Paris Peace Accords 23 Oct. 1991

Saturday, November 21, 2015

លោក សម រង្ស៊ី រំពឹង​ថា ​នឹង​ឈ្នះ​ឆ្នោត​ ក្រោយ​មាន ​ដីកា​ កោះ​ហៅ​ បន្តបន្ទាប់ | Sam Rainsy expects to win after court summons one after another

លោក សម រង្ស៊ី  រំពឹង​ថា ​នឹង​ឈ្នះ​ឆ្នោត​ ក្រោយ​មាន ​ដីកា​ កោះ​ហៅ​ បន្តបន្ទាប់

RFA / វិទ្យុ អាស៊ី សេរី | ២១ វិច្ឆិកា ២០១៥

 

សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៥។  RFA/Taing Sarada

គណបក្ស​ សង្គ្រោះ​ជាតិ នៅ​តែ​ មាន​ជំនឿ​ មុតមាំ យក​ឈ្នះ​ ការ​បោះឆ្នោត​ លើ​គណបក្ស កាន់​អំណាច​ ក្នុង​រយៈពេល​ ជាង ២​ឆ្នាំ​ ខាង​មុខ​ ទៀត​នេះ បើ ​ទោះ ​ខ្លួន​ កំពុង ​ធ្វើ​ដំណើរ​ លើ​ផ្លូវ​ ដ៏​ពិបាក​ បន្ត​ទៀត​ក្ដី។


ទន្ទឹម​ នឹង​នេះ មេដឹកនាំ​ គណបក្ស​ ប្រឆាំង ​ក៏​បាន​ អំពាវនាវ​ ឲ្យ​អ្នក​គាំទ្រ ​របស់​ខ្លួន ​ត្រូវ ​បន្ត​អត់ធ្មត់ និង​ជឿជាក់ ​ចំពោះ​ គោលនយោបាយ ​របស់​ខ្លួន។  ដោយ​ឡែក មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស ​ប្រជាជន​ កម្ពុជា វិញ យល់​ឃើញ​ ថា, គណបក្ស​ ដែល​កំពុង​ គ្រប់គ្រង ​អំណាច គឺ​ ធ្វើ​ការ​ ដោយ​មិន​ មានភាព​ រវើ រវាយ ឬ​ចេះ​តែ​ ស្មានៗ ​ចំពោះ ​លទ្ធផល ​ដែល​មិន​ទាន់ ​ទាំង​បាន​ មក​ដល់​ផង ដូច​គណបក្ស ​ប្រឆាំង ​ឡើយ។

ការ​បោះឆ្នោត​ សកល ​ដើម្បី​ ជ្រើសតាំង ​តំណាងរាស្ត្រ​​ នៅ​សល់​ ប្រមាណ ៣​ឆ្នាំ​ ខាង​មុខ​ទៀត, ក៏​ប៉ុន្តែ ​គណបក្ស​ ប្រឆាំង​ បង្ហាញ​ ជំនឿ ​នៅ​ពេល​នេះ ​ថា, គណបក្ស​ ជំទាស់ ដែល​ជា​ដៃគូ ​ប្រយុទ្ ធ​ដ៏​ខ្លាំង ​ជាមួយ ​គណបក្ស ​ប្រជាជន​ កម្ពុជា នឹង​ដណ្ដើម​ការ​ បោះ​ឆ្នោត​ ឲ្យ​បាន​ នៅ​ឆ្នាំ​ ២០១៨។

ថ្លែង​សារ​នយោបាយ​ពី​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​បោះ​ឆ្នោត​ជាតិ ខាង​មុខ​ទៀត​នេះ គឺ​គណបក្ស​ជំទាស់​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដណ្ដើម​យក​ ប្រជាប្រិយភាព និង​សន្លឹក​ឆ្នោត​ពី​អ្នក​គាំទ្រ ហើយ​អាច​ឈាន​ទៅ​ដឹកនាំ​ប្រទេស​វិញ​ម្ដង។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ឲ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​ងាយ ជាពិសេស​រឹត​តែ​ធ្វើ​ឲ្យ​គោលនយោបាយ​បក្ស​មាន​ភាព​រឹងមាំ​ជាង​មុន ហើយ​បាន​ជំរុញ​ឲ្យ​បក្ស​ប្រឆាំង​អាច​មាន​លទ្ធភាព​រក​យុទ្ធសាស្ត្រ​ថ្មី​ទៀត​ សម្រាប់​ការ​ប្រយុទ្ធ​បន្ត​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​ដោយ​យុត្តិធម៌។

