Paris Peace Accords 23 Oct. 1991

Thursday, December 3, 2015

បារាំង-​ជប៉ុន​ ធ្វើ​សហ​ប្រធាន ​នៃ​កិច្ច​ប្រជុំ​ អាយស៊ីស៊ី-អង្គរ​ លើក​ទី​២៥​ នៅ​ខេត្ត​ សៀមរាប | France, Japan co-chair ICC-Angkor 25th meeting in Siem Reap

បារាំង-​ជប៉ុន​ ធ្វើ​សហ​ប្រធាន ​នៃ​កិច្ច​ប្រជុំ​ អាយស៊ីស៊ី-អង្គរ​ លើក​ទី​២៥​ នៅ​ខេត្ត​ សៀមរាប

RFA / វិទ្យុ អាស៊ី សេរី | ២ ធ្នូ ២០១៥

 

ប្រជុំ ICC-Angkor ៦២០
ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ​បច្ចេកទេស​របស់​គណៈកម្មាធិការ​ អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) លើក​ទី​២៥ នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១៥។  RFA/Hang Savyouth

ក្រុម ​គណៈកម្មាធិការ​ អន្តរជាតិ​ ដើម្បី​ សម្របសម្រួល​ កិច្ច​គាំពារ និង​អភិវឌ្ឍន៍​ រមណីយដ្ឋាន ​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ ថា អាយស៊ីស៊ីអង្គរ (ICC-Angkor) បាន​ការ​គាំទ្រ​ ចំពោះ​ ការ​ចាប់​ខ្លួន​ ឧក្រិដ្ឋជន​ ដែល​បាន​បំផ្លាញ ​វត្ថុ​ បុរាណ ទីមប៊ូទូ (Timbuktu) នៅ​ប្រទេស​ ម៉ាលី ដែល​ជា​សម្បត្តិ​ បេតិកភណ្ឌ​ របស់ ​ពិភពលោក បញ្ជូន​ ទៅ​កាន់​តុលាការ​​ ព្រហ្មទណ្ឌ​ អន្តរជាតិ​ នៅ​ទីក្រុង​ ឡាអេ នៃ​ប្រទេស​ ហុល្លង់។

ជាមួយ​គ្នា​ នេះ​ដែរ គណៈកម្មាធិការ​ អន្តរជាតិ ​ដើម្បី​ សម្របសម្រួល​ កិច្ច​គាំពារ និង​អភិវឌ្ឍន៍​ រមណីយដ្ឋាន​ ប្រវត្តិសាស្ត្រ ​អង្គរ កំពុង​ផ្ដោត​ ការ​យក​ចិត្ត​ ទុក​ដាក់​ យ៉ាង​ខ្លាំង ​ទៅ​លើ​ការ ​អភិរក្ស និង​ថែរក្សា​ ប្រាសាទ​ បុរាណ​ ជា​ច្រើន ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ដែរ។

ក្រុម​អ្នក​ជំនាញ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​ គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​របស់​អង្គការ​យូណេស្កូ (UNESCO) កំពុង​ជួប​ប្រជុំ​ផ្នែក​បច្ចេកទេស​រយៈពេល ២​ថ្ងៃ​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​ធ្នូ។

កិច្ច​ប្រជុំ​ដែល​មាន​អ្នក​ជំនាញ​បារាំង និង ជប៉ុន ធ្វើ​ជា​សហប្រធាន បាន​ជជែក​អំពី​ការ​ផ្ដល់​អនុសាសន៍ និង​បច្ចេកទេស​នានា ពាក់ព័ន្ធ​ទៅ​លើ​កិច្ច​ការពារ និង​ជួសជុល​ប្រាសាទ​បុរាណ​ជា​ច្រើន​ក្នុង​ខេត្ត​សៀមរាប ព្រម​ទាំង​ការ​អភិវឌ្ឍ​នានា នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ឱ្យ​មាន​ចិរភាព។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​លោក ឡុង កុសល។ លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​កិច្ច​ប្រជុំ​កាលពី​ព្រឹក​ ថ្ងៃ​ពុធ ទី​២ ខែ​ធ្នូ ថា កិច្ច​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​របស់​អង្គការ​យូណេស្កូ នេះ គឺ​ពិភាក្សា​ទៅ​លើ​ការ​តាមដាន​នៃ​ការ​ផ្ដល់​អនុសាសន៍​នានា ដែល​បាន​ដាក់​ចេញ​ឱ្យ​យក​ទៅ​អនុវត្ត និង​ជួសជុល​ប្រាសាទ​បុរាណ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៥ កន្លង​ទៅ។

