Paris Peace Accords 23 Oct. 1991

Wednesday, November 4, 2015

គណបក្ស សង្រ្គោះជាតិ​ អះអាង ​ថា, ​​ជន​ដៃដល់​ វាយតំណាងរាស្រ្ត មាន​​លើស ពីបីនាក់​​ | CNRP says attackers of MPs more than 3 people

http://vodhotnews.com/media/pictures/7053_1005094442875711_3595533312856377397_n-2015-11-04.jpg
តំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ ដែល​រង​ការ ​វាយដំ

គណបក្ស សង្រ្គោះជាតិ​ អះអាង ​ថា, ​​ជន​ដៃដល់​ វាយតំណាងរាស្រ្ត មាន​​លើស ពីបីនាក់​​

VOD / វីអូឌី |៤ វិច្ឆិកា ២០១៥

អ្នកនាំពាក្យ ​គណបក្ស សង្រ្គោះជាតិ ​ឲ្យ​ដឹង ​ថា, ​ជនដៃដល់​ ពាក់ព័ន្ធ​ នឹង​ការ វាយដំ លើតំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ កាលពីថ្ងៃ ទី​២៦ ខែតុលា​ មានចំនួន ​លើសពី បីនាក់​។

សេចក្តីប្រកាស ព័ត៌មាន​ របស់ ក្រសួង មហាផ្ទៃ ចេញផ្សាយ កាលពី​យប់ ថ្ងៃអង្គារ ឲ្យដឹ​ង ​ថា, ​នៅម៉ោង៤ និង៣០ នាទី​ ល្ងាចនេះ ជនដៃដល់ បង្ក ​របួសស្នាម លើអ្នក តំណាងរាស្រ្ត​ បានបង្ហាញ​ខ្លួន​ នៅចំពោះមុខ ​គណៈកម្មការ​ ស្រាវជ្រាវ​ ស៊ើបអង្កេត ​នៃក្រសួង មហាផ្ទៃ ករណីបង្ក របួសស្នាម លើតំណាងរាស្រ្ត។​  

បើ តាមសេចក្តី ប្រកាសព័ត៌មាន ជនសារភាព ​ទាំង ៣នាក់​ នោះ រួមមាន៖ លោក​ ចាយ សារិទ្ធ អាយុ​ ៣៣ឆ្នាំ រស់នៅ​ សង្កាត់ តាខ្មៅ ខេត្ត កណ្តាល, លោក ម៉ៅ ហឿន អាយុ​ ៣៤ឆ្នាំ រស់នៅ ភូមិ​៥ ឃុំ ព្រែក​ខ្សាយ «» ស្រុក ពាម​រក៍ ខេត្ត ព្រៃវែង​, និងលោក សុត វណ្ណនី អាយុ​ ៤៥ឆ្នាំ រស់នៅ ​ភូមិ ​ព្រែករាំង​ សង្កាត់ កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្ត កណ្តាល។  ពួកគេ ត្រូវ ​បាន​សមត្ថកិច្ច​ បញ្ជូន​មក​ សាលាដំបូង រាជធានី ភ្នំពេញ នៅព្រឹក ថ្ងៃ​ពុធនេះ។​

អ្នកនាំពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ ប្រាប់វីអូឌី (VOD) នៅថ្ងៃពុធ នេះ​ ថា, គណបក្ស ស្វាគម​ន៍​ ចំពោះ ចំណាត់ការ​ របស់ សមត្ថកិច្ច ​ទៅលើ​អ្នក ​​ចូល​សារភាព ដែល​លោក​ចាត់ទុក​ថា​នេះ​ជា​រឿងល្អមួយ​​។ លោក​បន្ត​ថា​បើ​តាមវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម​ហ្វេសប៊ុក ជនដៃដល់​អាចនឹងមានលើសពីបីនាក់។ លោក​បន្ថែម​​ថា​គណបក្ស​មិនទាន់មានចំណាត់ការអ្វីនោះទេ ដោយ​រង់ចាំចំណាត់​ការ​របស់សមត្ថកិ​ច្ច​​និង​តុលាការ​ជាមុនសិន។​

តំណាងរាស្រ្ត​ មណ្ឌល បាត់ដំបង មកពីគណបក្ស​ សង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បាន​សរសេរ នៅលើហ្វេសប៊ុក ​របស់​ លោកស្រី ថា៖ «ជនដៃដល់ ដែលវាយ តំណាងរាស្រ្ត បក្សប្រឆាំង មិនមែន មានតែ បីនាក់ទេ សូមបន្តការស៊ើប​អង្កេតហើយតាមចាប់ជនដៃដល់ទាំងអស់។ ហើយត្រូវស៊ើប​អង្កេតថាអ្នកណានៅពីក្រោយរឿងនេះ។»

