គណបក្ស ប្រឆាំង អំពាវនាវ ជប៉ុន ឲ្យឃ្លាំមើល ដំណើរការ បោះឆ្នោត នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១១ វិច្ឆិកា ២០១៥
មេដឹកនាំ គណបក្ស សង្គ្រោះជាតិ បានស្នើ ឲ្យសហគមន៍ អន្តរជាតិ ពិសេស ប្រទេស ជប៉ុន ជួយធ្វើ អន្តរាគមន៍ នៅក្នុងដំណើរការ បោះឆ្នោត ក្នុងប្រទេស កម្ពុជា ពេលខាងមុខ ដើម្បី ធានា ភាពសេរី និងយុត្តិធម៌។ គណបក្ស សង្គ្រោះជាតិ ក៏អំពាវនាវ ជប៉ុន ឲ្យជួយ ស៊ើបអង្កេត ករណី អំពើហិង្សា លើសកម្មជន របស់ខ្លួន ដែលត្រូវ បានគេ វាយ កាលពីខែ តុលា ផងដែរ។
ការអំពាវនាវនេះ ធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ លោក សម រង្ស៊ី និងលោក កឹម សុខា នៅប្រទេសជប៉ុន ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ វិច្ឆិកា។
សេចក្ដីអំពាវនាវនេះ ធ្វើឡើងស្របពេលដែល លោក សម រង្ស៊ី និងលោក កឹម សុខា កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន ដើម្បីជួបជាមួយតំណាងគណបក្សនយោបាយរបស់ជប៉ុន និងអ្នកគាំទ្ររបស់ខ្លួននៅទីនោះ។
បើតាមទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា ខណៈដែលកម្ដៅនយោបាយនៅកម្ពុជា ហាក់ឡើងក្ដៅ នៅពេលដែលការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិខិតជិតមកដល់ លោកស្នើឲ្យសហគមន៍អន្តរជាតិ ពិសេសប្រទេសជប៉ុន ឲ្យជួយធ្វើអន្តរាគមន៍នៅក្នុងដំណើរការបោះឆ្នោតតាមបែប ប្រជាធិបតេយ្យនៅកម្ពុជា។
បន្ទាប់ពីជាប់គាំងនយោបាយរាប់ខែក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានចុះសម្រុងគ្នា ដោយផ្នែកលើកិច្ចព្រមព្រៀងជាអ្វីដែលគេហៅថា «វប្បធម៌ សន្ទនា»។
កាលពីចុងខែតុលា សកម្មជនពីររូបរបស់គណបក្សប្រឆាំង ត្រូវបានគេអូសចេញពីឡាន ហើយវាយទាត់ធាក់រហូតដល់សន្លប់ បន្ទាប់ពីចេញប្រជុំសភា។ ប៉ុន្មានថ្ងៃក្រោយមក អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ចេញពីតំណែងអនុប្រធានរដ្ឋសភា។ ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថា ដំណើរការវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ កំពុងដើរលើផ្លូវរបាក់របើក។
លោក កឹម សុខា តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់របស់លោក បានអំពាវនាវឲ្យប្រទេសជប៉ុន សម្របសម្រួលបរិយាកាសនយោបាយដែលកំពុងតានតឹង ទៅរកសភាពដើមវិញ ដោយលោកស្នើឲ្យមានការគោរពតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ បន្ថែមពីលើនេះ អនុប្រធានបក្សប្រឆាំងរូបនេះ ក៏សុំឲ្យជប៉ុន ជួយស៊ើបអង្កេតករណីហិង្សាលើសមាជិករបស់ខ្លួនថ្មីៗនេះផងដែរ។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ជប៉ុន មានតួនាទីសំខាន់ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីធានាការជឿទុកចិត្ត និងប្រសិទ្ធភាពនៃលទ្ធផលបោះឆ្នោត។ លោកបន្តថា ការសុំអន្តរាគមន៍របស់បក្សប្រឆាំងពីប្រទេសជប៉ុន ពេលនេះ ស្របនឹងការអំពាវនាវរបស់បក្សកាន់អំណាច។
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ ហើយការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលក្ដោបក្ដាប់អំណាចជាង ៣០ឆ្នាំនោះ ធ្លាប់ធ្វើការព្រមានជាសាធារណៈថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ ប្រទេសកម្ពុជា នឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល៕
No comments:
Post a Comment