Paris Peace Accords 23 Oct. 1991

Tuesday, November 3, 2015

អង្គការ សហប្រជាជាតិ​ បារម្ភ ពី​បរិយាកាស​ នយោបាយ ​ធ្លាក់​ចុះ​ នៅ​កម្ពុជា​ បច្ចុប្បន្ន | UN concerned about deterioration of current political environement in Cambodia

អង្គការ សហប្រជាជាតិ​ បារម្ភ ពី​បរិយាកាស​ នយោបាយ ​ធ្លាក់​ចុះ​ នៅ​កម្ពុជា​ បច្ចុប្បន្ន

RFA / ​វិទ្យុ ​អាស៊ី សេរី | ២ វិច្ឆិកា ២០១៥

 

តវ៉ា​ប្រឆាំង​លោក កឹម សុខា ឲ្យ​ចេញ​ពី​តំណែង​រដ្ឋសភា ៦២០
ពលរដ្ឋ​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះចេញ​ពី​តំណែង​អនុប្រធាន​ទី១ រដ្ឋសភា នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។  RFA/Rann Samnang

អង្គការ​ សហប្រជាជាតិ កំពុង​ ព្រួយ​បារម្ភ​ ពី​បរិយាកាស​ នយោបាយ ​ធ្លាក់​ចុះ ​នៅ​ប្រទេស ​កម្ពុជា បច្ចុប្បន្ន បន្ទាប់​ ពី​កើត​មាន ​អំពី​ហិង្សា​ វាយ​ប្រហារ​ អ្នក​តំណាង​រាស្ត្រ ​គណបក្ស​ សង្គ្រោះ​ជាតិ, គឺ​ លោក ញ៉យ ចំរើន និង​លោក គង់ សភា, កាល​ពី​ថ្ងៃ ​ទី​២៦ តុលា។  មន្ត្រី​ រដ្ឋាភិបាល ​ឲ្យ​ដឹង​ថា, ការ​ស៊ើប​អង្កេត​ កំពុង​ បន្ត និង​មាន ​ផ្លែផ្កា​ខ្លះ។

ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​មួយ​ច្បាប់ ដោយ​ចាត់​ទុក​បរិយាកាស​នៅ​ប្រទេស​កម្ពុជា ថា​ធ្លាក់​ដុនដាប​សម្រាប់​អ្នក​នយោបាយ និង​សកម្មជន​គណបក្ស​ប្រឆាំង។

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣០ តុលា ហើយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស បាន​សរសេរ​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍ ដែល​ក្រុម​អ្នក​តវ៉ា​គាំទ្រ​រដ្ឋាភិបាល​នៅ​ភ្នំពេញ វាយ​ប្រហារ​ដោយ​ផ្ទាល់​មាត់ និង​លើ​រូប​រាង​កាយ​សមាជិក​សភា​របស់​គណបក្ស​ប្រឆាំង និង​គំរាម​ដល់​សុវត្ថិភាព​លំនៅឋាន​របស់​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា គឺ​លោក កឹម សុខា។ អង្គការ​សហប្រជាជាតិ ចាត់​ទុក​ទង្វើ​នេះ ថា​មាន​ចរិត​ជា​ការ​វាយ​ប្រហារ​មាន​ការ​រៀបចំ​ទុក។

ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ក៏​បាន​ទទួល​សេចក្ដី​រាយការណ៍​ថា នគរបាល និង​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល បាន​ឈរ​មើល នៅ​ពេល​ដែល​ការ​វាយ​ប្រហារ​នេះ​កើត​ឡើង ដែល​វា​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​ឆ្លើយ​តប​របស់​ពួក​គេ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ឬ​បាតុកម្ម រិះគន់​រដ្ឋាភិបាល​កន្លង​មក។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោ ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​មិន​គិត​ពី​បញ្ហា​លើក​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ ទេ៖ «គណៈកម្មការ ​យើង​ខ្ញុំ​មិន​គិត​ថា វាយ​ប្រហារ ឬ​មិន​វាយ​ប្រហារ​អី​ទេ អ្វី​ដែល​យើង​ខ្ញុំ​ខិតខំ​ធ្វើ​នេះ គឺ​ស្វែង​រក​ជនល្មើស។ នរណា​ថា​អី​ថា​ទៅ ជា​សិទ្ធិ​របស់​គាត់។ អង្គការ​សហប្រជាជាតិ ឬ​នរណា​ក៏ដោយ វា​មិន​មែន​ថា​អ៊ីចឹង​ទៅ​ស្វែងរក​ជនល្មើស​បាន​ទេ សំខាន់​គឺ​ការ​បំផុស​ឲ្យ​ផ្ដល់​សាក្សី​ជា​កត្តា​បញ្ជាក់​ជា​ផ្លូវ​ការ។ រឿង​ថា ម៉េច​ក៏​មិន​មាន​អង្គការ​សិទ្ធិ​មនុស្ស​មក​ចូលរួម​ការ​ស៊ើប​អង្កេត អា​ហ្នឹង​ខ្ញុំ​គិត​ថា​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​កម្ពុជា យើង​ជា​រដ្ឋ​អធិបតេយ្យ។»

