Paris Peace Accords 23 Oct. 1991

Tuesday, November 3, 2015

លោក សម រង្ស៊ី អះអាង​ ថា, ​ភាព​ចាំបាច់ ​នៃ​ការ​ត្រឡប់​ មក​កម្ពុជា​វិញ​ លើក​នេះ​ គឺ ​វប្បធម៌​សន្ទនា | Sam Rainsy declares that culture of dialogue necessitates his return this time

លោក សម រង្ស៊ី អះអាង​ ថា, ​ភាព​ចាំបាច់ ​នៃ​ការ​ត្រឡប់​មក​ កម្ពុជា​វិញ​ លើក​នេះ​ គឺ ​វប្បធម៌​សន្ទនា

RFA / ​វិទ្យុ ​អាស៊ី សេរី | ២ វិច្ឆិកា ២០១៥

 

សម រង្ស៊ី ហ៊ុន សែន ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ជំនួប​ចរចា​នា​វិមាន​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។  RFA/Tin Zakariya

ប្រធាន​ គណបក្ស​ជំទាស់ ​អះអាង ​ថា, ការ​វិល ​ត្រឡប់​ មក​វិញ​ លើក​នេះ បន្ទាប់ ​ពី​បំពេញ ​ទស្សនកិច្ច​ នៅ​ប្រទេស ​បារាំង គឺ​ សារសំខាន់ និង​ភាព​ចាំបាច់ ​នៃ​វប្បធម៌​ សន្ទនា។   ដោយឡែក​ មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស ​ប្រជាជន​ កម្ពុជា វិញ​ យល់​ឃើញ​ ថា, ការ​ពិត វប្បធម៌​សន្ទនា​នេះ ​វា​ ពុំ​ មែន​​រឿង ​ដែល​ថ្មី​ឡើយ​ សម្រាប់​ គណបក្ស​ កាន់​អំណាច ​មួយ​នេះ។

អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា បក្ស​នយោបាយ​ធំៗ​ទាំង​នេះ នៅ​តែ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក បើ​ទោះ​ជា​ត្រូវ​ចង​ដោយ​គោលការណ៍ និង​សេចក្ដី​ថ្លែងការណ៍​នៃ​នយោបាយ​រួម កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ ហើយ​ក៏ដោយ។

សារ​នយោបាយ​យ៉ាង​ខ្លី​របស់​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ លោក​សង្កត់​ធ្ងន់​ថា ស្ថានភាព​នយោបាយ​សព្វថ្ងៃ​នេះ គឺ​ភាព​ចាំបាច់​ក្រោយ​បញ្ចប់​ទស្សនកិច្ច​របស់​ខ្លួន​លើក​នេះ គឺ​វប្បធម៌​សន្ទនា។

លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នយោបាយ​ដែល​មាន​ខ្លឹមសារ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ផង ហើយ​ជា​សារ​នយោបាយ​ដ៏​ខ្លី​របស់​ខ្លួន​ពុំ​ធ្លាប់​មាន នៅ​ថ្ងៃ​ទី​២ វិច្ឆិកា លើក​ពី​សារសំខាន់ និង​ភាព​ចាំបាច់​នៃ​វប្បធម៌​សន្ទនា។ ផ្ដើម​ចេញ​ពី​សារ​នយោបាយ​ដ៏​ខ្លី​នេះ​ហើយ ទំនង​ជា លោក សម រង្ស៊ី ចង់​ពិនិត្យ​មើល​ឡើង​វិញ ឬ​ថា​អាច​រឹត​ចំណង​មិត្តភាព​ដែល​កំពុង​តែ​រង្គោះរង្គើ និង​ប្រេះឆា​អំពី​ខ្លឹមសារ​នៃ​វប្បធម៌​សន្ទនា​ជាមួយ​ដៃគូ​សន្ទនា​របស់​ខ្លួន គឺ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មើល​ទៅ។

