Paris Peace Accords 23 Oct. 1991

Tuesday, November 3, 2015

សារ ​​ឆ្លងឆ្លើយ ​​របស់ ​អ្នក​នយោបាយ ​និង​​ស្ថានការណ៍​ នយោបាយ ​ចុងក្រោយ | Correspondences of politicians and latest update on political situation

សារ ​​ឆ្លងឆ្លើយ ​​របស់ ​អ្នក​នយោបាយ ​និង​​ស្ថានការណ៍​ នយោបាយ ​ចុងក្រោយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣ វិច្ឆិកា ២០១៥

 

កឹម សុខា ហ៊ុន សែន ៦១០
អនុ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ចាប់​ដៃ​ ជាមួយ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន ​ព្រឹទ្ធ​សភា ក្រោយ​ជំនួប ចរចា ​កំពូល ​នៅ​ថ្ងៃ​ ទី​២២ កក្កដា ២០១៤។  RFA/Tin Zakariya

កម្ដៅ​ នយោបាយ ​ក្នុង​ប្រទេស ​កម្ពុជា ដែល​កំពុង ​តែ​ ពុះកញ្ជ្រោល​នេះ គឺ ​ផ្ទុះ​ឡើង​ បន្ទាប់ ​ពី​សម្ដី ឬ​សារសំខាន់​ ដែល​តួអង្គ​ នយោបាយ​ សំខាន់ៗ​ នៅ​កម្ពុជា បាន​បាញ់​ ដាក់​គ្នា​ ទៅ​វិញ​ទៅ​មក ​រហូត ​កើត​មាន​ អំពើ​ហិង្សា ​ទៅ​លើ​ក្រុម​ អ្នក​តំណាងរាស្ត្រ​ គណបក្ស​ប្រឆាំង និង​ការ​គំរាម​ ថា, នឹង​មាន​ សង្គ្រាម ​នៅ​កម្ពុជា ជាដើម។

​ក្រុម​អ្នក​ឃ្លាំមើល ​សិទ្ធិ​មនុស្ស​ ជាតិ និង​អន្តរជាតិ ចាត់​ទុក​ ស្ថានភាព និង​សារ​ នយោបាយ ​របស់​ មេដឹកនាំ​ ប្រទេស ​បែប​នេះ ធ្វើ​ឱ្យ​ ប្រជាពលរដ្ឋ​ មាន​ការ​ភិតភ័យ និង​ជា​ការ ​ដើរ​ថយ​ក្រោយ​ នៃ​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា។

​ស្ថានភាព​ តានតឹង​ ផ្នែក​នយោបាយ​ ក្នុង​ប្រទេស ​កម្ពុជា នៅ​​ដំណាក់កាល​ ចុង​ក្រោយ​នេះ អាច​ឡើង​ កម្ដៅ ​ទៅ​បាន ​គឺ​ ដោយសារ​ ឈុត​ឆាក ​ថ្មីៗ ដែល​តួអង្គ​ នយោបាយ​ ទាំង​ឡាយ ​បាន​បង្កើត​ឡើង និង​បាន​សម្ដែង ​យ៉ាង​ស្ទាត់ ជំនាញ។  ក្នុង​នោះ ​គឺ ​ចាប់​ផ្ដើម​ ពី​សារ​ នយោបាយ ​ឌឺ​ដង​ ដាក់​គ្នា​ ដែល​អ្នក​ខ្លះ ប្រើ ​ពាក្យ​សម្ដី​ ជា​អាវុធ, ហើយ ​ខ្លះ​ទៀត ​ប្រើ​សកម្មភាព ​ហិង្សា ដើម្បី​ តបត​ យក​ឈ្នះ ​គូប្រកួត​ នយោបាយ។

​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ ចែក​សញ្ញាបត្រ ​ដល់​និស្សិត​ សាកលវិទ្យាល័យ វេស្ទឺន (Western) កាល​ព្រឹក​ ថ្ងៃ​ទី​១៩ ខែ​តុលា ថ្លែង​ថា, លោក ​ចង់​ឱ្យ ​ប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ គោរព​ ពាក្យ​សច្ចៈ ដែល​ថា​, គណបក្ស ​មួយ​នេះ ​នឹង​រក្សា​ទុក​ នូវ​តំណែង ​របស់ ​មន្ត្រី​រាជការ ​នៃ​របបចាស់ បើសិន ជា​គណបក្ស​ ឈ្នះ ​ការ​បោះ​ឆ្នោត​ នៅ​ពេល​ ខាង​មុខ។

