Paris Peace Accords 23 Oct. 1991

Tuesday, November 3, 2015

[Vietnamization] វៀតណាម ​អះអាង ​ថា, មានឯកសារ គ្រប់គ្រាន់ ក្នុងការ គ្រប់គ្រងដី ​នៅតំបន់ ដាក់ដាំ​ ដែលកំពុង ចម្រូងចម្រាស | Vietnam says it has sufficent docs to administer Dak Darm (Mondolkiri) territory in dispute


អ្នកនាំពាក្យ​ ក្រសួង​ ការបរទេស​ វៀតណាម ​លោក Le Hai Binh (រូបថត ដោយ​VNA)

វៀតណាម ​អះអាង ​ថា, មានឯកសារ គ្រប់គ្រាន់ ក្នុងការ គ្រប់គ្រងដី ​នៅតំបន់ ដាក់ដាំ​ ដែលកំពុង ចម្រូងចម្រាស​

VOD / វីអូឌី |២ វិច្ឆិកា ២០១៥

អ្នកនាំពាក្យ ​ក្រសួង​ ការបរទេស ​វៀតណាម ​លោក Le Hai Binh បាន​អះអា​ង កាលពីថ្ងៃ​ចន្ទ ​ថា, ​ភាគី វៀតណាម​ មានឯកសារ គ្រប់គ្រាន់​ ក្នុង​ការ​ គ្រប់គ្រងដី​ នៅ​ដាក់ដាំ ក្នុង​​ខេត្ត មណ្ឌលគិរី ដែលរដ្ឋាភិបាល កម្ពុជា​ កំពុ​ង តែ​​ បា​រម្ភថា នឹង​បាត់បង់ ដី នៅតំបន់​នោះ។​ ​

លោក Le Hai Binh ប្រាប់អ្នក​សារព័ត៌មានក្នុងប្រទេស​វៀតណាមបែបនេះ ជា​ការឆ្លើយ​តបនឹង​លោក នាយករដ្ឋម​ន្រ្តី​ ហ៊ុ​ន សែន ដែល​​បាន​ទម្លាយ​កាលពីថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ថា​ភាគីវៀតណាម​បាន​សុំចែកទឹកដីនៅតំបន់ដាក់ដាំដាក់ហ៊ូត​​៥១គីឡូ​ម៉ែ​ត្រ​ ការ៉េ។ លោក ហ៊ុន សែន បាន​​ថ្លែងថា៖ «វៀតណាម​ដំបូង គេបន្ថយ​ជំហរ ឥឡូវសុំចែកគ្នា អាហ្នឹង​ក្រៅផ្លូវការទេ គេថាសុំចែកគ្នា គេឲ្យយើង៤០ភាគរយ គេយក​៦០ភាគរយ​ ខ្ញុំថា​អត់ទេ ខ្ញុំត្រូវការទាំងអស់ហ្មង​ ព្រោះ​ដីដូន​តាខ្ញុំ​។»

​សារព័ត៌មានវៀតណាម ​www.vietnamplus.vn បានដកស្រង់សម្តី​របស់លោក Le Hai Binh ថា, ប្រទេស ​វៀត​​ណាម​មាន «អធិបតេយ្យ​ភាព ​ពេញលេញ» ទៅលើដីនៅតំបន់ព្រំដែន ​ដាក់ដាំក្នុងខេត្ត​ដាក់ណងនៃប្រទេស​​វៀតណាម​ ដែលជាប់នឹង​​ព្រំដែន​ខេត្តមណ្ឌលគិរីនៃ​ប្រទេស​កម្ពុជា។ នៅពេលអ្នក​សារព័ត៌មានសួរពីការលើកឡើងរបស់លោក ហ៊ុន សែន លោក Le Hai Binh បាន​ឆ្លើយ​តប​ថា​​ភាគីវៀតណាមកំពុង​តែ​ផ្ទៀងផ្ទាត់នូវ​ការ​អះអាង​នេះ។​

បើតាមការដកស្រង់សម្តីរបស់សារព័ត៌មាន​វៀតណាម​ លោក Le Hai Binh បាន​​សង្កត់ធ្ងន់ ថា, ប្រទេស វៀត​ណាម មាន «មូលដ្ឋាន​ ប្រវត្តិសាស្រ្ត​ និង​ច្បាប់ គ្រប់គ្រាន់​ និង​ការគ្រប់គ្រង​​ ជាក់ស្តែង ​ក្នុង​ការ​បង្ហាញ​ ថា, ​វៀតណាម គ្រប់គ្រង អធិបតេយ្យ​ភាព​ ពេញលេញ​ ទៅលើដី នៅតំបន់ ដាក់ដាំ។»
 
