លោក ហោ ណាំហុង អំពាវនាវ ឲ្យសមត្ថកិច្ច តាមចាប់ខ្លួន លោក សម រង្ស៊ី
VOD / វីអូឌី | ២១ វិច្ឆិកា ២០១៥
រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា ដែលរងការ ចោទថា, ជាអតីត មេគុក បឹងត្របែក សម័យ ខ្មែរក្រហម អំពាវនាវ ឱ្យអាជ្ញាធរ មានសមត្ថកិច្ច អនុវត្ត សាលដីកា តាមចាប់ខ្លួន មេដឹកនាំ គណបក្ស ប្រឆាំង ដែលកំពុង គេចខ្លួន នៅក្រៅប្រទេស។
រដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា លោក ហោ ណាំហុង បានសរសេរ នៅលើទំព័រ ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់លោក ថា «ដោយ មេធាវី របស់ខ្ញុំ បានស្នើសុំ កាលពីថ្ងៃ ទី១៣ វិច្ឆិកា ២០១៥ ឱ្យតុលា ការអនុវត្ត សាលដីកា ស្ថាពរ លេខ១៧ ក្រ៥.ប ចុះថ្ងៃ ទី១២ មីនា ២០១៣ របស់ សាលាឧទ្ធរណ៍, ខ្ញុំ សូម ឱ្យអាជ្ញាធរ មានសមត្ថកិច្ច អនុវត្ត សាលដីកា ខាងលើនេះ ចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី ដើម្បី ស្របតាមច្បាប់ នៃនីតិរដ្ឋ កម្ពុជា។»
លោក ហោ ណាំហុង បានសម្តែង ការឈឺចាប់ ជាថ្មី ដោយរំឭក ថា, សាច់ញាតិ របស់លោក ជិត ៣០នាក់ ត្រូវ បានសម្លាប់ ជាបន្តបន្ទាប់ នៅក្នុងគុក បឹងត្របែក នាសម័យ ខ្មែរក្រហម ដែលលោក ចោទលោក សម រង្ស៊ី ថា, ធ្វើ ឱ្យលោក ឈឺចាប់។
ការអំពាវនាវនេះ បន្ទាប់ ពីប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ប្រាប់សារ ព័ត៌មាន ក្នុងស្រុក ដោយប្រកាន់ជំហរ ថា, លោក នឹងមិន សុំទោស មន្ត្រីជាន់ខ្ពស់ គណបក្ស កាន់អំណាច នេះ ជាដាច់ខាត ទោះ ជាការសុំទោស នាំឱ្យលោក រួចផុត ពីការជាប់ ពន្ធនាគារ ក៏ដោយ។ លោក ក៏បាន សរសេរ នៅលើ ហ្វេសប៊ុក របស់លោក ថា, «ម្យ៉ាងវិញទៀត មានឯកសារ ផ្ទៃក្នុង មកពីស្ថានទូត សហរដ្ឋ អាមេរិក ប្រចាំប្រទេស កម្ពុជា ដែលទើប តែ បានបញ្ចេញ ជាសាធារណៈ, ហើយ ដែលមាន ខ្លឹមសារ ដូចតទៅ៖ “ហោ ណាំហុង បានវិលត្រឡប់ មកប្រទេស កម្ពុជាវិញ បន្ទាប់ ពីពួកខ្មែរក្រហម ឡើងកាន់អំណាច, តែ គាត់ បានរួច ពីការស្លាប់ ពីព្រោះ គាត់ ធ្លាប់បាន រៀនសូត្រ ជាមួយ អៀង សារី"។»
យ៉ាងណាក៏ដោយ លោក សម រង្សី ត្រូវជាប់បទល្មើសថ្មីមួយទៀត ដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ បានចេញដីកាបង្គាប់ឲ្យមេដឹកនាំបក្សប្រឆាំងរូបនេះ ដែលកំពុងនៅក្រៅប្រទេស ចូលខ្លួន មកតុលាការនៅដើមខែក្រោយ ពាក់ព័ន្ធនឹងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ករណីក្លែងបន្លំឯកសារ។ ការចេញដីកានាពេលថ្មីៗនេះត្រូវបានបក្សប្រឆាំង អ្នកវិភាគ និងសង្គមស៊ីវិលចាត់ទុកថា ជាដីកានយោបាយ។
បើតាមមន្ត្រីជានខ្ពស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា លោកសម រង្ស៊ី មិនទាន់អាចវិលត្រឡប់មកកម្ពុជាភា្លមៗនោះទេ ខណៈមេដឹកនាំបក្សប្រឆាំងរូបនេះ ស្វែងរកដំណោះស្រាយតាមការទូត សហគមន៍អន្តរជាតិ និងសម្របសម្រួលផ្នែកនយោបាយជាមួយបក្សកាន់អំណាច ដើម្បីបើកផ្លូវឱ្យលោកចូលស្រុកវិញដោយសន្តិវិធី ។
No comments:
Post a Comment