​លោក ហ៊ុន សែន ថ្លែង​ទាំង​ក្តី​ជឿជាក់​ថា មន្ត្រី​នៃ​របប​ចាស់​នឹង​មិន​សុខចិត្ត​ទេ បើ​សិន​ជា​មាន​ការ​ដក​តួនាទី​របស់​ពួកគេ​នោះ៖ «ហ៊ាន ​ប៉ះ ប៉ុល សារឿន ប៉ះ នេត សាវឿន ពួក​នេះ​ទាញ​កម្លាំង​ដាក់​ភឹង។ ឯង​សន្យា ឯង​ថា អត់​ដក​អញ ឥឡូវ​ឯង​ដក​ម៉េច? ចៅហ្វាយ​ខេត្ត​នានា ទាញ​កម្លាំង​ដាក់​ភឹង។ ឯង​សន្យា​មិន​គោរព​យ៉ាងម៉េច។ ដល់​ធ្វើ​អត់​បាន ក្រុម​អ្នក​គាំទ្រ​វិញ​ម្ដង។ ទេ! លោក​ឯង​សន្យា​ឲ្យ​អញ​ធ្វើ​ចៅហ្វាយ​ស្រុក ម៉េច​ក៏​មិន​ឲ្យ​អញ​ទុក​អា​ពួក​ហ្នឹង​ដដែល។ លោក​ប្រធាន​ដោះស្រាយ​ទៅ!»

បន្ទាប់​មក​ក្នុង​សម័យ​ប្រជុំ​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា លោក ហ៊ុន សែន បាន​គំរាម​គណបក្ស​ប្រឆាំង​ថា លោក​ចាំ​កំដរ​លេង​នយោបាយ​ជាមួយ​បក្ស​សង្គ្រោះ​តាម​គ្រប់​ទម្រង់​ទាំង​អស់ មិន​ថា ក្ដៅ ឬ ត្រជាក់ នោះ​ឡើយ៖ «បើ​អស់​លោក​ចង់​បន្ត ខ្ញុំ​កំដរ​លេង ខ្ញុំ​បាន​ប្រាប់ រង្ស៊ី ហើយ ខ្ញុំ​កំដរ​លេង​គ្រប់​ទម្រង់​លេង គ្រប់​រដូវ​កាល និង​គ្រប់​រសជាតិ។ ក្ដៅ ត្រជាក់ ផ្អែម ល្វីង ជូរ ចត់ ខ្ញុំ​លេង​បាន​ទាំង​អស់។»

​ចំណែក​លោក កឹម សុខា វិញ​ឆ្លើយ​តប​ថា លោក​គ្មាន​អ្វី​នឹង​ត្រូវ​លេង​ជាមួយ​លោក ហ៊ុន សែន នោះ​ឡើយ ហើយ​ថា សម្ដី​គំរាម​របស់​លោក ហ៊ុន សែន ដែល​តែង​គំរាម​ថា មាន​សង្គ្រាម​គឺ​ដោយសារ​លោក ហ៊ុន សែន ដឹង​ខ្លួន​ជា​មុន​ថា គណបក្ស​កាន់​អំណាច​នឹង​ចាញ់​ការ​បោះ​ឆ្នោត​ខាង​មុខ៖ «យើង​អត់​លេង​ទេ យើង​ទៅ​លេង ទៅ​ឈ្លោះ​គ្នា​ធ្វើ​ស្អី​ទៀត។ យើង​ត្រូវ​ធ្វើការ​ដោះស្រាយ សំខាន់​ឲ្យ​មាន​ឯកភាព​ជាតិ ឲ្យ​មាន​ស្ថិរភាព​នយោបាយ និង​រៀបចំ​ការ​អភិវឌ្ឍ​ឲ្យ​មាន​ទាំង​អស់​គ្នា។ រឿង​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ រាប់​សិប​ឆ្នាំ​មក​ហើយ។ សម្រាប់​ខ្ញុំ​គ្មាន​អ្វី​ថ្មី​ទេ ចំពោះ​សម្ភី​របស់​គាត់។ នេះ​ប្រហែល​មក​ពី​គាត់​ដឹង​ខ្លួន​ច្បាស់​ថា គាត់​ចាញ់។»

