សង្គមស៊ីវិល៖ ពលរដ្ឋ ជួលដី កសិកម្ម ឲ្យប្រទេស ជិតខាង ដោយសារ ខ្វះការអភិវឌ្ឍ តាមព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ២៧ តុលា ២០១៥
អង្គការ សង្គមស៊ីវិល និងប្រជាពលរដ្ឋ លើកឡើង ថា, កង្វះ ការយកចិត្ត ទុកដាក់ អភិវឌ្ឍ នៅតាម ខ្សែបន្ទាត់ ព្រំដែន គឺ ជាដើមចម ដែលធ្វើ ប្រជាពលរដ្ឋ ជួលដីកសិកម្មឲ្យប្រជាពលរដ្ឋប្រទេស ជិតខាង។ ការលើកឡើងនេះ គឺនៅបន្ទាប់ពីក្រសួងមហាផ្ទៃ ស្នើឲ្យប្រជាពលរដ្ឋនៅតាមព្រំដែន ឈប់ជួលដីទៅឲ្យប្រជាពលរដ្ឋប្រទេសជិតខាង ដើម្បីជៀសវាងការបាត់បង់នូវផលប្រយោជន៍នៅពេលមានវិវាទកើតមានឡើង។
អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋយល់ឃើញថា ការដែលរដ្ឋាភិបាលណែនាំឲ្យប្រជាពលរដ្ឋឈប់ជួលដីទៅឲ្យប្រជាពលរដ្ឋ នៃប្រទេសជិតខាងនោះ ហាក់ពុំសូវមានប្រសិទ្ធភាពឡើយ ព្រោះថា ប្រជាពលរដ្ឋនៅតាមព្រំដែននៅតែជួបឧបសគ្គស្ទើរគ្រប់បែបយ៉ាង ដូចជា គ្មានផ្លូវគមនាគមន៍ កង្វះប្រព័ន្ធភ្លើង និងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងទីផ្សារកសិផលនៅមានតម្លៃថោក និងតូចចង្អៀត ជាដើម។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង គឺលោក នុត ប៉ូពិណ្ណរ័ត្ន ស្វាគមន៍ចំពោះចំណាត់ការរបស់រដ្ឋាភិបាល ប៉ុន្តែលោកថា ហាក់ដូចជាហួលពេលទៅហើយ ព្រោះថា ដីជួលភាគច្រើន មានកិច្ចសន្យាច្រើនឆ្នាំ ដែលអាចពិបាកនឹងដោះស្រាយ។
លោក នុត ប៉ូពិណ្ណរ័ត្ន សង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួនមិនចង់ជួលដីទៅឲ្យប្រជាពលរដ្ឋប្រទេសជិត ខាងឡើយ ប៉ុន្តែគ្មានជម្រើសនោះទេ ព្រោះថា កង្វះការគាំទ្រពីរដ្ឋាភិបាល ហើយប្រជាពលរដ្ឋខ្មែរមួយចំនួនទៀត ពិបាកធ្វើការដាំដុះនៅលើដីរបស់ពួកគាត់ ដោយសារអាជ្ញាធរ និងប្រជាពលរដ្ឋប្រទេសជាប់ព្រំដែនគ្នា តែងតែរំខាន ឬហាមឃាត់៖ «បើ ប្រជាពលរដ្ឋខ្មែរទៅធ្វើគេតែងតែយកលេសថាតំបន់ស ហើយរំខាន ប៉ុន្តែដល់ពេលអ៊ីចឹងគាត់ជួលឲ្យវៀតណាម ធ្វើ គឺមិនអីទេ។»
លោកបន្ថែមថា ប្រសិនបើមានគោលការណ៍ណែនាំមិនឲ្យជួលដីតទៅទៀតនោះ អាជ្ញាធរត្រូវធានាការពារឲ្យប្រជាពលរដ្ឋធ្វើស្រែចម្ការដោយគ្មាន ការរំខានយាយីក្នុងរូបភាពផ្សេងៗ។
ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ បានចេញលិខិតមួយច្បាប់ស្នើឲ្យអភិបាលខេត្តដែលគ្រប់គ្រងតំបន់មាន ព្រំដែនជាប់នឹងប្រទេសវៀតណាម ឡាវ និងថៃ បង្កើតក្រុមការងារមួយនៅថ្នាក់ខេត្ត ដើម្បីសហការជាមួយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់នៅតាមបណ្តោយព្រំដែន ធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរនៅ តាមតំបន់ព្រំដែន ដែលជួលទៅឲ្យប្រជាពលរដ្ឋនៃប្រទេសជិតខាង ដើម្បីសំដៅរក្សាការពារឲ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
