ពលរដ្ឋ ចោទប្រធាន សហគមន៍ និងអាជ្ញាធរ ថា, អនុញ្ញាត ឲ្យឈ្មួញ កាប់ព្រៃ សហគមន៍ យកដី
RFA / វិទ្យុ អាស៊ី សេរី | ១៤ វិច្ឆិកា ២០១៥
ពលរដ្ឋ រស់នៅ ឃុំ សំអាង ស្រុក ថាឡាបរិវ៉ាត់ ខែត្រ ស្ទឹងត្រែង ចោទប្រធាន សហគមន៍ និងអាជ្ញាធរឃុំ ថា, អនុញ្ញាត ឲ្យឈ្មួញ កាប់រានព្រៃ សហគមន៍, ភ្នំ ជម្រកសត្វ ដើម្បី យកដី។ ការចោទប្រកាន់នេះ បន្ទាប់ ពីមាន កម្មករ ជាច្រើនក្រុម ប្រើម៉ាស៊ីន អារឈើ ស្វ័យប្រវត្តិ បានសម្រុក កាប់ឆ្ការព្រៃ សហគមន៍, ដែនជម្រក សត្វ ជាច្រើន ខែ កន្លងមក ដោយគ្មាន ការទទួល ខុសត្រូវ។
ចំណែក ប្រធាន សហគមន៍ ភ្នំជម្រកសត្វ និងមេឃុំ សំអាង បដិសេធ ការចោទប្រកាន់ នេះ។
ពលរដ្ឋ ជនជាតិដើម ភាគតិច កួយ រស់នៅ ភូមិ ឆ្វាំង ឃុំ សំអាង នៃស្រុក ថាឡាបរិវ៉ាត់ នៅថ្ងៃ ទី១៣ ខែវិច្ឆិកា អំពាវនាវ រដ្ឋាភិបាល ឬក្រសួង ពាក់ព័ន្ធ ចុះស៊ើបអង្កេត ពីភាព មិនប្រក្រតី នៃការ អភិរក្សព្រៃ សហគមន៍ របស់ ប្រធាន សហគមន៍ និងអាជ្ញាធរ ជំនាញ ដែលបណ្ដោយ ឲ្យមាន ការកាប់ ឆ្ការព្រៃ សហគមន៍ ភ្នំជម្រកសត្វ រានយកដី និងធ្វើ អាជីវកម្ម ដោយអ្នក មានប្រាក់ មានអំណាច ជាអ្នក នៅពីក្រោយខ្នង។
ពលរដ្ឋជនជាតិដើមភាគតិចម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀត គឺលោក អ៊ុក ម៉ៅ និយាយថា កម្មករប្រមាណ ៣ ទៅ ៤ក្រុម ក្នុង ១ក្រុមមានគ្នា ៥ ទៅ ៦នាក់ បានបោះតង់ក្នុងព្រៃដើម្បីស៊ីឈ្នួលកាប់ឈើឲ្យអនុប្រធានសហគមន៍ ឈ្មោះ ភឿក ស៊ី និងឈ្មោះភាព។ លោកបន្តថា ក្រុមកម្មករកាប់ឆ្ការព្រៃដោយប្រើរួមមន្តស្បែកខ្លាមួយកន្លែង ចាប់ពីជាង ១០ហិកតារ ដល់ជាង ៣០ហិកតារ ត្រង់ចំណុចអូរឆ្កូត និងត្រពាំងស្នួល អស់ប្រហែលជិត ១០០ហិកតារ និងបន្តកាប់ឆ្ការនៅកន្លែងផ្សេងទៀតក្នុងព្រៃសហគមន៍ ដែលអ្នកភូមិឮសំឡេងត្រង់ស៊ីន័រកំពុងអារស្ទើររាល់ថ្ងៃ។
លោកថា បន្ទាប់ពីការកាប់បានប្រហែល ១សប្ដាហ៍ ក្រុមឈ្មួញបានជួលកម្មករដាំដំឡូងមី និងហ៊ុមព័ទ្ធរបង ព្រមទាំងចរចាជាមួយអាជ្ញាធរឃុំដើម្បីធ្វើប្លង់កាន់កាប់បណ្ដោះអាសន្ន បើព្រៃឈើទាំងនោះត្រូវបានក្លាយជាទីវាល៖ «ត្រង់ពួកវាធ្វើជា អនុប្រធាន ប្រធានសហគមន៍វាអ្នកកាប់។ ត្រង់ប្រជាជនទៅអារឈើវាចាប់។ ថៅកែធំៗមានឈ្មោះ ភាព និងឈ្មោះ ស៊ី គាត់អែបអបជាមួយមេឃុំរហូត។ ឥឡូវហៅប្រធានសហគមន៍ទៅ ហើយទៅកាន់ខ្នោះទៅ។ គ្នា ៥ដាក់ខ្នោះ ៥ដែរ ឃើញត្រង់ណាដាក់ខ្នោះត្រង់ហ្នឹង។»