​លោក អ៊ូ វីរៈ អ្នក​ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា និយាយ​ថា សារ​គំរាម​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​ជា​ការ​ប្រកាស​ដោយ​ចំហ​ត្រៀម​ធ្វើ​រដ្ឋប្រហារ​ទៅ​លើ​បក្ស​ថ្មី ប្រសិនបើ​បក្ស​នោះ​ជាប់​ឆ្នោត៖ «ការ​លើក​ឡើង​របស់​សម្ដេច​ នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​ការ​ព្រួយ​បារម្ភ។ ទី​មួយ​យើង​មិន​ដឹង​ថា តើ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ព័ត៌មាន​អ្វី​មួយ​ដែល​យើង​អត់​ដឹង ឬ​មួយ​សម្ដេច​មាន​ព័ត៌មាន​ថា លោក​ទាំង​ពីរ​មាន​ឆន្ទៈ ឬ​បំណង​ធ្វើ​រដ្ឋ​ប្រហារ​មែន ប្រសិនបើ​គេ​ដក​តួនាទី​របស់​ពួកគាត់។ ប្រសិនបើ​ជា​មាន​ព័ត៌មាន និង​ភស្តុតាង​ពិត​ប្រាកដ​មែន នោះ​ខ្ញុំ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត។»

ចាប់​ពី​នោះ​មក នយោបាយ​នៅ​កម្ពុជា កាន់តែ​បន្ត​ឡើង​កម្ដៅ ខណៈ​មាន​ការ​រិះគន់​ជា​ច្រើន​បាញ់​ឆ្ពោះ​ទៅ​រក​រដ្ឋាភិបាល​ថា មិន​បាន​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​ពេញលេញ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ និង​ការ​រំលោភ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ពី​សំណាក់​ប្រទេស​ជិត​ខាង។

​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ថា កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស នេះ​ហើយ​ដែល​ជា​ឱសថ​ដ៏​ស័ក្ដិសិទ្ធិ​ក្នុង​ការ​បណ្ដេញ​យោធា​វៀតណាម ចេញ​ពី​កម្ពុជា៖ «នៅ​ទសវត្ស​ទី​៨០ មាន​អ្នក​ណា? គឺ​មាន​វៀតណាម និង​ថ្លើមថ្លៃ​របស់​ហ្នឹង​ហើយ។ វៀតណាម និង​ថ្លើមថ្លៃ​ហ្នឹង គេ​ធ្វើ​សន្ធិសញ្ញា​កម្ពុជា-​វៀតណាម ឆ្នាំ​១៩៧៩ ថា ភ្នំ​ធឿងសឺន សមុទ្រ អាច​រីង ប៉ុន្តែ​កម្ពុជា-​វៀតណាម អមតៈ។ លេប​ហើយ​មិន​ខ្ចី​ខ្ជាក់​ទេ មើល​ទៅ​ដាក់​ថ្នាំ​ខ្លាំង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ដោះស្រាយ​បញ្ហា​កម្ពុជា។»

​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ប្រសិនបើ​គ្មាន​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា នោះ​វា​គ្មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នោះ​ដែរ។ លោក​ថា ប្រសិន​បើ​គេ​ជា​មនុស្ស​ពិត​ប្រាកដ​គេ​ត្រូវ​ហ៊ាន​និយាយ​អំពី​ប្រវត្តិ​ ច្បាស់លាស់​អំពី​ឫសគល់​នៃ​ការ​កកើត​កិច្ច​ព្រមព្រៀង​នេះ៖ «ហេតុ​អ្វី​ ចាំបាច់​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស? អា​ហ្នឹង​វា​មាន​ដើម​ចម​របស់​វា។ បើ​គ្មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ទេ វា​ក៏​គ្មាន​របប ប៉ុល ពត ដែរ ហើយ​បើ​គ្មាន​របប ប៉ុល ពត ទេ វា​ក៏​គ្មាន​ពួក​យើង​ទៅ​វ៉ៃ​រំដោះ​របប ប៉ុល ពត ដែរ ហើយ​វា​ក៏​អត់​មាន​សង្គ្រាម​ស៊ីវិល​ដែល​តម្រូវ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ ក្រុង​ប៉ារីស​ដែរ។ ដូច្នេះ​ត្រូវ​រក​ឫសគល់ បើ​សិន​គេ​ជា​មនុស្ស​ពិត​ប្រាកដ កុំ​លាក់ កុំ​លៀម តើ​ហេតុ​អ្វី​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស?»

