ចំណែកមន្ត្រីសិទ្ធិមនុស្សយល់ឃើញថា បាតុកម្ម គឺជាសិទ្ធិរបស់ពលរដ្ឋ ហើយអ្នកនយោបាយខ្មែរគួរឈប់លាបពណ៌គ្នាទៅវិញទៅមក។
បន្ទាប់ពីបានចោទប្រកាន់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិ ជាអ្នកបំភ្លៃព័ត៌មានពីការដាក់កំហិតឲ្យនិស្សិតអាហារូបករណ៍ខ្មែរ នៅប្រទេសបារាំង ចូលស្តាប់ការថ្លែងរបស់ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាថ្មីទៀត បានចោទប្រកាន់គណបក្សប្រឆាំង ថាជាអ្នកនៅពីក្រោយការរៀបចំឲ្យមានបាតុកម្មប្រឆាំងនឹង លោក ហ៊ុន សែន នៅទីក្រុងប៉ារីស។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២៤ ខែតុលា បញ្ជាក់ថា បាតុកម្មដែលរៀបចំឡើងនៅទីក្រុងប៉ារីស ប្រឆាំង លោក ហ៊ុន សែន នៅថ្ងៃទី២៤ តុលា ក្រោមស្លាកបាតុកម្មរបស់ពលរដ្ឋខ្មែរនៅទីនោះ គឺមិនមែនជាការពិតនោះទេ ប៉ុន្តែវាជាបាតុកម្មដែលរៀបចំឡើងដោយអ្នកគាំទ្ររបស់គណបក្សប្រឆាំង មួយក្រុមតូច និងមេដឹកនាំរបស់ពួកគេ។
គណបក្សប្រជាជនកម្ពុជា ចាត់ទុកបាតុកម្មនេះ ថាជាការបម្រើកម្មវត្ថុនយោបាយ និងមហិច្ឆតារបស់បក្សប្រឆាំង ដែលមានចរិតរើសអើងពូជសាសន៍ បង្កអស្ថិរភាពនយោបាយ ប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋ និងជាការគំរាមកំហែងដល់ឯកភាព សន្តិសុខ និងសន្តិភាពជាតិ។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ពុំបានរៀបចំឲ្យមានបាតុកម្មណាមួយប្រឆាំង លោក ហ៊ុន សែន នៅប្រទេសបារាំង នោះទេ។ លោកថា ការធ្វើបាតុកម្ម គឺជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ពលរដ្ឋនៅក្នុងសង្គម ប្រជាធិបតេយ្យ។ លោក យឹម សុវណ្ណ ថ្លែងថា គណបក្សសង្គ្រោះជាតិ មិនភ្ញាក់ផ្អើលចំពោះការចោទប្រកាន់របស់គណបក្សកាន់អំណាច មកលើខ្លួននៅពេលនេះទេ៖ «យើងនិយាយដោយសង្ខេបទៅ កុំថាឡើយប្រជាពលរដ្ឋធម្មតា សង្គមស៊ីវិល ឬអ្នកការទូតមួយចំនួន សូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ក៏ត្រូវគេចោទប្រកាន់ថា ជាអ្នកនាំពាក្យឲ្យគណបក្សប្រឆាំងដែរ។ ដូច្នេះ យើងនិយាយដោយខ្លីវាស្រួលយល់ ហើយខ្ញុំជឿថា បងប្អូនប្រជាពលរដ្ឋប្រាកដជាមានសុភវិនិច្ឆ័យត្រឹមត្រូវ។»
រីឯប្រធានគណៈកម្មការព្រំដែនកម្ពុជា នៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ ដែលចូលរួមក្នុងបាតុកម្មដែរនោះ លោកមានប្រសាសន៍តាមទូរស័ព្ទនៅថ្ងៃទី២៥ តុលា ថា បាតុកម្មប្រឆាំងនឹង លោក ហ៊ុន សែន គឺជាបាតុកម្មរួមគ្នារបស់ពលរដ្ឋខ្មែរនៅទីនោះ គឺមិនមានការញុះញង់ ឬការបង្ខិតបង្ខំដោយក្រុមណាមួយឡើយ។
លោក ស៊ាន ប៉េងសែ ថាវាជាបាតុកម្មស្ម័គ្រចិត្តរបស់ពលរដ្ឋខ្មែរនៅប្រទេសបារាំង ដើម្បីប្រឆាំងទៅនឹងការដឹកនាំរបស់ លោក ហ៊ុន សែន៖ «ជារួមទី១ គោរពសន្ធិសញ្ញាក្រុងប៉ារីស ដែល លោក ហ៊ុន សែន ដែលគេឲ្យលុបចោលសន្ធិសញ្ញាយួន-ខ្មែរ ដែល លោក ហ៊ុន សែន ស៊ីញេ (Signer) ជាមួយយួន ឲ្យលុបចេញ ហើយទី២ សិទ្ធិមនុស្ស ទី៣ កុំឲ្យលក់ទ្រព្យសម្បត្តិជាតិដូចសព្វថ្ងៃ។»