លោក​បញ្ជាក់​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ គណៈកម្មការ​ស៊ើប​អង្កេត​កំពុង​ស្វែងរក​កិច្ច​សហការ​ពី​ម្ចាស់​ហ្វេសប៊ុក (Facebook) នានា ដែល​បាន​បង្ហោះ​រូបភាព ឬ​វីដេអូ​បង្ហាញ​ពី​ភស្តុតាង​នៃ​ការ​វាយ​ប្រហារ​លើ​អ្នក​តំណាង​រាស្ត្រ​បក្ស ​ប្រឆាំង​ពីរ​រូប ក្នុង​នោះ គណៈកម្មការ​ស៊ើប​អង្កេត ក៏​អញ្ជើញ​អ្នក​បើក​រថយន្ត​របស់​អ្នក​តំណាង​រាស្ត្រ គង់ សភា ឲ្យ​ផ្ដល់​ព័ត៌មាន​មួយ​រូប​ដែរ ប៉ុន្តែ​លើក​ទី​២ អ្នក​បើកបរ​រូប​នោះ មិន​ទាន់​បាន​អញ្ជើញ​ទៅ​ទេ ដោយ​ឲ្យ​មេធាវី​ទៅ​ជំនួស។

ចំពោះ​សំណួរ​ទាក់ទង​នឹង​រូបថត និង​វីដេអូ​របស់​យោធិន​មួយ​រូប ដែល​គេ​បង្ហោះ​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ លោក ខៀវ សុភ័គ ថ្លែង​ថា មិន​ទាន់​យក​ជា​ការ​បាន​នៅ​ឡើយ​ទេ៖ «រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ថា​អ្នក​ណា​ជា​នរណា​ទេ មិន​ទាន់​អាច​ថា​បាន ប្រសិន​បើ​មិន​ទាន់​សាក្សី​ផ្ទាល់។ ឧទាហរណ៍​ថា យើង​ឃើញ​រូប​ហ្វេសប៊ុក ការ​ចោទ​ប្រកាន់​អាស្រ័យ​ទៅ​លើ​ភស្តុតាង​រឹង​មាំ​ច្បាស់លាស់​តាម​ផ្លូវ​ ច្បាប់ រក​សាក្សី​ដើម្បី​បញ្ជាក់​ថា រូប​ហ្នឹង​ជា​រូប​គាត់​ផ្ទាល់។»

ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស គូស​បញ្ជាក់​ថា សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​បញ្ចេញ​មតិ គឺ​ជា​សិទ្ធិ​របស់​បុគ្គល​គ្រប់​រូប ដោយ​មិន​គិត​អំពី​គំនិត​នយោបាយ ឬ​គំនិត​ផ្សេង​ទៀត​ឡើយ។ សេចក្ដី​ថ្លែងការណ៍​សរសេរ​បន្ត​ថា វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ថា បុគ្គល​ទាំង​ឡាយ​មិន​ត្រូវ​បាន​គេ​កំណត់​គោលដៅ សម្រាប់​និន្នាការ​នយោបាយ​របស់​ខ្លួន ឬ​សម្រាប់​ការ​សម្ដែង​មតិ​ជំទាស់​ឡើយ។

ថ្វី​បើ​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ស្វាគមន៍​រដ្ឋាភិបាល​កម្ពុជា ដែល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ហេតុការណ៍​វាយ​ប្រហារ​អ្នក​តំណាង​ រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​នោះ​ក្ដី ក៏​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា ដើម្បី​ឲ្យ​ជឿ​ទុក​ចិត្ត​បាន លុះត្រា​តែ​ការ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង​ដោយ​ឯករាជ្យ មិន​លម្អៀង ធ្វើ​ដោយ​ហ្មត់ចត់ និង​ឆាប់​រហ័ស។ ជន​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​នេះ ត្រូវ​តែ​បាន​នាំ​ខ្លួន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់។

ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​រាល់​វិធានការ​ចាំបាច់​នានា ដើម្បី​ធានា​សន្តិសុខ​របស់​អ្នក​តំណាង​រាស្ត្រ ដែល​ប្រជាពលរដ្ឋ​កម្ពុជា បោះ​ឆ្នោត​ឲ្យ​តាម​បែប​ប្រជាធិបតេយ្យ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​របស់​ពួក​គេ​ទេ ហើយ​ក៏​ត្រូវ​ធានា​ដែរ​ថា កង​យោធពល​ខេមរភូមិន្ទ និង​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋ ត្រូវ​គោរព​ទាំង​ស្រុង​នូវ​ក្រម​សីលធម៌​សម្រាប់​មន្ត្រី​ប្រតិបត្តិ​ច្បាប់ តាម​សេចក្ដី​សម្រេច​ចិត្ត​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ៕



No comments:

Post a Comment