ក្រសួង មហាផ្ទៃ ប្រតិកម្ម នឹងសម្ដី លោក ឱម យ៉ិនទៀង រឿង អំពើ ពុករលួយ
RFA / វិទ្យុ អាស៊ី សេរី | ១១ ធ្នូ ២០១៥
ក្រសួង មហាផ្ទៃ ប្រតិកម្ម នឹងសម្ភី របស់ ប្រធាន អង្គភាព ប្រឆាំង អំពើ ពុករលួយ លោក ឱម យ៉ិនទៀង ថា បានប្រើពាក្យ ធ្ងន់ធ្ងរ ខ្លាំង ដែលហាក់បីដូច ជាមើល រំលង ការបំពេញ ការងារ របស់ ក្រសួង នៅពេល កន្លងមក។ ប្រតិកម្មនេះ បន្ទាប់ ពីលោក ឱម យ៉ិនទៀង ថ្លែងថា, លោក នឹងប្រើច្រាស ដែកដុះ ក្អែល នគរបាល អត្តសញ្ញាណប័ណ្ណ និងនគរបាល ចរាចរណ៍ ដែលប្រព្រឹត្ត អំពើ ពុករលួយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថា លិខិតរបស់លោកមិនមែនជាអាយ៉ៃឆ្លើយឆ្លង ចង់បានការឆ្លើយតបពីលោក ឱម យ៉ិនទៀង ប៉ុន្តែលោកគ្រាន់តែចង់ប្រាប់ទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថាការប្រើពាក្យបែបនេះ គឺមានន័យថា នគរបាលក្រសួងមហាផ្ទៃ ពុករលួយដុះស្នឹម។
លោក ខៀវ សុភ័គ មិនបដិសេធថា គ្មាននគរបាលពុករលួយនៅក្រសួងមហាផ្ទៃ នោះទេ ប៉ុន្តែលោកថា មានបុគ្គលមួយក្ដាប់តូចប៉ុណ្ណោះដែលប្រព្រឹត្តអំពើពុករលួយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែធ្នូ បានដកស្រង់សម្ដីរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង និយាយកាលពីថ្ងៃទី៩ ខែធ្នូ ក្នុងពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយថា នគរបាលអត្តសញ្ញាណប័ណ្ណ និងនគរបាលចរាចរណ៍ដែលប្រព្រឹត្តអំពើពុករលួយ លោកនឹងប្រើច្រាសដែកដុសសំអាតបញ្ហានេះ។
លិខិតដដែលបានឆ្លើយតបថា កន្លងមកក្រសួងបានចាត់វិធានការរដ្ឋបាល និងផ្លូវច្បាប់ចំពោះនគរបាលដែលប្រព្រឹត្តទង្វើមិនគប្បី ប្រាសចាកក្រមសីលធម៌មន្ត្រីរដ្ឋបាលសាធារណៈ និងវិន័យកងកម្លាំងនគរបាល។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេ នៅថ្ងៃទី១១ ខែធ្នូ។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ថា ការចេញមុខបកស្រាយរបស់ក្រសួងមហាផ្ទៃ នៅពេលនេះ ឬការរក្សាភាពស្ងប់ស្ងៀម មិនមែនជារឿងសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ ក្រសួងមហាផ្ទៃ បានធ្វើការងារលើអ្វីដែលអង្គភាពប្រឆាំងអំពើពុករលួយលើកឡើង។ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារទាក់ទងករណីពុករលួយរូបនេះ យល់ថា អង្គភាពប្រឆាំងអំពើពុករលួយ លុយជ្រៅរឿងពុករលួយធំៗ ដែលបំផ្លាញលុយជាតិរាប់លានដុល្លារ។
កាលពីថ្ងៃទី៩ ខែធ្នូ លោក ឱម យ៉ិនទៀង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃ ត្រូវបានពលរដ្ឋប្ដឹងជាងគេពីករណីពុករលួយ ហើយចំណាត់ថ្នាក់លេខពីរក្រសួងអប់រំ និងស្ថាប័នតុលាការស្វិតក្នុងចំណាត់ថ្នាក់លេខ៣៕
No comments:
Post a Comment