លិខិតរបស់ក្រសួងមហាផ្ទៃ បង្ហាញថា ករណីជួលដីខ្លះពុំមានរៀបចំឯកសារគតិយុត្តិ ឬកិច្ចសន្យាជួលឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរម្ចាស់ដីបាត់បង់នូវផលប្រយោជន៍ នៅពេលមានវិវាទកើតមានឡើង។
ទាក់ទិនបញ្ហានេះ ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការដែលប្រជាពលរដ្ឋខ្មែរជួលដីស្រែដីចម្ការ ឬដីលំនៅឋាននៅតាមតំបន់ព្រំដែនឲ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ដើម្បីបង្កបង្កើនផលដាំដុះដំណាំ ឬប្រកបអាជីវកម្មផ្សេងៗ បានបង្កបញ្ហាស្មុគស្មាញជាច្រើនដល់គណៈកម្មការព្រំដែន។ លោកជំរុញឲ្យអភិបាលខេត្តនៅជាប់ព្រំដែន អនុវត្តតាមលិខិតរបស់ក្រសួងមហាផ្ទៃ ឲ្យមានប្រសិទ្ធភាព និងជួយផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ៖ «ពេលយើង ជួលឲ្យគេធ្វើ គេតែងតែបន្លំថា ធ្វើនៅហ្នឹង អ៊ីចឹងហើយបានជាយើងហាមកុំជួល ដើម្បីកុំឲ្យពិបាកក្នុងការកំណត់ខណ្ឌសីមាបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរ។»
ឆ្លើយតបចំពោះសំណើនេះ អភិបាលខេត្តស្វាយរៀង លោក ជៀង អំ មានប្រសាសន៍ថា លោកកំពុងចាត់ចែងឲ្យអាជ្ញាធរក្រុង និងស្រុក ធ្វើការចុះស្រង់ស្ថិតិ ប៉ុន្តែលោកពុំទាន់អាចបញ្ជាក់បាននៅឡើយអំពីមូលហេតុ និងចំនួនករណីជួលដីឲ្យទៅប្រជាពលរដ្ឋវៀតណាម៖ «មិនទាន់សន្និដ្ឋានថាម៉េចទេ ខ្ញុំមិនទាន់ថាទេ ព្រោះគ្មានតួលេខច្បាស់។»
ដោយឡែកអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរអះអាងថា បើប្រៀបធៀបការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងនោះ គឺឃើញថាខុសគ្នាស្រឡះ ដែលគេមានការរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសអាជ្ញាធររបស់ប្រទេសទាំងនោះ មានលើកទឹកចិត្តខ្ពស់ឲ្យប្រជាពលរដ្ឋគេរស់នៅធ្វើជារបងព្រំដែនដ៏ រឹងមាំទៀតផង។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ លើកឡើងថា ជារឿងល្អណាស់ប្រសិនបើកម្ពុជា យកប្រទេសរបងជាប់គ្នាធ្វើជាគំរូនោះ។ សព្វថ្ងៃនេះ លោកសង្កេតឃើញថា ដីស្រែចម្ការជាប់ព្រំដែនរបស់ប្រជាពលរដ្ឋខ្លះមានចម្ងាយរាប់សិប គីឡូម៉ែត្រពីផ្ទះសម្បែង ដោយគ្មានផ្លូវធ្វើដំណើរ។ ក្រៅពីនេះទៀត ចំណេះជំនាញខាងកសិកម្ម ថ្នាំ ជី តម្លៃទីផ្សារកសិផល និងប្រព័ន្ធធារាសាស្ត្រនៅតាមព្រំដែន ក៏នៅតែជាឧបសគ្គដដែលសម្រាប់កម្ពុជា។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរនៅតែធ្វើស្រែប្រវាស់មេឃ ពោលគឺពួកគាត់ពុំអាចមានលទ្ធភាពធ្វើស្រូវក្នុងមួយឆ្នាំបានពីរ បីដងដូចប្រជាពលរដ្ឋជិតខាងឡើយ។ កសិករនៃប្រទេសជិតខាង អាចមានលទ្ធភាពយកលុយផ្ញើធនាគារ ប៉ុន្តែកសិករខ្មែរ បានត្រឹមតែលក់កសិផលយកលុយទៅសងធនាគារប៉ុណ្ណោះ។