ប្រធាន គណៈកម្មាធិការ ព្រំដែន កម្ពុជា លោក វ៉ា គឹមហុង  ប្រាប់ វីអូឌី (VOD) នៅថ្ងៃអង្គារនេះ ថា, បើ តាមឯកសារ របស់ អគ្គទេសសាភិបាល បារំាង ដី នៅតំបន់នោះ ជារបស់ កម្ពុជា។ 

លោក មានប្រសាសន៍ ថា៖ «យើង មានសេចក្តី សម្រេច របស់ អគ្គទេសាភិបាល បារំាង ឆ្នាំ១៩១៤ ដែលបញ្ជាក់ ថា, ខ្សែព្រំដែន នៅតំបន់នោះ ដើរតាម តំបន់ ព្រែក ដាក់ហ៊ូត រហូត ដល់ព្រែក នេះទៀតផង។  ដូច្នេះ វាច្បាស់ ហើយ។  រួច សេចក្តីសម្រេច របស់ ទេសាភិបាល បារំាង នៅជំនាន់នោះ ជំនាន់ អាណានិគម, វា ជាច្បាប់ ដល់មានច្បាប់ ពីប្រទេស បារំាង យកទៅសម្រេច កាត់ដី តំបន់ ដាក់ដំា។  ដាក់ហ៊ូត វាជារបស់ កម្ពុជា រួចទៅហើយ ដូច្នេះ យក តែ សេចក្តី សម្រេច ឆ្នាំ១៩១៤ យកមក ជាអំណះអំណាង ច្បាប់រឹងមំា របស់យើង។»

លោក ​បន្ត​ថា​, ភាគី វៀតណាមកំពុង​រំលោភ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែលប្រទេសទាំងពីរ​បាន​ធ្វើ​ជាមួយគ្នា។ លោក​មានប្រសាសន៍​ថា​៖ «ខ្ញុំសូម ​បញ្ជាក់ថា​អ្នក​នាំពាក្យ​វៀតណាម​ដែលគាត់​លើក​ឡើង​ហ្នឹង​ វា​មិន​សមរម្យ​ទេ បើតាមមតិខ្ញុំ។ រឿងអ្វីបាន​មិនសមរម្យ​ ព្រោះថាពេល​​យើងចរចា​ធ្វើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ មាន​វាក្យ​ខណ្ឌមួយ​ និយាយ​យ៉ាងច្បាស់ថា​ បើ​តំបន់នោះ​មិនទាន់បានឯក​ភាពគ្នា​ ភាគីទាំងពីរ​បន្ត​ការចរចា ដើម្បីរកដំណោះស្រាយនៅតំបន់ដែល​នៅ​ប្រទាញប្រទង់គ្នា ដាក់ដាំ ដាក់ហ៊ូតហ្នឹង។ ដូច្នេះតាំងពី​២០០៥ គេទទួលស្គាល់ថាមានការ​ប្រទាញប្រទង់ ហេតុនេះហើយ​មិនទាន់បានដាច់ស្រេច ហើយ​ឥឡូវអំណះអំណាងថា​ជារបស់គាត់ ​ពេញសិទ្ធិ​របស់គាត់ វាអត់ត្រឹមត្រូវ តាមច្បាប់​។»

នៅពេលសួរថាតើរដ្ឋាភិបាលកម្ពុជាមានគម្រោងប្តឹងទៅតុលាការអន្តរជាតិករណីនេះ លោក វ៉ា គឹមហុង បានឆ្លើយថាកម្ពុជាមិនមានគម្រោងប្តឹងនោះទេ ដោយថានឹងយកករណីនេះបន្តជជែកជាមួយភាគីវៀតណាមនៅពេលឆាប់ៗនេះ។
បើ​តាម​លោក ហ៊ុន សែន សេចក្តីសម្រេច​របស់អគ្គទេសាភិបាល​បារាំងឆ្នាំ១៩១៤ បាន​ចែងថា​ព្រំដែនកម្ពុជា​វៀតណា​មត្រូវដើរ​តាម​ព្រែកដាក់​ហ៊ូត​ ប៉ុន្តែ​លោក​ថា​ផែនទីដែល​បារាំងគូសឲ្យ​ ដើរ​តាម​ព្រែកដាក់ដាំ ដែល​​លោ​ក​ថា​នឹង​​នាំ​ឲ្យកម្ពុជា​បាត់បង់​ទឹកដី៥១គីឡូម៉ែត្រ។​ ប៉ុន្តែ​លោក​ថា​លោក​នឹង​តស៊ូ ដើម្បី​បាន​ទឹក​ដីទាំងនោះ។  លោក ហ៊ុន សែន បន្ត​ថា​ការ​ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ​នឹងមិនអាច​ឲ្យ​កម្ពុជា​ ឈ្នះនោះទេ។ លោក​បានថ្លែងថា​៖ «សុខចិត្តឈឺចាប់ខ្លួន​ឯង ដើម្បី​ការពារទឹកដី​ ឲ្យ​គេជេរអីជេរទៅ។  ប៉ុន្តែ ឥឡូវ ខ្ញុំ លែងទូល ផែនដីនេះ ខ្លួនឯង, លែងរួចហើយ​ បក្ស​ប្រឆាំង អ្នកបំផ្លាញ។»

