«កម្ពុជា, វៀតណាម នឹងបន្ត បោះបង្គោល ព្រំដែន គោក ឲ្យបានចប់ ក្នុងពេល ខាងមុខ»
RFA / វិទ្យុ អាស៊ី សេរី | ២៦ ធ្នូ ២០១៥
ប្រមុខ រាជរដ្ឋាភិបាល ព្រះរាជាណាចក្រ កម្ពុជា លោក ហ៊ុន សែន និងប្រមុខ រដ្ឋាភិបាល សាធារណរដ្ឋ សង្គមនិយម វៀតណាម លោក ង្វៀង តាន់ យុង (Nguyen Tan Dung) ជំរុញ ឲ្យបន្ត បោះបង្គោល ព្រំដែន គោក នៃប្រទេស ទាំងពីរ ឲ្យបានចប់ សព្វគ្រប់ នៅពេល ខាងមុខ ដើម្បី បន្ត បោះបង្គោល ព្រំដែន ទឹក នៃប្រទេស ទាំងពីរ បន្តទៀត។
ការអះអាង របស់ នាយករដ្ឋមន្ត្រី កម្ពុជា និងវៀតណាមនេះ ធ្វើឡើង នៅក្នុង សុន្ទរកថា សម្ពោធ បង្គោលព្រំដែន លេខ៣០ និងកំណត់ ផ្លូវជាតិ ប្រវែង ៤៥០ម៉ែត្រ ចន្លោះ ប៉ុស្តិ៍ ច្រកទ្វារ ព្រំដែន អន្តរជាតិ អូរយ៉ាដាវ ខេត្ត រតនគិរី រហូត ទៅទល់ នឹងប៉ុស្តិ៍ ច្រកទ្វារ ព្រំដែន អន្តរជាតិ ឡេថាញ់ ខេត្ត យ៉ាឡាយ ប្រទេស វៀតណាម កាលពីព្រឹក ថ្ងៃទី២៦ ខែធ្នូ។
នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀង តាន់យុង ថ្លែងបញ្ជាក់ ថា, ជាលើកទីបីហើយ ដែលលោក បានចូលរួម សម្ពោធ បង្គោលព្រំដែន នៅតំបន់ ច្រកទ្វារ អន្តរជាតិ ជាមួយ នាយករដ្ឋមន្ត្រី កម្ពុជា។ ប្រការនេះ បង្ហាញ ឲ្យឃើញ នូវភាព ម៉ឺងម៉ាត់, ការប្ដេជ្ញា ចិត្ត និងកិច្ចខិតខំ ប្រឹងប្រែង របស់ រដ្ឋាភិបាល ប្រទេស ទាំងពីរ ក្នុងការអនុវត្ត កិច្ចសន្យា ក៏ដួច កិច្ចព្រមព្រៀង និងសន្ធិសញ្ញា ស្ដីពី បញ្ហាព្រំដែន ប្រទេស ទាំងពីរ។
លើសពីនេះទៀត លោក សំណូមពរ ជូនលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចូលរួម ជាមួយ សមភាគី វៀតណាម ដាក់ចេញ ជាអនុសាសន៍ ថ្មី បន្ថែមទៀត ដើម្បី ណែនាំ គណៈកម្មការ ខណ្ឌសីមា បោះបង្គោល ព្រំដែន ប្រទេស ទាំងពីរ ខិតខំ បន្តដោះស្រាយ បញ្ហា នៅសេសសល់, ហើយ បន្ត គ្រប់គ្រង សភាពការណ៍ ទូទៅ តាមបណ្ដោយ ព្រំដែន ដើម្បី កសាង ខ្សែ ព្រំដែន មួយ ប្រកប ដោយសន្តិភាព, ស្ថិរភាព, និងអភិវឌ្ឍន៍ នៅពេលបច្ចុប្បន្ន និងទៅថ្ងៃ អនាគត៖ «យើង មានកិច្ចការ ច្រើន ដែលត្រូវ ខិតខំ បំពេញ ដើម្បី បញ្ចប់ ភារកិច្ច ដ៏មាន សារសំខាន់ នេះ។ សូម ឲ្យដំណើរការ ខណ្ឌសីមា បោះបង្គោល ព្រំដែន នៅពេលនេះ ទទួលបាន ជោគជ័យ ត្រចះត្រចង់ នៅពេល ឆាប់ៗ ខាងមុខនេះ។»
ព្រំដែនគោកប្រទេសកម្ពុជា ជាប់នឹងប្រទេសវៀតណាម មានបណ្ដោយ ១.២៧០គីឡូម៉ែត្រ។ ចាប់ពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន ភាគីទាំងពីរបានឯកភាពគ្នាបោះបង្គោលព្រំដែនបានជាង ៨៣ភាគរយ ពោលគឺបានឯកភាពគ្នាបោះបង្គោលព្រំដែនបាន ៣១១បង្គោល ដោយឡែកព្រំដែនទឹកមានប្រវែងជាង ២.៥០០គីឡូម៉ែត្រ មិនទាន់វាស់វែងនៅឡើយ។
