Paris Peace Accords 23 Oct. 1991

Monday, December 7, 2015

លោក ហោ ណាំហុង ព្រមាន​ ប្ដឹង​ មនុស្ស​ជំនិត​ របស់​លោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍ | Hor Namhong threaten to sue those

លោក ហោ ណាំហុង ព្រមាន​ ប្ដឹង​ មនុស្ស​ជំនិត​ របស់​លោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍

RFA / វិទ្យុ អាស៊ី សេរី | ៧ ធ្នូ ២០១៥

 

ហោ ណាំហុង ៦២០
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ​ថ្លែង​ក្នុង​ពិធី​រដ្ឋាភិបាល​កម្ពុជា ប្រគល់​ផែនទី យូ.ធី.អិម (UTM) ១៨​ផ្ទាំង ទៅ​អង្គការ​សហប្រជាជាតិ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Brach Chev

ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ ក្រសួង​ ការ​បរទេស និង​សហប្រតិបត្តិការ​ អន្តរជាតិ លោក ហោ ណាំហុង បាន​ព្រមាន ​ប្ដឹង​ មនុស្ស​ជំនិត ​របស់ លោក សម រង្ស៊ី ម្នាក់​ ដែល​បាន​ បរិហារ​កេរ្តិ៍​លោក​ តាម​បណ្ដាញ​ សង្គម​ ហ្វេសប៊ុក (Facebook), ប៉ុន្តែ​ លោក​ មិន​បាន​បញ្ជាក់​ ថា, មនុស្ស​ ជំនិត​ នោះ ​ជា​នរណា​ ច្បាស់​លាស់​ នោះ​ទេ។

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ ក្រសួង​ ការ​បរទេស និង​សហប្រតិបត្តិការ​ អន្តរជាតិ បាន​អះអាង​ ថា, មេធាវី ​របស់​លោក​ នឹង​ធ្វើ​ការ​ ជាមួយ ​តុលាការ អំពី ​ផែន​ការ ​ប្ដឹង​មនុស្ស​ ជំនិត ​របស់ លោក សម រង្ស៊ី ម្នាក់​ទៀត កំពុង​រស់នៅ​ សហរដ្ឋ​ អាមេរិក ដែល​បាន​ បរិហារ​កេរ្តិ៍​លោក ​តាម​បណ្ដាញ​ សង្គម​ ហ្វេសប៊ុក។

លោក ហោ ណាំហុង មាន​ប្រសាសន៍​ ថា លោក ​នឹង​មិន​លូក​ដៃ ​អ្វី​ ទាំងអស់ ទុក​ឲ្យ​ មេធាវី​ របស់​លោក​ ធ្វើ​ការ​ ជាមួយ ​តុលាការ ដើម្បី​ ចាត់​ការ​ ករណី​នេះ។  លោក ហោ ណាំហុង ថ្លែង​ប្រាប់​ អ្នក​សារព័ត៌មាន ​បែប​នេះ បន្ទាប់​ ពី​លោក​ បាន​ជួប​ ឯកអគ្គរដ្ឋទូត​ វិសាមញ្ញ និង​ពេញ​ សមត្ថភាព​ របស់​ សហរដ្ឋ​អាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​ កម្ពុជា លោក វីលៀម ហេដថ៍ (William A. Heidt) នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ធ្នូ នៅ​ទីស្ដីការ​ ក្រសួង​ ការ​បរទេស៖ «អ្នក​ ជិតស្និទ្ធ​ ឯកឧត្ដម សម រង្ស៊ី នៅ​សហរដ្ឋ​ អាមេរិក, ខ្ញុំ​ មិន​ចេញ​ឈ្មោះ​ ចេញ​ នៅ​ឯណា​ទេ បាន​វាយ​ប្រហារ​ខ្ញុំ​ តាម​ប្រព័ន្ធ​ ឃោសនា​សង្គម​ ហ្វេសប៊ុក​ យ៉ាង​ឃោរឃៅ​ បំផុត ដែល​ខ្ញុំ​ នឹក​ស្មាន​ មិន​ដល់។»

កាល​ពី​ថ្ងៃ​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី ដោយ​អនុវត្ត​ទៅ​តាម​សាលក្រម និង​សាល​ដីកា​របស់​តុលាការ ពាក់ព័ន្ធ​បទ​បរិហារ​កេរ្តិ៍​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង លើ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែល​បាន​ធ្វើ​ឡើង​នៅ​សារមន្ទីរ​ជើង​ឯក សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨។

លោក ហោ ណាំហុង បាន​ប្ដឹង លោក សម រង្ស៊ី ទាក់ទិន​នឹង​សម្ដី​ចោទ​ប្រកាន់​ថា លោក​ជា​ប្រធាន​ជំរំ​បឹង​ត្របែក និង​បាន​ចូលរួម​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ លោក​បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់ លោក សម រង្ស៊ី នេះ ថា​ធ្វើ​ឲ្យ​រូប​លោក​ឈឺ​ចាប់ ត្បិត​បង​ប្អូន និង​សាច់ញាតិ​របស់​លោក​ជាង ៣០​នាក់ ក៏​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ដែរ​នោះ។