​ទោះបីជា​យ៉ាង​ណា​ក្តី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ថ្លែង​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​នាំ​ឲ្យ​មាន​សន្តិភាព សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ៖ «បើ​សិន​នាំ​គ្នា​អនុវត្ត​កិច្ច​ព្រមព្រៀង​ ក្រុង​ប៉ារីស យើង​យក​ស្មារតី​នេះ​មក​ចងចាំ​ជានិច្ច អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ខ្ញុំ​ជឿ​ថា នឹង​មិន​មាន​សង្គ្រាម​ទេ ទោះ​បី​គណបក្ស​ណា​ឈ្នះ​ឆ្នោត​ក៏ដោយ។ ទី​ពីរ​យើង​ឃើញ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ ក្រៅ​ពី​ការ​បញ្ចប់​សង្គ្រាម​ហ្នឹង គឺ​គេ​ឲ្យ​កសាង​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ កសាង​នីតិរដ្ឋ។»

​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​បារាំង លោក​បាន​ខឹងសម្បា​បក្ស​ប្រឆាំង​យ៉ាង​ខ្លាំង​ដែល​លោក​ចោទ​ថា បាន​រៀបចំ​ឲ្យ​មាន​បាតុកម្ម​ស្វាគមន៍​រូប​លោក​នៅ​ទីក្រុង​ប៉ារីស ក្នុង​ការ​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​អំណាច ឬ​ចោទ​ថា លោក​ជា​មេដឹកនាំ​ផ្ដាច់ការ។  ភាព​ខឹងសម្បា​នេះ អាច​ដោយសារ​លោក​មិន​ទាន់​រំសាយ​ចិត្ត​ចំពោះ​បាតុកម្ម​ដែល​មាន​មនុស្ស​ប្រមាណ ៦០០​នាក់ ប្រឆាំង​រូប​លោក​កាល​ពី​ខែ​កញ្ញា នៅ​បុរី​ញីវយ៉ក សហរដ្ឋអាមេរិក។

លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​តុលា ថា បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​នៅ​បារាំង គឺ​ជា​សិទ្ធិ​ប្រជាពលរដ្ឋ ចំណែក​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដូច​គ្នា ហើយ​ថា "បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង"៖ «ឯកឧត្ដម កឹម សុខា បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង។ បើ​ស្អែក​គេ​លេង​នៅ​ភ្នំពេញ​ វិញ​កុំ​ខឹង​គេ ហើយ​លេង​ហ្នឹង​ប្រហែលជា​អស់​តំណែង​អនុ​ប្រធាន​រដ្ឋ​សភា​ទៀត។»
«ឯកឧត្ដម កឹម សុខា បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង។ បើ​ស្អែក​គេ​លេង​នៅ​ភ្នំពេញ​ វិញ​កុំ​ខឹង​គេ ហើយ​លេង​ហ្នឹង​ប្រហែលជា​អស់​តំណែង​អនុ​ប្រធាន​រដ្ឋ​សភា​ទៀត។»
​មជ្ឈដ្ឋាន​សាធារណៈ​ជាតិ និង​អន្តរជាតិ ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន ថា អាច​ជា​ការ​បញ្ឆេះ​កំហឹង ញុះញង់​អោយ​ប្រព្រឹត្តិ​ហិង្សា។

​មួយ​ថ្ងៃ​ក្រោយ​មក កកើត​មាន​បាតុកម្ម​ដោយ​មនុស្ស​រាប់​ពាន់​នាក់ ទាមទារ​ឱ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង​អនុ​ប្រធាន​រដ្ឋ​សភា។  ​នៅ​ពេល​នោះ ក្រុម​បាតុករ​មួយ​ចំនួន​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​បាន​ចាប់​អូស​តំណាង​ រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ចេញ​ពី​រថយន្ត ហើយ​ព្រួត​គ្នា​ចោមរោម​វ៉ៃ​ទាត់​ធាក់​យ៉ាង​សាហាវ បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់។

​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា បាតុកម្ម​ហិង្សា​នោះ​គឺ​ជា​ផែនការ​រៀបចំ​ទុក​ជា​មុន​របស់​បក្ស​កាន់​អំណាច ហើយ​មាន​រូបភាព​ដូច​គ្នា​ទៅ​នឹង​បាតុកម្ម​ប្រឆាំង​ទូត​ថៃ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០០៣ ហើយ​និង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ដោយ​គប់​គ្រាប់បែក​កាល​ពី​ឆ្នាំ​១៩៩៧។

