Paris Peace Accords 23 Oct. 1991

Thursday, November 12, 2015

លោក ហ៊ុន សែន ទម្លាយ​សារ លោក សម រង្ស៊ី សុំទោស ក្រោយមាន ការប្រៀបធៀប​ ទៅ​អ៊ុង សាន ស៊ូ ជី | Hun Sen reveals content of Sam Rainsy's apology note



លោក ហ៊ុន សែន ទម្លាយ​សារ លោក សម រង្ស៊ី សុំទោស ក្រោយមាន ការប្រៀបធៀប​ ទៅ​អ៊ុង សាន ស៊ូ ជី​​

VOD / វីអូឌី | ១២ វិច្ឆិកា ២០១៥

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅយប់ អធ្រាត្រ ​ឆ្លងចូល​ ថ្ងៃ​ព្រហស្បតិ៍​ បាន​បង្ហោះ សារ​មួយ​ ដែលលោក ចាត់ទុក ថា,​ ជា​សារ សម្ងាត់ របស់ ប្រធាន គណបក្ស ​សង្រ្គោះជាតិ លោក សម រង្ស៊ី ផ្ញើមក ​រូបលោក ស្របពេល​ លោក​ យល់​ថា, លោក​ សម រង្ស៊ី​ មិនបាន គោរពសម្តី ដែលធ្លាប់​ សរសេរ សុំទោស រូបលោក។​

សារ ដែលបង្ហោះ លោក ហ្វេសប៊ុក របស់លោក ហ៊ុន សែន មានខ្លឹម​សារ​ ថា​៖ 

«ខ្ញុំ សូម ថ្លែង អំណរគុណ ចំពោះ សម្តេច ដែលមាន ទឹកចិត្ត គោរព ស្រឡាញ់ និងឲ្យតម្លៃ ដល់កូនខ្ញុំ ដូចសម្តេច បានមាន ប្រសាសន៍ នៅទីក្រុង ប៉ារីស ថ្មីៗនេះ»

សារ​ មានខ្លឹមសារ​ បន្ត​ថា៖ «ខ្ញុំ សូម ជម្រាប ​សម្តេច វិញថា, ភរិយាខ្ញុំ និងរូបខ្ញុំ ក៏គោរព ស្រឡាញ់ និងឲ្យតម្លៃ ដល់បុត្រាបុត្រី សម្តេច ដូចគ្នា អញ្ចឹងដែរ។  លើសពីនេះ ទៅទៀត តាំងពីក្រុម គ្រួសារយើង ទាំងពីរ បានស្គាល់គ្នា មក ហើយ បានចាប់ផ្តើម រាប់អានគ្នាមក, ព្រមទាំង តាមអ្វី ដែលសម្តេច និងរូបខ្ញុំ​ បានផ្តាំផ្ញើ កូនយើង ទាំងសងខាងមក, ភរិយាខ្ញុំ និងរូបខ្ញុំ​ ផ្ទាល់ បានចាប់ផ្តើម ស្រឡាញ់ បុត្រាបុត្រី សម្តេច ដូចកូនបង្កើត របស់ យើងខ្ញុំ អញ្ចឹង»

«ដូច្នេះ ខ្ញុំ មានការ សោកស្តាយ យ៉ាងខ្លាំង បន្ទាប់ ពីមាន ការលើកឡើង និងការ បកស្រាយខ្លះ បណ្តាល មកពីបញ្ហា បកប្រែ ក៏មិនដឹង ដែលខុសស្រឡះ ពីទឹកចិត្ត ពិតប្រាកដ របស់ខ្ញុំ​ ចំពោះ ក្រុមគ្រួ​សារសម្តេច ដូចបានបញ្ជាក់ ខាងលើ។  ទោះជាយ៉ាង ណាក៏ដោយ ខ្ញុំ សូម អភ័យទោស ចំពោះសម្តេច បើ ខ្ញុំ បានធ្វើ ឲ្យសម្តេច អន់ចិត្ត ឬខកចិត្ត កន្លែងណា មួយ ដោយអចេតនា។»

