Paris Peace Accords 23 Oct. 1991

Wednesday, October 14, 2015

លោក នី ចរិយា នឹង​មិន ចូលខ្លួន ​ទៅ​បំភ្លឺ​ តាម​ដីកា​ តុលាការ​ នៅ​ចុង​ខែ ​នេះ​ទេ | Ny Chariya will not appear as summoned by court at end of this month

លោក នី ចរិយា នឹង​មិន ចូលខ្លួន ​ទៅ​បំភ្លឺ​ តាម​ដីកា​ តុលាការ​ នៅ​ចុង​ខែ ​នេះ​ទេ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៣ តុលា ២០១៥

 

នី ​ចរិយា ៦២០
លោក​ នី ​ចរិយា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ​ចុះ​ឃ្លាំមើល​ការ​ផ្ទុះ​នូវ​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ និង​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​អង្គារ ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។  RFA

មន្ត្រី​ ការពារ ​ផ្នែក​សិទ្ធិមនុស្ស នៃ​សមាគម​ អាដហុក (ADHOC) ប្រកាស ​ថា, នឹង​មិន ​ចូល​ទៅ​បំភ្លឺ​ នៅ​សាលាដំបូង ​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ ​របស់ តុលាការ​ទេ។  ការ​ប្រកាស ​ច្រាន​ចោល ​ដីកា​ ឲ្យ​ចូល​ខ្លួន​ បំភ្លឺ របស់​លោក នី ចរិយា ជា​មន្ត្រី​ ជាន់ខ្ពស់ ​ផ្នែក​សិទ្ធិមនុស្ស​នេះ គឺ ​នៅ​បន្ទាប់ ​ពី​ចៅក្រម​ ស៊ើបសួរ នៃ​សាលាដំបូង ​រាជធានី​ភ្នំពេញ បង្គាប់​ ឲ្យ​លោក​ បង្ហាញ​ខ្លួន ​នៅ​ថ្ងៃ​ទី២១ តុលា ខាង​មុខ។


ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក​លោក នី ចរិយា ​ឲ្យដឹង​នៅ​ថ្ងៃទី១៣ តុលា ថា លោក នឹង​មិន​បង្ហាញ​ខ្លួន តាម​ដីកា​កោះ​របស់​តុលាការ​នោះ ដោយ​សារ​ដីកា​នេះ ធ្វើ​ឡើង​រំលោភ​ទៅ​នឹង​គោលការណ៍​ច្បាប់ ហេតុ​នេះ​លោក​នឹង​មិន​ចូល​តាម​ការ​បង្គាប់​បញ្ជា របស់​តុលាការ​ឡើយ។

ការ​ថ្លែង​បដិសេធ​ដូច​នេះ របស់​លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក វ៉េង ហ៊ត់ ចេញ​ដីកា​ឲ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ ខែ​តុលា ខាង​មុខ។ លោក​បន្ត​ថា ម្យ៉ាង​វិញ​ទៀត ដីកា​នេះ​គឺ​លោក​ពុំ​បាន​ទទួល​ដោយ​ផ្ទាល់ ពី​នគរបាល​យុត្តិធម៌​ទេ តែ​បែរ​ជា​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៅវិញ។ ក្រៅ​ពី​នេះ​ទៀត ​នគរបាល​យុត្តិធម៌ គួរ​ណាស់ បញ្ជូន​ត្រឡប់​ទៅវិញ ហើយ​ស្នើ​ឲ្យ​តុលាការ ចេញ​ដីកា​ថ្មី​ឡើង​វិញ​មួយ​ទៀត។ លើស​ពី​នេះ បើ​ដីកា​ដែល​តុលាការ​ចេញ​ជា​ថ្មី​ទៀត​នោះ នៅ​តែ​កំណត់​ពេលវេលា ដូច​ក្នុង​ដីកា​ចាស់ គឺ​លោក​នឹង​មិន​ចូល​ខ្លួន តាម​ការ​បង្គាប់​បញ្ជា របស់​តុលាការ​ដដែល ព្រោះ​វា​ផ្ទុយ​នឹង​នីតិវិធី​នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​កំណត់​ទុក​រយៈពេល​៥ថ្ងៃ ក្រោយ​ពី​ទទួល​បាន​ដីកា​រួច៖ «និយាយ ​រួម​ទៅ​បើ​ទោះ​បី​មាន​ដីកា​ថ្មី​ក៏ដោយ​ប៉ុន្តែ​ត្រឹម​ថ្ងៃ​ទី២១ គឺ​ខ្ញុំ​មិន​អាច​ចូល​បាន​ទេ ដោយ​សារ​អី ដោយ​សារ​កាល​ណា​ខ្ញុំ​ចូល​ខ្លួន​បាន​ន័យ​ខ្ញុំ​រំលោភ​នីតិវិធី​ច្បាប់​ហើយ ព្រោះ​នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដីកា​ត្រូវ​តែ​យក​មក​មុន ឲ្យ​បាន​មុន​ថ្ងៃ​ដែល​យើង​ចូល​ហ្នឹង​ឲ្យ​បាន​៥ថ្ងៃ»