វីដេអូ​ឃ្លិប​ជិត ៤​នាទី​ដែល​លោក សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​ខ្លួន នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា គឺ​ពុំ​បាន​លើក​ឡើង​ពី​គម្រោង​នៃ​ការ​វិល​ត្រឡប់​ចូល​មក​កម្ពុជា វិញ​ទេ បើ​ទោះ​ជា​មាន​ដីកា​ថ្មី​មួយ​ពី​តុលាការ​ឲ្យ​ចូល​ខ្លួន​បន្ថែម​ពី​លើ​ដីកា​ តាម​ចាប់​ខ្លួន​លោក​ហើយ​ក្តី។ ដីកា​តាម​ចាប់​​ខ្លួន​មេ​បក្ស​ប្រឆាំង​ក្រោម​បទ​ចោទ​បរិហារកេរ្តិ៍​លើ​លោក ហោ ណាំហុង ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញា​រង​លោក ស៊ឺ វណ្ណនី កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា។ ភាព​តានតឹង​ផ្នែក​នយោបាយ មិន​ទាន់​ទាំង​ចុះ​កម្តៅ​ទៅ​វិញ​នៅ​ឡើយ​ផង រយៈពេល ៨​ថ្ងៃ​ក្រោយ​ពោល គឺ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ស្រាប់​តែ​មាន​ដីកា​ថ្មី​បន្ថែម​មួយ​ទៀត ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ របស់​លោក កោ វណ្ឌី។ ដីកា​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​ជា​ថ្មី​ទៀត​នេះ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​ទី​៤ ធ្នូ គឺ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​សម​គំនិត ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

លោក ឈឹម ផលវរុណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ក្នុង​ការ​អធិប្បាយ​ជុំវិញ​ជំហរ​គណបក្ស​ជំទាស់​នៅ​ពេល​នេះ ក៏ប៉ុន្តែ​លោក​អះអាង​ថា អ្វី​ដែល​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​អនុវត្ត គឺ​ពុំ​មែន​ចេះ​តែ​ស្រមើស្រមៃ ឬ​យល់សប្ដិ​ឃើញ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត គណបក្ស​កាន់​អំណាច​ធ្វើ​ដោយ​ផ្អែក​លើ​គោលការណ៍​ត្រឹមត្រូវ និង​មាន​ទស្សនវិស័យ​ជាក់លាក់​របស់​ខ្លួន។

ភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ​នេះ ត្រូវ​បាន​អ្នក​វិភាគ​យល់​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​ត្រូវ​ប្រឈម​នឹង​ការ​តានតឹង​ផ្នែក​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម ​ទៀត។

ដោយ​ឡែក​លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម យល់​ឃើញ​ថា ការ​វិល​ចូល​ប្រទេស​វិញ គឺ​មេ​បក្ស​ជំទាស់​នៅ​តែ​អាច​មក​បាន ក៏ប៉ុន្តែ​វិល​ចូល​ដោយ​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​ណា​មួយ​នោះ នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ចំណេញ​អ្វី​ឡើយ ដោយសារ​កម្ពុជា ធ្លាប់​មាន​ពិសោធន៍​រួច​មក​ហើយ។

ជុំវិញ​ការ​វិល​ចូល​ប្រទេស​របស់​លោក សម រង្ស៊ី វិញ​នេះ លោក អេង ឆៃអ៊ាង ធ្លាប់​បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​នេះ ការ​វិល​ចូល​ស្រុក​វិញ វា​ពុំ​មែន​ជា​ជម្រើស​ល្អ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ គឺ​ខាង​គណបក្ស​ត្រូវ​សិក្សា និង​សម្របសម្រួល​ផ្នែក​នយោបាយ​ជា​មុន​សិន មុន​នឹង​ត្រូវ​សម្រេច​ថា ត្រូវ​ធ្វើ​បែប​ណា​បន្ត​ទៀត៕


No comments:

Post a Comment