ទាក់ទិនការបោះបង្គោលព្រំដែននេះដែរ លោក ហ៊ុន សែន ថ្លែងជាសារតបវិញថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរកសាងព្រំដែនកម្ពុជា-វៀតណាម ដែលត្រឹមត្រូវច្បាស់លាស់ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងទទួលស្គាល់ជាអន្តរជាតិស្ដីពីការទទួលស្គាល់ខ្សែព្រំដែន មិនកែប្រែដែលអាណានិគមនិយមបារាំង បន្សល់ទុក។ លោកនាយករដ្ឋមន្ត្រីផ្ដាំផ្ញើឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ដែល ឈរជើងតាមខ្សែបន្ទាត់ព្រំដែនផ្ដល់កិច្ចសហការគ្នាល្អ ចូលរួមការពារ បង្កលក្ខណៈងាយស្រួលសម្រាប់ការងារខ្សែបន្ទាត់ និងបោះបង្គោលព្រំដែន។ ដោយឡែកអាជ្ញាធរ និងប្រជាពលរដ្ឋសូមចូលរួមថែរក្សាបង្គោលព្រំដែនឲ្យបានគង់វង្ស ដើម្បីប្រែក្លាយតំបន់ព្រំដែនដែលបានកំណត់ត្រឹមត្រូវឲ្យក្លាយជា ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោក ហ៊ុន សែន៖ «គឺជាប្រការសំខាន់ណាស់ដែលយើងត្រូវឈរលើ មូលដ្ឋានសមិទ្ធផលសម្រេចបានមកនេះ កំណត់ឲ្យបានច្បាស់ និងប្រកបដោយភាពប្រាកដនិយមនូវទិសដៅសហប្រតិបត្តិការទៅថ្ងៃអនាគត ដើម្បីបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈម ពុះពាររាល់ឧបសគ្គ និងការលំបាកតូចធំ ហើយចាប់យកឱកាសដែលកើតមានចំពោះមុខមកប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាព។»
យ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកណ្ដាល លោក សុន ឆ័យ កត់សំគាល់ថា រដ្ឋាភិបាលវៀតណាម និងកម្ពុជា បានចុះកិច្ចព្រមព្រៀងបោះបង្គោលព្រំដែនគោកឲ្យចប់រួចរាល់នៅឆ្នាំ ២០១២ ក៏ប៉ុន្តែរហូតបច្ចុប្បន្នភាគីវៀតណាម អូសបន្លាយបញ្ហាព្រំដែនបន្តទៀតជាពិសេសចំណុចប្រទាញប្រទង់នៅតំបន់ ដាក់ដាំ ដាក់ហ៊ូត ខេត្តមណ្ឌលគិរី ជាប់នឹងខេត្តដាក់ឡាក់ ទំហំជាង ៥០គីឡូម៉ែត្រ។
លោកគ្មានជំនឿទេថា បញ្ហាបោះបង្គោលព្រំដែននឹងអាចបញ្ចប់បានប្រសិនគ្មានជំនួយបច្ចេកទេសពីអន្តរជាតិនោះទេ៖ «ពី ថ្ងៃនេះទៅខ្ញុំថា ចាំបាច់ត្រូវមានការរៀបចំជំនាញបោះបង្គោលឲ្យមានតម្លាភាព មិនអាចបង្ខំបានទេ។ ប្រជាពលរដ្ឋខ្មែរមានការតាមដានចូលរួមខ្លាំងណាស់។ ខ្ញុំមិនជឿថា អាចទៅបោះទាន់ឆាប់បានទេ។»
របាយការណ៍របស់អាជ្ញាធរខេត្តរតនគិរី ចាប់ពីបង្គោលព្រំដែនលេខ៣១ រហូតដល់បង្គោលព្រំដែនលេខ៣៩ ឋិតក្នុងភាពប្រទាញប្រទង់គ្នា មិនទាន់ឯកភាពបោះតម្រុយបង្គោលព្រំដែននៅឡើយ។ កន្លងទៅនេះ ភាគី វៀតណាម បានបណ្ដែតបណ្ដោយ ឲ្យពលរដ្ឋ វៀតណាម ចូលមក ជីកស្រះ ចំនួន ៨ នៅតំបន់ ហាមឃាត់នេះ, ហើយ រហូត ពេលនេះ ភាគី វៀតណាម មិនទាន់បាន លុបស្រះ តាមកិច្ចព្រមព្រៀង លុបស្រះ ដែលភាគី វៀតណាម បានសន្យា៕
ហ៊ុនសែនក្លាហាននិងឆ្លាតណាស់ជាមួយខ្មែរគ្នាអែង
ReplyDeleteតែបើជាមួយយួនវិញកំសាកហើយល្លង់ខ្លៅបំផុត។