នេះ ​បើ​ យោងតាម​ សារ ​របស់លោក សម រង្ស៊ី។​

ការ ទម្លាយ​សារ​នេះ ​ធ្វើឡើង ​បន្ទាប់ ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង បំពេញ ទស្សនកិច្ច​ នៅប្រទេស​ ជប៉ុន​ ដោយ​បាន​ លើក​ឡើង​ ពី​បញ្ហា នយោបាយ ​នៅកម្ពុជា។  ក្នុង​នោះ​ មាន​ការ​ បោះឆ្នោត, ហិង្សា លើតំណាងរាស្រ្ត​ និង​ការ​ អំពាវនាវ ​ឲ្យ​សហគមន៍​ អន្តរជាតិ​ ដាក់សម្ពាធ មកកម្ពុជា​ លើ​របប ដឹកនាំ​ ដោយ​លោក​ នាយករដ្ឋមន្រ្តី ហ៊ុន សែន។  ប្រតិកម្ម​ របស់ នាយករដ្ឋមន្រ្តី​ ដែល​ធ្វើ ​ឲ្យ​ការ ពង្រឹង វប្បធម៌ សន្ទនា​ កាន់តែ អាក្រក់ទៅ ធ្វើឡើង​ បន្ទាប់ ពីមាន ការ​បោះឆ្នោត​ នៅ​ប្រទេស​ មីយ៉ាន់ម៉ា ដោយ​គណបក្ស​ ប្រឆាំង ​របស់ លោកស្រី អ៊ុង សាន ស៊ូ ជី​ បាន​ទទួល​ ជ័យជម្នះ។

លោក ហ៊ុន សែន បាន​សរសេរ នៅលើ ហ្វេសប៊ុក ថា​៖

«ថ្ងៃនេះ ក៏ដូចដូច ជាប៉ុន្មានថ្ងៃ រួចមកហើយ, ខ្ញុំ មិនចង់ និយាយអ្វី ដែលនាំ ដល់អរិយភាព ជាមួយ អ្នកណា ទាំងអស់ ព្រោះ ជាថ្ងៃបុណ្យ ជាតិផង ជាថ្ងៃ ដែលខ្ញុំ កាន់ទុក្ខកូន ដ៏កំសត់ របស់ខ្ញុំផង និង​ក៏ដើម្បី សម្រួល ដល់បរិយាកាស នយោបាយ នៅកម្ពុជា យើងផង ដែរ។  ប៉ុន្តែ ជាអកុសល ខ្ញុំ មិនអាច នៅស្ងៀម ចំពោះ ការប្រមាថ របស់កូន ជនក្បត់ជាតិ បានទេ។»

លោក ហ៊ុន សែន បាន​បន្ត​ ថា, លោក​ សម រង្ស៊ី បាន​វាយ​ប្រហារ​ រូបលោក​ តាមរយៈ​ ជោគជ័យ របស់ បក្សប្រឆាំង នៅមីយ៉ាន់ម៉ា ដែល​លោក​ ចាត់ទុក​ ថា ​បាន «បំផ្លាញសារ ជាថ្មី នូវវប្បធម៌​ សន្ទនារ ដែលបាន នឹងកំពុង ជួសជុល បន្ទាប់ ពីជំនួប ស ខេង (អនុប្រធាន គណបក្ស​ ប្រជាជន កម្ពុជា) សម រង្ស៊ី»


លោក ហ៊ុន សែន បន្ត​ថា​៖ «មុនៗ ឲ្យ​តែ មាន បដិវត្តន៍ ពណ៌​ ផ្ដួលរំលំ នៅប្រទេសណា មេបក្សប្រឆាំង រូបនេះ តែងតែ និយាយថា ជិតកើតឡើង នៅកម្ពុ ជាដែរហើយ។  តែ នៅពេល ឃើញប្រទេស ដែលមាន បដិវត្តន៍ ពណ៌ សុទ្ធ​តែ មានសង្គ្រាម បង្ហូរឈាម, យើង មិនសូវឮ មេបក្សរូបនេះ និយាយ ពីបដិវត្តន៍ ពណ៌​ត ទៅទៀតទេ។»

