Paris Peace Accords 23 Oct. 1991

Thursday, December 3, 2015

តុលាការ​ កោះ​ហៅ ​លោក សម រង្ស៊ី រឿង​បរិហារកេរ្តិ៍​ លោក ហេង សំរិន | Court summons Sam Rainsy for defamation of Heng Samrin

តុលាការ​ កោះ​ហៅ ​លោក សម រង្ស៊ី រឿង​បរិហារកេរ្តិ៍​ លោក ហេង សំរិន

RFA / វិទ្យុ អាស៊ី សេរី | ២ ធ្នូ ២០១៥

 

សម រង្ស៊ី ហេង សំរិន ៦២០
ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន។
RFA

តំណាង ​អយ្យការ​ អម​សាលា​ដំបូង ​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់ លោក សម រង្ស៊ី មួយ​ករណី​ ទៀត​ហើយ​ ទាក់ទង​ រឿង​បរិហារ​កេរ្តិ៍ លោក ហេង សំរិន ប្រធាន ​រដ្ឋសភា។  ព្រះរាជអាជ្ញា​រង លោក វង្ស ប៊ុនវិសុទ្ធ កោះ​អញ្ជើញ លោក សម រង្ស៊ី មក​ឆ្លើយ​បំភ្លឺ​ នៅ​សាលា​ ដំបូង​ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ ទី​៤ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​ សាកសួរ។  ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ ថា​, បណ្ដឹង​នេះ​ ជា​រឿង​ នយោបាយ​ សុទ្ធសាធ, ហើយ​ គណបក្ស​ សង្គ្រោះ​ជាតិ មិន​ត​តាំង ​តាម​ផ្លូវ​ច្បាប់​ទេ, គឺ​ រក​ច្រក​ចេញ​ តាម​រយៈ​ ដំណោះស្រាយ ​នយោបាយ។

តុលាការ​ ចេញ​ដីកា​ កោះ​ហៅ លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ ទី​១ ខែ​ធ្នូ តាម​បណ្ដឹង ​របស់ លោក ហេង សំរិន ដែល​ប្ដឹង​ចោទ លោក សម រង្ស៊ី ជុំវិញ​ ការ​សរសេរ ​នៅ​លើ​ទំព័រ​ ហ្វេសប៊ុក (Facebook) របស់ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ ទី​១៧ ខែ​វិច្ឆិកា ថា, «យើង ​ចង​ចាំ​ ថា, របប​ កើត​ថ្ងៃ ​៧ មករា ១៩៧៩ បាន​ឲ្យ​តុលាការ ​របស់​គេ​ កាត់​ទោស​ ប្រហារ​ជីវិត​ សម្ដេច​ព្រះ​ នរោត្ដម សីហនុ ដោយ​ចោទ​ព្រះអង្គ​ ថា, ជា​ជន​ ក្បត់​ជាតិ។»

ដោយឡែក​គណបក្ស​ប្រឆាំង មិន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ដីកា​របស់​តុលាការ​នេះ​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ ស្វែងរក​ជន​ដៃ​ដល់​ផ្សេង​ទៀត​ដែល​បង្ក​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ ពីរ​រូប។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​ក្តី​ក្ដាំ​នៅ​តុលាការ​នេះ គឺ​គណបក្ស​កាន់​អំណាច​ជា​អ្នក​ចង។ ដូច្នេះ ទុក​ឲ្យ​គណបក្ស​នេះ​ជា​អ្នក​ស្រាយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក​ដំណោះស្រាយ​នយោបាយ ឬ​វប្បធម៌​សន្ទនា​នៃ​ជំនួប​កំពូល​របស់​គណបក្ស​ទាំង​ពីរ។ លោក​បញ្ជាក់​ថា ការ​បញ្ចេញ​មតិ​របស់ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ជាប់​បណ្ដឹង​នៅ​តុលាការ​នោះ​ទេ បើ​ធៀប​នឹង​ការ​រិះគន់​នានា​របស់ លោក សម រង្ស៊ី កន្លង​មក។