លោក ឡុង កុសល៖ «ក្នុង​ការ​តាមដាន​អនុសាសន៍​ហ្នឹង គឺ​ថា មាន ៥-​៦​ចំណុច ក្នុង​នោះ​មាន​និយាយ​អំពី​គម្រោង​នៃ​អភិរក្ស​ទាំង​ឡាយ​ដែល​បាន​ផ្ដល់​ជូន​ជា ​អនុសាសន៍ ជា​ការ​ណែនាំ ហើយ​ជា​បន្តបន្ទាប់​ទៀត គឺ​គេ​នឹង​ពិភាក្សា​អំពី​ការ​អភិរក្ស។»

ក្នុង​កិច្ច​ប្រជុំ ICC-Angkor ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខេត្ត​សៀមរាប នេះ ក្រុម​អ្នក​ជំនាញ​របស់​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​ គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​របស់​អង្គការ​យូណេស្កូ ក៏​បាន​គាំទ្រ​ឱ្យ​អ្នក​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​ធ្វើ​ការ​ជួសជុល​ក្បាច់ ​ចម្លាក់​នៃ​ពិតាន​ខ្លះ​នៅ​លើ​រោង​ទោង​របស់​ប្រាសាទ​អង្គរវត្ត ដែល​បាន​ខូចខាត​ទៅ​ហើយ។

ប្រធាន​នាយកដ្ឋាន​អភិរក្ស​ក្នុង​តំបន់​អង្គរ និង​ឧទ្យាន​បង្ការ​របស់​អាជ្ញាធរ​អប្សរា លោក លី វណ្ណា ថ្លែង​ថា អាជ្ញាធរ​អប្សរា​បាន​ប្រើ​ជំនាញ​ឆ្លាក់​ក្បាច់​អំពី​ឈើ​យក​ទៅ​ជួសជុល​ពិតាន​ នៃ​ប្រាសាទ​អង្គរវត្ត​ខ្លះ​នៅ​ម្ដុំ​កូរ​សមុទ្រ​ទឹក​ដោះ​ឡើង​វិញ ដោយសារ​តែ​ពិតាន​នោះ​បាន​ខូចខាត។

លោក លី វណ្ណា បញ្ជាក់​ថា អាជ្ញាធរ​អប្សរា​បាន​សិក្សា​រក​ស្លាកស្នាម​ចាស់​ទី​នោះ​ជា​ច្រើន​ឆ្នាំ ទើប​បាន​សម្រេច​ឆ្លាក់​ផ្ទាំង​ចម្លាក់​អំពី​ឈើ​ទំហំ​ប្រមាណ​ពី ៥ ទៅ ៦​ម៉ែត្រ ដើម្បី​យក​ទៅ​ជួសជុល​សាកល្បង៖ «ក្បាច់​សំខាន់​ជាង​គេ​គឺ​ក្បាច់ ​ត្របកឈូក ផ្កាឈូក ហើយ​អម​ទៅ​ដោយ​ក្បាច់​ស្នែង​ផ្សេងៗ​ទៀត។ ពីរ​បី​ឆ្នាំ​ហើយ ទម្រាំ​តែ​យើង​សិក្សា​បាន​នូវ​ក្បាច់​ចម្លាក់​ចុង​ក្រោយ។»

នៅ​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​ កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​របស់​អង្គការ​យូណេស្កូ លើក​ទី​២៥​នេះ មាន​លក្ខណៈ​ពិសេស​ជាង​ពេល​ណា​ទាំង​អស់​នោះ ដោយសារ​តែ​មាន​ក្រុម​យុវជន​បេតិកភណ្ឌ​មក​ពី​​បណ្ដា​ប្រទេស​អាស៊ាន និង​អាស៊ី​ប៉ាស៊ីហ្វិក បាន​ប្រកាស​គាំទ្រ​ទៅ​លើ​កិច្ចការពារ​បេតិកភណ្ឌ​នៃ​តំបន់​អង្គរ ព្រមទាំង​កិច្ច​ការពារ​ប្រាសាទ​បុរាណ​នៅ​កម្ពុជា ផង៕


No comments:

Post a Comment