បើ​ទោះ​ជា​បែប​ណា លោក ញ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ថា លោក​នៅ​ពុំ​ទាន់​ប្រាកដ​នៅ​ឡើយ​ថា តើ​ក្រោយ​ពី​បញ្ចប់​ទស្សនកិច្ច​វិញ​លើក​នេះ​របស់​ប្រធាន​ក្រុម​តំណាង​ រាស្ត្រ​ភាគ​តិច លោក សម រង្ស៊ី អាច​នឹង​ផ្ដោត​លើ​វប្បធម៌​សន្ទនា ឬ​យ៉ាង​ណា​នោះ​ទេ។ យ៉ាង​ណា លោក​យល់​ឃើញ​ថា គណបក្ស​ជំទាស់​នៅ​តែ​ប្រកាន់​គោលការណ៍ និង​គោរព​កិច្ច​ព្រមព្រៀង​នយោបាយ​រួម ដែល​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ លោក​បន្ត​ថា «ខ្ញុំ​មិន​ទាន់​បាន​ពិចារណា​សម្រេច​ ជាមួយ​គ្នា​នៅ​ឡើយ ហើយ​ឯកឧត្ដម​ប្រធាន ឯកឧត្ដម​អនុប្រធាន ជាមួយ​ថ្នាក់​ដឹក​នាំ ដូច្នេះ​ស្អែក​ប្រហែល​ជា​គាត់​នឹង​ប្រកាស​ព័ត៌មាន​យ៉ាង​ម៉េច ឬ​ដំណើរ​ការ​ទៅ​មុខ​បែប​ណា។»

សេចក្ដី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​ទី​៤ ខែ​ឧសភា ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​សន្យា​គោរព​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង កាល​ពី​ថ្ងៃ​ទី​២២ កក្កដា គឺ​ថា ត្រូវ​ស្មោះ​ត្រង់​នឹង​គ្នា គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ចៀសវាង​ការ​ញុះញង់ ការ​លាប​ពណ៌​គ្នា និង​ប្រើ​ពាក្យ​អសុរោះ។ ជាង​នេះ​ទៀត ត្រូវ​អប់រំ និង​ណែនាំ​ជា​ប្រចាំ​ដល់​មន្ត្រី​គណបក្ស​ចាប់​ពី​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​មូលដ្ឋាន ជាដើម។
បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ សម្រាប់​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា បក្ស​ធំៗ​ទាំង​ពីរ​នៅ​តែ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​គ្នា ជាពិសេស​មិន​បាន​គោរព​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទេ។

ឆ្លើយ​តប​រឿង​នេះ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា គណបក្ស​កាន់​អំណាច​មិន​ដែល​រំលង​ម្ដង​ណា​ឡើយ​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង នៃ​វប្បធម៌​សន្ទនា​នេះ។ មិន​តែ​ប៉ុណ្ណោះ វប្បធម៌​សន្ទនា​នេះ គណបក្ស​ចាស់​វស្សា​មួយ​នេះ​បាន​អនុវត្ត​តាំង​ពី​ជាង ២០​ឆ្នាំ​មុន​មក​ម្ល៉េះ។ ហេតុ​នេះ លោក សុខ ឥសាន យល់​ឃើញ​ថា គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល មិន​យល់​ទាស់​អ្វី​ឡើយ ប្រសិន​បើ​មាន​ការ​ស្នើ​ដោយ​គណបក្ស​ជំទាស់។ លោក​បន្ត​ថា «ថ្មីៗ​នេះ ឯកឧត្ដម សម រង្ស៊ី បាន​សរសេរ​សំបុត្រ​មក​ជូន​មក​សម្ដេច​ក្រឡាហោម ស ខេង ហើយ​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​ឆ្លើយ​តប​ទៅ​វិញ។ អ៊ីចឹង​ទេ​ក្នុង​លិខិត​ឆ្លើយ​តប​ទៅ​វិញ​ទៅ​មក​នេះ ហាក់​ដូច​ឯកឧត្ដម សម រង្ស៊ី មក នឹង​បន្ត​វប្បធម៌​សន្ទនា​ទៅ​មុខ​ទៀត។»

