ពលរដ្ឋ មានជម្លោះដីធ្លី នៅខេត្ត ត្បូងឃ្មុំ បារម្ភ បាត់ដីចម្ការ ខណៈ អាជ្ញាធរ ដាក់កម្លាំង ឃ្លាំមើល
RFA / វិទ្យុ អាស៊ី សេរី | ១១ វិច្ឆិកា ២០១៥
លោក បញ្ជាក់ថា, កន្លងមក ក្រុមហ៊ុននេះ ពិតជាបាន ជួលដី បន្ត ទៅឲ្យ ជនជាតិ វៀតណាម ធ្វើខ្លះមែន, ហើយ ពួកលោក ក៏បាន ចុះធ្វើ របាយការណ៍ ជុំវិញ ករណីនេះ បញ្ជូន ទៅថ្នាក់លើ ហើយដែរ។
ប្រជាពលរដ្ឋ នៅឃុំ ទន្លូង ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ដែលភាគច្រើន ជាជនជាតិ ភាគតិច ស្ទៀង បារម្ភ ខ្លាច បាត់បង់ ដីចម្ការ វិលជុំ របស់ ពួកគាត់។ ក្តីបារម្ភនេះ បន្ទាប់ ពីមាន ក្រុមអាជ្ញាធរ ដាក់កម្លាំង ពង្រាយ នៅចំណុចដី មានជម្លោះ និងបាន ហាមឃាត់ ប្រជាពលរដ្ឋ មិនឲ្យ បន្ត ចូលដាំដំណាំ នៅតំបន់ ដីចម្ការ វិលជុំ បានទៀតឡើយ ដោយបញ្ជាក់ ថា, ដីនោះ គឺ ជាដីរបស់ ក្រុមហ៊ុន។
ប្រជាពលរដ្ឋ នៅឃុំទន្លូង ជិត ២០០គ្រួសារ សម្រេចផ្អាកសកម្មភាពចូលទៅដាំដំណាំនៅលើដីដែលពួកគេអះអាងថា ជាដីចម្ការវិលជុំរបស់ខ្លួនពីដើមមក។ ការសម្រេចនេះ ដោយសារកម្លាំងសមត្ថកិច្ចស្រុកមេមត់ នៅបន្តពង្រាយនៅបរិវេណតំបន់ដីជម្លោះរវាងប្រជាសហគមន៍ឃុំទន្លូង ជាមួយក្រុមហ៊ុន កុយ សុខងួន នៅថ្ងៃទី១១ វិច្ឆិកា។
ប្រជាពលរដ្ឋនៅឃុំទន្លូង លោក រុំ សាន មានប្រសាសន៍ថា សកម្មភាពរបស់អាជ្ញាធរតាមឃ្លាំមើលប្រជាពលរដ្ឋនៅតំបន់ដីជម្លោះ គឺមានពីរថ្ងៃមកហើយ។ លោកបន្តថា អ្នកភូមិបារម្ភខ្លាចក្រែងមានការចាប់ចង ឬចោទប្រកាន់ណាមួយពីសំណាក់អាជ្ញាធរទៅលើពួកគាត់ បន្ទាប់ពីពលរដ្ឋសម្រុកចូលដាំដំណាំលើចំណុចដីជម្លោះប៉ុន្មានថ្ងៃ មកនេះ។ ប្រភពដដែលបន្តថា ក្រុមហ៊ុននេះបានសិទ្ធិវិនិយោគពីរដ្ឋ ប៉ុន្តែមិនបានដាំអ្វីនោះទេ ក្រៅតែពីយកចំណែកដីរបស់ខ្លួនទៅជួលឲ្យពលរដ្ឋវៀតណាម ធ្វើបន្ត។ លោកថា ដោយឃើញដីនៅទំនេរចោល ម្យ៉ាងដោយសារដីនោះជាកម្មសិទ្ធិរបស់ពលរដ្ឋពីដើមមកផង ពួកគាត់ក៏នាំគ្នាចូលដាំដំណាំជាថ្មីទៀត៖ «តាំងពី ២០១៣ គាត់បានទៅធ្វើ ប៉ុន្តែអត់មានហាមឃាត់អីទេ ហើយនៅពេលពួកខ្ញុំទៅធ្វើម្សិលមិញហ្នឹង ១៧៥គ្រួសារ ទៅធ្វើហ្នឹងថាទៅធ្វើលើដីរបស់គាត់វិញ សមត្ថកិច្ចហាមឃាត់ហ្មង។»
ដីប្រមាណ ៧០០ហិកតារដែលកំពុងមានវិវាទ គឺជាប្រភេទដីចម្ការវិលជុំរបស់ពលរដ្ឋពីមុនមក ហើយជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន កុយ សុខងួន គឺចាប់តាំងពីឆ្នាំ២០០៤ ឬ ២០០៥ បន្ទាប់ពីដីនោះត្រូវបានរដ្ឋផ្តល់សិទ្ធិវិនិយោគ ក្រោយពេលក្រុមហ៊ុនជប៉ុន ដកខ្លួនចេញ។
