Paris Peace Accords 23 Oct. 1991

Tuesday, October 27, 2015

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន ចង់​រក​លេស ​បង្កើត​ ព្រឹត្តិការណ៍​ ពន្យារ​ ការ​បោះ​ឆ្នោត | Sam Rainsy says Hun Sen looking for reason to postpone elections

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន ចង់​រក​លេស ​បង្កើត​ ព្រឹត្តិការណ៍​ ពន្យារ​ ការ​បោះ​ឆ្នោត

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៧ តុលា ២០១៥

ហ៊ុន សែន សម រង្ស៊ី ៦១០
លោក ហ៊ុន សែន (ស្ដាំ) និង​លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត បន្ទាប់​ពី​ប្រជុំ នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០១៤។  RFA/Yeang Socheametta


ប្រធាន គណបក្ស ​ជំទាស់ ដ៏​ធំ​ នៅ​កម្ពុជា បាន​ចោទ​ប្រកាន់​ ប្រមុខ ​រដ្ឋាភិបាល និង​ជា​ប្រធាន ​គណបក្ស ​ប្រជាជន​កម្ពុជា គឺ​ ជា​អ្នក​ ដែល​ស្ថិត​នៅ ពី​ក្រោយ​ នៃ​បាតុកម្ម​ ហិង្សា ដែល​កើត​ នៅ​មុខ​ រដ្ឋសភា កាល​ពី​ថ្ងៃ​ ទី​២៦ តុលា។  ជាង​នេះ​ទៀត លោក​ នាយក​រដ្ឋមន្ត្រី ថែម​ទាំង ​ចង់​រក​លេស ​ដែល​ឈាន​ទៅ ​ប្រើ​ហិង្សា ដើម្បី​ បង្កើត​ព្រឹត្តិការណ៍​ បំណង​ចៀសវាង ​មិន​ឲ្យ​មាន​ ការ​បោះ​ឆ្នោត​ នៅ​ពេល ​ខាង​មុខ។


ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា បាតុកម្ម​នៅ​មុខ​រដ្ឋសភា​នោះ គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​ស្ថិត​នៅ​ពី​ក្រោយ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ការ​ថ្លែង​ដូច​នេះ​របស់ លោក សម រង្ស៊ី គឺ​ជា​ចេតនា​ដើម្បី​ចំណេញ​នយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ។

កម្ដៅ​នយោបាយ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត ដែល​ការ​រីក​រាល​ដាល​លើក​នេះ គឺ​មាន​ទ្រង់ទ្រាយ​ធំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ហាក់​មើល​មុខ​គ្នា​លែង​ចំ។

ទាក់ទង​ករណី​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង បាន​ហៅ​បាតុកម្ម​ហិង្សា​នេះ ថា​ជា​ការ​ប្រើ​ល្បិច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ក្រឡុក​ឲ្យ​មាន​ស្ថានការណ៍​នេះ​កើត​ឡើង ក្នុង​បំណង​ដើម្បី​បាន​រក្សា​អំណាច​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។

ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​របស់ លោក សម រង្ស៊ី នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា ការ​និយាយ​ណា​មួយ វា​ជា​សិទ្ធិ​របស់​ប្រធាន​គណបក្ស​ជំទាស់។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​ពិត​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​ស្ថិត​នៅ​ពី​ក្រោយ​បាតុកម្ម​ណា​មួយ​នោះ​ទេ។ លើស​ពី​នេះ គ្មាន​គោលការណ៍​ច្បាប់ និង​មាត្រា​ណា​មួយ ដែល​កំណត់​ថា រដ្ឋាភិបាល​ត្រូវ​តែ​ក្រាញ​អំណាច​ដោយ​គ្មាន​ហេតុផល ឬ​ដោយ​មិន​ចាំបាច់​បោះ​ឆ្នោត​នោះ​ឡើយ។ លោក​បន្ត​ថា «ពួក​ហ្វាស៊ីស ពួក​អា​ដែង​នែ! យូនីស្ត អី​គេ​ឈប់​និយាយ​ហើយ សតវត្ស​ទី​២១ ហើយ ហួស​សម័យ​ហើយ។ គាត់​យក​មក​រំឭក​អ៊ីចឹង វា​ដូចជា​ហួស​សម័យ​ហើយ។ នេះ​ជា​ការ​មួលបង្កាច់​ហួស​ហេតុ​ពេក»

លោក សុខ ឥសាន បន្ត​ថា លោក​ក៏​ពុំ​ធ្លាប់​ដែល​បាន​សារភាព​ដែរ​ថា ការ​ប្រើ​ហិង្សា​ប្រឆាំង​អ្នក​តំណាង​រាស្ត្រ ២​រូប កាល​ពី​ថ្ងៃ​ទី​២៦ តុលា ជា​ក្រុម​បាតុករ​នោះ​ទេ ក៏ប៉ុន្តែ​លោក​សន្និដ្ឋាន​ថា អាច​មាន​ក្រុម​ដែល​ឆ្លៀត​ឱកាស​ណា​មួយ។

