាលពីថ្ងៃ ច័ន្ទ បាននាំគ្នាស្រែកទាមទារឲ្យដកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា។
ស្របពេលជាមួយគ្នានោះដែរ បាតុករខ្លះដែលមានចងកន្សែងបិទមុខមិនឲ្យស្គាល់អត្តសញ្ញាណបានចាប់ អូសតំណាងគណបក្សសង្គ្រោះជាតិ ពីររូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ចេញពីរថយន្តហើយព្រួតគ្នាចោមរោមវៃទាត់ធាក់យ៉ាងសាហាវ បណ្ដាលឱ្យរងរបួសជាទម្ងន់ ដួលសន្លប់នៅនឹងកន្លែង។
បាតុកម្មហិង្សានេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកក្នុងប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ថា បាតុកម្មប្រឆាំងនឹងរូបលោកនៅបារាំង គឺជាសិទ្ធិប្រជាពលរដ្ឋចំណែកបាតុកម្មប្រឆាំងលោក កឹម សុខា ក៏ជាសិទ្ធិរបស់ពលរដ្ឋដូចគ្នា។
នៅចំពោះមុខក្រុមអ្នកគាំទ្ររបស់លោក លោក ហ៊ុន សែន ព្រមានថា «បើ លេង, កុំខឹង; បើ ខឹង, កុំលេង»៖ «ឯកឧត្ដម កឹម សុខា បើខឹងកុំលេង លេងកុំខឹង ហើយលេងហ្នឹង ប្រហែលជាអស់តំណែងជាអនុប្រធានសភាទៀត។»
ជុំវិញករណីអំពើហិង្សាកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ស្នើដល់ការិយាល័យឧត្ដមស្នងការរបស់អង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជា ស៊ើបអង្កេតបាតុកម្មហិង្សាយ៉ាងសាហាវឃោរឃៅ ដែលមានការរៀបចំទុកយ៉ាងល្អ។
ព្រឹត្តិការណ៍ហិង្សាកាលពីថ្ងៃច័ន្ទ ទី២៦ តុលា ទាមទារដកតំណែងលោក កឹម សុខា នេះ ក៏ស៊ីចង្វាក់គ្នាទៅនឹងការទាមទាររបស់នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈបញ្ជាការឯកភាពសមរភូមិព្រំដែនកម្ពុជា-ថៃ ដែលជំរុញឲ្យទម្លាក់តំណែងលោក កឹម សុខា នេះដែរ។
បើទោះបីជាមានការអង្កេតរបស់សង្គមស៊ីវិលក្នុងស្រុក និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនានា ដែលភាគច្រើនចាត់ទុកថា បាតុកម្មហិង្សាកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ បានរចនាដោយគណបក្សប្រជាជនកម្ពុជា ក៏ដោយ ក៏លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាជាតិ និងជាមន្ត្រីគណបក្សកាន់អំណាច បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ។
លោកបន្តថា ទាំងរដ្ឋសភា និងរដ្ឋាភិបាល បានថ្កោលទោសចំពោះអំពើហិង្សាទាំងនេះ៖ «បាតុកម្ម កាលពីម្សិលមិញ (២៥ តុលា) នេះ គឺជាឆន្ទៈរបស់ប្រជាជននៅទីក្រុងភ្នំពេញ ហើយឆន្ទៈទីក្រុងភ្នំពេញ មានការគាំទ្ររបស់ប្រជាជនពីតាមខេត្ត។ ប្រជាពលរដ្ឋគេមានការវាយតម្លៃណាស់! ប្រសិនបើប្រជាពលរដ្ឋគេមិនចង់ធ្វើអ៊ីចឹងរៀបចំយ៉ាងម៉េចក៏រៀបចំមិន កើតដែរ។ អ៊ីចឹងហើយគណបក្សប្រជាជន អត់មាននៅពីក្រោយខ្នងបាតុកម្មហ្នឹងទេ ហើយយើងសោកស្ដាយណាស់ដែលមានបាតុកម្មរហូតដល់មានអំពើហិង្សា។ ក្នុងនាមខ្ញុំជាមន្ត្រីរបស់គណបក្សប្រជាជន ខ្ញុំបានធ្វើកិច្ចការហ្នឹងច្រើនណាស់ពីម្សិលមិញ រហូតមកដល់ពេលនេះ។ គឺយើងបានរៀបចំថ្កោលទោសអំពើហិង្សាដែលកើតឡើងកាលពីម្សិលមិញ នៅក្បែររដ្ឋសភានេះ។»
ប៉ុន្តែមន្ត្រីផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា បានថ្កោលទោសចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលខកខានមិនបានទប់ស្កាត់ អំពើហិង្សានោះ ហើយពួកគេត្រូវតែទទួលខុសត្រូវក្នុងហេតុការណ៍នេះ៖ «ប្រសិនបើ ដឹងហើយថា បាតុកម្មហិង្សានៅកន្លែងនោះហើយ ហើយយើងមិនបានដាក់កម្លាំងដើម្បីបង្ការកុំឲ្យមានអំពើហិង្សា នោះជាកំហុសរបស់អាជ្ញាធរក្នុងការមិនអនុវត្តតួនាទីរបស់ខ្លួន ហើយធ្វើឲ្យមានអំពើហិង្សា។ អ្វីជាការរំលោភសិទ្ធិមនុស្សគឺយើងរៀបចំបណ្ដោយឲ្យមានអំពើហិង្សា ដោយគ្មានការទប់ស្កាត់។ ប្រសិនបើមានការរៀបចំមែន ហើយមានការទប់ស្កាត់កុំឲ្យមានអំពើហិង្សានោះជាសិទ្ធិសេរីភាពទេ។ ប៉ុន្តែការរៀបចំនេះ គឺមានចេតនាធ្វើឲ្យមានអំពើហិង្សា។»
រហូតមកទល់ពេលនេះ គេនៅពុំទាន់ឃើញមានការនាំខ្លួនជន់ដៃដល់ និងអ្នកបញ្ជាពីក្រោយយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នោះឡើយ។
អំពើនិទ្ទណ្ឌភាពកម្រិតខ្ពស់នៅកម្ពុជា នៅតែអាចលាក់មុខយ៉ាងសុវត្ថិភាពបំផុតនៅកម្ពុជា។ ឃាតកមិនត្រូវបានគេវែកមុខក្នុងឧក្រិដ្ឋកម្មធំៗជាច្រើននោះទេ ដូចជាករណីសម្លាប់រង្គាលកងទ័ពរាជានិយមហ៊្វុនស៊ិនប៉ិច ការបោកគ្រាប់បែកមុខរដ្ឋសភា កាលពីឆ្នាំ១៩៩៧ ការសម្លាប់តារាភាពយន្តអ្នកស្រី ពិសិដ្ឋ ពីលីកា ការបាញ់ប្រហារតារាចម្រៀងកញ្ញា ទូច ស៊ុននិច ការសម្លាប់ព្រះសង្ឃ សំ ប៊ុនធឿន ការជះទឹកអាស៊ីដលើអ្នកស្រី តាត ម៉ារីណា ការសម្លាប់អ្នកកាសែត ឬសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ជាដើម៕
No comments:
Post a Comment