លោក កឹម សុខា និងតំណាងរាស្ត្រ ពីរ រូបទៀត នឹងត្រឡប់ មក កម្ពុជា នៅថ្ងៃស្អែក
RFA / វិទ្យុ អាស៊ី សេរី | ២៣ វិច្ឆិកា ២០១៥
អនុប្រធាន បក្សប្រឆាំង លោក កឹម សុខា និងតំណាងរាស្ត្រ ដែលរងរបួស ២នាក់ ទៀត នឹងត្រឡប់ មក កម្ពុជាវិញ នៅថ្ងៃ ទី២៤ វិច្ឆិកា ខណៈ ដែលលោក សម រង្ស៊ី នៅមិនទាន់ ត្រឡប់ ចូលកម្ពុជាវិញ នៅឡើយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ វិច្ឆិកា ថា បន្ទាប់ពីលោក កឹម សុខា ត្រឡប់ពីប្រជុំនៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippine) លោក ក៏បានចូលសួរសុខទុក្ខតំណាងរាស្ត្រ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ដែលរងការវាយប្រហារឲ្យរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅប្រទេសថៃ ដោយអ្នកទាំងបីនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃជាមួយគ្នា បន្ទាប់ពីតំណាងរាស្ត្រ២រូបនោះ បានធូរស្រាលពីរបួស។
ចំណែកដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ចូលមកកម្ពុជា ត្រូវបានលោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា នៅមិនទាន់មានការបរិច្ឆេទពិតប្រាកដនៅឡើយទេ ខណៈដែលលោក សម រង្ស៊ី កំពុងបន្តដំណើរទស្សនកិច្ចនៅសហគមន៍អឺរ៉ុបបន្តទៀត។
No comments:
Post a Comment