ជុំវិញ​ករណី​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ចេញ​លិខិត​រួម​គ្នា ដោយ​ថ្កោលទោស​ការ​ប្រើ​ហិង្សា​នៅ​មុខ​វិមាន​រដ្ឋសភា និង​នៅ​គេហដ្ឋាន លោក កឹម សុខា ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​មាន​តម្លាភាព​ទៅ​លើ​ការ​ប្រើ​ហិង្សា​នោះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ រដ្ឋសភា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ហើយ​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ដែល​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អភ័យ​ ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ ដែល​បញ្ញត្តិ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន។ លិខិត​បន្ត​ថា រដ្ឋសភា ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​រាជ​រដ្ឋាភិបាល ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ស្រាវជ្រាវ​ចាប់​ខ្លួន​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។

ឆ្លើយ​តប​រឿង​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​តាម​ការ​ចុះ​ផ្សាយ​កាសែត​ក្នុង​ស្រុក​ថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្រេច​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​អ្នក​តំណាង​រាស្ត្រ ២​រូប ដែល​មាន​សមាសភាព​សុទ្ធតែ​ជា​មន្ត្រី​នគរបាល ចាប់​ពី​ស្នងការ​រង រហូត​ដល់​ប្រធាន​នាយកដ្ឋាន។

បើ​ទោះ​ជា​បែប​ណា បន្ទាប់​ពី​មាន​ផ្ទុះ​បាតុកម្ម​ទម្លាក់ លោក កឹម សុខា បាន​មួយ​ថ្ងៃ និង​ក្រោយ​ពី លោក ហ៊ុន សែន ព្រមាន​ថា ប្រធាន​គណបក្ស​ប្រឆាំង អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ ព្រោះ​តែ​អនុញ្ញាត​ឲ្យ លោក ហុង សុខហួរ បង្ហោះ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា និង​វៀតណាម ក្លែងក្លាយ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្លួន​នោះ លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៧ តុលា ដោយ​ប្រើ​សម្ដី​ធ្ងន់ៗ​ពុំ​ធ្លាប់​មាន បន្ទាប់​ពី​មាន​វប្បធម៌​សន្ទនា​ថា អ្វី​ដែល​សំខាន់​នោះ លោក ហ៊ុន សែន ហាក់​ដូចជា​ចង់​រក​លេស​ប្រើ​អំពើ​ហិង្សា​កាន់​តែ​ច្រើន ដើម្បី​បង្កើត​ព្រឹត្តិការណ៍​អវិជ្ជមាន និង​អ​ធម្មនុញ្ញ ចៀសវាង​ការ​បោះ​ឆ្នោត​ខាង​មុខ។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន ដឹង​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​មិន​ឈ្នះ និង​ដើម្បី​រក្សា​អំណាច​បាន​ច្រើន​ឆ្នាំ​ត​ទៅ​ទៀត ហេតុ​នេះ លោក ហ៊ុន សែន កំពុង​ប្រើ​វិធី​ស្រដៀង​ក្រុម​ហ្វាស៊ីស (Fascist) នៅ​ប្រទេស​អ៊ីតាលី ប្រើ​ហិង្សា​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ និង​អ្នក​ដទៃ​ទៀត។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក សុខ ឥសាន យល់​ឃើញ​ថា មធ្យោបាយ​ដូច លោក សម រង្ស៊ី លើក​ជា​ឧទាហរណ៍​នេះ វា​គឺ​ហួស​សម័យ និង​ចាស់​គំរឹល​ទៅ​ហើយ​សម្រាប់​សតវត្ស​ទី​២១ នេះ។ ម្យ៉ាង គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ប្រើ​មធ្យោបាយ​ដូច​នេះ ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​ឡើយ ជាពិសេស​នោះ លោក​ពេញ​ចិត្ត​ដៃគូ​ដែល​ខ្លាំង ហើយ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា ថ្លែង​ថា ការ​ពិត រដ្ឋាភិបាល​អាច​បន្ត​នៅ​ក្នុង​អំណាច​ត​ទៅ​ទៀត​បាន ប្រសិន​បើ​ប្រទេស​ស្ថិត​ក្នុង​អាសន្ន ឬ​មាន​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ។ បើ​មិន​ដូច្នេះ គឺ​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​រៀង​រាល់ ៥​ឆ្នាំ​ម្ដង។ លោក​បន្ត​ថា «ក្នុង​ករណី​ដែល​ប្រទេស​ស្ថិត​នៅ​ក្នុង​ ស្ថានការណ៍​សង្គ្រាម បើ​សិន​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​សង្គ្រាម ការ​បោះ​ឆ្នោត​អាច​នឹង​ពន្យារ​ត​ទៅ​ទៀត ហើយ​រដ្ឋាភិបាល​ចាំ​ផ្ទះ នឹង​បន្ត​អ្វី​ដែល​ជា​ការ​កាន់​អំណាច​របស់​ខ្លួន​ត​ទៅ​ទៀត។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​សង្គម​ឥត​ចលាចល ឥត​មាន​សង្គ្រាម​ទេ ការ​បោះ​ឆ្នោត​ត្រូវ​តែ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់​ដែល​កំណត់ ៥​ឆ្នាំ​ម្ដង »

យ៉ាង​ណា​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​មុន​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង ថា លោក​នឹង​កំដរ​គ្រប់​ទម្រង់​នៃ​ល្បែង​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង ប្រសិន​បើ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចង់​បន្ត​បែប​នេះ៕


No comments:

Post a Comment