Paris Peace Accords 23 Oct. 1991

Monday, December 14, 2015

លោក ហ៊ុន សែន បញ្ជា​អាជ្ញាធរ ​មាន​សមត្ថកិច្ច​ ឲ្យ​បង្កើន ​ការ​បង្ក្រាប ​ក្រុម​ចោរ​ប្លន់​ ប្រដាប់​អាវុធ | Hun Sen orders authority to strengthen efforts to suppress group stealing arms

លោក ហ៊ុន សែន បញ្ជា​អាជ្ញាធរ ​មាន​សមត្ថកិច្ច​ ឲ្យ​បង្កើន ​ការ​បង្ក្រាប ​ក្រុម​ចោរ​ប្លន់​ ប្រដាប់​អាវុធ

RFA / វិទ្យុ អាស៊ី សេរី | ១៤ ធ្នូ ២០១៥

 

ហ៊ុន សែន ៦២០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​តំបន់​អាស៊ី ហៅ​កាត់​ថា អេ.ភី.អេ (APA) នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Brach Chev

បន្ទាប់ ​ពី​មាន​ សកម្មភាព ​ប្លន់​ប្រដាប់​អាវុធ ​កើត​ឡើង​ ជា​បន្តបន្ទាប់​ នា​ពេល ​ថ្មីៗ​ នេះ, លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ ទី​១៤ ធ្នូ ដាក់​បទបញ្ជា​ ឲ្យ​អាជ្ញាធរ ​គ្រប់​ជាន់​ថ្នាក់ បង្កើន​ ការ​បង្ក្រាប​ ក្រុម​ឧក្រិដ្ឋជន​ ទាំង​នោះ ​ឲ្យ​មាន ​ប្រសិទ្ធភាព។  លោក​ ក៏​ជំរុញ​ ឲ្យ​ក្រសួង​ យុត្តិធម៌ ត្រួត​ពិនិត្យ​ ឲ្យ​បាន​ ត្រឹមត្រូវ​ ចំពោះ​ ការ​លើក​លែង​ទោស ​ឲ្យ​ទណ្ឌិត។

ករណី​ប្លន់​ ប្រដាប់​អាវុធ​ កើត​ឡើង​ ជា​ស៊េរី​ នៅ​មួយ ​រយៈពេល ​ចុង​ក្រោយ​នេះ ជំរុញ​ ឲ្យ​លោក​ នាយក​រដ្ឋមន្ត្រី ដាក់​បទបញ្ជា​ ឲ្យ​អាជ្ញាធរ​ ពាក់ព័ន្ធ ចាត់​វិធានការ ​តឹងរ៉ឹង ​ក្នុង​ការ​បង្ក្រាប ​ក្រុម​ចោរ​ប្លន់ ​ប្រដាប់​អាវុធ ដែល​បាន​បង្ក​ ឲ្យ​មាន​ អសន្តិសុខ ​ក្នុង​រាជធានី​ ភ្នំពេញ និង​ក្នុង​ខេត្ត​ មួយ​ចំនួន​ទៀត​ នៅ​រយៈពេល​ ប៉ុន្មាន​ថ្ងៃ​ ចុង​ក្រោយ​នេះ។

ការ​ជំរុញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការ​បញ្ជ្រាប​ទស្សនទាន សីលធម៌ សាសនា ដើម្បី​សុខដុមនីយកម្ម​នៅ​កម្ពុជា។ ភ្ជាប់​ទៅ​នឹង​ខ្លឹមសារ​នៃ​ពិធី​នោះ លោក ហ៊ុន សែន ចាត់​ទុក​ក្រុម​ឧក្រិដ្ឋជន​ប្លន់​ទាំង​នោះ ថា​ជា​ក្រុម​គ្មាន​សាសនា។

ទន្ទឹម​នឹង​នេះ លោក​ក៏​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពិនិត្យ​ពិច័យ​ឲ្យ​បាន​ល្អិតល្អន់​ក្នុង​ការ​លើក​លែង​ទោស​ឲ្យ​ទណ្ឌិត ដែល​ជាប់​ពន្ធនាគារ​ដោយសារ​បទល្មើស​លួច​ប្លន់។

ការ​ចេញ​បទបញ្ជា​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​កើត​ឡើង​បន្តបន្ទាប់​គ្នា កាល​ពី​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ធ្នូ នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ។ ក្នុង​នោះ មាន​ករណី​បាញ់​សម្លាប់​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ករណី​ប្លន់​អាជីវករ​លក់​គ្រឿង​អលង្ការ និង​ទីតាំង​ផ្ទេរ​ប្រាក់​វីង (Wing) ចំនួន ៣​កន្លែង​ផ្សេង​គ្នា រួម​មាន​ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​កណ្ដាល ដោយ​ឧក្រិដ្ឋជន ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់ ហើយ ៤​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​មុខ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ករណី​ជាក់ស្ដែង​ថ្មី​មួយ​ទៀត គឺ​នៅ​ប្រមាណ ៤​ម៉ោង​បន្ទាប់​ពី លោក ហ៊ុន សែន ដាក់​បទបញ្ជា​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ សកម្មភាព​ប្លន់​មួយ​ទៀត​បាន​កើត​ឡើង​នៅ​សង្កាត់​ទួលស្វាយព្រៃទី២ ខណ្ឌ​ចំការមន ដោយ​ជន​ប្រដាប់​អាវុធ ២​នាក់ ប្លន់​យក​កាបូប​ពី​ស្ត្រី​ម្នាក់​ពេល​ចុះ​ពី​លើ​រថយន្ត។

ពាក់ព័ន្ធ​នឹង​ការ​កក្រើក​នៃ​អំពើ​ប្លន់​ប្រដាប់​អាវុធ​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ លោក អេង ហ៊ី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ដើម្បី​បង្ក្រាប​ក្រុម​ចោរ​ប្លន់​ទាំង​នោះ កង​រាជ​អាវុធហត្ថ​កំពុង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ និង​បាន​ពង្រឹង​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បទល្មើស​នៅ​ទូទាំង​ ប្រទេស។

ចំពោះ​ភាព​អសន្តិសុខ​បង្ក​ដោយ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​នេះ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ជា​ភាព​ឆកល្វែង​របស់​អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​ សុវត្ថិភាព។

បន្ថែម​លើ​នេះ លោក អំ សំអាត លើក​ឡើង​ថា ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ដោយ​មិន​ត្រឹមត្រូវ ក៏​ជា​បញ្ហា​ចម្បង​មួយ​របស់​ក្រសួង​យុត្តិធម៌ ដែល​រួម​ចំណែក​ដល់​ការ​កើត​មាន​បទល្មើស​ទាំង​នេះ​មិន​ចេះ​ចប់។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​ដែល​ជា​ឫសគល់​នៃ​បញ្ហា ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព៕


No comments:

Post a Comment