Paris Peace Accords 23 Oct. 1991

Sunday, November 15, 2015

លោក សម រង្ស៊ី នឹង​វិល ​ត្រឡប់​ មក​ដល់ ​កម្ពុជា​វិញ​ នៅ​យប់ ​ថ្ងៃ​ច័ន្ទ ទី​១៦ វិច្ឆិកា | Sam Rainsy will arrive into Cambodia Monday night, Nov. 16

លោក សម រង្ស៊ី នឹង​វិល ​ត្រឡប់​ មក​ដល់ ​កម្ពុជា​វិញ​ នៅ​យប់ ​ថ្ងៃ​ច័ន្ទ ទី​១៦ វិច្ឆិកា

RFA / វិទ្យុ អាស៊ី សេរី | ១៥ វិច្ឆិកា ២០១៥

 

សម រង្ស៊ី កឹម សុខា ៦២០
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង លោក កឹម សុខា ថ្លែង​ទៅ​កាន់​ពលរដ្ឋ​នៅ​ខាង​មុខ​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ២០១៤។  RFA/Tin Zakariya

មន្ត្រី​ ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា, ប្រធាន​ គណបក្ស​ ជំទាស់ ​អាច​ នឹង​មក​ដល់ ​កម្ពុជា វិញ ​ដូច​ការ​ គ្រោង​ទុក ប្រសិន​បើ ​ពុំ​មាន​ ការ​ប្រែប្រួល​ ណា​មួយ ​ជា​ចាំបាច់ ​ទេ។   ការ​វិល ​ត្រឡប់​ មក​ កម្ពុជា វិញ​នេះ គឺ ​បន្ទាប់ ​ពី​តុលាការ ​បាន​ចេញ​ ដីកា​ ចាប់​ខ្លួន លោក សម រង្ស៊ី តាម​បណ្ដឹង ​របស់ លោក ហោ ណាំហុង កាល​ ពី៧​ឆ្នាំ​ មុន ក្រោយ ​ពីលោក ហ៊ុន សែន ព្រមាន​ថា, លោក​ នឹង​មិន​ ជួយ​សម្រួល​ ដល់​ការ​ លើក​លែង​ទោស ​ដល់លោក សម រង្ស៊ី ទៀត​ឡើយ។  អ្នក​ច្បាប់ ​របស់ ​អង្គការ​ មិន​មែន ​រដ្ឋាភិបាល ចាត់​ទុក​ ថា, នេះ ​ជា​ការ​ អនុវត្ត​ ដែល​ផ្ទុយ​ ពី​ច្បាប់, ហើយ ​ថា, ដីកា​ ចាប់​ខ្លួន​នេះ​ ជា​ហេតុផល​ នយោបាយ។

មន្ត្រី ​ជាន់​ខ្ពស់​ គណបក្ស ​ជំទាស់ បញ្ជាក់​ថា, លោក សម រង្ស៊ី នឹង​វិល​ ត្រឡប់​ មក​ដល់​ កម្ពុជា វិញ​ នៅ​​ម៉ោង ១០​យប់​ ថ្ងៃ​ទី​១៦ វិច្ឆិកា និង​ត្រូវ​ ចុះ​ចត​ នៅ​អាកាសយានដ្ឋាន ​អន្តរជាតិ ​ភ្នំពេញ។

លោក អេង ឆៃអ៊ាង មន្ត្រី​ ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​ដឹង ​នៅ​ថ្ងៃ​ ទី​១៥ វិច្ឆិកា ថា, រហូត​ មក​ដល់​ ពេល​នេះ, លោក សម រង្ស៊ី កំពុង​ ព្យាយាម ​ទំនាក់ទំនង​ តាម​ទូរស័ព្ទ​ ជាមួយ លោក ស ខេង ឧបនាយក រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ ក្រសួង ​មហាផ្ទៃ ដើម្បី​ បញ្ចៀស ​កុំ ​ឲ្យ​មាន ​អំពើ​ហិង្សា​ កើត​ឡើង, ហើយ​ បើ​ មាន​ការ​ ចាប់​ខ្លួន​មែន លោក ​នឹង​ប្រគល់​ខ្លួន ​ឲ្យ​សមត្ថកិច្ច មិន​ចាំបាច់​បង្ខំ​ នោះ​ទេ។  ម្យ៉ាង​វិញ​ទៀត សកម្មជន​ គណបក្ស​ ជំទាស់ គឺ ​ខាង​គណបក្ស​ ពុំ​ បាន​ជូន​ ដំណឹង​ ដើម្បី​ ឲ្យ​រៀបចំ​ ចាំ​ទទួល​ ណា​មួយ​ នោះ​ដែរ។

