លោក សម រង្ស៊ី ថា, អ្នកដឹកនាំ ផ្ដាច់ការ កំពុង ភ័យស្លន់ស្លោ
RFA / វិទ្យុ អាស៊ី សេរី | ១៤ វិច្ឆិកា ២០១៥
លោក សម រង្ស៊ី ដែលត្រូវ តុលាការ រាជធានី ភ្នំពេញ ចេញដីកា ឲ្យតាម ចាប់ខ្លួន ផ្ញើសា ទៅរដ្ឋាភិបាល ថា, អ្នកដឹកនាំ អំណាចផ្ដាច់ការ កំពុងតក់ស្លុត ភ័យស្លន់ស្លោ នឹងព្យុះ លទ្ធិប្រជាធិបតេយ្យ ខណៈ ដែលគណបក្ស ប្រឆាំង នៅប្រទេស មីយ៉ាន់ម៉ា ឬភូមា ឈ្នះឆ្នោត លើរបប សឹកយោធា។ ប៉ុន្តែ អ្នកនាំពាក្យ កាន់អំណាច ឆ្លើយតបវិញ ថា, លោក សម រង្ស៊ី ប្រធាន បក្សប្រឆាំង នៅកម្ពុជា មិនអាច ប្រៀបផ្ទឹម នឹងលោកស្រី អ៊ុង សាន ស៊ូ ជី (Aung San Suu Kyi) ប្រធាន បក្សប្រឆាំង នៅមីយ៉ាន់ម៉ា បានឡើយ។
សារ នយោបាយ និយាយ បញ្ឆិតបញ្ឆៀង របស់លោក សម ង្ស៊ី ដែលទំនង សំដៅ ទៅលោក ហ៊ុន សែន លើកឡើង ថា, ការប្រើ អំណាច តុលាការ និងព្រមាននានា មករូបលើក ព្រោះ អ្នក ផ្ដាច់ការ នៅសេសសល់ នៅតំបន់ អាស៊ី កំពុង ភ័យស្លន់ស្លោ។ សារ របស់លោក សម រង្ស៊ី នៅពេលនេះ ក្រោយមួយថ្ងៃ បន្ទាប់ ពីអយ្យការ អមសាលាដំបូង រាជធានី ភ្នំពេញ បានចេញ ដីកា សម្រេច ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ទាក់ទង បទបរិហារកេរ្តិ៍ លោក ហោ ណាំហុង ជាសាធារណៈ និងញុះញង់ ឲ្យមាន ការរើសអើង កាលពីឆ្នាំ ២០០៨។
ឆ្លើយនឹងការលើកឡើងរបស់លោក សម រង្ស៊ី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការឈ្នះឆ្នោតនៅភូមា មិនប៉ះពាល់ដល់កម្ពុជា ព្រោះគណបក្សប្រឆាំងនៅកម្ពុជា គ្មានលក្ខណៈសម្បត្តិដូចបក្សប្រឆាំងនៅមីយ៉ាន់ម៉ា ឡើយ។ លោកបន្តថា ការប្រែប្រួលស្ថានការណ៍នយោបាយនៅពេលនេះ បង្កឡើងដោយលោក សម រង្ស៊ី ខ្វះសីលធម៌នយោបាយតាមរយៈពាក្យសម្ដី និងអាកប្បកិរិយា៖ «លក្ខណៈ សម្បត្តិគណបក្សប្រឆាំងនៅកម្ពុជា ខុសគ្នាពីលក្ខណៈសម្បត្តិគណបក្សប្រឆាំងនៅភូមា លោកស្រី អ៊ុង សានស៊ូជី មានត្រកូលជាអ្នកស្នេហាជាតិ ប៉ុន្តែលោក សម រង្ស៊ី ដែលជាជាកូនរបស់លោក សម សារី ដែលគេដឹងថា ជាត្រកូលក្បត់ជាតិ។»
សាធារណជនមួយចំនួនរិះគន់ថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា ធ្វើឲ្យអ្នកនយោបាយនៅកម្ពុជា ឈ្លោះគ្នា។ សង្គ្រាមពាក្យសម្ដីរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កើតមានបន្តបន្ទាប់ចាប់តាំងពីមានបាតុកម្មនៅសហរដ្ឋអាមេរិក ប្រទេសបារាំង និងនៅមុខរដ្ឋសភា បណ្ដាលតំណាងរាស្ត្របក្សប្រឆាំងពីរនាក់រងរបួសធ្ងន់ និងទម្លាក់លោក កឹម សុខា ចេញពីតំណែង រហូតមានដីកាឲ្យចាប់ខ្លួនលោក សម រង្ស៊ី។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី និយាយថា រឿងរ៉ាវដែលកើងឡើងនៅពេលនេះ ជាកំហឹងរបស់អ្នកនយោបាយដែលគ្មានវិជ្ជាជីវៈទាំងពីរគណបក្ស បង្ហាញថា តុលាការនៅកម្ពុជា មិនបម្រើប្រយោជន៍សាធារណៈ បែរជាបម្រើនយោបាយ ហើយស្ថានភាពកម្ពុជា នៅពេលនេះ បានវិលថយក្រោយ។ ជាងនេះទៅទៀត លោក កែម ឡី ហៅសាររបស់លោក សម រង្ស៊ី នៅពេលនេះថា វ៉ៃដើម្បីដកខ្លួន ហើយសារនេះ នឹងធ្វើឲ្យកម្ដៅនយោបាយកាន់តែក្ដៅថែមទៀត៖ «ខ្ញុំមើល ឃើញថា នេះជាសារមួយបន្ថែមភាពតានតឹងនយោបាយ។ នេះជាការវ៉ៃដកខ្លួន ព្រោះលោក សម រង្ស៊ី មានទម្លាប់មិនទទួលខុសត្រូវ ច្រើនតែគេចទៅក្រៅប្រទេស។»
ដោយឡែក តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ កំពុងរៀបចំផែនការទប់ទល់ស្ថានការណ៍កំពុងកើតឡើង ប៉ុន្តែលោកថា គណបក្សសង្គ្រោះជាតិ មិនតតាំងផ្លូវច្បាប់រឿងក្ដីក្ដាំលោក សម រង្ស៊ី ទេ។ លោកបន្តថា អ្នកនយោបាយកម្ពុជា គួរតែរៀនសូត្រពីហេតុការណ៍នៅមីយ៉ាន់ម៉ា ខណៈដែលបក្សប្រឆាំងឈ្នះឆ្នោតរបបសឹកយោធា យល់ព្រមប្រគល់អំណាច៖ «ផែនការ សកម្មភាពនានាហ្នឹង យើងមិនអាចប្រាប់បានទេ ព្រោះជារឿងធំធេងណាស់ ហើយបើយើងមិនមានផែនការច្បាស់លាស់ទេ យើងនឹងបរាជ័យ។»
លោក កែម ឡី ព្យាករថា គណបក្សប្រជាជនកម្ពុជា នឹងបង្កឲ្យមានព្យុះភ្លៀងថែមទៀតលើគណបក្សសង្គ្រោះជាតិ ព្រោះគណបក្សកាន់អំណាចមួយនេះ ចង់ឲ្យគណបក្សសង្គ្រោះជាតិ រលាយបាត់ស្រមោលមុនការបោះឆ្នោតឆ្នាំ២០១៨៕
No comments:
Post a Comment