លោក វ៉ា គឹមហុង ថា, វៀតណាម ចង់យក ទឹកដី កម្ពុជា នៅតំបន់ ដាក់ដាំ, ដាក់ហ៊ូត
RFA / វិទ្យុ អាស៊ី សេរី | ៣ វិច្ឆិកា ២០១៥
មន្ត្រីជាន់ខ្ពស់ ផ្នែកកិច្ចការ ព្រំដែន កម្ពុជា ចោទថា, វៀតណាម ចង់បាន ទឹកដី របស់ កម្ពុជា នៅក្នុងតំបន់ ដាក់ដាំ ដែលជាទីតាំង មិនទាន់មាន ការឯកភាពគ្នា រវាង រដ្ឋាភិបាល កម្ពុជា និងវៀតណាម។ ប្រធាន គណៈកម្មាធិការ ទទួលបន្ទុក កិច្ចការ ព្រំដែន លោក វ៉ា គឹមហុង ថ្លែងដូចនេះ ដើម្បី រក្សាជំហរ របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអះអាង ថា, តំបន់ ដាក់ដាំ ជារបស់ កម្ពុជា ខណៈ ដែលភាគី វៀតណាម កំពុង ឈ្លានពាន យក និងអះអាង ថា ជាដី របស់ខ្លួន។
លោក វ៉ា គឹមហុង ប្រធាន គណៈកម្មាធិ ការទទួលបន្ទុក កិច្ចការ ព្រំដែន លើកឡើង បែបនេះ ប្រាប់វិទ្យុ អាស៊ី សេរី នៅថ្ងៃ ទី៣ វិច្ឆិកា បន្ទាប់ ពីក្រសួង ការបទេស វៀតណាម កាលពីថ្ងៃ ទី២ ខែវិច្ឆិកា បានចេញ សេចក្តីថ្លែងការណ៍ ដ៏កម្រមួយ ប្រតិកម្ម ឆ្លើយតប នឹងសម្ដី របស់ លោក ហ៊ុន សែន ទាក់ទង នឹងរឿងដី នៅព្រំដែន កម្ពុជា-វៀតណាម នៅតំបន់ ដាក់ដាំ-ដាក់ហ៊ូត។
សេចក្តីថ្លែងការណ៍ ដដែល បញ្ជាក់ថា, វៀតណាម មានគ្រប់គ្រាន់ នូវមូលដ្ឋាន ច្បាប់, ប្រវត្តិសាស្ត្រ, និងការគ្រប់គ្រង ស្ថានភាព ពិត ដើម្បី បញ្ជាក់ថា តំបន់នេះ ស្ថិតក្នុង បូរណភាព ទឹកដី ពេញលេញ និងគ្រប់គ្រាន់ របស់ វៀតណាម។
ផ្ទុយ ពីការ លើកឡើងនេះ លោក វ៉ា គឹមហុង បញ្ជាក់ ថា, កម្ពុជា មានសេចក្តី សម្រេច របស់ អគ្គទេសាភិបាល បារាំង ឆ្នាំ១៩១៤ ខ្សែព្រំដែន តាមព្រែក ដាក់ហ៊ូត។ ដូច្នេះ តំបន់ ដាក់ដាំ-ដាក់ហ៊ូត ស្ថិតក្នុង បូរណភាព ទឹកដី របស់ កម្ពុជា។ លោក បន្តថា, ការអះអាង របស់ វៀតណាម ព្រោះ វៀតណាម ចង់បាន តំបន់ នោះ៖ «គេ [វៀតណាម] ធ្លាប់កាន់កាប់ រួចហើយ។ គេ ចង់កាន់កាប់ បន្តទៀត។ គេ មិនព្រម ទទួលស្គាល់ សិទ្ធិ ក្នុងការ ទាមទារ របស់យើង។ យើង មានសិទ្ធិ ក្នុងការ ទាមទារ ព្រោះ សេចក្តីសម្រេច របស់ អគ្គទេសាភិបាល បារាំង នៅពេលនេះ គឺ ជាច្បាប់។»
