គណបក្ស នយោបាយ ធំៗ ទាំងពីរ អះអាង ថា, នៅតែ ប្រើប្រាស់ វប្បធម៌ សន្ទនា ដោះស្រាយបញ្ហា
RFA / វិទ្យុ អាស៊ី សេរី | ១៥ វិច្ឆិកា ២០១៥
តំណាង គណបក្ស ប្រជាជន កម្ពុជា និងគណបក្ សសង្គ្រោះជាតិ អះអាង ដូចគ្នា ថា, គណបក្ស ទាំងពីរ នឹងនៅតែ ប្រើប្រាស់ វប្បធម៌សន្ទនា ដើម្បី ដោះស្រាយ បញ្ហាជាតិ សំខាន់ៗ។ ការអះអាងនេះ ធ្វើឡើង នៅចំពោះមុខ យុវជន ជាង ២០នាក់ កាលពីព្រឹក ថ្ងៃទី១៥ វិច្ឆិកា ក្នុងកិច្ចពិភាក្សា រវាង យុវជន ជាមួយ គណបក្ស នយោបាយ ស្ដីពី «ការចូលរួម របស់ យុវជន ក្នុងការពង្រឹង វប្បធម៌សន្ទនា» ដែលត្រូវ បានរៀបចំឡើង ដោយអង្គការ កម្មវិធី អភិវឌ្ឍន៍ ធនធាន យុវជន (YRDP)។
មន្ត្រីគណបក្សនយោបាយធំៗទាំងពីរដែលមានវត្តមានក្នុងកិច្ច ពិភាក្សាជាមួយយុវជន រួមមាន តំណាងគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងតំណាងគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា។ តំណាងរាស្ត្រទាំងពីររូប សុទ្ធតែអះអាងដូចគ្នាថា វប្បធម៌សន្ទនានឹងនៅតែដើរតួសំខាន់សម្រាប់ដោះស្រាយបញ្ហាជាតិ បើទោះបីជាកម្តៅនយោបាយឡើងខ្លាំងដល់កម្រិតណាក៏ដោយ។
តំណាងគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សរបស់លោកតែងគោរពគោលការណ៍វប្បធម៌សន្ទនាជាមួយនឹងគណបក្ស សង្គ្រោះជាតិ ជានិច្ច។ លោក សុខ ឥសាន បញ្ជាក់ទៀតថា វប្បធម៌សន្ទនាអាចដំណើរការបាន លុះត្រាតែមានការអនុវត្តឲ្យបានពេញលេញទាំងខាងគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ លោក សុខ ឥសាន អះអាងថា វប្បធម៌សន្ទនាអាចអនុវត្តបានតែក្នុងរង្វង់នៃការចរចានយោបាយតែ ប៉ុណ្ណោះ មិនអាចឈានដល់ការលើកលែងការចោទប្រកាន់ និងចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាននោះឡើយ៖ «រឿងផ្លូវច្បាប់ យើងមិនអាចយកវប្បធម៌សន្ទនាមកនិយាយបានទេ ដូចថ្នាក់ដឹកនាំគណបក្សប្រជាជន បានបញ្ជាក់ច្បាស់ហើយថា វប្បធម៌សន្ទនាមិនគ្របដណ្ដប់ទៅលើផ្លូវច្បាប់បានទេ។ បើមិនអ៊ីចឹង គេនឹងចោទយើងរំលោភលើអង្គតុលាការ។ អង្គនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ វាជាអង្គការឯករាជ្យដាច់ចេញពីគ្នា។»
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ដោយចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅសារមន្ទីរជើងឯក កាលពីឆ្នាំ២០០៨។ កាលនោះ លោក សម រង្ស៊ី បានចោទ លោក ហោ ណាំហុង បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ថាជាអតីតប្រធានគុកបឹងត្របែក នៃរបបកម្ពុជាប្រជាធិបតេយ្យ។
ករណីនេះ លោក សម រង្ស៊ី អាចនឹងត្រូវអាជ្ញាធរចាប់ខ្លួននៅពេលលោកត្រឡប់មកកម្ពុជា វិញ។
ឆ្លើយតបនឹងបញ្ហានេះ លោក គី វណ្ណដារ៉ា តំណាងមកពីគណបក្សសង្គ្រោះជាតិ វិញលើកឡើងថា គណបក្សរបស់លោកនឹងអនុវត្តនូវវប្បធម៌សន្ទនារហូតដល់ដំណាក់កាលចុង ក្រោយ បើទោះជាមានការចាប់ខ្លួន លោក សម រង្ស៊ី ក៏ដោយ៖ «រឿងធម្មតា ទេ យើងមើលឃើញទិដ្ឋភាពថា កាលណាចាប់ថ្នាក់ដឹកនាំទៅ ប្រាកដជាលុបបំបាត់ចោលនូវវប្បធម៌សន្ទនា។ មិនអ៊ីចឹងទេ យើងនឹងបន្តព្យាយាមអត់ធ្មត់។ ជារឿងធម្មតាទេ បើគេចាប់ឪពុកម្តាយយើង យើងជាកូនចៅក៏មានអារម្មណ៍ឈឺចាប់ដែរ ប៉ុន្តែក្នុងនាមយើងជាខ្មែរដែលគិតផលប្រយោជន៍ជាតិជាធំ ត្រូវតែរក្សាជំហររបស់យើង ដើម្បីអនុវត្តនូវវប្បធម៌សន្ទនានេះ។»