ប្រជាពលរដ្ឋខ្មែរម្នាក់រស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម នៅភូមិទួលស្ដី ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតំបន់របស់លោកភាគច្រើន ជួលដីទៅឲ្យប្រជាពលរដ្ឋវៀតណាម ហើយខ្មែរម្ចាស់ដីតែងតែចំណាកស្រុកទៅថៃ ឬធ្វើកម្មកររោងចក្រ និងសំណង់ក្នុងស្រុក ដោយសារពួកគាត់ធ្វើស្រូវមិនសូវបានផលសម្រាប់ផ្គត់ផ្គង់ជីវភាពដូច ប្រជាពលរដ្ឋរបស់គេឡើយ។ ក្រៅពីការជួលដីនោះ ប្រជាពលរដ្ឋខ្មែរមួយចំនួន បានក្លាយខ្លួនស៊ីឈ្នួលឲ្យប្រជាកសិករប្រទេសគេនៅលើដីរបស់ខ្លួន ឯងទៀតផង៖ «ប្រជាពលរដ្ឋខ្មែរយើងធ្វើស្រែ គ្នាអត់សូវបានចំណេញប៉ុន្មានទេ អ៊ីចឹងបានជាគិតថា បើខំធ្វើប៉ុណ្ណេះដែរ ហើយនៅតែអត់ចំណេញទៀត ដូច្នេះជួលឲ្យគេធ្វើទៅ ហើយនាំកូននាំចៅទៅធ្វើការរោងចក្រ ឬសំណង់កន្លែងណាអ៊ីចឹងទៅ។»
ប្រធានអ្នកស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា បញ្ហាដីខ្មែរ ថៅកែបរទេស គឺជារឿងដ៏គួរឲ្យព្រួយបារម្ភមួយ ដែលលោកបានជូនយោបល់ទៅរដ្ឋាភិបាលរួចរាល់ហើយអំពីការអភិវឌ្ឍនៅតាម តំបន់ព្រំដែន ប៉ុន្តែលោកមិនទាន់ដឹងថា តើរដ្ឋាភិបាលមានចំណាត់ការប្រសិទ្ធភាពកម្រិតណានោះទេ៖ «មាន ប្រសិទ្ធភាពមិនមានប្រសិទ្ធភាព ត្រូវតែអនុវត្ត ពីព្រោះយើងដឹងហើយថា ហេតុការណ៍ដែលកើតឡើងនៅមជ្ឈិមបូព៌ា ដូចជាអ៊ីស្រាអែល (Israel) និងប៉ាឡេស្ទីន (Palestinian) នោះ គឺកើតឡើងចេញពីការជួលដីហ្នឹងឯង។ ពេលជួលយូរៗក្លាយទៅជាកម្មសិទ្ធិរបស់អ្នកនោះ ហើយដេញមិនចេញ វានាំតែឲ្យមានទំនាស់គ្នា។»
ទាក់ទិននឹងចំណាត់ការរបស់រដ្ឋាភិបាលនៅពេលនេះ យុវនិស្សិតស្រី ទឹម ច័ន្ទតារា យល់ថា ហាក់មិនសូវទទួលបានផ្លែផ្កានោះទេ ព្រោះថា ចំណូលរបស់ប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន នៅតែមានបញ្ហាមិនទាន់អាចដោះស្រាយចេញ។ ដូច្នេះ នៅតែជំរុញឲ្យពួកគាត់បង្ខំចិត្តជួលដីឲ្យកសិករបរទេស។ យុវនិស្សិតស្រីរូបនេះ ជំរុញឲ្យរដ្ឋាភិបាលពង្រីកការអភិវឌ្ឍដល់តំបន់ដាច់ស្រយាល ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនជាក់ស្តែងជាងការនិយាយ៖ «បើសិន ជាគាត់ចង់ឲ្យប្រជាពលរដ្ឋធ្វើអ៊ីចឹងមែន រដ្ឋាភិបាលគួរតែធ្វើយ៉ាងណាធានាឲ្យបានថា ប្រជាពលរដ្ឋគាត់ធ្វើស្រែចម្ការហ្នឹង បានទិន្នផលវាសមស្របទៅនឹងការចំណាយរបស់គាត់។ បើមិនអ៊ីចឹង គឺមិនអាចទប់ស្កាត់បានទេ។»
កន្លងមក មន្ត្រីប៉ូលិសការពារព្រំដែនកម្ពុជា ប្រចាំច្រកព្រំដែន ក៏ចង់ឲ្យមានការអភិវឌ្ឍផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនដែរ ព្រោះសព្វថ្ងៃ ពួកគាត់ថា ការដើរល្បាតដោយថ្មើរជើងជួបភាពលំបាកខ្លាំង ខុសឆ្ងាយពីព្រំដែនប្រទេសវៀតណាម ដែលគេមានផ្លូវធំខ្ពស់នៅតាមខ្សែបន្ទាត់ព្រំដែន។
ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា អះអាងថា លោកទទួលស្គាល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន ប៉ុន្តែលោកថា ជំហានដំបូងនោះ គឺសុំឲ្យប្រជាពលរដ្ឋខ្មែរឈប់ជួលដីតទៅទៀត ព្រោះថា បើបាត់បង់ដីស្រែរបស់ពលរដ្ឋខ្មែរ គឺជាការខាតបង់របស់ជាតិ។ លោកបន្ថែមថា មកដល់ពេលនេះ រដ្ឋាភិបាលកំពុងអភិវឌ្ឍបណ្ដើរៗហើយ ដូចជាបង្កើតសហគមន៍ជួយកសិករ ជាដើម៖ «យើងបង្កើតសហគមន៍ ហើយយើងជួយគ្នាទិញជីឲ្យបានថោក ជួយទិញពូជឲ្យបានល្អ ហើយការភ្ជួរ និងការច្រូតកាត់អី គឺយើងបង្កើតចលនាដើម្បីជួយប្រជាជន។»
លោក វ៉ា គឹមហុង ក៏បន្ទោសទៅលើថ្នាក់ដឹកនាំខេត្តមួយចំនួនដែរថា ពុំសូវយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយដល់ប្រជាកសិករខ្មែរនៅតាម ព្រំដែននោះទេ។
ទោះជាយ៉ាងនេះក្ដី អភិបាលខេត្តស្វាយរៀង លោក ជៀង អំ ក៏ធ្លាប់បន្ទោសទៅគណៈកម្មការព្រំដែនវិញដែរកាលពីកិច្ចប្រជុំមួយ នៅក្រសួងមហាផ្ទៃ ដោយលោកឲ្យគណៈកម្មការនេះ បង្ហាញខ្សែបន្ទាត់ព្រំដែនឲ្យបានច្បាស់លាស់ដល់អាជ្ញាធរខេត្ត ព្រោះថា គណៈកម្មការព្រំដែនធ្វើការងារព្រំដែនកន្លងមក អាជ្ញាធរខេត្តមិនសូវដឹងទេ ពិសេសទៀតនោះ ថាតើដីនៅតំបន់ណាខ្លះដែលចូលទៅវៀតណាម និងដីនៅតំបន់ណាខ្លះ ដែលវៀតណាម ចូលមកកម្ពុជា?
នាយកវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថា ដើម្បីបញ្ចប់បញ្ហាស្មុគស្មាញនៅតាមតំបន់ព្រំដែននោះ គឺរដ្ឋាភិបាលគួរតែកំណត់ព្រំដែនឲ្យច្បាស់លាស់ បោះបង្គោលព្រំដែនឲ្យរឹងមាំ ធ្វើផ្លូវក្រវាត់ព្រំដែន និងធ្វើប្លង់រឹងឲ្យប្រជាពលរដ្ឋម្ចាស់ដីនៅតាមព្រំដែនទាំងអស់៖ «ដី នៅតំបន់នោះ យើងធ្វើប្លង់រឹងឲ្យប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ហើយយើងអនុវត្តច្បាប់កម្មសិទ្ធិវិញ ដើម្បីកុំឲ្យជនបរទេសមានកម្មសិទ្ធិលើដីខ្មែរ។»
ទំនាស់បញ្ហាព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាងរបស់ខ្លួន ជាពិសេសជាមួយប្រទេសវៀតណាម និងប្រទេសថៃ គឺមានតាំងពីយូរមកហើយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ បច្ចុប្បន្ននេះ វិបត្តិព្រំដែនភាគច្រើន គឺផ្ដើមចេញពីការជួលដីមិនស្របច្បាប់។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលកម្ពុជា គប្បីផ្តល់ចំណេះជំនាញកសិកម្ម និងធ្វើការអភិវឌ្ឍនូវរាល់ភូមិស្រុកទាំងអស់នៅតាមព្រំដែន ទាំងព្រំដែនថៃ និងព្រំដែនវៀតណាម ដើម្បីឲ្យប្រជាពលរដ្ឋអាចរស់នៅដោយគ្មានហានិភ័យ និងអាចចូលរួមក្នុងការអភិវឌ្ឍបាន។ លើសពីនេះទៀត តំបន់ដីកោះជាច្រើននៅតាមព្រំដែន ក៏ត្រូវធ្វើការអភិវឌ្ឍ ហើយដាក់ប្រជាពលរដ្ឋរស់នៅ ដើម្បីជាបង្គោលព្រំដែនដ៏រឹងមាំក្នុងការការពារព្រំដែន៕
No comments:
Post a Comment