Paris Peace Accords 23 Oct. 1991

Thursday, December 10, 2015

សាលា​ក្រុង​ មិន​អនុញ្ញាត ​ឲ្យ​ក្រុម ​អង្គការ​ សង្គម​ស៊ីវិល​ ហែ​ក្បួន​ នៅ​ទិវា​ សិទ្ធិ​មនុស្ស​ អន្តរជាតិ​១០​ធ្នូ | Municipality not permit human rights group to march on International HR Day, Dec. 10

សាលា​ក្រុង​ មិន​អនុញ្ញាត ​ឲ្យ​ក្រុម ​អង្គការ​ សង្គម​ស៊ីវិល​ ហែ​ក្បួន​ នៅ​ទិវា​ សិទ្ធិ​មនុស្ស​ អន្តរជាតិ​១០​ធ្នូ

RFA / វិទ្យុ អាស៊ី សេរី | ៩ ធ្នូ ២០១៥

 

ហែ​សិទ្ធិ​យាត្រា ៦២០
ប្រជាពលរដ្ឋ​បាត់បង់​ដីធ្លី​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ហែ​ក្បួន​សិទ្ធិ​យាត្រា​ដើម្បី​ទាមទារ​សិទ្ធិ និង​ដីធ្លី កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥។  RFA/Tha Kitya

សាលា ​រាជធានី ​ភ្នំពេញ បាន​កោះ​ហៅ​ តំណាង ​អង្គការ​ សង្គម​ស៊ីវិល និង​តំណាង​ សហគមន៍ ទៅ​ប្រជុំ​ នៅ​រសៀល ​ថ្ងៃ​ទី​៩ ធ្នូ។  នៅ​ក្នុង​ កិច្ច​ប្រជុំ​ នេះ, សាលា​រាជធានី ​ភ្នំពេញ បាន​ជូន​ដំណឹង ថា, នៅ​ទិវា​ សិទ្ធិ​មនុស្ស​ អន្តរជាតិ ១០ ធ្នូ លើក​ទី​៦៧ ស្អែក​នេះ សាលា​រាជធានី ​ភ្នំពេញ មិន​អនុញ្ញាត​ ឲ្យ​អង្គការ​ សង្គម​ស៊ីវិល និង​សហគមន៍​នានា​ ហែ​ក្បួន​ នោះ​ទេ ក្រោម​ហេតុផល​ ថា ដើម្បី​ រក្សា​សន្តិសុខ និង​កុំ​ឲ្យ​ កក​ស្ទះ​ ចរាចរណ៍។


ក្រុម​តំណាង​សហគមន៍ ១០ ធ្នូ ពួក​គាត់​អាច​នឹង​ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌ នៅ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ទោះ​បី​ជា​មាន​ការ​ហាម​ឃាត់​ពី​សាលា​រាជធានី​ភ្នំពេញ​ក្ដី។

មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់ នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ឲ្យ​ដឹង​នៅ​ក្រោយ​ពី​ជួប​តំណាង​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៩ ធ្នូ ថា នៅ​ថ្ងៃ​ស្អែក​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​មក​ពី ១៦​ខេត្ត-ក្រុង ឬ​ហៅ​ថា​សហគមន៍ ១០ ធ្នូ និង​ក្រុម​សហជីព នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ៖ «គឺ ​ខាង​សហគមន៍ និង​ពួក​គាត់​ជា​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​ហែ​ក្បួន​នេះ ហើយ​យើង​នឹង​ពាំនាំ​ការ​សម្រេច​នេះ​ជូន​សហគមន៍ និង​ប្រជាពលរដ្។ឋ»

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ នេះ មាន​ក្រុម​ផ្សេងៗ​គ្នា​ប្រារព្ធ​ទិវា​នេះ។ ខាង​រដ្ឋាភិបាល​រៀបចំ​នៅ​កោះ​ពេជ្រ រីឯ​ខាង​គណបក្ស​ប្រឆាំង រៀបចំ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​របស់​ខ្លួន​នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ។

ដោយឡែក​តាម​គម្រោង​របស់​សហគមន៍​សិទ្ធិ​មនុស្ស ១០ ធ្នូ វិញ ត្រៀម​នឹង​ហែ​ក្បួន គឺ​មាន​ហែ​ចេញ​ពី​បី​ទីតាំង​ផ្សេងៗ​គ្នា រួម​មាន ពី​វត្ត​ភ្នំ ពី​វិទ្យាល័យ​វត្ត​កោះ និង​ពី​មុខ​មន្ទីរ​ព្រឹទ្ធសភា ទៅ​កាន់​ទីតាំង​តែ​មួយ គឺ​ក្រសួង​យុត្តិធម៌ ដែល​មាន​មនុស្ស​គ្រោង​ចូលរួម​សរុប​ប្រមាណ ៣​ពាន់​នាក់។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ខាង​រដ្ឋាភិបាល​ក៏​រៀបចំ​ធ្វើ​ដែរ គឺ​ប្រារព្ធ​នៅ​កោះ​ពេជ្រ ក្រោម​ប្រធានបទ "សិទ្ធិ​លំនៅឋាន និង​ការ​អភិវឌ្ឍ​សហគមន៍​ក្រីក្រ"។ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា គ្រប់​អង្គការ​សង្គម​ស៊ីវិល ឬ​សហគមន៍​ទាំងអស់ មិន​អាច​រំលោភ​លើ​ការ​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ ដែល​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​នេះ៖ «សំខាន់​បំផុត គឺ​បញ្ហា​សន្តិសុខ​តែ​ម្ដង ដូច​យើង​ឃើញ​ស្រាប់​ហើយ​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​មាន​កិច្ច​ប្រជុំ​សភា​អាស៊ី​អេ.ភី.អេ (APA)។»

ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ប្រមាណ ២០០​អង្គការ​ផ្សេង​ទៀត បាន​រួម​គ្នា​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ មាន​អ្នក​ចូលរួម​ប្រមាណ ៤​ពាន់​នាក់។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក សួន ប៊ុនស័ក្តិ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ហាមប្រាម​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​នេះ។ លោក​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​គោលការណ៍​សិទ្ធិ​មនុស្ស៖ «ខ្ញុំ​គិត​ថា​ចំណុច​នេះ ខ្ញុំ​ចាត់​ទុក​ថា ជា​កា​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៅ ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នេះ។»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ការ​ដែល​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​សហគមន៍ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ហែ​ក្បួន​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ នេះ ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​អនុវត្ត​ការ​ប្រើប្រាស់​សិទ្ធិ​នេះ​មាន​និយាម​ពីរ​ផ្សេង​គ្នា ព្រោះ​ថា បើ​សិន​ជា​ការ​ហែ​ក្បួន ឬ​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​នោះ អាជ្ញាធរ​រដ្ឋាភិបាល​បើក​សិទ្ធិ​ឲ្យ​ដោយ​សេរី គ្មាន​ការ​រារាំង​នោះ​ឡើយ ដូចជា​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២៦ តុលា ជាដើម។

សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធ​មនុស្ស ត្រូវ​បាន​អនុម័ត និង​ប្រកាស​ដោយ​សេចក្ដី​សម្រេច​ចិត្ត​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​១៩៤៨។ រដ្ឋ​ទាំងអស់​ដែល​បាន​ទទួល​ស្គាល់​សេចក្ដី​ប្រកាស​នេះ រួម​ទាំង​កម្ពុជា ផង បាន​សន្យា​ធ្វើ​ឲ្យ​មាន​ការ​គោរព​ជា​សកល និង​ការ​ប្រតិបត្តិ​នូវ​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន៕





No comments:

Post a Comment