លោក​ បញ្ជាក់​បន្ថែម​ថា៖ «បក្សប្រឆាំង នៅភូមា ឈ្នះឆ្នោត, គេ ប្រើ ជាប្រយោជន៍ ដើម្បី វាយប្រហារ បក្សកាន់អំណាច វាយប្រហារ រាជរដ្ឋាភិបាល និងខ្លួនខ្ញុំ។  ស្អី នឹងគេដែរ ឯកឧត្តម?  បើ មួយ ជាភូមា, មួយទៀត ជាកម្ពុជា និងមួយទៀត ឆ្នាំ២០១៥ហើយ, មួយទៀត ឆ្នាំ២០១៨។  រឿងរ៉ាវ ខុសគ្នា។  របប នយោបាយ សេដ្ឋកិច្ច សង្គម ខុសគ្នា។   ភាពលំបាក និងងាយស្រួល ខុសគ្នា។  សូម្បី តែ ការបោះឆ្នោត ក៏ខុសគ្នា។   ដែលភូមារ មិនដែលបោះឆ្នោត, ឯកម្ពុជា បោះឆ្នោត ៥ដង រួចមកហើយ»

លោក ហ៊ុន សែន បាន​សរសេរ​ បន្ត​ថា​៖ «ឯពូជពង្សវង្ស​ ត្រកូល ឯកឧត្តម ប្រៀបធៀប ជាមួយ អ៊ុង សាន ស៊ូ​ ជី មិនបានទេ ព្រោះ មួយស្នេហាជាតិ, មួយទៀត ក្បត់ជាតិ។   បើ ពុំ មានការ ធ្វើនីតិសម្បទា ណាមួយទេ, ឯកឧត្តម នៅតែ មានឈ្មោះ ថា ជាកូន អាក្បត់ជាតិ។  ពាក្យអាក្បត់ជាតិ មិនមែន ជាពាក្យខ្ញុំ ដាក់ទេ, តែ រាជរដ្ឋាភិបាល សង្គមរាស្ត្រនិយម របស់ សម្តេចព្រះ នរោត្តម សីហនុ ជាអ្នក ប្រសិទ្ធិ​នាម ឲ្យ​។ ឯកឧត្តម ហៅខ្ញុំ ជាមនុស្ស ផ្តាច់ការ កប់ៗ មាត់។   ថ្ងៃនេះ ខ្ញុំ ហៅឯកឧត្តម ថា,  កូន អាក្បត់ជាតិ។  ខ្ញុំ មិនដៀលពូជ ឯកឧត្តមទេ, តែ ខ្ញុំ ហៅតាម អ្នកជំនាន់មុន ដែលធ្លាប់ ហៅឪពុក ឯកឧត្តម ថា, អាក្បត់ជាតិ។  ពាក្យនេះ សម្រាប់ខ្ញុំ​ ពិបាកស្តាប់ ណាស់ ក្នុងសម័យថ្មី របស់យើង។  តែ ខ្ញុំ មិនហ៊ាន កែប្រវត្តិសាស្ត្រ ពីក្បត់ជាតិ ទៅស្នេហាជាតិ, ពីអាក្បត់ជាតិ ទៅជាឯកឧត្តម ក្បត់ជាតិ បានទេ។  បើ មិនទាន់ ធ្វើនីតិសម្បទា សម្រាប់ ​ជូនខ្មោច ឪ​ពុក ឯកឧត្តម ទេនោះ។»

លោក បានបន្ថែម​ថា៖ «ខ្ញុំ សូម ប្រាប់ទៅ ឯកឧត្តម ថា, ពូជខ្ញុំ អត់មាន មនុស្ស ក្បត់ជាតិ ដូចឯកឧត្តម ទេ។  ស្លឹកឈើ ជ្រុះ​ មិនឆ្ងាយ ពីគល់។  សុំទោស បងប្អូន ជនរួមជាតិ។  សូម វិនិច្ឆ័​យ ចុះ។  តើ អ្នកណា បង្កហេតុហ្នឹង បើ មានអ្វី កើតឡើង សូម កុំបន្ទោសខ្ញុំ។​»

ឆ្លើយ​តប តាមអ៊ីម៉េល លោក សម រង្ស៊ី បាន​ប្រាប់ វីអូឌី នៅព្រឹក ថ្ងៃ​ព្រហស្បតិ៍ នេះ​ថា៖ «ខ្ញុំ នឹងសុំ អភ័យទោស ចំពោះ នរណាក៏ដោយ ពេលណា ក៏ដោយ បើ ខ្ញុំ បានធ្វើ ឲ្យគេ ឈឺចាប់ ក្នុងប្រការ ណាមួយ ដោយអចេតនា។» 

