Freedom House ដាក់ចំណាត់ថ្នាក់ កម្ពុជា ទី៤៨ សម្រាប់ សេរីភាព ប្រព័ន្ធ អ៊ីនធឺណិត
RFA / វិទ្យុ អាស៊ី សេរី | ៤ វិច្ឆិកា ២០១៥
អង្គការ ហ្វ្រីដឹម ហៅស៍ ផ្ដល់ចំណាត់ថ្នាក់ ប្រទេស កម្ពុជា ទី៤៨ សម្រាប់ សេរីភាព ប្រើប្រាស់ ប្រព័ន្ធ អ៊ីនធឺណិត។
អង្គការ ហ្វ្រីដឹម ហៅស៍ កត់សម្គាល់ ការវិវឌ្ឍន៍ ជាគន្លឹះ ៤ចំណុច ដែលអាច ជាកត្តា គំរាមកំហែង ដល់សេរីភាព ប្រើប្រាស់ ប្រព័ន្ធ អ៊ីនធឺណិត ចន្លោះឆ្នាំ ២០១៤ ដល់ ២០១៥។ កត្តាទាំងនោះ គឺ សេចក្ដីស្នើច្បាប់, ការបង្កើតយន្តការ សម្រាប់ ដាក់កំហិត, ចាប់កំហុស បរិហារកេរ្តិ៍, និងច្រោះព័ត៌មាន តាមប្រព័ន្ធ អ៊ីនធឺណិត។ អង្គការ ហ្វ្រីដឹម ហៅស៍ ចាត់ទុក កត្តាទាំងនេះ ថា, ជាការ គំរាមកំហែង ភាពឯកជន និងភាពអនាមិក, ការឈ្លប ឬលួចយកព័ត៌មាន។
ឆ្លើយតប របាយការណ៍ និងចំណាត់ថ្នាក់ របស់ អង្គការ ហ្វ្រីដឹម ហៅស៍ មន្ត្រី នាំពាក្យ រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ ថា, អង្គការនេះ បានដាក់ ចំណាត់ថ្នាក់ ប្រទេស កម្ពុជា បែបនេះ មិនបាន ឆ្លុះបញ្ចាំង ការពិតទេ៖ «ខ្ញុំ យល់ថា របាយការណ៍របស់ ហ្វ្រីដឹម ហៅស៍ គ្រាន់តែជារបាយការណ៍ព្រៃមួយ ដែលអត់បញ្ជាក់ច្បាស់អំពីមូលដ្ឋានពិតប្រាកដ ដែលវាយតម្លៃថា ការប្រើប្រាស់អ៊ីនធឺណិតធ្លាក់ចុះ គឺខុសធំហើយ។ យើងអត់ទទួលយកបានទេ។»
ដោយឡែកមន្ត្រីនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលធ្វើការផ្នែកសេរីភាពអ៊ីនធឺណិត លោក សូ សោទ្ធី មានប្រសាសន៍ដោយមានជំនឿចំពោះថ្នាក់នេះថា អង្គការបានធ្វើឡើងផ្អែកលើមូលដ្ឋានស្ថានភាពជាក់ស្ដែងបច្ចុប្បន្ន ជាពិសេស ការសិក្សារបស់លោករកឃើញថា អ្នកប្រើប្រាស់អ៊ីនធឺណិត មានទាំងសេរីភាព និងការភ័យខ្លាច៖ «ការភ័យខ្លាចបញ្ចេញមតិលើប្រធានបទ»។
អង្គការ ហ្វ្រីដឹម ហៅស៍ ចាត់ថ្នាក់សេរីភាពអ៊ីនធឺណិត ប្រទេសកម្ពុជានៅទី៤៨ នៅឆ្នាំ២០១៥ គឺស្ថិតក្នុងចន្លោះពាក់កណ្ដាលនៃឋានពីលេខ ០ ដល់លេខ ១០០។ ចំណាត់ថ្នាក់លេខ ០ មានន័យថា មានសេរីភាពបំផុត និងលេខ ១០០ មានសេរីភាពតិចបំផុត ឬការរឹតត្បិតខ្លាំង។ លេខ ៤៨ គឺអង្គការ ហ្វ្រីដឹម ហៅស៍ ចាត់ទុកថា ប្រទេសកម្ពុជា មានសេរីភាពខ្លះ។ ក៏ប៉ុន្តែ អង្គការនេះទម្លាក់ប្រទេសកម្ពុជា មួយលេខពីចំណាត់ថ្នាក់ឆ្នាំ២០១៤ គឺលេខ ៤៧។
លោក សូ សោទ្ធី បញ្ជាក់បន្ថែមថា ការធ្លាក់មួយលេខទៀតក្នុងប្រទេសមានសេរីភាពខ្លះនេះ គឺអាចមកពីកត្តាអ្នកប្រើប្រាស់អ៊ីនធឺណិត កាន់តែភ័យខ្លាច និងមន្ទិលនៅពេលដែលក្រសួងមហាផ្ទៃ បង្កើតឱ្យមាននាយកដ្ឋានបង្ក្រាបបទល្មើស ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា៖ «មន្ទិលដោយសារតែគាត់មិនដឹងថា នាយកដ្ឋានហ្នឹងធ្វើការអីឱ្យប្រាកដ។ យើងអាចយល់បានថា ជាការបង្ក្រាបឧក្រិដ្ឋកម្ម ប៉ុន្តែការបង្ក្រាបឧក្រិដ្ឋកម្មហ្នឹង វាអាចវាយចូលទៅលើការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិតាម ប្រព័ន្ធអ៊ីនធឺណិតដែរ ឬអត់? អាហ្នឹងគាត់បង្កើតជាការមន្ទិលហ្នឹង ហើយដែលគាត់កាន់តែភ័យខ្លាចមែនទែននោះ គឺការចាប់ខ្លួនជាបន្តបន្ទាប់អ្នកដែលប្រើប្រាស់បណ្ដាញសង្គម»។
