លោក បាន គីមូន ជំរុញ ឲ្យបក្ស នយោបាយ ទាំងពីរ បញ្ឈប់ហិង្សា និងគំរាមកំហែងគ្នា
RFA / វិទ្យុ អាស៊ី សេរី | ១៨ វិច្ឆិកា ២០១៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង)
និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)
នៅឯវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០។
RFA
អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ជំរុញ ដល់បក្ស កាន់អំណាច និងបក្សប្រឆាំង បញ្ឈប់ហិង្សា, ការគំរាមកំហែង, និងបៀតបៀនគ្នា ទៅវិញទៅមក។
លោក បាន គីមូន ថ្លែងដូច្នេះ កាលពីថ្ងៃ ទី១៧ វិច្ឆិកា បន្ទាប់ ពីកម្ដៅ នយោបាយ កម្ពុជា បានកើនឡើង ក្រោយ ពីតុលាការ ចេញដីកា ចាប់ខ្លួន ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី មកអនុវត្ត ទោស រឿងចាស់ កាលពី ៧ឆ្នាំ មុន។
លោក បាន គីមូន សម្ដែងការព្រួយបារម្ភចំពោះស្ថានភាពនយោបាយកម្ពុជា ដែលកំពុងតានតឹង ហើយលោកអំពាវដល់បក្សប្រជាជន និងបក្សសង្គ្រោះជាតិ ឲ្យបន្តនូវវប្បធម៌សន្ទនា តាមបែបប្រជាធិបតេយ្យដែលជាកត្តាចាំបាច់សម្រាប់ស្ថិរភាពនយោបាយ និងសង្គមមានសន្តិភាព។
ដីកាតុលាការចាប់ខ្លួនលោក សម រង្ស៊ី រហូតដល់រដ្ឋសភាបានសម្រេចដកសមាជិកភាពរបស់លោក ទៀតនោះ ធ្វើឡើងនៅ ពេលដែលលោក សម រង្ស៊ី កំពុងបំពេញទស្សនកិច្ចនៅឯប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនឡើងវិញ ពីសំណុំរឿងចាស់ ដែលកប់ទុកជាច្រើនឆ្នាំមកហើយនោះ។
No comments:
Post a Comment