របាយការណ៍៖ ១០ឆ្នាំ កម្ពុជា ខាតបង់ ជាង១៥ប៊ីលាន ដុល្លារ ដោយសារ លំហូរ ប្រាក់ ខុសច្បាប់
RFA / វិទ្យុ អាស៊ី សេរី | ១០ ធ្នូ ២០១៥
ទំព័រមុខនៃរបាយការណ៍របស់អង្គការសុចរិតភាពហិរញ្ញវត្ថុសកល
(Global Financial Integrity) ស្ដីពីលំហូរសាច់ប្រាក់ ពីឆ្នាំ២០០៤
ដល់ឆ្នាំ២០១៣។ RFA Screenshot
អង្គការ សុចរិតភាព ហិរញ្ញវត្ថុ សកល (Global Financial Integrity) ហៅកាត់ ថា GFI រកឃើញ ថា, កម្ពុជា បានបាត់បង់ ទឹកប្រាក់ សរុប ប្រមាណ ជាង ១៥ប៊ីលាន ឬ ១៥ពាន់លាន [១៥,០០០,០០០,០០០, or 15,000,000,000] ដុល្លារសហរដ្ឋ អាមេរិក ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣ ដោយសារ លំហូរ សាច់ប្រាក់ ដោយខុសច្បាប់ ទៅក្រៅប្រទេស។ ក្នុងនោះ ចំនួន ទឹកប្រាក់ ដែលបាត់បង់ ច្រើនជាងគេ គឺ នៅឆ្នាំ២០១៣ ដែលមាន ចំនួន ប្រមាណ ជាង ៤ប៊ីលាន ឬ ៤ពាន់លាន ដុល្លារ។ ចំនួននេះ ច្រើនជាង ថវិកាជាតិ សរុប ដែលកម្ពុជា បានចំណាយ នៅឆ្នាំ ២០១៣ ទៅទៀត ដែលកាលនោះ មានចំនួន ជាង ៣ពាន់លាន ដុល្លារអាមេរិក។
របាយការណ៍ ប្រចាំឆ្នាំ ២០១៥ របស់ អង្គការ GFI មានមូលដ្ឋាន នៅរដ្ឋធានី វ៉ាស៊ីនតោន (Washington) ត្រូវ បានចេញផ្សាយ នៅថ្ងៃទី៨ ខែធ្នូ។ របាយការណ៍ ប្រចាំឆ្នាំនេះ បានគណនា ចំនួន ទឹកប្រាក់ខាតបង់ចន្លោះពីឆ្នាំ២០០៤ ដល់២០១៣ ដោយផ្អែកលើទិន្នន័យពាណិជ្ជកម្មដែលអង្គការមូលនិធិរូបិយវត្ថុ អន្តរជាតិ (International Monetary Fund) ទទួលបានពីប្រទេសចំនួន១៤៩។
ក្នុងរបាយការណ៍ឆ្នាំ២០១៥នេះ កម្ពុជាឈរនៅលេខរៀងទី៦១ ជាប្រទេសខាតបង់ទឹកប្រាក់ជាមធ្យមជាង ១,៥ប៊ីលានដុល្លារក្នុងមួយឆ្នាំ (១៥៩លានដុល្លារក្នុងមួយឆ្នាំ) ដោយសារលំហូរសាច់ប្រាក់ដោយខុសច្បាប់នេះ។ ប្រៀបធៀបនឹងបណ្ដាប្រទេសអាស៊ានដទៃ កម្ពុជាមានចំណាត់ថ្នាក់ល្អជាងប្រទេសភាគច្រើន ក៏ប៉ុន្តែអាក្រក់ជាងមីយ៉ាន់ម៉ា និងប្រទេសឡាវ ដែលខាតបង់ទឹកប្រាក់ជាមធ្យមប្រមាណជិត ៧០០លានដុល្លារក្នុងមួយឆ្នាំ។
ទិន្នន័យក្នុងរបាយការណ៍បង្ហាញថា កត្តាដែលបណ្ដាលកម្ពុជា បាត់បង់ទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងលំហូរពាណិជ្ជកម្ម គឺភាគច្រើនពាក់ព័ន្ធនឹងការចេញវិក្កយបត្រមិនត្រឹមត្រូវ មានន័យថា តម្លៃនៅលើវិក្កយបត្រខុសពីតម្លៃជាក់ស្ដែងនៃផលិតផលនាំចេញ ឬនាំចូល ដែលអ្នករកស៊ីបានរាយការណ៍ទៅអាជ្ញាធរ។
របាយការណ៍លើកឡើងថា នេះជាលើកដំបូងហើយដែលអង្គការនេះទទួលបានទិន្នន័យពាណិជ្ជកម្មពី កម្ពុជា ដើម្បីគណនា ដោយប្រៀបធៀបជាមួយនឹងទិន្នន័យបានពីប្រទេសដៃគូពាណិជ្ជកម្មទ្វេភាគី របស់កម្ពុជា។
No comments:
Post a Comment