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា បក្ស​ទាំង​ពីរ​មិន​បាន​គោរព​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​រួម កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ទេ បើ​ទោះ​ជា​ត្រូវ​ចង​កាតព្វកិច្ច​ដោយ​វប្បធម៌​សន្ទនា​ហើយ​ក៏ដោយ​ចុះ។ បក្ស​កាន់​អំណាច តែង​គំរាម​លើ​ដៃគូ​សន្ទនា គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ដក​តំណែង​អនុប្រធាន​រដ្ឋសភា ដែល​រុញ​ច្រាន​ស្ថានការណ៍​រហូត​បង្ក​អំពើ​ហិង្សា​ដាក់​តំណាង​រាស្ត្រ​ពីរ​ រូប​ឲ្យ​រង​របួស​ធ្ងន់​ទៀត​ផង។ លើស​ពី​នេះ​ទៀត​នោះ គឺ​បាន​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​អធម្មនុញ្ញ​ភាព ដែល​ការ​ដក​ហូត​តំណែង លោក កឹម សខា នេះ ធ្វើ​ឡើង​ដោយ​ឯក​បក្ស ជាដើម។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ទៀត​ថា គណបក្ស​ជំទាស់​វិញ​បាន​ប្រើ​សារ​នយោបាយ​វាយ​ប្រហារ​បក្ស​កាន់​អំណាច ដោយ​ប្រៀប​ប្រដូច លោក ហ៊ុន សែន ថា​ជា​មេ​ដឹក​នាំ​ផ្ដាច់​ការ​មិន​ខុស​ពី លោក កាដាហ្វី (Gaddafi) ឬ​ថា​របប​ដឹក​នាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន មិន​ខុស​ពី​របប​ហ្វាស៊ីស (Fascist) នៅ​អ៊ីតាលី (Italy) ដែល​តែង​ប្រើ​ហិង្សា​លើ​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ដទៃ​ទៀត​ឡើយ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា យល់​ឃើញ​ថា អ្នក​នយោបាយ​នៅ​កម្ពុជា នៅ​តែ​ពុំ​ទាន់​មាន​ភាព​ចាស់​ទុំ​នៅ​ឡើយ​ទេ។ ម្យ៉ាង​វិញ​ទៀត បក្ស​ទាំង​ពីរ​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​រួម ដែល​ម្ខាងៗ​សន្យា​ថា​នឹង​គោរព​ដោយ​ភាព​ស្មោះ​ត្រង់​នឹង​គ្នា​រួច​ទៅ​ហើយ។ លោក សូ ចន្ថា អះអាង​ថា លោក​នៅ​តែ​មើល​ពុំ​ទាន់​ឃើញ​ថា អ្នក​នយោបាយ​ជាន់​ខ្ពស់​ដែល​មក​ពី​បក្ស​ផ្សេង​គ្នា​នេះ បាន​ឯកភាព​ដូច​ការ​សន្យា​នៅ​ឡើយ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «កិច្ច​ព្រមព្រៀង​ហ្នឹង​ហាក់​មាន​ភាព​ផុយ​ស្រួយ ដែល​ភាគី​ទាំង​សង​ខាង​ហ្នឹង​មិន​បាន​អនុវត្ត​ឲ្យ​បាន​សុក្រឹតភាព​នោះ​បាទ។»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​គំរាម​លុប​ចោល​នូវ​វប្បធម៌​សន្ទនា​នេះ​ជា​ញឹកញាប់​ថា បើ​បក្ស​ជំទាស់​នៅ​តែ​បន្ត​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល ជាពិសេស លោក ហ៊ុន សែន ផ្ទាល់ វប្បធម៌​សន្ទនា​នេះ​នឹង​ពុំ​មាន​ន័យ​អ្វី​ទៀត​ឡើយ៕


No comments:

Post a Comment