នេះ​ជា​សំណុំ​រឿង​ទី​បី​របស់ លោក សម រង្ស៊ី នៅ​តុលាការ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​តានតឹង។ ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ត្រូវ​ជាប់​បទ​ចោទ​បរិហារ​កេរ្តិ៍ លោក ហោ ណាំហុង ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ បន្ទាប់​មក គឺ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា លោក​ត្រូវ​រង​បទ​ចោទ​ប្រកាន់​មួយ​ទៀត គឺ​ការ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ក្រៅ​ពី​ប្រធាន​គណបក្ស​ប្រឆាំង​ជាប់​បណ្ដឹង​នៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ តុលាការ ចេញ​ដីកា​ចាប់​អ្នក​កាន់​ទំព័រ​ហ្វេសប៊ុក​របស់ លោក សម រង្ស៊ី ដែល​ជា​ជំនួយការ​របស់ លោក ហុង សុខហួរ។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា​តុលាការ​ចេញ​ដីកា​ព្រោះ​មាន​បណ្ដឹង ហើយ​បណ្ដឹង ព្រោះ លោក សម រង្ស៊ី ជា​អ្នក​បង្ក​ឡើង។ លោក​ថា ការ​ដែល​មាន​បណ្ដឹង​នៅ​ពេល​នេះ ព្រោះ​សាមី​ខ្លួន​ជា​ម្ចាស់​បណ្ដឹង មិន​អាច​អត់ធ្មត់​ចំពោះ​ទង្វើ​របស់ លោក សម រង្ស៊ី បន្ត​ទៀត​បាន ហើយ​វប្បធម៌​សន្ទនា​ក៏​មិន​អាច​រលត់​បណ្ដឹង​នៅ​តុលាការ​បាន​ដែរ។

មេធាវី​តំណាង លោក ហេង សំរិន គឺ​លោក គី តិច ឲ្យ​ដឹង​ថា ការ​ដាក់​បណ្ដឹង​នេះ ធ្វើ​ឡើង​តាម​ការ​សម្រេច​ចិត្ត​របស់ លោក ហេង សំរិន ចំពោះ​ការ​សរសេរ​របស់ លោក សម រង្ស៊ី នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ប៉ះពាល់​ដល់ លោក ហេង សំរិន ព្រោះ​ក្នុង​របប លោក ហេង សំរិន គ្រប់គ្រង មិន​បាន​កាត់​ទោស​សម្ដេច​ព្រះ​នរោត្តម សីហនុ ដូច លោក សម រង្ស៊ី លើក​ឡើង​ទេ។ លោក​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ហើយ​លោក​ក៏​បាន​ចូល​បំភ្លឺ​លើ​បណ្ដឹង​រួច​ហើយ មុន​ពេល​តុលាការ​កោះ​ហៅ លោក សម រង្ស៊ី។

ទាក់ទង​រឿង​នេះ​ដែរ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រិះគន់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​នេះ។ សភា​អឺរ៉ុប សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី និង​សភា​អាស៊ាន អំពាវនាវ​ឲ្យ​រដ្ឋសភា​កម្ពុជា ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​ដល់ លោក សម រង្ស៊ី វិញ។ ចំណែក​សភា​អឺរ៉ុប ព្រមាន​ផ្តាច់​ជំនួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៤០០​លាន​ដុល្លារ​ដល់​កម្ពុជា។

នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី ហុង គឹមសួន និយាយ​ថា ប្រសិន​បើ​មាន​ការ​កាត់​ទោស​សម្ដេច​ព្រះ​នរោត្ដម សីហនុ នៅ​ក្នុង​របប​គ្រប់គ្រង​របស់ លោក ហេង សំរិន មែន លោក សម រង្ស៊ី និយាយ​មិន​ខុស​ទេ ប៉ុន្តែ​លោក​ថា ក្នុង​ករណី​គ្មាន​ការ​កាត់​ទោស​សម្ដេច សីហនុ ដូច លោក សម រង្ស៊ី លើក​ឡើង គឺ​ ទាមទារ​ ឲ្យលោក សម រង្ស៊ី ពន្យល់​ឲ្យ​បាន​ច្បាស់​ថា លោក​បាន​ពាក្យ​សម្ដី​នេះ​មក​ពី​ណា។

មេធាវី​របស់ លោក សម រង្ស៊ី គឺ​លោក​មេធាវី ជូង ជូងី យល់​ថា បណ្ដឹង​របស់ លោក ហេង សំរិន មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​បណ្ដឹង​នេះ​ធ្វើ​ឡើង​ក្នុង​ពេល លោក ហេង សំរិន ជា​ប្រធាន​រដ្ឋសភា ដែល​ជា​បុគ្គល​សាធារណៈ៕


2 comments:

  1. Anonymous3:35 AM

    Kangaroo Court,

    Don't forget to summon Sam Rainsy about Sam Rainsy's fart at Hun Sen's face.

    ReplyDelete
  2. Anonymous9:14 AM

    Do you see any difference between Heng Samrin and the monkey?

    ReplyDelete