​លោក ប្រ៊ែដ អាដាម គូស​បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តំណែង​អនុ​ប្រធាន​រដ្ឋ​សភា គឺ​ជា​មនុស្ស​ដែល​បាន​ចូល​រួម​បង្ក្រាប​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​កន្លងមក៖ «យើង​បាន​ចាប់​ផ្ដើម​ប្រឹងប្រែង​ផ្ទៀងផ្ទាត់​រូបថត​អ្នក ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​ជា​ច្រើន រួម​ទាំង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ ផង​ដែរ ហើយ​ឃើញ​ថា រូបភាព​អ្នក​ទាំង​នោះ​មួយ​ចំនួន​មាន​មុខ​ដូច​គ្នា​ទៅ​នឹង​ភ្នាក់ងារ​របស់​ រដ្ឋាភិបាល​ដែល​ចូល​រួម​បង្ក្រាប​បាតុកម្ម​របស់​បក្ស​ប្រឆាំង​កាល​ពី​ពេល​ កន្លង​ទៅ។ វា​ក៏​គួរ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ផង​ដែរ​ដែល​លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​របស់​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​វែក​មុខ​ជន​ដៃដល់​នៃ​អំពើ​ហិង្សា​នោះ។ ខ្ញុំ​សូម​ស្នើ​ឲ្យ​លោក​គួរ​ទៅ​ឆ្លុះ​កញ្ចក់ ហើយ​សួរ​ខ្លួន​ឯង​ថា តើ​បាតុកម្ម​ហិង្សា​នោះ​មាន​ការ​រៀបចំ​បែប​ណា​ទៅ​វិញ​ប្រសើរ​ជាង។ ខ្ញុំ​គិត​ថា ប្រហែលជា​គាត់​ដឹង​នូវ​ចម្លើយ​នោះ។»

​ក្រោយ​បាតុកម្ម​ហិង្សា​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា លោក សម រង្ស៊ី សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក ហ៊ុន សែន ចង់​រក​លេស​ប្រើ​អំពើ​ហិង្សា​កាន់​តែ​ច្រើន​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ អវិជ្ជមាន និង​អធម្មនុញ្ញ ចៀសវាង​កុំ​ឲ្យ​មាន​ការ​បោះឆ្នោត​ខាង​មុខ។

​លោក សម រង្ស៊ី សរសេរ​ថា លោក ហ៊ុន សែន ដឹង​ថា ការ​បោះឆ្នោត​ខាង​មុខ​មិន​ឈ្នះ និង​ដើម្បី​រក្សា​អំណាច​បាន​ច្រើន​ឆ្នាំ​ត​ទៅ​ទៀត ហេតុ​នេះ​លោក ហ៊ុន សែន កំពុង​ប្រើ​វិធី​ស្រដៀង​ក្រុម​ហ្វាស៊ីស (Fascist) នៅ​ប្រទេស​អ៊ីតាលី។

ទាក់ទិន​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទាមទារ​ឲ្យ​លោក សម រង្ស៊ី សុំ​ទោស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​សាធារណៈ​អំពី​ការ​ប្រៀបធៀប​របៀប​ដឹកនាំ​នៅ​កម្ពុជា ស្រដៀង​គ្នា​ទៅ​នឹង​របប​ហ្វាស៊ីស (Fascism) បើ​មិន​ដូច្នោះ​ទេ នោះ​គណបក្ស​កាន់​អំណាច​នឹង​ទាត់​ចោល​វប្បធម៌​សន្ទនា​រវាង​បក្ស​ទាំង​ពីរ៖ «បញ្ហា ​នេះ​សម្ដេច​ទាមទារ​ឲ្យ​លោក សម រង្ស៊ី សុំ​ទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ សម្ដេច​នឹង​គ្មាន​ឡើយ​ការ​ចរចា​ជាមួយ​លោក សម រង្ស៊ី។»

​មួយ​ថ្ងៃ​ក្រោយ​មក តំណាងរាស្ត្រ​បក្ស​ប្រជាជន បាន​បោះឆ្នោត​ដក​លោក កឹម សុខា ពី​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា។  សង្គម​ស៊ីវិល​ហៅ​ការ​ដក​លោក កឹម សុខា ពី​តំណែង​ថា ជា​ការ​បំបិទ​មាត់​បក្ស​ប្រឆាំង។