លោក ​បន្ថែមថា​៖​ «ក្នុងការ បំពេញ តួនាទី របស់យើង ជាអ្នកនយោបាយ ក៏យើង ត្រូវ មានសុជីវធម៌ ដែរ»

អ្នកនាំពាក្យ​ គណបក្ស ប្រជាជន កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ ថា​, ការហៅលោក សម រង្ស៊ី ជា​កូនក្បត់ជាតិ ជា​ការ​លើក​ឡើង ​​«ទៅតាម ប្រវត្តិសាស្រ្ត ជាក់ស្តែង, មិនមែន បង្កាច់បង្ខូច ទេ» 

លោក​ បន្ថែម​ថា៖ «ខ្ញុំ សូមបញ្ជាក់ ​ថា​, សម្តេ​ច នាយករដ្ឋមន្រ្តី លោក​ មិន​បាន​ វាយប្រហារ​ ឬ​បរិហារកេរ្តិ៍ ឯកឧត្តម សម រង្ស៊ី ទេ។  លោក​ លើកឡើង​នេះ ​គឺ​ ជា​សច្ចធម៌ ប្រវត្តិ​សាស្រ្ ត​ដែល​កើតឡើង នៅកម្ពុជា​ ពិតប្រាកដ​។​»

កាលពីថ្ងៃ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ​ហ៊ុន សែន ​បាន​ថ្លែង ​ថា, ​ដើម្បី​ ពង្រឹង​​​​ វប្បធម៌​សន្ទនា ​ឲ្យ​បាន ​រឹងមាំ​ ល្អ គណបក្ស ទាំង​ពីរ​ ត្រូវ​ មាន​គោលការ​ណ៍​ មិន​ជេរ ប្រ​មាថ​គ្នា ​និងចេះ ​គោរព​គ្នា​ ​ទៅ​វិញ ​ទៅ​មក។  លោក​ បន្ថែម​ថា៖ «កុំ លេងអាចាប់​ដៃ​ ជាន់​ ជើង។  មិនបាន​ទេ។  អាហ្នឹង​ គេ​ ដឹង​...អ៊ីចឹង ទេ​​សង្ឃឹម​ ថា, បើ​ យើង​ សន្ទនា, ត្រូវ​តែ​ សន្ទនា។  កុំ​ យើង​ សន្ទនា​មេ, ទុក​ ឲ្យ​អាកូន​ ជេរ​ អាហ្នឹង​ ទទួល​យក​ អត់បាន​ទេ។  កូន​ ជេរ ស្មើ​ នឹង​មេ​ ជេរ ព្រោះ ​វា មាន​ខុសគ្នា អី; អាមេ ឲ្យ​កូន​ជេរ។»

លោក ហ៊ុន សែន បានទម្លាយ ​ថា, ​លោក សម រង្ស៊ី កាលពីថ្ងៃ ទី​២៩ ខែតុលា បាន​ផ្ញើសា​រ​ មក​សុំទោស រូប,​ ប៉ុន្តែ ​លោ​ក ​ព្រមាន​ ថា, ​បើ ​លោក​ សម រង្ស៊ី​ បំពាន​ ការ​សុំទោសនោះ, លោក​ នឹង​ប្រើ​ប្រព័ន្ធ ​ហ្វេសប៊ុក បង្ហោះអត្ថន័យ​ សារ​ នៃ​សារ សុំទោសនោះ។

លោក សម រង្ស៊ី ធ្លាប់​បានថ្លែងថា​បើទោះជាមានការប៉ះគ្នាបន្តិ​ចបន្តួច តែ​លោក​ថា​វប្បធម៌សន្ទនានឹងមិនចុះខ្សោយនោះទេ​។ លោក​​បន្ត​ថា​មានតែការពង្រឹង​វប្បធម៌សន្ទនា នឹង​​ជួយ​ដល់ការដោះស្រាយ​បញ្ហា​របស់ប្រទេសជាតិនានានិង​ ឈានទៅដល់ការដោះលែងសកម្មជន​និ​ងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ៕



No comments:

Post a Comment