តុលាការ បញ្ជូន ជនសង្ស័យ វាយ តំណាងរាស្ត្រ បក្សប្រឆាំង ទៅឃុំ នៅពន្ធនាគារ ព្រៃ ស
RFA / វិទ្យុ អាស៊ី សេរី | ៤ វិច្ឆិកា ២០១៥
ជនសង្ស័យ ទាំងបីនាក់ ដែលចេញ សារភាព ថា បានប្រើ អំពើហិង្សា លើតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ឲ្យរងរបួសនោះ ត្រូវ តុលាការ បញ្ជូនទៅ ឃុំខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារ ព្រៃ ស។ យ៉ាងណា ក៏ដោយចុះ គណបក្ស ប្រឆាំង និងសង្គមស៊ីវិល ចង់ឃើញ សមត្ថកិច្ច បញ្ជូនខ្លួន ជនសង្ស័យ ច្រើន ជាងនេះ ដោយលើកឡើង ថា, ជនបង្កហិង្សា មិនមែន តែ ៣នាក់ នោះទេ។
ការបញ្ជូន ជនសង្ស័យ ទាំង ៣នាក់ ទៅឃុំខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារ ព្រៃ ស ធ្វើឡើង ភ្លាមៗ បន្ទាប់ ពីព្រះរាជអាជ្ញា រង សាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានសាកសួរ ពួកគេ ពេញមួយថ្ងៃ ទី៤ ខែវិច្ឆិកា។
សារព័ត៌មាន ក្នុងស្រុក បានចុះផ្សាយ ដោយដកស្រង់ សម្ដីព្រះរាជអាជ្ញា រង សាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ថា, បានសម្រេច ចោទប្រកាន់ អ្នកទាំង ៣នាក់ នោះ ចំនួន ២បទល្មើស គឺ បទបង្កហិង្សា ដោយចេតនា មានស្ថានទម្ងន់ ទោស និងមួយ ករណីទៀត គឺ ធ្វើឲ្យ ខូចខាត ទ្រព្យសម្បត្តិ ដោយចេតនាមាន ស្ថានទម្ងន់ ទោស។
អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ស្វាគមន៍ ចំណាត់ការ របស់ សមត្ថកិច្ច ដែលបញ្ជូនខ្លួន ជនសង្ស័យ ទៅកាន់ ស្ថាប័នតុលាការ។ ទោះ បែបនេះក្តី អ្នកនាំពាក្យ គណបក្ស ប្រឆាំង ដដែល ចង់ឃើញ ជនសង្ស័យ ច្រើនរូប ផ្សេងទៀត ត្រូវ អាជ្ញាធរ នាំខ្លួន ចូលទៅ បំភ្លឺ នៅតុលាការ ក្រោមការ អន្តរាគមន៍ ពីសមត្ថកិច្ច ដោយលោក អះអាង ថា, ជនបង្កហិង្សា មានច្រើន ជាង ៣នាក់។
បុរសទាំង ៣រូបនោះមានឈ្មោះ ចាយ សារិទ្ធ វ័យ ៣៣ឆ្នាំ មានលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ឈ្មោះ ម៉ៅ ហឿន អាយុ ៣៤ឆ្នាំ រស់នៅខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ ៤៥ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ពួកគេបានចេញមុខសារភាពថា ជាជនដៃដល់បង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រ ២រូបនៃគណបក្សប្រឆាំង។
ឆ្លើយតបនឹងការទទូចរបស់គណបក្សសង្គ្រោះជាតិ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា សមត្ថកិច្ចរីករាយសហការជាមួយស្ថាប័នតុលាការ ដើម្បីស្វែងរកការពិត។ លោកបន្តថា គណៈកម្មការជំនាញរបស់ក្រសួងមហាផ្ទៃ នៅតែបន្តធ្វើការងារនេះ ដើម្បីស្វែងរកជនប្រព្រឹត្តិផ្សេងទៀត។
កាលពីថ្ងៃទី២៦ ខែតុលា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវគេព្រួតវាយឲ្យរបួសធ្ងន់ នៅពេលក្រុមបាតុករមួយក្រុមបាននាំគ្នាទៅតវ៉ានៅខាងមុខរដ្ឋសភា ខណៈក្រុមបាតុករបានធ្វើបាតុកម្មទាមទារទម្លាក់ លោក កឹម សុខា ពីតំណែងជាអនុប្រធានទី១ រដ្ឋសភានោះ។
មន្ត្រីសម្របសម្រួលនៃបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ ដែលតាមដានដំណើររឿងនេះនិយាយថា ការបញ្ជូនខ្លួនជនសង្ស័យនៅពេលនេះ បើប្រៀបធៀបនឹងការបញ្ជូនសកម្មជន ឬតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សមត្ថកិច្ចអនុវត្តការងារមានស្តង់ដារពីរផ្សេងគ្នា។ លោកថា ការបញ្ជូនសកម្មជន ឬតំណាងរាស្ត្រគណបក្សប្រឆាំង សមត្ថកិច្ចដាក់ខ្នោះតាំងពីផ្ទះ ឬពីកន្លែងកើតហេតុ ប៉ុន្តែចំពោះអ្នកវាយតំណាងរាស្ត្រគណបក្សប្រឆាំង គឺសមត្ថកិច្ចមិនមានដាក់ខ្នោះដៃអ្វីនោះទេ៕
No comments:
Post a Comment