ឆ្លើយតបការចោទប្រកាន់នេះ ប្រធានសហគមន៍ដែនជម្រកសត្វ លោក ញៀន ផន បដិសេធការចោទរបស់អ្នកភូមិថា ជាការមួលបង្កាច់គ្មានការពិត។ លោកអះអាងថា សមាជិកសហគមន៍តែងតែដាក់វេនជាប្រចាំដើម្បីចុះល្បាត មួយខែ ៣ដង និងធ្លាប់ចាប់បានម៉ាស៊ីនអារឈើស្វ័យប្រវត្តិជាច្រើនគ្រឿង ហើយកំពុងស៊ើបអង្កេតរកមុខដែលអ្នកនៅពីក្រោយខ្នងនៃការកាប់ព្រៃ រានយកដីនេះ៖ «អ្នករាយការណ៍ដែលមិនពិតបានន័យថា មនុស្សនោះជាអ្នកបំផ្លាញ។ ខ្ញុំក្នុង ១ខែបីដង ខ្ញុំចុះល្បាត។ ព្រៃសហគមន៍ដែលខ្ញុំដើរអត់មានប៉ះពាល់អ្វីនោះទេ ខ្ញុំចាប់បានម៉ាស៊ីនបីទៅបួនគ្រឿងប៉ុន្មានខែនេះ។ ព្រៃសហគមន៍អ្នកដែលរាយការណ៍នោះអត់ដឹងការងារជាមួយខ្ញុំទេ។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ភឿក ស៊ី និង ភាព ដើម្បីសុំការឆ្លើយតបជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៣ ខែវិច្ឆិកា។
ព្រៃសហគមន៍ភ្នំជម្រកសត្វ ឋិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ មានផ្ទៃដីចំនួនជាង ៤ពាន់ (៤.៤៤៦,១៦) ហិកតារ ត្រូវបានអាជ្ញាធរខែត្រស្ទឹងត្រែង ទទួលស្គាល់ជាផ្លូវការនៅដើមឆ្នាំ២០១៥។ ចំណែកសហគមន៍បានស្នើសុំបន្តទៀតទៅថ្នាក់ជាតិ ដើម្បីចុះបញ្ជីព្រៃសហគមន៍ភ្នំជម្រកសត្វជាដីព្រៃសមូហភាពនៅដើម ឆ្នាំ២០១៥ តែមិនទាន់មានការឆ្លើយតប។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល រិះគន់ពីភាពព្រងើយកន្តើយរបស់ប្រធានសហគមន៍ និងមន្ត្រីជំនាញដែលបណ្ដោយឲ្យព្រៃសហគមន៍រងការកាប់បំផ្លាញអស់ជា ច្រើនហិកតារ ដោយគ្មានការទទួលខុសត្រូវ។ លោកថា ប្រធានសហគមន៍ និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីជំនាញ ត្រូវទទួលខុសត្រូវបញ្ហានេះ និងចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ លោកបញ្ជាក់ថា អាជ្ញាធរជំនាញត្រូវដកហូតដីដែលកាប់បំផ្លាញទាំងនោះ មកជាសម្បត្តិរបស់សហគមន៍ ឬសម្បត្តិរដ្ឋវិញ៕
No comments:
Post a Comment