​ក្នុង​ស្ថានការណ៍​នយោបាយ​ស្រុកទេស​ដែល​កំពុង​រង្គោះរង្គើ​នេះ ពលរដ្ឋ​សាមញ្ញ អាជីវករ និង​ក្រុម​អ្នក​វិនិយោគ សង្គម​ស៊ីវិល រួម​ទាំង​អ្នក​វិភាគ​មួយ​ចំនួន​សំដែង​ក្ដី​បារម្ភ​ចំពោះ​បញ្ហា​អសន្តិសុខ​ សង្គម​ដែល​អាច​នឹង​កើត​មាន​ឡើង ហើយ​អាច​ជះ​ឥទ្ធិពល​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ទៀត។
​អ្នក​វិភាគ​ស្ថានការណ៍​សង្គម គឺ​លោក កែម ឡី ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា កន្លង​ទៅ​នេះ​ថា ពេល​លោក​ធ្វើ​ការ​វិភាគ​ម្តងៗ លោក​មិន​ដែល​គិត​ថា លោក​នៅ​មាន​ជីវិត​នោះ​ឡើយ៖ «នៅ​ពេល​ដែល​ខ្ញុំ​វិភាគ​ ម្តងៗ ខ្ញុំ​មិន​ដែល​គិត​ថា ខ្លួន​ខ្ញុំ​ហ្នឹង​មាន​ជីវិត​ទេ ពីព្រោះ​ស្ថិត​ក្នុង​ប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន ដែល​មាន​ពស់វែក​ច្រើន ដែល​មាន​ឆ្លាម​ច្រើន។ ប៉ុន្តែ​ប្រសិនបើ​យើង​នាំ​គ្នា​ខ្លាច​ទាំង​អស់​គ្នា យើង​អត់​អាច​មាន​លទ្ធភាព​ផ្ដល់​គំរូ​ដល់​យុវជន​ទេ យើង​អត់​មាន​លទ្ធភាព​កែប្រែ​ប្រទេស​យើង​ទេ។»

​ទន្ទឹម​នឹង​ការ​ព្រួយបារម្ភ​នេះ ឧត្ដមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចេញ​សេចក្ដី​ថ្លែងការណ៍​ចាត់​ទុក​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ថា​ធ្លាក់​ដុនដាប​សម្រាប់​អ្នក​នយោបាយ និង​សកម្មជន​គណបក្ស​ប្រឆាំង។

ស្ថានការណ៍​នយោបាយ​ថ្មី​មួយ​ទៀត​នៅ​កម្ពុជា គឺ​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ប្រកាស​ចូល​និវត្តន៍ និង​ដក​ឃ្លា​ផ្នែក​នយោបាយ​ដោយសារ​សុខភាព​មិន​បរិបូរណ៍ និង​ស្ថិត​ក្នុង​ភាព​ជរា​ព្យាធិ​ជា​ប្រចាំ។

​ការ​ប្រកាស​លាលែង​របស់​លោក គង់ គាំ ដែល​ជា​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស សម រង្ស៊ី ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា បន្ទាប់​ពី​មាន​អំពើ​ហិង្សា​របស់​ក្រុម​បាតុករ​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​ ទៅ​លើ​កូន​ប្រុស​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់។
លោក គង់ គាំ វ័យ ៧៥​ឆ្នាំ​រូប​នេះ ធ្លាប់​ជា​​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ធ្លាប់​បម្រើ​ការងារ​នៅ​ក្រសួង​ការបរទេស​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ឆ្នាំ​១៩៨១ លោក​បាន​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​កម្ពុជា ប្រចាំ​ប្រទេស​វៀតណាម។ លោក​បាន​ឡើង​តំណែង​ជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រដ្ឋ​កម្ពុជា និង​ជា​សមាជិក​ការិយាល័យ​មជ្ឈិម​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​១៩៨៥។

​លោក គង់ លោក​បាន​ចូល​ប្រឡូក​នយោបាយ​អស់​រយៈពេល ២០​ឆ្នាំ​ជាមួយ​គណបក្ស​ជាតិខ្មែរ រហូត​ដល់​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ ដល់​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥៕


No comments:

Post a Comment