លោក គី វណ្ណដារ៉ា បញ្ជាក់ទៀតថា ការបន្តប្រើប្រាស់វប្បធម៌សន្ទនានេះ មិនមែនជាការបន្ទន់ជំហរ ឬជាការចុះញ៉មគណបក្សប្រជាជនកម្ពុជា នោះទេ ប៉ុន្តែវប្បធម៌សន្ទនាជាគន្លឹះសំខាន់ក្នុងការដោះស្រាយបញ្ហាសង្គម និងនយោបាយនៅប្រទេសកម្ពុជា៖ «បើយើងបន្ទន់ជំហរ គេប្រាប់ឲ្យយើងកុំនិយាយ យើងឈប់និយាយហើយ ប៉ុន្តែយើងមិនដែលបន្ទន់ផង។ ឲ្យតែផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋត្រូវតែការពារ។»
វប្បធម៌សន្ទនា គឺជាសមិទ្ធផលនៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ គណបក្សទាំងពីរ បានព្រមព្រៀងគ្នាលើចំណុចចំនួន៧។ ស្មារតីនៃកិច្ចព្រមព្រៀងនេះ គឺការចូលធ្វើការជាមួយគ្នាក្នុងរដ្ឋសភា ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ការកំណត់ឡើងវិញនូវកាលបរិចេ្ឆទសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងព្រឹទ្ធសភា ការកែទម្រង់ និងពង្រឹងស្ថាប័នជាតិសំខាន់ៗ ពិសេសស្ថាប័នឯករាជ្យ និងការឯកភាពគ្នាក្នុងការសិក្សា ដើម្បីឈានទៅធ្វើវិសោធនកម្មផ្លូវច្បាប់ពាក់ព័ន្ធ ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងនេះ។
ចាប់តាំងពីមានកិច្ចព្រមព្រៀងនេះមក មានចំណុចតិចតួចប៉ុណ្ណោះដែលគណបក្សទាំងពីរអាចសម្រេចបាន។ នោះ គឺការចូលរួមធ្វើការជាមួយគ្នាក្នុងរដ្ឋសភា ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា។ ចំណែកក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាវិញ ការអនុវត្តធ្វើបានតែជាងមួយឆ្នាំប៉ុណ្ណោះ ដោយ លោក កឹម សុខា ដែលជាអនុប្រធានទី១ រដ្ឋសភា ត្រូវបានតំណាងរាស្ត្រទាំង ៦៨រូបនៃគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ពីតំណែងកាលពីថ្ងៃទី៣០ តុលា កន្លងទៅ។ ក្រៅពីនេះ ចំណុចផ្សេងទៀតនៃកិច្ចព្រមព្រៀង គេមិនទាន់ឃើញគណបក្សទាំងពីរអនុវត្តបាននៅឡើយ។
ជុំវិញការលើកឡើងអំពីការប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហាជាតិនេះ ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ យល់ឃើញថា ជាគំនិតមួយដ៏ត្រឹមត្រូវ។ លោក អ៊ូ វីរៈ ពន្យល់ថា ការសន្ទនាគ្នាដើម្បីដោះស្រាយបញ្ហាជាតិដោយសន្តិវិធី និងការប្រកួតប្រជែងគ្នាដោយថ្លៃថ្នូរ គួរតែជាស្នូលនៃវប្បធម៌សន្ទនា ដែលមិនគ្រាន់តែជាការល្អូកល្អិនរវាងមេដឹកនាំគណបក្សនយោបាយទាំង ពីរនោះទេ៖ «ដំណើរការបច្ចុប្បន្ននេះ វាផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយពីខ្លឹមសារច្បាប់ ហើយនិងផ្ទុយពីគោលគំនិតនៃស្មារតីប្រជាធិបតេយ្យផងដែរ។ ខ្ញុំថាប្រភពនៃបញ្ហា គឺដោយសារវប្បធម៌សន្ទនានេះ គ្មានអ្វីឲ្យជាក់លាក់នោះទេ គឺគ្រាន់តែជាការលេងសៀក លេងសម្ដីនៃអ្នកនយោបាយ ព្យាយាមប្រើតាក់ទិចខុសៗគ្នា។ បញ្ហា គឺយើងនៅតែបំពានខ្លឹមសារ និងស្មារតីនៃរដ្ឋធម្មនុញ្ញរបស់យើង។»
សម្រាប់ លោក អ៊ូ វីរៈ ការគោរព និងអនុវត្តតាមអ្វីដែលមានក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា គឺជាប្រការដ៏ល្អប្រសើរ ដើម្បីធានាបាននូវស្ថិរភាពនយោបាយក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment