លោក ហុង សុខហួរ មិនមាន វត្តមាន នៅតុលាការ ពាក់ព័ន្ធ នឹងសំណើសុំ នៅក្រៅឃុំ
VOD / វីអូឌី |៤ វិច្ឆិកា ២០១៥
លោក ហុង សុខហួរ ត្រូវ បានឃុំខ្លួន បណ្តោះអាសន្ន នៅពន្ធនាគារ ព្រៃ ស តាមការ ចោទប្រកាន់ ៣ករណី, គឺ៖ បទក្លែង ឯកសារ សាធារណៈ, ប្រើប្រាស់ ឯកសារ សាធារណៈ ក្លែងក្លាយ, និងញុះញង់ បង្ក ឲ្យមាន ភាពវឹកវរ ធ្ងន់ធ្ងរ ដល់សន្តិសុខ សង្គម។
មេធាវី លោក ជួង ជូងី ប្រាប់វីអូឌី (VOD) ថា, កូនក្តី របស់លោក នឹងតម្កល់ប្រាក់ ១០លាន រៀល ក្នុងការ សូម នៅក្រៅឃុំ។ លោក បន្ថែមថា, លោក នឹងព្យាយាម ការពារសិទ្ធិ កូនក្តី របស់លោក នៅក្នុងសវនាការ នោះ។ មេធាវី ម្នាក់ទៀត លោក សំ សុគង់ និយាយ ថា, លោក ហុង សុខហួរ មិនចូលរួម នៅក្នុងសវនាការ នេះទេ ដោយលោក មិនបានបញ្ជាក់ មូលហេតុ នោះទេ។
នៅក្នុងសវនាការនោះ អ្នកជំនាញផ្នែកច្បាប់មកពីស្ថានទូតបារាំងក៏បានឃ្លាំមើលសវនាការផងដែរ។
នៅពេលមកដល់កម្ពុជាវិញកាលពីយប់ថ្ងៃអង្គារ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថាលោកនឹងប្រើវប្បធម៌សន្ទនានេះ ដើម្បីឈានទៅដល់ការដោះលែងសកម្មជន១៤រូប និងលោក ហុង សុខហួរ ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៥ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យារពេលសវនាការជំនុំជម្រះ ករណីលោក ហុង សុខហួរ ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រើឯកសារក្លែងក្លាយ ទៅពេលក្រោយទៀត ដោយមិនកំណត់។ មេធាវីចាត់ទុកថានេះជាចេតនាមួយមិនឲ្យលោកបង្ហាញនីតិវិធី ដោះបន្ទុក។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចាត់ទុកករណីនេះជារឿងនយោបាយ មិនមែនជាបទល្មើសជាក់ស្តែងនិងជាការសម្តែងមតិរបស់សមាជិកព្រឹទ្ធសភា។ សង្គមស៊ីវិលមួយចំនួននិងគណបក្សសង្រ្គោះជាតិចាត់ទុកករណីនេះជារឿងនយោបាយ៕
No comments:
Post a Comment