លោក ស ខេង និងលោក សម រង្ស៊ី ជួបគ្នា ជជែក ពីស្ថានភាព នយោបាយ ថ្មីៗ
RFA / វិទ្យុ អាស៊ី សេរី | ៤ វិច្ឆិកា ២០១៥
ប្រធាន ក្រុមភាគតិច នៅក្នុង រដ្ឋសភា លោក សម រង្ស៊ី និងលោក ស ខេង ប្រធាន ក្រុមភាគច្រើន បានជួបគ្នា រយៈពេល ជាងមួយម៉ោង នៅវិមាន រដ្ឋសភា នៅល្ងាច ថ្ងៃទី៤ តុលានេះ។
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងថា, មេដឹកនាំ គណបក្ស ទាំងពីរ លោក សម រង្ស៊ី និងលោក ស ខេង បានជួប ពិភាក្សាគ្នា សម្ងាត់ ចាប់ពីម៉ោង៥ ដល់ម៉ោង៦ និង១៥នាទី ល្ងាចថ្ងៃនេះ ដើម្បី ពិភាក្សា ពីស្ថានការណ៍ នយោបាយ ថ្មីៗ។
ទោះបី ជាយ៉ាងនេះក្ដី លោក អេង ឆៃអ៊ាង មិនបាន ឲ្យដឹងលំអិត អំពីលទ្ធផល ជំនួប មេដឹកនាំ ទាំងពីរ នេះទេ ដោយគ្រាន់តែ បញ្ជាក់យ៉ាងខ្លី ថា, ការជួបគ្នានេះ មេដឹកនាំ ទាំងពីរ បានឯកភាព រក្សាកិច្ចព្រមព្រៀង កាលពីថ្ងៃ ទី២២ កក្កដា ឆ្នាំ២០១៤ ដើម្បី អនុវត្តបន្ត ទៀត។
ការជួបគ្នានេះ ធ្វើឡើង ភ្លាមៗ បន្ទាប់ ពីលោក សម រង្ស៊ី វិលត្រលប់ ពីបរទេសវិញ កាលពីយប់ ថ្ងៃទី៣ តុលា។ លោក សម រង្ស៊ី ថ្លែងប្រាប់អ្នក សារព័ត៌មាន នៅព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ ថា, លោក នៅតែ រក្សាវប្បធម៌ សន្ទនា ជាមួយ គណបក្ស ប្រជាជន កម្ពុជា ដើម្បី ដោះស្រាយ បញ្ហា ដែលកំពុង កើតមាន ដ៏ចម្រូងចម្រាស់ រវាង គណបក្ស ជាប់ឆ្នោត ទាំងពីរ បន្តទៀត។
លោក សម រង្ស៊ី សំដែង សុទិដ្ឋិនិយម ថា, ការប្រើប្រាស់ វប្បធម៌ សន្ទនានេះ ដើម្បី អាចឈានដល់ ការដោះលែង សកម្មជន គណបក្ស សង្រ្គោះជាតិ ចំនួន ១៥នាក់ កំពុងជាប់ ឃុំនោះ។
ឆ្លើយតប នឹងការ លើកឡើង ពីការប្រើប្រាស់ វប្បធម៌ សន្ទនានេះ, អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា, គណបក្ស ប្រជាជន កម្ពុជា ស្វាគមន៍ និងនៅតែ រក្សាវប្បធម៌ សន្ទនា ដើម្បី ដោះស្រាយ បញ្ហា ជាមួយ គណបក្ស ប្រឆាំង។ លោក សុខ ឥសាន អះអាង ថា, គណបក្ស កាន់អំណាច បានប្រើ វប្បធម៌សន្ទនានេះ តាំងពីយូរ មកហើយ៕
No comments:
Post a Comment