អង្គការ អន្តរជាតិ រកឃើញ ថា, ក្រុមហ៊ុន វៀតណាម រំលោភ សិទ្ធិមនុស្ស និងកាប់បំផ្លាញ ព្រៃឈើ
RFA / វិទ្យុ អាស៊ី សេរី | ២៧ តុលា ២០១៥
ការស៊ើបអង្កេត របស់ អង្គការ ហ្វរែស្ត ស្ទីវវើដស៊ីប ខោនស៊ល (Forest Stewardship Council or FSC) រកឃើញ ថា, ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group) បានកាប់ បំផ្លាញ ព្រៃឈើ, ហើយ រឹបអូសដី ប្រជាពលរដ្ឋ ដោយខុសច្បាប់ និងរំលោភ សិទ្ធិមនុស្ស។
បន្ទាប់ ពីការ រកឃើញ ករណី ទាំងនេះ, អង្គការ អន្តរជាតិ មួយនេះ បានដក អាជ្ញាប័ណ្ណ ពីក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប។
អង្គការ អន្តរជាតិនេះ ក៏បានទម្លាក់ កំហុស លើរដ្ឋាភិបាល កម្ពុជា ថា, បរាជ័យ មិនបាន អនុវត្តច្បាប់ ឲ្យបាន ត្រឹមត្រូវ នោះទេ។ ចំណែក មន្ត្រី រដ្ឋាភិបាលវិញ បានច្រានចោល ការស្ដីបន្ទោស នេះ។
អង្គការ FSC បានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៥ខែ នៅក្នុងប្រទេសកម្ពុជា ដោយរកឃើញថា ក្រុមហ៊ុនមួយនេះបានរំលោភយកដីជនជាតិដើមភាគតិច ដោយពុំមានការយល់ព្រមពីប្រជាជន និងបានកាប់ព្រៃឈើកម្រដោយខុសច្បាប់។
អង្គការ FSC ជាអង្គការអន្តរជាតិដែលផ្ដល់ប័ណ្ណទទួលស្គាល់ចំពោះក្រុមហ៊ុនណាដែល គោរពគោលការណ៍ថែរក្សាសង្គម និងបរិស្ថានបានល្អ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីថ្ងៃទី២៦ ខែតុលា បង្ហាញថា ក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប គឺជាក្រុមហ៊ុនមួយគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម បានកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់យ៉ាងហោចណាស់ ៥ម៉ឺនហិកតារនៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលទាំងព្រៃឈើនៅក្នុងតំបន់អភិរក្ស និងតំបន់ការពារសត្វព្រៃផង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប ប្រចាំប្រទេសកម្ពុជា ដើម្បីសុំការឆ្លើយតបជុំវិញការរកឃើញរបស់អង្គការ FSC នៅថ្ងៃទី២៧ ខែតុលា បាននៅឡើយទេ។ បើយោងតាមអង្គការ FSC ក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួលបានដីសម្បទាននៅក្នុងប្រទេសកម្ពុជា ប្រមាណ ១០ម៉ឺនហិកតារ។
ការស៊ើបអង្កេតនោះ ក៏បានរកឃើញថា ក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប បានកាប់បំផ្លាញដើមជ័រទឹករាប់សិបពាន់ដើម ដែលធ្វើឲ្យប៉ះពាល់ដល់ប្រភពចំណូលរបស់ជនជាតិដើមភាគតិច ដែលរស់ពឹងអាស្រ័យលើការរកជ័រទឹក។ ការស៊ើបអង្កេតបានបន្តថា ក្រុមហ៊ុននេះមិនបានផ្ដល់សំណងសមរម្យដល់ប្រជាជន ដោយបានប្រើគោលការណ៍ "បើមិនយក ចាកចេញ (take it or leave it)” ដែលបង្ខំឲ្យប្រជាសហគមន៍ទទួលយកសំណងទាំងបង្ខំ។
លោក ផាតទ្រីក អាលី (Patrick Alley) នាយកនៃអង្គការឃ្លាំមើលពិភពលោក ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ទង្វើរបស់អង្គការ FSC ដែលបានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប ជាការត្រឹមត្រូវ។ លោក ផាតទ្រីក អំពាវនាវឲ្យក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប ចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយការខូចខាតដែលបានបង្កឡើងដោយផ្ដល់សំណង់ពេញលេញចំពោះ ការកាប់ដើមជ័រទឹករបស់សហគមន៍ និងការរំលោភយកដីសហគមន៍។
ក្រុមស៊ើបអង្កេតរបស់អង្គការ FSC ក៏បានទម្លាក់កំហុសដាក់រដ្ឋាភិបាលកម្ពុជា ថាបរាជ័យមិនបានអនុវត្តច្បាប់ស្ដីពីសិទ្ធិដីសហគមន៍ និងមិនបានការពារព្រៃឈើ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បដិសេធចំពោះការលើកឡើងរបស់អង្គការ FSC។ លោកពន្យល់ថា រដ្ឋាភិបាលបានដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងការផ្ដល់ដីសម្បទាន ហើយរដ្ឋាភិបាលបានអនុវត្តតាមច្បាប់ត្រឹមត្រូវ នៅពេលផ្ដល់ដីសម្បទាន៖ «ជាទូទៅយើងអនុវត្តគោលការណ៍ច្បាប់ និងនីតិវិធីដែលមាននៅក្នុងប្រទេសកម្ពុជា នៅក្នុងការគ្រប់គ្រងវិនិយោគដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជា។ ដូច្នេះ ក្រុមហ៊ុនណាក៏ដោយ មកពីអឺរ៉ុបក្ដី មកពីវៀតណាមក្ដី ពីចិនក្ដី ពីបណ្ដាប្រទេសអាស៊ានក្ដី គឺលើដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជា គឺយើងអនុវត្តច្បាប់តែមួយ គោលការណ៍តែមួយ។ បើសិនជាក្រុមហ៊ុនណាមិនអនុវត្តតាមបែបបទនីតិវិធី គោលការណ៍ច្បាប់ ហើយបង្កទំនាស់ បង្កបញ្ហាជាមួយប្រជាពលរដ្ឋ ប្រជាសហគមន៍ ឬសហគមន៍ជនជាតិដើមភាគតិច នោះគឺយើងអនុវត្តវិធានការច្បាប់ដូចៗគ្នា។»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ២០១២ បានចេញបទបញ្ជាឲ្យផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីបន្ថែម ទៀត ហើយលោកបានប្រកាសឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទានសេដ្ឋកិច្ចពី មុនផងដែរ។
បើតាមទិន្នន័យរបស់អង្គការលីកាដូ ដីជាង ២លានហិកតារ ត្រូវបានផ្ដល់ជាដីសម្បទានចំនួន ២៧០កន្លែងផ្សេងគ្នា ហើយបើតាមអង្គការឃ្លាំមើលពិភពលោក ដីសម្បទានភាគច្រើនដែលផ្ដល់ទៅឲ្យក្រុមហ៊ុន ដោយមិនបានទទួលការយល់ព្រមពីប្រជាសហគមន៍៕
No comments:
Post a Comment