ទាក់ទងបញ្ហានេះ ជំទប់ទី១ នៃឃុំទន្លូង ទទួលបន្ទុកបញ្ហាដីធ្លី លោក ពឹង ប៊ុនថន មានប្រសាសន៍ថា អាជ្ញាធរមិនបានដាក់កម្លាំងគំរាមអ្វីនោះទេ ប៉ុន្តែមានក្រុមកម្លាំងចម្រុះបានចុះត្រួតពិនិត្យ ឲ្យដឹងច្បាស់ថា តើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារចូលទៅបោះបង្គោលកាន់កាប់ដីតំបន់ នោះ។ លោកបន្ថែមទៀតថា ដីនោះត្រូវបានអាជ្ញាធរខេត្តប្រគល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុន កុយ សុខងួន ហើយក្រុមហ៊ុននេះក៏បានដាំដំណាំនៅលើផ្ទៃដីរបស់ខ្លួនខ្លះហើយ ដែរ៖ «ប្រជាពលរដ្ឋបានទៅបោះពីរថ្ងៃហើយ គាត់ទៅបោះម៉ាបង្គោលចម្លោះ ៣៥ ទៅ ៤០ម៉ែត្រ។»
លោក បញ្ជាក់ថា, កន្លងមក ក្រុមហ៊ុននេះ ពិតជាបាន ជួលដី បន្ត ទៅឲ្យ ជនជាតិ វៀតណាម ធ្វើខ្លះមែន, ហើយ ពួកលោក ក៏បាន ចុះធ្វើ របាយការណ៍ ជុំវិញ ករណីនេះ បញ្ជូន ទៅថ្នាក់លើ ហើយដែរ។ យ៉ាងណា បញ្ហាថ្មីៗនេះ ខាងលោក ក៏បានចុះធ្វើ កំណត់ហេតុ ដើម្បី បញ្ជូនរបាយការណ៍ទៅថ្នាក់ខេត្ត ប៉ុន្តែការសម្រេចកាត់ដីនោះប្រគល់ឲ្យប្រជាពលរដ្ឋ ឬបន្តឲ្យក្រុមហ៊ុនយ៉ាងណា ខាងអាជ្ញាធរឃុំមិនអាចដឹងទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងទៅខាងតំណាងក្រុមហ៊ុន ដើម្បីឆ្លើយតបបញ្ហានេះបានឡើយនៅថ្ងៃទី១១ វិច្ឆិកា។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា ភាគច្រើនការវិនិយោគដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជននៅ ខេត្តត្បូងឃ្មុំ គឺតែងប៉ះពាល់ដល់ប្រជាពលរដ្ឋ។ លោកថា មូលហេតុបណ្ដាលឲ្យប៉ះពាល់ ព្រោះការសិក្សារបស់អាជ្ញាធរមិនមានតម្លាភាព ហើយការអនុវត្តរបស់ភាគីក្រុមហ៊ុន និងអាជ្ញាធរកន្លងមក មិនបានគោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ក្រុមហ៊ុនខ្លះយកដីរបស់ខ្លួនទៅជួលបន្តឲ្យបុគ្គលឯកជន ឬទុកដីទំនេរចោលរាប់ឆ្នាំ ជាដើម៖ «ខ្ញុំថាដីក្រុមហ៊ុននៅខេត្តត្បូងឃ្មុំ គួរតែសិក្សាឡើងវិញទាំងអស់ ព្រោះឥឡូវមានបញ្ហាច្រើនណាស់។»
លោកស្នើឲ្យរាជរដ្ឋាភិបាល ដកហូតដីសម្បទានសេដ្ឋកិច្ចទាំងឡាយណាដែលមិនបានគោរពតាមច្បាប់ មករក្សាទុកជាសម្បត្តិរដ្ឋវិញ ឬក៏ដាក់បញ្ចូលជាសម្បត្តិរួម ឬក៏បែងចែកជូនពលរដ្ឋស្របតាមការទាមទាររបស់ពួកគាត់ ជៀសវាងធ្វើឲ្យអ្នកស្រុកកាន់តែទទួលរងផលប៉ះពាល់ ដោយសារគ្មានដីសម្រាប់ដាំដំណាំចិញ្ចឹមជីវិត៕
No comments:
Post a Comment