ក្រៅ​អំពី​ការ​លើក​ឡើង​របស់ លោក ហោ ណាំហុង ពី​គម្រោង​ប្ដឹង​អ្នក​ស្និទ្ធ​នឹង លោក សម រង្ស៊ី នេះ លោក​ក៏​បាន​រិះគន់ លោក សម រង្ស៊ី ផ្ទាល់​ថា​ជា​អ្នក​នយោបាយ​គ្មាន​សីលធម៌ និង​ប្រើ​សម្ដី​មិន​ថ្លៃថ្នូរ។ ការ​ហៅ​ដូចនេះ ឆ្លើយ​តប​ទៅ​នឹង​សម្ដី​របស់ លោក សម រង្ស៊ី ដែល​បាន​ចោទ​ប្រកាន់​រូប​លោក​ថា ជា​មេ​គុក​បឹង​ត្របែក ធ្វើ​បាប និង​ចូលរួម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ លោក សម រង្ស៊ី ទាមទារ​ឲ្យ លោក ហោ ណាំហុង សុំ​ទោស​ក្រុម​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។ លោក ហោ ណាំហុង បាន​ហៅ​សម្ដី​របស់ លោក សម រង្ស៊ី ថា​ជា​ពាក្យ​សម្ដី​ព្រហើន​កោង​កាច និង​បង្ខំ​ឲ្យ​រូប​លោក សុំ​សាលា​ឧទ្ធរណ៍​អនុវត្ត​ដីកា​លើ​ករណី លោក សម រង្ស៊ី នេះ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​វាយ​តម្លៃ​ថា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​គោរព​គោលការណ៍ ៧​ចំណុច​ក្នុង​កិច្ចព្រមព្រៀង​ដំណោះស្រាយ​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​មក​នោះ​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បដិសេធ​មិន​ឆ្លើយ​តប​ជាមួយ លោក ហោ ណាំហុង នោះ​ទេ។ តែ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បញ្ហា​ចំពោះ​មុខ និង​អំពើ​អយុត្តិធម៌​ជាច្រើន​ដែល​បាន​កើត​មាន​មក​លើ​អ្នក​តំណាង​រាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ ការ​ដក​តំណែង លោក កឹម សុខា ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ គឺ​លោក សម រង្ស៊ី ជាដើម មិន​ត្រូវ​បាន​ដោះស្រាយ បែរ​ជា​មក​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ ថា​រំលោភ​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ទៅ​វិញ៖ «យើង​ ពិបាក​និយាយ​ ណាស់ ​តុលាការ​ នៅ​ស្រុក​ខ្មែរ ចង់​រក​ខុស​ត្រូវ​ ថា, នរណា​ខុស​នរណា​ត្រូវ? គណបក្ស​កាន់​អំណាច​ត្រូវ​ទាំងអស់។ បើ​យើង​មើល​ការ​វិនិច្ឆ័យ​របស់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​សហគមន៍​អឺរ៉ុប ២៨​ប្រទេស​ដែល​តំណាង​រាស្ត្រ​របស់​គេ​តំណាង​ប្រជាពលរដ្ឋ​ជាង ៥០០​លាន​នាក់, គេ​ បាន​គាំទ្រ​ញត្តិ​មួយ​ ថា, អ្វី​ ដែល​ប្រធាន សម រង្ស៊ី បាន​ធ្វើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និង​កំពុង​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ជាតិ អត់​មាន​ការ​រំលោភ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ ជាមួយ​ គណបក្ស​ ប្រជាជន​ទេ។»

យ៉ាង​នេះ​ក្ដី ក្នុង​ជំនួប​ដែល លោក វីលៀម ហេដថ៍ (William A. Heidt) សម្ដែង​ការ​គួរ​សម​ជាមួយ លោក ហោ ណាំហុង ក្នុង​ឱកាស​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវ​ការ ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ប្រចាំ​កម្ពុជា នោះ លោក ហោ ណាំហុង បាន​អះអាង​ថា លោក​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ដែល​កើត​មាន​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ហើយ​បាន​សន្យា​ថា នឹង​ការពារ​មិន​ឲ្យ​កើត​មាន​អំពើ​ហិង្សា​មក​លើ​តំណាង​រាស្ត្រ និង​ប្រជាពលរដ្ឋ​ត​ទៀត​ឡើយ៕


1 comment:

  1. Anonymous3:19 AM

    Ah Kantorb Hor Nam Hong,
    Go back to your Yuon Country Ah Kantorb !!

    ReplyDelete