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា អះអាងដែរថា បាតុករភាគច្រើនដែលចូលរួមបាតុកម្មប្រឆាំង លោក ហ៊ុន សែន គឺជាជនដែលមានសញ្ជាតិបរទេសដើមកំណើតជាខ្មែរ។ គណបក្សប្រជាជនកម្ពុជា ថា ពលរដ្ឋទាំងនេះរស់នៅក្នុងដែនអធិបតេយ្យភាពនៃរដ្ឋបរទេស ដូច្នេះពួកគេពុំមានសិទ្ធិលូកលាន់កិច្ចការផ្ទៃក្នុង ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា បានឡើយ។ គណបក្សប្រជាជនកម្ពុជា ថាទង្វើរបស់ពលរដ្ឋទាំងអស់នោះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
យ៉ាងណា មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ចំណែកច្បាប់សញ្ជាតិខ្មែរចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស មិនអាចបាត់បង់សញ្ជាតិដោយឯកឯង ឬត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ ឲ្យតែកើតមកពីឪពុក ឬម្តាយមានសញ្ជាតិខ្មែរ។
ទាក់ទងនឹងរឿងនេះ មន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា ទោះជាពលរដ្ឋខ្មែរទាំងអស់នោះរស់នៅបរទេសក៏ដោយ ប៉ុន្តែពួកគេមានសញ្ជាតិ និងដើមកំណើតជាខ្មែរ។ ដូច្នេះ ពួកគេក៏ត្រូវមានសិទ្ធិខ្វាយខ្វល់ ឬគិតគូរពីរឿងស្រុកទេសដូចពលរដ្ឋខ្មែរទូទៅដែរ។ លោក អំ សំអាត ថា ករណីនេះវាមិនមែនជាការជ្រៀតជ្រែកចូលក្នុងអធិបតេយ្យភាពរបស់ កម្ពុជា អ្វីនោះទេ។ មួយវិញទៀតលោកថា សិទ្ធិក្នុងការធ្វើបាតុកម្ម និងសម្ដែងមតិ គឺជាសិទ្ធិរបស់ពលរដ្ឋទូទៅ។ លោក អំ សំអាត មានប្រសាសន៍ថា អ្នកនយោបាយខ្មែរគួរឈប់លាបពណ៌ដាក់គ្នាទៅវិញទៅមក៖ «ពេលនេះ មានបាតុកម្មទាមទារជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហើយខាងគណបក្សប្រជាជន ចោទថា ជាការរៀបចំរបស់គណបក្សសង្គ្រោះជាតិ ចុះបើសិនជាថ្ងៃណាមួយ គណបក្សសង្គ្រោះជាតិ ទៅក្រៅ ហើយមានការធ្វើបាតុកម្មប្រឆាំងនឹងឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា ហើយចេះតែចោទគ្នាថា មកពីគណបក្សប្រជាជន រៀបចំ វាអត់អាចនឹងមានវប្បធម៌សន្ទនាជាមួយគ្នាល្អទេ ពីព្រោះយើងត្រូវគិតថា មនុស្សគ្រប់គ្នាមានការគិត និងការយល់ឃើញ ការទាមទារ និងការចង់បានខុសគ្នា។»
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់ លោក ហ៊ុន សែន នៅប្រទេសបារាំង លោក ហ៊ុន សែន នឹងជួបចរចាជាមួយប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ (François Holland) និងរដ្ឋមន្ត្រីការបរទេសបារាំង លោក ឡូរ៉ង់ ហ្វាប៊ីយូស (Laurent Fabius)។ លោក ហ៊ុន សែន ក៏មានគម្រោងជួបជាមួយនិស្សិតខ្មែរ ពលរដ្ឋ និងសកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជា នៅទីនោះផងដែរ។ ការជួបជុំដែល លោក ហ៊ុន សែន បានចោទមេបក្សប្រឆាំងថា បានបំភ្លៃព័ត៌មានពីការកាត់ផ្តាច់អាហារូបករណ៍ខ្មែរនៅប្រទេសបារាំង បើពួកគេមិនចូលស្តាប់ការថ្លែងរបស់ លោក ហ៊ុន សែន នៅថ្ងៃទី២៥ ខែតុលា។ ប៉ុន្តែមន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានច្រានចោលចំពោះការចោទប្រកាន់នេះ។
ជុំវិញដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន សែន ទៅកាន់ប្រទេសបារាំង នេះដែរ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិចំនួន៤ រួមមាន សហព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ (FIDH) សម្ព័ន្ធការពារសិទ្ធិមនុស្សបារាំង (LDH) សមាគមអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO) បានស្នើទៅកាន់រដ្ឋាភិបាលបារាំង ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ យុវជនសកម្មជនការពារបរិស្ថាន និងព្រះសង្ឃ សរុបចំនួន ២១រូប ចេញពីពន្ធនាគារ ក្នុងនោះក៏មានសមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដែលមានសញ្ជាតិបារាំង ផងដែរ។
អង្គការទាំងនេះ បានលើកឡើងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងពីការតាក់តែងច្បាប់របស់រដ្ឋាភិបាល ដោយគ្មានការបើកចំហឲ្យភាគីពាក់ព័ន្ធ ចូលរួមពិភាក្សាជាដើម។ ពួកគេក៏ទទូចឲ្យរដ្ឋាភិបាលបារាំង ថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងឲ្យរដ្ឋាភិបាលបារាំង តាមដានចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបារាំង ក៏ជាប្រទេសហត្ថលេខី។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន សែន នៅប្រទេសបារាំង នេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលពេលនេះកំពុងមានវត្តមាននៅប្រទេសបារាំង ដែរនោះ នឹងមិនមានគម្រោងជួបគ្នាជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីនោះទេ។
ទាក់ទងនឹងករណីសមាជិកព្រឹទ្ធសភាពីគណបក្សប្រឆាំង លោក ហុង សុខហួរ វិញ ពេលសួរថា តើគណបក្សសង្គ្រោះជាតិ បានស្នើទៅរដ្ឋាភិបាលបារាំង ឲ្យលើករឿង លោក ហុង សុខហួរ ទៅជជែកជាមួយ លោក ហ៊ុន សែន ឬយ៉ាងណា? លោក យឹម សុវណ្ណ ឆ្លើយថា មិនចំពោះតែប្រទេសបារាំង នោះទេ។ លោកថា ឲ្យតែប្រទេសណាស្រឡាញ់យុត្តិធម៌ គឺគណបក្សសង្គ្រោះជាតិ ស្នើទៅទាំងអស់៕
Reposted...
ReplyDeleteThe fast [Response] and the Furious Team of Mr. HUN SEN Viet-CPP majority regime must educate Mr. Hun Sen about the free-will of the Khmer people in France and elsewhere in the world that they are not PROVOCATEUR. They have the right to demonstrate for or against Mr. HUN SEN, freely, and that they are NOT [as unfairly accused of being] CNRP INCITERS!!! Kal/ខាល