នៅពេលមកដល់កម្ពុជាវិញកាលពីយប់ថ្ងៃអង្គារ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែង​ថាលោក​សង្ឃឹម​ថា​សមត្ថកិច្ច​នឹង​មានវិធានការ​ត្រឹមត្រូវ តាមរយៈ”ការស៊ើបអង្កេតឲ្យ​បាន​ត្រឹមត្រូវ វិជ្ជាជីវៈ និង​ឯករាជ្យ” ដើម្បីរក​ជនដៃដល់និងជននៅពីក្រោយជនដៃដល់។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូឌី(VOD)នៅព្រឹក​ ថ្ងៃពុធនេះ ថា, អ្វីៗ អាស្រ័យ លើតុលាការ ជាអ្នក ស៊ើបអង្កេត និងសម្រេច។  ​លោក បាន​​បដិសេធ មិន​អត្ថាធិប្បាយ​ លម្អិត ថា, មូលហេតុអ្វី​ បានជាអ្នក​  ទាំងបី នាក់នោះ ចូលខ្លួន សារភាព និង​ថា, ​មូល​​ហេតុអ្វី​ បានជាពួកគេ ប្រើ​ ហិង្សា លើតំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ​ លោក ញ៉យ ចំរើន និង​លោក គង់ សភា។​​ 

លោក​ បញ្ជាក់​ថា៖ «យើង បញ្ជូន ទៅតុលាការ។  អាស្រ័យ លើតុលាការ​ ថា, គេចាត់ការដូចម្តេច ថា, គេ នឹងធ្វើអ្វី ទៀត។   ហើយ ​គេ បិទបញ្ចប់សំ ណុំរឿង ឬយ៉ាងណា។» 

ប៉ុន្តែ ​លោក​ បញ្ជាក់​ថាបុរសទាំងបីនាក់នោះ​ពិតជា​អ្នក​ប្រើហិង្សា​លើតំណាងរាស្រ្ត បើ​តាម​ការ​ពិនិត្យ​របស់អ្នកជំនាញ។​

នៅពេលសាកសួរ​ថាតើ​ហេតុអ្វីបានជា​ សមត្ថកិច្ច​មិន​បាន​បញ្ជាក់ពីមុខរបររបស់បុរសទាំងបីនាក់នោះ​ នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោក ខៀវ សុភ័គ បញ្ជាក់ ថា៖ «វា មិនសំខាន់ទេ តួនាទី; សំខាន់ គាត់ ចូលខ្លួន សារភាព, ហើយ គាត់ ជាជនល្មើស ​មែន​។»

មុន​នឹង​ការ​ចូលសារភាពនេះ បញ្ជាការដ្ឋានអង្គរក្ស​នៃស្នងការដ្ឋាន​បុគ្គលិក​ បណ្តុះបណ្តាល​ បានចេញលិខិ​ត​​​បដិសេធមួយកាលពីថ្ងៃទី​៣០ ខែតុលា​ ដោយ​ថា​លោក ចាយ សារិទ្ធ​ មិនមានឈ្មោះនៅក្នុង​បញ្ជីគ្រប់​គ្រង​របស់​បញ្ជាការដ្ឋាន​អង្គរក្សនោះទេ។ ​

លោក ខៀវ សុភ័គ មានប្រសាសន៍ ​ថា,​ ចាំមើល ការសម្រេច របស់ តុលាការ ជាមុនសិន, ថា តើ ​សមត្ថកិច្ច​ នឹង​បន្ត​ តាមចាប់ខ្លួន ​អ្នកណាទៀត។​

គួរបញ្ជាក់​ ថា កាលពីថ្ងៃ ទី​២៨ ខែតុលា លោកនាយករដុ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យអាជ្ញាធរ​មាន​សមត្ថកិច្ច​​ចាប់ជន​ដៃដល់ដែល​បង្កហិង្សា​លើអ្នក​ តំ​ណាងរាស្រ្ត​​គណបក្ស​​ស​ង្រ្គោះជាតិ​ពីររូបឲ្យ​រងរបួសធ្ងន់ ឲ្យ​បាន​​និង​អំពាវនាវ​ឲ្យ​ជនដៃដល់ចេញមុខ​មក​​សារភាព​ ដែល​លោក​ចាត់ទុកថា​ជារឿងល្អបំផុត៕



No comments:

Post a Comment