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន​ ដែល​អះអាង​ថា​កម្ពុជា​បាត់បង់ដីទៅវៀតណាម មាន​ប្រសាសន៍ថា​បើតាមផែនទី​ដែលលោកទទួលបានពីអង្គការសហប្រជាជាតិ ខ្សែបន្ទាត់ព្រំដែនខ្លះ​​ដើរតាម​ព្រែក​ដាក់​ដាំ​និង​ខ្លះទៀត​ ដើរតាមព្រែកដាក់ហ៊ូត​ ប៉ុន្តែ​លោក​ថា​កម្ពុជា​អាច​ប្រើសេចក្តីសម្រេច​របស់អគ្គទេ​សាភិ​ បាលឥណ្ឌូចិនឆ្នាំ​១៩១៤ មក​ដោះស្រាយជាមួយភាគីវៀតណាម ដែលសម្រេចថា​​ខ្សែបន្ទាត់ព្រំដែន​ទាំង​អស់​​ត្រូវ​​ដើ​រតាមព្រែកដាក់​ហ៊ូត​។ ​ លោក​បន្ត​ថា​ត្រូវតែ​មាន​ការគូសផែនទីឬកំណត់ព្រំដែន​​ឡើងវិញ ឲ្យ​ដើ​រ​​តាមព្រែក​ដាក់ហ៊ូត ​តាមសេចក្តីសម្រេច របស់ អគ្គទេសាភិបាល បារាំង។

លោក​មានប្រសាសន៍ថា៖ «ដោយសារអ្នក​ បច្ចេកទេសបារាំង គាត់​គូសផែនទី​ហ្នឹង​មិនបានមើលទៅតាមសេចក្តីសម្រេច​របស់​អគ្គទេសាភិបាលបារាំង ​ប្រចាំនៅឥណ្ឌូចិន ដូច្នេះ​ត្រូវគូសផែនទីឬកំណត់​ព្រំដែនសាឡើងវិញ ទៅតាមព្រែកដាក់ហ៊ូត មិនមែនដើរ​ព្រែកដាក់ដាំទេ។ អញ្ចឹង​ការទាមទារ​របស់​រដ្ឋាភិបាគឺការត្រឹមត្រូ​វ​ហើយ ដែលយើងមិ​នត្រូវចែកដីហ្នឹងជាមួយ​យួនហ្នឹង​​។»

លោក​ អ៊ុំ សំអាន បន្ត​ថា​តាមការចុះទៅមើលតំបន់ជាក់ស្តែង ច្រកព្រំដែនកម្ពុជា-​វៀតណាម​បណ្តោះអាសន្ន ​ស្ថិត​នៅត្រង់ព្រែក​ដាក់ដាំ មិនទាន់ទៅ​ដល់​ព្រែកដាក់​ហ៊ូត​​នោះទេ ប៉ុន្តែ​លោក​ថា​​វៀត​ណា​មបានស្ថាបនា​ផ្លូវជាបន្ត​បន្ទាប់​​មក​ជា​ប់​​នឹង​ ព្រែ​​កដាក់ដាំហើយ។ លោក​ចាត់ទុក​ការស្ថាបនាផ្លូវនេះជា​ការ​​រំលោភកិច្ច​ព្រមព្រៀងកម្ពុជា​វៀតណាម ឆ្នាំ​១៩៩៥ ដែលមិនឲ្យ​សាង់សង់អ្វីថ្មីនៅតំបន់ដែលមិន​ទាន់​បោះបង្គោលព្រំដែន​។​

លោក អ៊ុំ សំអាន បន្ថែម​ថា​៖ «ប្រសិន​បើ​អត់មាន​ដំណោះស្រាយ លោក ហ៊ុន  សែន ​ត្រូវ​ប្តឹងករណីហ្នឹង​ទៅតុលាការយុត្តិធម៌អន្តរជាតិ​(ICJ)នៅទីក្រុងឡាអេ។» 

លោក ​បន្ត​ថា, ​ភាគី កម្ពុជា​ ក៏អាច ​ប្តឹងទៅ ប្រទេស ហត្ថ​លេ​ខី​ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១ផងដែរ ដោយ​សារវៀតណាម​ជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងនេះ៕​



1 comment:

  1. Anonymous2:07 AM

    Bravo ah HUN SEN...now you are undoubtedly VIET/YUON 's slave to the eternity!!!

    ReplyDelete