លោកបន្តដូច្នេះទៀតថា៖ «អ្នកប្រើប្រាស់បណ្ដាញសង្គមជាយុវជន មួយចំនួន ដែលគាត់លើកឡើងពីបដិវត្តន៍ពណ៌ លើកឡើងទាក់ទងទៅនឹងមន្ត្រីរដ្ឋាភិបាលធំៗ មួយចំនួន រហូតដល់ចាប់ខ្លួនជាបន្តបន្ទាប់ហ្នឹង បង្កឱ្យយុវជនដែលប្រើប្រាស់បណ្ដាញសង្គម គាត់ភ័យព្រួយពីសុវត្ថិភាពខ្លួនឯងហើយនៅពេលហ្នឹង។ អ៊ីចឹងគាត់មើលឃើញភាពតានតឹងហ្នឹងកាន់តែច្បាស់ឡើងនៅលើការ ប្រើប្រាស់ និងបញ្ចេញមតិ។ អាហ្នឹងហើយដែលខ្ញុំគិតថា ជាមូលហេតុធ្វើឱ្យសេរីភាពនៃប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសកម្ពុជា ដែល ហ្វ្រីដឹម ហៅស៍ ដាក់មកទាបជាងមុនមួយលេខទៀតហ្នឹង»។
របាយការណ៍របស់អង្គការ ហ្វ្រីដឹម ហៅស៍ គូសបង្ហាញថា ចំណុចទាក់ទងសេរីភាពជាគន្លឹះ ៤ ចំណុច ចន្លោះឆ្នាំ២០១៤ ដល់ ២០១៥ គឺទីមួយ សេចក្ដីព្រាងច្បាប់ស្ដីពីទូរគមនាគមន៍ ដែលបែកធ្លាយនៅខែមិថុនា ឆ្នាំ២០១៤ ដែលអាចគំរាមកំហែងដល់ភាពឯកជន និងភាពអនាមិក តាមរយៈការបង្កើនការឈ្លប ឬលួចយកព័ត៌មាន។
សេចក្ដីស្នើច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត (Cybercrime) ដែលមានភាពប្រទាំងប្រទើស ឬភាពចម្រូងចម្រាស។ ចំណុចទីពីរ រដ្ឋាភិបាលបានបង្កើតក្រុមការងារមួយនៅខែកញ្ញា ឆ្នាំ២០១៤ ដើម្បីគិតពីយន្តការនានា សម្រាប់ដាក់កំហិត ដោយការបិទ និងច្រោះដល់អត្ថបទលើអ៊ីនធឺណិត ទាំងឡាយណាដែលអសីលធម៌។ ទីបី នៅខែកក្កដា ឆ្នាំ២០១៤ អ្នកកាសែតមួយរូបត្រូវបានគេរកឃើញថា មានកំហុសបរិហារកេរ្តិ៍តាមប្រព័ន្ធអ៊ីនធឺណិត។ អ្នកតាមដានការប្រកាសសាលក្រមចាត់ទុកថា ការផ្ដន្ទាទោសនោះមានភាពធ្ងន់ធ្ងរ។
ទោះជាដូច្នេះក្ដី ក៏ក្នុងចំណុចទីបួន អង្គការ ហ្វ្រីដឹម ហៅស៍ សង្កេតឃើញពីភាពរីកចម្រើនមួយដែរ ដែលការចែកចាយ និងពិភាក្សាគ្នាតាមអ៊ីនធឺណិត បានជួយដល់នគរបាលក្នុងការស៊ើបអង្កេតករណីឃាតកម្មលើអ្នកជំនួញ ម្នាក់ នៅខែធ្នូ ឆ្នាំ២០១៤។
លោក សូ សោទ្ធី ឱ្យដឹងថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា កើនដល់ ៥លាននាក់។ លោកអំពាវនាវដល់រដ្ឋាភិបាលជម្រះមន្ទិល និងកង្វល់របស់ពលរដ្ឋចំពោះសេរីភាពបញ្ចេញមតិ ដើម្បីស្របតាមរដ្ឋធម្មនុញ្ញ។
ទន្ទឹមគ្នានេះដែរ អង្គការ ហ្វ្រីដឹម ហៅស៍ បង្ហាញតួលេខរបស់សហភាពទូរគមនាគមន៍អន្តរជាតិថា ការប្រើប្រាស់អ៊ីនធឺណិត នៅប្រទេសកម្ពុជា បានកើនឡើងពី ៧% នៅឆ្នាំ២០១៣ មកដល់ ៩% នៅឆ្នាំ២០១៤៕
No comments:
Post a Comment