កាលពីថ្ងៃទី២៥ ខែតុលា លោក ហ៊ុន សែន បានថ្លែងពីប្រទេសបារាំង ថា វៀតណាម បានចរចាក្រៅផ្លូវការជាមួយលោក ដោយភាគីវៀតណាម យកតំបន់ដាក់ដាំ ៦០ភាគរយ ហើយឲ្យកម្ពុជា ៤០ភាគរយ ប៉ុន្តែ លោក ហ៊ុន សែន មិនបានយល់ព្រមទេ។ លោកបញ្ជាក់ថា ទីតាំងនោះជារបស់កម្ពុជា ដូច្នេះកម្ពុជា ត្រូវជាម្ចាស់លើដែនដីនោះ។ លោក ហ៊ុន សែន ប្រកាសជំហរមុខពលរដ្ឋខ្មែរនៅបារាំង ថា លោកនៅតែតស៊ូជាមួយវៀតណាម ព្រោះប្រសិនបើវៀតណាម យកដីនោះបាន កម្ពុជា នឹងបាត់បង់ផ្ទៃដីអស់ជាង ៥១គីឡូម៉ែត្រការ៉េ។
ទោះបែបនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយប៊ិញ (Le Hai Binh) បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា តំបន់ព្រំដែនដាក់ដាំរបស់ខេត្តដាក់ណុង (វៀតណាម) ជាប់នឹងខេត្តមណ្ឌលគិរី (កម្ពុជា) គឺស្ថិតក្នុងបូរណភាពទឹកដីពេញលេញ និងគ្រប់គ្រាន់របស់វៀតណាម តាំងពីដើមរៀងមក។
ឆ្លើយតបករណីនេះ លោក វ៉ា គឹមហុង លើកឡើងថា ត្បិតតំបន់ដាក់ដាំដាក់ហ៊ូត សព្វថ្ងៃត្រូវវៀតណាម គ្រប់គ្រង ប៉ុន្តែមិនមែនមានន័យថា មានសិទ្ធិពេញលេញ ឬមានបូរណភាពលើតំបន់នោះទេ។ លោកថា កម្ពុជា នៅតែរក្សាបន្តការចរចា ដើម្បីរកដំណោះស្រាយលើបញ្ហាមិនទាន់ដោះស្រាយនៅតំបន់ដាក់ដាំ ដាក់ហ៊ូត៖ «កម្ពុជា នៅតែបន្តការចរចា ហេតុដូច្នេះនៅក្នុងសន្ធិសញ្ញាបំពេញបន្ថែម ប្រការ១ វាក្យខណ្ឌ១ ថា ភាគីទាំងពីរបន្តការចរចា។»
ដោយឡែកសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ទិប ទាវ បញ្ចេញទស្សនៈថា ការឆ្លើយតបរបស់វៀតណាម នៅពេលនេះ ជាការឆ្លើយតបដដែល ដើម្បីបំភ្លៃយកទឹកដៃកម្ពុជា នៅតំបន់ដាក់ដាំ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា យកផែនទីតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៥៤ មកតតាំងជាមួយវៀតណាម នោះកម្ពុជា នឹងអាចគ្រប់គ្រងតំបន់នោះបាន៖ «រាល់អ្វីដែលភាគី វៀតណាម ចេះតែលើកឡើង គឺស្របពេលដែលរដ្ឋាភិបាលពុំទាន់មានអំណះអំណាងអ្វីជាក់លាក់ឆ្លើយតប ទៅភាគីវៀតណាម។»
លោក ហ៊ុន សែន ថា មួយឆ្នាំៗរដ្ឋាភិបាលកម្ពុជា ផ្ញើកំណត់ទូតច្រើនណាស់ទៅរដ្ឋាភិបាលវៀតណាម ស្នើឲ្យបញ្ឈប់ការសាងសង់ផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន ដែលភាគីវៀតណាម សាងសង់លើតំបន់ដាក់ដាំដាក់ហ៊ូត ដែលកំពុងមានបញ្ហានោះ៕
No comments:
Post a Comment