កាល​ពី​ថ្ងៃ​ទី ៨ ខែ តុលា ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​លោក នី ចរិយា ចូល​បង្ហាញ​ខ្លួន នៅ​ថ្ងៃ​ទី ២១ តុលា​ខាង​មុខ​នេះ ដោយ ​ភ្ជាប់​យក​ករណី​ថ្មី​បន្ថែម​ទៀត ចំពោះ​ការ​ធ្វើ​សន្និសីទកាសែត និង ប្រឆាំង​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​៤​ស្ថាប័ន របស់​លោក នី ចរិយា បន្ថែម​ទៀត ពាក់ព័ន្ធ​ការ​ចាប់​ឃុំខ្លួន​ពលរដ្ឋ២នាក់​ដោយ​ខុស​ច្បាប់ នៅ​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប។

ជុំវិញ​រឿង​នេះ លោក នី ចរិយា ធ្លាប់​បាន​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្ដង​រួច​មក​ហើយ​កាល​ ពី​ថ្ងៃ​ទី​១៣ កក្កដា ជុំវិញ​បទ​ចោទ បទ​បរិហារ​កេរ្តិ៍ ឬ​បរិហារ​បង្កាច់​កេរ្តិ៍ និង ការ​ដាក់​សម្ពាធ​លើ​យុត្តាធិការ​តុលាការ នៃ​ក្រម​ព្រហ្មទណ្ឌ។

ពាក់ព័ន្ធ​សំណុំរឿង​នេះ គឺ​ជា​វិវាទ​កើត​ឡើង​ដោយ​សារ​ជម្លោះ​ដីធ្លី នៅ​ស្រុក​ស្វាយលើ​ខេត្ត​សៀមរាប ហើយ​ម្ចាស់​ដី២នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ បញ្ហា​នេះ លោក នី ចរិយា យល់​ឃើញ​ថា ព្រះរាជអាជ្ញា​រង​លោក សុក កែវបណ្ឌិត និង​ចៅក្រម​ស៊ើបសួរ​ខេត្ត​សៀមរាប លោក គី ឬទ្ធី ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ទាក់ទង​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ទាំង​នេះ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ពី​បញ្ហា​នេះ ​បាន​ទេ​នៅ​ថ្ងៃ​ទី១៣ តុលា។ ដោយ​ឡែក​ក្រុម​មេធាវី​ការពារ​ក្ដី របស់​លោក នី ចរិយា ក៏​ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​​ដែរ។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ(LICADHO) ចាត់ ​ទុក​ថា នេះ​ជា​មធ្យោបាយ​ដាក់​សម្ពាធ​បន្ថែម​ទៀត ប្រឆាំង​សកម្មជន​ការពារ​សិទ្ធិមនុស្ស។ លោក​យល់​ឃើញ​ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​ដាក់​គំនាប​មក​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នេះ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព ដ៏​ធ្ងន់ធ្ងរ ក្រោម​ហេតុផល ដើម្បី​ផល​ប្រយោជន៍​បុគ្គល ហើយ​ការពារ​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ៖ «សាមី ​ខ្លួន​បាន​ទទួល​ដីកា​ពី​តុលាការ វា​ទាល់​តែ​សាមី​ខ្លួន​ហ្នឹង​គាត់​បាន​ទទួល​ពិត​ប្រាកដ ហើយ​មាន​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​អំពី​ការ​ទទួល​ដីកា ។អា​ហ្នឹង​បាន​ទាក់ទង​នឹង​ការ​ទទួល​ដីកា​តាម​ផ្លូវ​ច្បាប់ ហើយ​គាត់​ហត្ថលេខា​ទទួល​ហើយ​គាត់​មិន​ទៅ​ទើប​តុលាការ​សិទ្ធិ​ចាត់វិធានការ​ តាម​ផ្លូវ​ច្បាប់ »

អង្គការ​មិន​មែន​រដ្ឋាភិបាល យល់​ឃើញ​ថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ក្រោម​ហេតុផល​ដើម្បី​យុត្តិធម៌​សង្គម ប្រឆាំង​សកម្មជន​ព្រៃឈើ អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​ការពារ​បរិស្ថាន និង​អ្នក​នយោបាយ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ គឺ​មិន​ខុស​គ្នា​ចំពោះ ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ កាល​ជាង ១០​ឆ្នាំ​មុន​ប៉ុន្មាន​នោះ​ទេ។

មាន​មនុស្ស​ជាង​ច្រើន ដែល​ឃាតក​បាញ់​សម្លាប់​ហើយ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ ដូច​ជា​តារា​ភាពយន្ត អ្នកស្រី ពិសិដ្ឋ ពីលីកា ប្រធាន​សហជីព លោក ជា វិជ្ជា ព្រះ​តេជគុណ សំ ប៊ុនធៀន លោក ជួ ជាថារិទ្ធ និង ចុងក្រោយ​គឺ​លោក ឈុត វុទ្ធី សកម្មជន​ការពារ​បរិស្ថាន​ដ៏​ល្បីល្បាញ តែ​មក​ទល់​ពេល​នេះ ជន​ល្មើស​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។

ដោយ​ឡែក​ករណី​លោក នី ចរិយា នេះ​វិញ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​លើក​ឡើង​ថា លោក​បាន​ធ្វើ​ការ​ដើម្បី​ការពារ​សិទ្ធិ​សាធារណជន តែ​ត្រូវ​បាន​ប្រឈម​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ក្នុង​ការ​គាបសង្កត់​ទៅ​វិញ៕







No comments:

Post a Comment