Paris Peace Accords 23 Oct. 1991

Friday, October 2, 2015

អង្គការ​ សិទ្ធិ​មនុស្ស ​អន្តរជាតិ​ ទទូច​ ឲ្យ​រដ្ឋាភិបាល​ ទម្លាក់​ បទ​ចោទ​ប្រឆាំង​ លោក ហុង សុខហួរ | Intl human rights org urges govt to drop charges against Hong Sok Huor

អង្គការ​ សិទ្ធិ​មនុស្ស ​អន្តរជាតិ​ ទទូច​ ឲ្យ​រដ្ឋាភិបាល​ ទម្លាក់​ បទ​ចោទ​ប្រឆាំង​ លោក ហុង សុខហួរ

RFA / ​វិទ្យុ ​អាស៊ី សេរី | ០១ តុលា ២០១៥

 

ហុង សុខហួរ ៦២០
សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ (ពាក់​ក្រវាត់​ក) ទៅ​ឃុំ​ខ្លួន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​រង់ចាំ​បន្ត​ការ​សាកសួរ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥។  Photo: RFA


អង្គការ​ ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស ​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទូច​ ឲ្យ​រដ្ឋាភិបាល ​កម្ពុជា ទម្លាក់​ បទ​ចោទ​ប្រឆាំង​ សមាជិក​ ព្រឹទ្ធសភា លោក ហុង សុខហួរ ក្នុង​រឿង​ ក្លែង​បន្លំ​ ឯកសារ​ សាធារណៈ។  ការ​ទទូច​ របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ធ្វើ​ឡើង​ មួយ​ថ្ងៃ មុន​ពេល​ សាលា​ដំបូង ​រាជធានី​ភ្នំពេញ បើក​សវនាការ ​ជំនុំ​ជម្រះ ​លើ​ករណី លោក ហុង សុខហួរ។


យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ទៅ​លើ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ គឺ​គ្មាន​មូលដ្ឋាន​ឡើយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១ ខែ​តុលា យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា វា​មិន​មាន​ភស្តុតាង​ណា​មួយ ដែល​បញ្ជាក់​ថា លោក ហុង សុខហួរ បាន​បង្កើត​អត្ថបទ​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ ដែល​លោក​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នោះ​ឡើយ ហើយ​វា​ក៏​គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា លោក ហុង សុខហួរ ដឹង​ថា ឯកសារ​ដែល​លោក​បង្ហោះ​នោះ​ជា​ឯកសារ​មិន​ពិត​នោះ​ដែរ។ យូមែន រ៉ៃត៍ វ៉ច្ឆ ថ្លែង​ថា ការ​ដែល លោក ហុង សុខហួរ បង្ហាញ​ឯកសារ​នេះ​ជា​សាធារណៈ គឺ​មិន​មាន​បំណង​បង្ក​ភាព​វឹកវរ​អ្វី​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​គ្រាន់​តែ​ចង់​បង្កើត​ឲ្យ​មាន​ការ​ពិភាក្សា​បន្ថែម​ទៅ​លើ​ខ្លឹមសារ​ដែល ​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា ឆ្នាំ​១៩៧៩ រវាង​កម្ពុជា-វៀតណាម ប៉ុណ្ណោះ។

យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​បន្ថែម​ថា ការ​កាត់​ទោស​លើ លោក ហុង សុខហួរ គឺ​ជា​សកម្មភាព​ផ្ទុយ​ទៅ​នឹង​កាតព្វកិច្ច​របស់​កម្ពុជា ក្នុង​ការ​ធានា​នូវ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ ដែល​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​កម្ពុជា ជា​រដ្ឋ​ភាគី។

ប៊្រែដ អាដាម (Brad Adams) ៦១០
នាយក​ប្រតិបត្តិ​ទទួល​ បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។

នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី លោក ប៊្រែដ អាដាម (Brad Adams) ថ្លែង​ចាត់​ទុក​ការ​ចាប់​ខ្លួន លោក ហុង សុខហួរ ដោយ​រដ្ឋាភិបាល ថា​ជា​រឿង​នយោបាយ។ លោក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ចេតនា​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង ហើយ លោក ហ៊ុន សែន ក៏​ចង់​បង្ហាញ​ឲ្យ​គេ​ឃើញ​ដែរ​ថា លោក​អាច​ចាប់​មនុស្ស​ដាក់​គុក​ពេល​ណា​ក៏​បាន។

លោក ហុង សុខហួរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ពីរ​ថ្ងៃ​ក្រោយ​ពី លោក ហ៊ុន សែន បាន​ចេញ​បញ្ជា។ ការ​ចេញ​បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​នេះ គឺ​បន្ទាប់​ពី លោក ហុង សុខហួរ បាន​បង្ហោះ​វីដេអូ​ឃ្លីប (Video Clip) បកស្រាយ​ពី​សន្ធិសញ្ញា​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ហើយ​ដែល​ក្រោយ​មក​ត្រូវ​បាន លោក ហ៊ុន សែន ចាត់​ទុក​ថា​ជា​ចេតនា​ក្លែង​បន្លំ​ឯកសារ ដើម្បី​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម ដែល​ជា​អំពើ​ក្បត់​ជាតិ។

លោក ហុង សុខហួរ ដែល​មាន​សញ្ជាតិ​បារាំង ផង​ដែរ​នោះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ លោក​នឹង​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​កាត់​ទោស​នៅ​ថ្ងៃ​ទី​២ ខែ​តុលា។ យ៉ាង​ណា យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ការ​ចោទ​ប្រកាន់​នេះ​ផ្ទុយ​ពី​ការ​ពិត ហើយ​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រឆាំង លោក ហុង សុខហួរ ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា មាន​ប្រសាសន៍​ថា កម្ពុជា ជា​ប្រទេស​ប្រកាន់​យក​នីតិរដ្ឋ។ លោក​ថា បើ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា លោក ហុង សុខហួរ មិន​បាន​ប្រព្រឹត្ត​បទល្មើស​មែន​នោះ យូមែន រ៉ៃត៍ វ៉ច្ឆ អាច​សហការ ឬ​គួរ​ផ្តល់​ឯកសារ​ទៅ​ឲ្យ​មេធាវី​របស់ លោក ហុង សុខហួរ ដើម្បី​យក​ទៅ​តតាំង​គ្នា​ទៅ​តាម​ផ្លូវ​តុលាការ។ លោក​ថា កម្ពុជា ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់៖ «វា​មិន​ដែល​ឯកឧត្តម ហុង សុខហួរ នៅ​សុខៗ​មិន​ប្រព្រឹត្ត​បទល្មើស ហើយ​គេ​ចាប់​ខ្លួន​នោះ​ទេ ដូច្នេះ​រឿងរ៉ាវ​យើង​បាន​ដឹង​ហើយ​ថា​មាន​ការ​ក្លែង​សន្ធិសញ្ញា ហើយ​ធ្វើ​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​ឯកឧត្តម សម រង្ស៊ី ទៀត។ អ៊ីចឹង ត្រង់​ចំណុច​ណា​ដែល​ថា ជា​ការ​បង្កើត​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ជា​ការ​បំបិទ​សិទ្ធិ​បក្ស​ប្រឆាំង? ខ្ញុំ​យល់​ថា នេះ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​មិន​ផ្អែក​លើ​មូលដ្ឋាន​ ច្បាស់លាស់​តែ​ប៉ុណ្ណោះ។»

គិត​មក​ទល់​ពេល​នេះ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​សរុប​ចំនួន ១៥​នាក់​ហើយ​ដែល​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន។ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ ជា​រឿង​នយោបាយ ហើយ​តែង​បាន​ទទូច​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​សកម្មជន​បក្ស​ ប្រឆាំង​ទាំងអស់​នេះ៕



No comments:

Post a Comment