លោក សម រង្ស៊ី ត្រូវ​ បាន​តំណាង​ អយ្យការ​ អម​សាលា​ ដំបូង​ រាជធានី​ភ្នំពេញ លោក ស៊ឺ វណ្ណនី ចេញ​ដីកា​ ឲ្យ​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃ ​ទី​១៣ វិច្ឆិកា។  បណ្ដឹង ​ក្រោម​បទ​ចោទ បទ​បរិហារ​កេរ្តិ៍​ ជា​សាធារណៈ និង​ញុះញង់​ ឲ្យ​មាន​ ការ​រើសអើង ដែល​បាន ​បន្សល់​ទុក​ តាំង​ពី៧​ឆ្នាំ ​មុន ​របស់ លោក ហោ ណាំហុង នេះ គឺ​ បន្ទាប់​ពី លោក ហ៊ុន សែន ប្រតិកម្ម​ភ្លាមៗ​នៅ​ពេល​មាន​សារ​ឆ្លើយ​ឆ្លង​គ្នា​រវាង​លោក​នាយក​ រដ្ឋមន្ត្រី និង​លោក សម រង្ស៊ី តាម​បណ្ដាញ​សង្គម (Facebook) ចាប់​ពី​ថ្ងៃ​ ទី​១១ វិច្ឆិកា មក។

បើ​ទោះ​ជា​បែប​ណា លោក នី ចរិយា អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) យល់​ឃើញ​ថា នេះ​ជា​ការ​អនុវត្ត​ដែល​រំលោភ​ទាំង​ស្រុង​ប្រឆាំង​ទៅ​នឹង​ច្បាប់​បោះ​ឆ្នោត ដែល​បាន​ធានា​រួច​ហើយ​នូវ​អភ័យ​ឯកសិទ្ធិ​ដ៏​ពេញលេញ​របស់​មេ​បក្ស​ជំទាស់។

ច្បាប់​បោះ​ឆ្នោត​ថ្មី​មាត្រា​២៤ ចែង​ថា ជន​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ហើយ​ដែល​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ ឬ​ជន​ដែល​ត្រូវ​ផ្ដន្ទាទោស ត្រូវ​ដក​សិទ្ធិ​បោះ​ឆ្នោត ឬ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត។ ស្ថិត​ក្រោម​ហេតុផល​នេះ លោក នី ចរិយា អះអាង​ថា ការ​ពិត​ទោស​ទាំង​អម្បាលម៉ាន​របស់ លោក សម រង្ស៊ី ត្រូវ​បាន​ផុត​រលត់​រួច​ទៅ​ហើយ​ក្រោយ​ពី គ.ជ.ប បាន​ផ្ដល់​នីតិសម្បទា​ឲ្យ​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ មន្ត្រី​រដ្ឋាភិបាល​អះអាង​ហើយ​ថា គេ​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ ក្នុង​ការ​ចាប់​ខ្លួន លោក សម រង្ស៊ី។ ជុំវិញ​រឿង​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​ពុំ​បាន​ចេញ​បម្រាម​ដល់​ក្រុម​អាកាសចរណ៍​ស៊ីវិល មិន​ឲ្យ​លក់​សំបុត្រ​យន្តហោះ​សម្រាប់ លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា វិញ​ទេ។

តាម​បណ្ដឹង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​២០០៨ នោះ លោក សម រង្ស៊ី ធ្លាប់​ឈ្នះ​ក្ដី ហើយ​តុលាការ​កំពូល​របស់​ប្រទេស​បារាំង ក៏​បាន​ចេញ​សាល​ដីកា​រួច​ហើយ​ដែរ​ឲ្យ លោក ហោ ណាំហុង ចាញ់​ក្តី បន្ទាប់​ពី​បណ្ដឹង​ដ៏​ចម្រូងចម្រាស​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ជំនុំ​ជម្រះ​ឲ្យ លោក ហោ ណាំហុង ឈ្នះ​ក្ដី​លើ លោក សម រង្ស៊ី ជា​បន្តបន្ទាប់​មក។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ លោក សម រង្ស៊ី និយាយ​ថា នេះ​ជា​កំហុស​បច្ចេកទេស​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​ជា​ចេតនា​នយោបាយ ដើម្បី​ទុក​ចាត់​វិធានការ​ប្រឆាំង​មេ​បក្ស​ជំទាស់។ លោក​បន្ត​ថា តាម​ពិត​ផ្អែក​លើ​គោលការណ៍​ច្បាប់ កាល​ណា​ព្រះមហាក្សត្រ​ព្រះអង្គ​ព្រះរាជទាន​លើក​លែង​ទោស​ហើយ គឺ​បណ្ដឹង​ក៏​ត្រូវ​រលត់​ទៅ​តាម​នោះ​ដែរ៕


No comments:

Post a Comment